សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ធនាគារជាតិណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អនុគ្រោះការបង់ប្រាក់សងដល់ជនភៀសសឹក និងយោធិន

រូបទី១៖ ធនាគារជាតិនៃកម្ពុជា ក្នុងទីរាជធានីភ្នំពេញ ថតកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
រូបទី១៖ ធនាគារជាតិនៃកម្ពុជា ក្នុងទីរាជធានីភ្នំពេញ ថតកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ធនាគារជាតិនៃកម្ពុជា (NBC) នៅថ្ងៃទី១០ ខែធ្នូ បានចេញវិធានការថ្មីៗ ដើម្បីបន្ធូរបន្ថយបន្ទុករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើសុំឱ្យមានការគាំទ្រ។

ធនាគារជាតិនៃកម្ពុជា (NBC) បានណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យលើកលែងថ្លៃសេវា និងប្រាក់ពិន័យទាំងអស់ទាក់ទងនឹងឥណទាន សម្រាប់ជនស៊ីវិលដែលត្រូវបានចាកចេញពីលំនៅឋាន ចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ និងផ្អាកបង់ការប្រាក់ និងប្រាក់ដើមក្នុងអំឡុងពេលដូចគ្នា ដោយមិនគិតការប្រាក់ដើម។

សម្រាប់អតិថិជនយោធិនដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងសមរភូមិ ធនាគារជាតិនៃកម្ពុជា (NBC) បានណែនាំឱ្យលើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន ចាប់ពីថ្ងៃទី១០ ខែធ្នូ ២០២៥ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ និងលើកលែងការទូទាត់សងការប្រាក់ និងពន្យាពេលទូទាត់សងប្រាក់ដើម ក្នុងអំឡុងពេលដូចគ្នា ដោយមិនគិតការប្រាក់លើប្រាក់ដើមនោះទេ។

លើសពីនេះ ធនាគារជាតិនៃកម្ពុជា បានបញ្ជាឱ្យលុបចោលប្រាក់កម្ចីរហូតដល់ ១០លានរៀល សម្រាប់ទាហានដែលមានពិការភាពនៅសមរភូមិ និងរហូតដល់ ៨០លានរៀល សម្រាប់ទាហានដែលបានស្លាប់ ឬអ្នកខ្ចីប្រាក់រួមគ្នា។

ធនាគារជាតិបានលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះពិសេសបន្ថែមទៀតតាមលទ្ធភាពជាក់ស្តែងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះជម្លោះព្រំដែនកម្ពុជា-ថៃ និងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។

ជនភៀសខ្លួនកំពុងហូបបាយនៅក្នុងជំរំសុវត្ថិភាពមួយ នៅខេត្តជាយព្រំដែនកម្ពុជា និងថៃ កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។ (AKP)

ទន្ទឹមនឹងនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) បានលើកឡើងកាលពីថ្ងៃពុធ ទី១០ ខែធ្នូនេះដែរថា វិធានការសង្គ្រោះនឹងបន្តអនុវត្តសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន។

សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា វិធានការទាំងនេះស្របតាមសេចក្តីណែនាំចុះថ្ងៃទី៣០ ខែកក្កដា ឆ្នំា២០២៥ ដែលចេញដោយធនាគារជាតិនៃកម្ពុជា៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម