សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋជិត១០០នាក់ខេត្តស្វាយរៀងស្នើអាជ្ញាធរមូលដ្ឋានជួយដោះស្រាយ​ផលប៉ះពាល់គម្រោងសាងសង់និងស្តារប្រឡាយទឹក

ពលរដ្ឋទាំង២ឃុំឈរលើកបដានៅមុខសាលាឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ដើម្បីស្នើអាជ្ញាធរមូលដ្ឋានជួយដោះស្រាយ។ រូបថតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ
ពលរដ្ឋទាំង២ឃុំឈរលើកបដានៅមុខសាលាឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ដើម្បីស្នើអាជ្ញាធរមូលដ្ឋានជួយដោះស្រាយ។ រូបថតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

ប្រជាពលរដ្ឋជិត១០០នាក់បាននាំគ្នាទៅសាលាឃុំម៉ឺនជ័យក្នុងស្រុករំដួលខេត្តស្វាយរៀងកាលពីថ្ងៃទី៧ ខែកញ្ញា ដើម្បីស្នើ​ឱ្យអាជ្ញាធរឃុំជួយដោះស្រាយបញ្ហាដីធ្លីជូន​ពួកគាត់ដែល​កំពុងរង​ផលប៉ះពាល់ពី​គម្រោងសាងសង់និងស្តារប្រឡាយទឹក។

គម្រោង​អភិវឌ្ឍន៍​ប្រឡាយ ​មេកីចក ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៤ ផ្ញើ​ជូន​អភិបាល​ខេត្ត​ស្វាយរៀង គឺ​ជួសជុល​ស្តារ​ឡើង​វិញ​នូវ​ប្រឡាយ​មេកីចក ជំហាន​ទី​៤ ដែល​ឆ្លង​កាត់​ស្រុក​ចំនួន ៥​ស្រុក គឺ​ស្រុក​រំដួល ស្រុក​រមាសហែក ស្រុក​ស្វាយទាប ស្រុក​កំពង់រោទិ៍ និង​ស្រុក​ចន្ទ្រា តែ​គម្រោង​នេះ​សាងសង់​មិន​ទាន់​រួចរាល់​នៅ​ឡើយ។ បច្ចុប្បន្ន​គម្រោង​នេះ ទើប​តែ​ជីក​ប្រឡាយ​ឆ្លង​កាត់​តែ​ពីរ​ស្រុក​ទេ គឺ​ស្រុក​រមាសហែក ឆ្ពោះ​ទៅ​ដល់​ពាក់​កណ្ដាល​ស្រុក​រំដួល។

លោក ស៊ិន សាម៉េត  អាយុ៥៧ឆ្នាំ ប្រធានសហគមន៍មានជ័យនិងជាតំណាងពលរដ្ឋ នៅឃុំ​ម៉ឺនជ័យ ស្រុករំដួល បានប្រាប់ ខេមបូចា ថា មូលហេតុឈានដល់ប្រជាពលរដ្ឋម្ដុំគ្នា​ទៅសាលា​ឃុំម៉ឺនជ័យ ដោយសារតែកន្លងមកក្រសួងធនធានទឹកមានគម្រោងសាងសង់​ប្រឡាយទឹកមេ​កីចកមួយដែលស្ដារទទឹងថា២៦ម៉ែត្រ ទើបប្រជាពលរដ្ឋយល់ព្រមនិងមិនមានការតវ៉ា ស្រាប់​តែ​ពេលចុះស្ដារជាក់ស្ដែងបែរជាទទឹងពី៧០ម៉ែត្រទៅ១០០ម៉ែត្រវិញ។

លោកបានលើកឡើងថា៖ «ពេលគេ[ក្រសួងធនធានទឹក]ចុះវាស់ថាស្ដារតែទទឹង២៦ម៉ែត្រទេ ពេលចុះមកស្ដារជាក់ស្ដែងពី៧០ម៉ែត្រទៅ១០០ម៉ែត្រវិញ ដល់ពេលចឹងវាប៉ះពាល់ផ្ទះ​និង​ដីស្រែ​របស់ពួកខ្ញុំមិនតិចណា»។​

ប្រធានសហគមន៍បន្ដថា ការប្រមូលគ្នាទៅសាលាឃុំម៉ឺនជ័យគ្រាន់តែចង់ស្នើ​ឱ្យអាជ្ញាធរឃុំ​ជួយ​ស្វែងរកកិច្ចអន្ដរាគមន៍​ពីជម្លោះដីធ្លីដែលអូសបន្លាយតាំងពីឆ្នាំ២០១៣មក នៅតែគ្មានការ​ដោះស្រាយណាមួយ ដូច្នេះហើយបានជាប្រជាពលរដ្ឋនាំគ្នា​ទៅជួបនិងលោកមេឃុំម៉ឺនជ័យ​ផ្ទាល់​តែម្ដង។

ជុំវិញរឿងនេះលោកបន្ដបញ្ជាក់បន្ថែមថា គម្រោងសាងសង់ប្រឡាយរបស់ក្រសួងធនធានទឹក​នេះ បានធ្វើឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន២ឃុំមាន១៥២គ្រួសារនិង៨ភូមិ និងចំនួន​៤៦​ខ្នងផ្ទះ និងដីស្រែអស់២៧ហិកតា និងដីភូមិ៨ហិកតា ហើយគម្រោងស្ដារប្រឡាយបាន​ប៉ះ​ពាល់​​៥ស្រុក មានស្រុករមាសហែក ស្រុករំដួល​ ស្រុកចន្រ្ទា ស្រុកស្វាយទាប និងស្រុក​កំពង់រោទិ៍ ប៉ុន្ដែលោកថា នៅស្រុកផ្សេងៗមិនមានប៉ះពាល់ដល់ដីផ្ទះនិងដីស្រែច្រើនដូចស្រុក​លោក​​ឡើយ។

លោក​ សាម៉េត បន្ថែមថា៖ «ពួកខ្ញុំបានដាក់ញត្តិទៅសាលាខេត្ដ ក្រសួងធនធានទឹក និង​សាលា​ដំបូងខេត្ដស្វាយរៀងអស់ហើយ គេឆ្លើយថាចាំគេរកដំណោះស្រាយឱ្យ ប៉ុន្ដែមក​ដល់​ពេលនេះស្ងាត់ឈឹងហ្មង មិនដឹងថាខាងគេ គេគិតម៉េចទេ? ពួកខ្ញុំផ្ទះក៏ប៉ះដីស្រែក៏ប៉ះ»

ប្រឡាយដែលត្រូវស្ដារដោយគម្រោងក្រសួងធនធានទឹកនិងឧតុនិយមស្ថិតនៅឃុំម៉ឺនជ័យ​ស្រុករំដួល ខេត្តស្វាយរៀង។ រូបថតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

រីឯអ្នកស្រី  ម៉ែន ដាវី អាយុ៣៧ឆ្នាំ ជាប្រជាពលរដ្ឋដែលរងគ្រោះពីគម្រោងសាងសង់​ប្រឡាយ​មេកីចក រស់នៅឃុំធ្មារ ស្រុករំដួល បានឲ្យដឹងថា ការប្រមូលទៅសាលាឃុំដើម្បីឱ្យខាង​ឃុំ​ស្វែង​​​រក​ដំណោះស្រាយរឿងបញ្ហាដីធ្លីរបស់ពួកគាត់ ពីព្រោះបញ្ហានេះកើតឡើង​ក៏មាន​ខាងឃុំ​ចូលរួមក្នុងការវាស់វែងនិងក្រសួងធនធានទឹកដែរ ដូច្នេះពួកគាត់ត្រូវ​ទទួលខុសត្រូវ​ស្វែង​កិច្ច​អន្ដរាគមន៍ពីអ្នកពាក់ព័ន្ធ។

អ្នកស្រី ​ដាវី បានថ្លែងថា ៖ «ខ្ញុំសុំសំណងដែលបាត់បង់ដោយសារការជីកប្រឡាយ​មេកីចក​ជំហានទី៤ដល់ពួកខ្ញុំផង»

ពលរដ្ឋដែលរងគ្រោះទាំងដីស្រែនិងដីផ្ទះម្នាក់ទៀតអ្នកស្រី​ វ៉ា​ ថាវី អាយុ៥២ឆ្នាំ រស់នៅ​ភូមិ​ព្រៃពោធិ៍ ឃុំធ្មារ ស្រុករំដួល បានឱ្យដឹងថា គម្រោងរបស់ក្រសួងធនធានទឹកបានប៉ះពាល់ដល់​ជីវភាព​អ្នកស្រីខ្លាំងណាស់ អ្នកស្រីថា អ្នកស្រីបានប៉ះផ្ទះមួយខ្នងនិងដីស្រែដែល​តែងតែ​អាស្រ័យ​​ផលអស់កន្លះហិកតាថែមទៀត។

អ្នកស្រីថា៖ «ខ្ញុំសុំឱ្យក្រសួងធនធានទឹកមេត្ដាគិតគូរជាសំណងឱ្យខ្ញុំមក បើមិនអ៊ីចឹងទេ ខ្ញុំគ្មាន​អីទីពឹងទេ សុំអាជ្ញាធរឃុំជួយដោះស្រាយបញ្ហាដីធ្លីនេះផង»

ខេមបូចា មិនអាចសុំការអត្ថាធិប្បាយពីលោក មៃ រឿន មេឃុំម៉ឺនជ័យបានទេ ដោយទូរសព្ទ​ចូល​គ្មានអ្នកលើក។

ជុំវិញរឿងនេះ លោក ណង វ៉ា ស្មៀនឃុំម៉ឺនជ័យ ថ្លែងថា ខាងឃុំបានទទួលញត្ដិ​របស់​ប្រជាពលរដ្ឋដែលបានដាក់ព្រឹកមិញហើយ ប៉ុន្ដែរឿងថាដោះស្រាយយ៉ាងម៉េចលោកថា ចាំមើលលោកបញ្ជូនញត្ដិទៅខាងលើនិងសុំយោបល់ពីខាងលើសិន រួចហើយ​លោកឆ្លើយ​តបនិងប្រជាពលរដ្ឋជាក់ស្ដែង។

លោក វ៉ា បន្ដថា៖ «ខាងខ្ញុំកំពុងសុំគោលការណ៍បន្ដទៅលោកអភិបាលស្រុកដែរ តើលោក​អភិបាលគាត់មានមតិយ៉ាងម៉េច? ហើយខាងខ្ញុំមិនទាន់មានព័ត៌មានអីឆ្លើយតបទេ»

ចំណែកអភិបាលរងស្រុករំដួលលោក នៃ ស  បានថ្លែងយ៉ាងខ្លីថា លោកមិនបានទទួល​របាយការណ៍ពីឃុំមកទេ ដូច្នេះលោកមិនអាចឆ្លើយបំភ្លឺបានទេ។

លោក វ៉ា បញ្ជាក់ថា៖ «ខ្ញុំអត់ទាន់បានរបាយការណ៍ឬក៏ញត្ដិពីឃុំមកទេ ដូច្នេះខ្ញុំមិនដឹង​និយាយ​ប្រាប់ថាម៉េច?»

ពលរដ្ឋទាំង២ឃុំក្នុងស្រុករំដួលខេត្តស្វាយរៀងកំពុងដាក់ញត្ដិនៅសាលាឃុំម៉ឺនជ័យ។ រូបថតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

បើតាមលោក រស់ ផារិទ្ធ អភិបាលរងខេត្ដស្វាយរៀង បានបញ្ជាក់ប្រាប់ ខេមបូចា ថា កាលពី​ឆ្នាំ២០១៤ លោកថាធ្លាប់បានដោះស្រាយនិងពន្យល់ប្រជាពលរដ្ឋរស់តាមប្រឡាយដែលត្រូវ​ស្ដារហ្នឹងម្ដងរួចមកហើយ ហើយប្រជាពលរដ្ឋខ្លះក៏យល់និងមានប្រជាពលរដ្ឋខ្លះមិនយល់ ដូច្នេះ​លោកមិនមានអ្វីបកស្រាយបន្ថែមទេ។

លោកបន្ដថា ការស្ដារប្រឡាយនេះជាគម្រោងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ហើយ​គោលការណ៍រដ្ឋមិនមានទូទាត់សំណងណាមួយឱ្យប្រជាពលរដ្ឋនោះទេ។

អភិបាលរងខេត្តស្វាយរៀងបន្ដថា៖ «គម្រោងនេះជាគម្រោងស្ដារប្រឡាយចាស់ បើតាម​គម្រោង​របស់ក្រសួងធនធានទឹក មិនមានគោលនយោបាយ​ដោះស្រាយផលប៉ះពាល់ទេ ពាក់ព័ន្ធគម្រោងស្ដារប្រឡាយមេកីចកហ្នឹង»

លោក ចាន់ យុត្ថា រដ្ឋលេខាធិការនៃក្រសួងធនធានទឹកនិងឧតុនិយម បានមានប្រសាសន៍ថា​ គាត់កំពុងរវល់មិនអាចឆ្លើយបំភ្លឺរឿងគម្រោង​សាងសង់ប្រឡាយមេកីចកបានទេ។

ទាក់ទង​នឹង​ករណី​នេះលោក ម៉ុម លីដា មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូប្រចាំខេត្ត​ស្វាយរៀង បានរក​ឃើញ​ថា ក្រសួង​ធនធាន​ទឹក មិន​បាន​ស្តារ​ឡើង​វិញ​នូវ​ប្រឡាយ​ទឹក​តាម​គម្រោង​ដែល​បាន​កំណត់​នោះ​ទេ។ តួយ៉ាង​ក្នុង​ផែនការ​កំណត់ ការ​ជីក​ប្រឡាយ​ទទឹង ៣០​ម៉ែត្រ ប៉ុន្តែ​ការ​អនុវត្ត​ផ្ទាល់​គឺ ៧០​ម៉ែត្រ ទៅ ១០០​ម៉ែត្រ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្ទះ​សម្បែង ទ្រព្យ​សម្បត្តិ និង​មុខ​របរ​ពលរដ្ឋ​ជាដើម។

លោកបន្ដថា ការដាក់ញត្ដិរបស់ប្រជាពលរដ្ឋ​ក្នុងគោលបំណង​ទាមទារសំណង​ពីក្រសួង​ធនធានទឹក​ជារឿងត្រឹមត្រូវ ហើយរដ្ឋក៏គួរតែមានគោលនយោបាយផ្ដល់ជាសំណង​ទៅលើ​គម្រោងណាដែលបានប៉ះពាល់សដល់ប្រជាពលរដ្ឋ បើមិនដូច្នេះទេ អ្នកដែលរងគ្រោះ​ជា​ប្រជាជនរបស់ខ្លួន។

លោក លីដាបន្ថែមថា៖ «រដ្ឋគួរតែផ្ដល់សំណងសមរម្យណាមួយឱ្យពលរដ្ឋ​ដែលគម្រោងរដ្ឋ​បានប៉ះពាល់ កុំចេះតែដើរធ្វើហើយមិនមានការសងសំណង វាជារឿងមិនត្រឹមត្រូវទេ។ យើង​ជាអង្គការសង្គមស៊ីវិលមិនគាំទ្រការអភិវឌ្ឍណាដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់​ប្រជាពលរដ្ឋ»

គ្រឿងចក្រកំពុងស្ដារប្រឡាយដែលមានជម្លោះស្ថិតនៅឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។ រូបថតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

យ៉ាងណាមិញ លោក ថេង សាវឿន​  ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា បានលើកឡើងថា​នៅពេលដែលមានបញ្ហាវិវាទកើតឡើងទៅលើការអភិវឌ្ឍណាដែលប៉ះពាល់ដល់ផ្ទះ ដំណាំ​ភោគ​ផលដីស្រែចំការរបស់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានក៏ដូចជារដ្ឋត្រូវតែដើរតួនាទី​ក្នុងការ​ដោះស្រាយជូនដល់ប្រជាពលរដ្ឋ ដូចជាការផ្ដល់សំណង ហើយនឹងរកវិធីសាស្រ្ដ​និងយន្ដការ​ផ្សេងៗដើម្បីឱ្យពលរដ្ឋមានអារម្មណ៍ស្ងប់ចិត្ត។

លោកបន្ថែមថា រាល់ការអភិវឌ្ឍទាំងអស់ដើម្បីលើកកម្ពស់ជីវភាព​និងបម្រើផលប្រយោជន៍​ពលរដ្ឋ ប៉ុន្ដែបើសិនជាការអភិវឌ្ឍធ្វើឱ្យប៉ះពាល់ វាមិនមែនជារូបភាពនៃការអភិវឌ្ឍទេ និងមិន​មែនជារូបភាពក្នុងការកាត់បន្ថយភាពក្រីក្រទេ វាបែរជាបង្កើន​រូបភាពក្រីក្រ​បន្ថែមទៅវិញ។

លោក សាវឿន បានសង្កត់ធ្ងន់ថា៖ «និយាយជារួមខ្ញុំគិតថាការលើកឡើង​ឬក៏ក្ដីកង្វល់របស់​ប្រជាពលរដ្ឋ​នេះ អាជ្ញាធរត្រូវតែធ្វើការយកចិត្តទុកដាក់ក្នុងការដោះស្រាយ ពីព្រោះថា ការស្នើ​សុំឱ្យមានដំណោះស្រាយពលរដ្ឋគឺវាស្របទៅតាមបទដ្ឋានច្បាប់ជាតិនិងអន្ដរជាតិដែលចែងការពាររួមទាំងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាដែរ»

លោកក៏បានជម្រុញឱ្យអាជ្ញាធរមានការដោះស្រាយនិងឆ្លើយតបនិងសំណើរពលរដ្ឋឱ្យទាន់​ពេល​វេលា បើមិនចឹងទេវាបង្កភាពលំបាកជាច្រើនដល់ប្រជាជនរហូតធ្លាក់ខ្លួនក្រីក្រ​ក៏មាន​ដោយ​​សារតែគម្រោងរដ្ឋ។ បើយោងតាមការអះអាងតំណាងពលរដ្ឋថា ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយគម្រោង​អភិវឌ្ឍន៍​ស្តារប្រឡាយមួយខ្សែនៅស្រុករំដួល ខេត្តស្វាយរៀងនេះតាំងពីឆ្នាំ២០១៣ ដោយថា កាលពីដំបូងមានពលរដ្ឋជាង៣០០គ្រួសារបានរងផលប៉ះពាល់ ប៉ុន្តែ មានពលរដ្ឋតែ១៥២​គ្រួសារហ៊ានចេញមុខតវ៉ាដោយសារភ័យខ្លាចក្រោយអាជ្ញាធរគំរាមកំហែងមិនឱ្យពួកគាត់ចេញតវ៉ា៕

752 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម