សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មកររោងចក្រជិត៤ពាន់នាក់ធ្វើកូដកម្ម ខណៈតំណាងសហជីព៣នាក់ត្រូវបានចាប់ខ្លួន

កម្មករនៃរោងចក្រ ខេន ស្ព័តស៊ូ ក្នុងខេត្តកំពង់ឆ្នាំង ប្រមូលផ្ដុំធ្វើកូដកម្មអហិង្សា ក្បែររបងរោងចក្រ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ
កម្មករនៃរោងចក្រ ខេន ស្ព័តស៊ូ ក្នុងខេត្តកំពង់ឆ្នាំង ប្រមូលផ្ដុំធ្វើកូដកម្មអហិង្សា ក្បែររបងរោងចក្រ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

កម្មករ កម្មការិនីជិត៤ពាន់នាក់ដែលបម្រើការនៅក្នុង​រោងចក្រ ខេន ស្តតស៊ូ ស្ថិតក្នុង​ឃុំ​សេដ្ឋី ស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានប្រមូលផ្ដុំគ្នា​កូដកម្ម​នៅ​ថ្ងៃអង្គារនេះ​ ​ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​គោរព និង​អនុវត្ត​តាម​លក្ខខណ្ឌ​ការងារ​ចំនួន៣៥​ចំណុច។ ទន្ទឹមនឹងការធ្វើកូដកម្ម​នេះ តំណាងសហជីពចំនួន៣នាក់ត្រូវបាន​សមត្ថកិច្ចចាប់ខ្លួនផង​ដែរកាលពីល្ងាចថ្ងៃចន្ទនិង​ព្រឹកថ្ងៃអង្គារ។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​កម្មករនៃ​​រោងចក្រ ខេន ស្ត័តស៊ូ បាន​ឱ្យ​ដឹង​ថា ពួកគេ បានបោះឆ្នោតដោយសម្ងាត់ ដើម្បីធ្វើកូដកម្មទាមទារថៅកែរោងចក្រគោរព​លក្ខខណ្ឌ​ការងារ​ក្នុង​គោលដៅ​បង្កើត​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ដើម្បី​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ​ឱ្យ​បាន​ល្អ​ប្រសើរ​​នៅ​ក្នុង​ក្រុមហ៊ុន។

សេចក្ដីប្រកាសដដែលបានឱ្យដឹងថា ពួកគេមាន​ការ​ខកចិត្ត និង​មិនអាច​ទទួលយក​បានជា​ដាច់​ខាត់​នូវ​ទង្វើ​របស់​ក្រុមហ៊ុន​ដែល​តែងតែ​បដិសេធ និង​ជំទាស់សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​​អាជ្ញាកណ្ដាល​គ្រប់​សំណុំរឿង​ទាំងអស់ ​ដែល​បង្ហាញពី​ឆន្ទៈ​មិន​គោរព​ច្បាប់ការងារ​ក្នុងប្រទេសកម្ពុជា។

មិនត្រឹមតែប៉ុណ្ណឹង ក្រុមកម្មករថាក្រុមហ៊ុនខាងលើ មិន​គោរព​សិទ្ធិមនុស្ស ដូចជា​មិន​អនុញ្ញាត​ឱ្យ​មានការ​លក់ដូរ​នៅមុខ​រោងចក្រ​បណ្តាល​ឱ្យ​កម្មករ កម្មការិនី​ខ្វះ​អាហារ​ហូបចុក បង្ខំ​ឲ្យ​កម្មករ​ថែម​ម៉ោង​ បង្ខំកម្មករឱ្យធ្វើការរហូតរលូតកូន មិនបើកលុយថ្លៃបាយឱ្យកម្មករជាដើម។

យ៉ាងណាមិញបើតាម បើតាមអ្នកស្រី ហែម បុប្ផា អាយុ៤១ឆ្នាំ ជាប្រធានក្រុមការងារ​នៅ​ក្រុមហ៊ុន ខេន ស្ព័តស៊ូ​ រយៈពេល៩ឆ្នាំ   បានឱ្យដឹងថា កម្មករជាច្រើនពាន់នាក់​បានប្រមូល​ផ្ដុំគ្នាមកធ្វើកូដកម្មដោយអហិង្សា ទាមទារឱ្យរោងចក្រគោរព​តាមសេចក្ដីបង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល និងចំណុចផ្សេងៗទៀតរួមមាន មានកន្លែងលក់ម្ហូបអាហារដូចមុន បើកប្រាក់ថ្លៃបាយទៀងទាត់ជាដើម។

អ្នកស្រីបន្តថា កម្មករប្រុសស្រីជិត៤ពាន់នាក់ មកតវ៉ាតាំងពីព្រឹកម៉ោង៦ តែក្រុមហ៊ុនបាន​ត្រឹម​តែស្រែកប្រកាស​តាមមេក្រូ ឱ្យកម្មករចូលធ្វើការមុនម៉ោង៧ព្រឹក និងមានអាជ្ញាធរ សន្តិសុខ​ឈរ​អម​ជាច្រើននាក់។

អ្នកស្រី បុប្ផា បន្ថែមទៀតថា​ ទន្ទឹមនឹងមុនពេលមានការតវ៉ារបស់កម្មករ ក៏មានការចាប់ខ្លួន​តំណាង​សហជីពចំនួន៣នាក់ផងដែរ ក្នុងនោះមានស្រី២នាក់ និងប្រុសម្នាក់។ ចំពោះ​ស្រ្តី​២នាក់ ត្រូវបានសមត្ថិកិច្ចចាប់ខ្លួនតាំងពីល្ងាចថ្ងៃទី៣០ ខែឧសភា ចំណែកបុរសម្នាក់ជា​តំណាងសហជីព ទើបតែត្រូវបានចាប់ខ្លួននៅព្រឹកមិញនេះទេ ខណៈរូបគេកំពុងស្នាក់នៅឯ​ផ្ទះរបស់ខ្លួន។

អ្នកស្រី បុប្ផា ប្រាប់ថា៖ «ពួកយើងចង់បានកន្លែងលក់ដូរសមស្រប ព្រោះអាហារដ្ឋាន​របស់​ក្រុមហ៊ុនគឺខ្វះអនាម័យ បាយឆៅ បន្លែសាច់ឆៅ កម្មករហូបអត់កើត»។

អ្នកស្រីបន្តថា៖«លុយបាយថែមម៉ោងពីចន្ទដល់សុក្រ ពីមុនបាន១ម៉ឺន តែឥលូវថែម​ម៉ោង​ពីចន្ទដល់សុក្រ គឺទទួលបានតែ៨ពាន់ទេ ដោយ២ពាន់ទៀតគាត់ជំពាក់រាល់អាទិត្យ»។

កម្មករនៃរោងចក្រ ខេន ស្ព័តស៊ូ ក្នុងខេត្តកំពង់ឆ្នាំង ប្រមូលផ្ដុំធ្វើកូដកម្មអហិង្សា ក្បែររបងរោងចក្រ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ រូបថតថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ រូបផ្តល់ដោយសង់ត្រាល់

ចំណែកលោក នី អាយុ៣២ឆ្នាំ ជាកម្មករផ្នែកខ្សែរទឹកហូរ បម្រើការរយៈពេល៧ឆ្នាំ បានឱ្យដឹង​ថា រូបលោកក៏ដូចជាកម្មករផ្សេងទៀតសម្រេចចិត្តចូលរួមធ្វើកូដកម្ម ព្រោះចង់ឱ្យក្រុមហ៊ុន​គោរពតាមការស្នើសុំរបស់កម្មករទាំង៣៥ចំណុច។ ចំពោះលោកសង្កត់ធ្ងន់​ត្រង់ចំណុច​កន្លែង​លក់ដូរម្ហូបអាហារ ព្រោះសព្វថ្ងៃកម្មករពិបាកហូបចុក។

លោកប្រាប់ឱ្យដឹងថា៖«ឥលូវនេះអត់មានការលក់ដូរទេ ខ្ញុំចង់ឱ្យមានកន្លែងលក់ដូរដូច​រោងចក្រ​ដែលមានរបងជាប់គ្នាហ្នឹង ព្រោះថាការហូបចុកគឺខុសគ្នា»។

ឆ្លើយតបចំពោះបញ្ហានេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានលើកឡើងថា ចំពោះបញ្ហាកំពុងកើតឡើងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង កំពុងតែ​ធ្វើការដោះស្រាយជូនកម្មករ កម្មការិនីនៃរោងចក្រ ខេន​ ស្ព័តស៊ូ។

លោកមានប្រសាសន៍ថា៖ «អ្វីដែលពាក់ព័ន្ធនឹងច្បាប់ការងារ មន្ទីរការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈខេត្តកំពង់ឆ្នាំង កំពុងតែធ្វើការដោះស្រាយ»។​

លោកបន្ថែមថា ចំពោះបញ្ហាផ្សេងទៀតពាក់ព័ន្ធនឹងចំណាត់ការផ្សេងៗ ដែលលើស​ពីច្បាប់ការងារ ក្នងនាមជាក្រសួងគណៈកម្មការដោះស្រាយកូដកម្ម បាតុកម្មគ្រប់មុខ​សញ្ញានឹងធ្វើការជាមួយអាជ្ញាធរ និងមន្ទីរបន្ថែមទៀត។

បើតាមការបញ្ជាក់ពីក្រុមកម្មករ បានឱ្យដឹងដែរថា ការធ្វើកូដកម្មនេះ ពួកគេធ្វើកូដកម្ម​ដោយ​អហិង្សា ដោយមានការប្រើឧបករណ៍បំពង់សម្លេង ការលើកពាក្យបដារ និងការស្រែក​តវ៉ា​នៅខាងមុខក្រុមហ៊ុន។ ពួកគេនឹងចាប់ធ្វើកូដកម្មចាប់ពីថ្ងៃទី៣១ ខែឧសភា រយៈពេល៧ថ្ងៃ រហូតមានដំណោះស្រាយចំនួន៣៥ចំណុច។

ចំណែកលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បានបដិសេធមិន​ឆ្លើយតប​ជុំវិញ​ករណីនេះ​។ ដោយលោកប្រាប់ថា មិនបានដឹង និងឱ្យអ្នកសារព័ត៌មានសាកសួរ​ទៅ​អ្នកនាំពាក្យអភិបាលខេត្តជំនួសវិញ។

ដោយឡែក លោកស្រីយ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា បានថ្លែងឱ្យដឹងថា កាលពីព្រឹកមិញនេះ តំណាងសហជីពចំនួន៣នាក់ ត្រូវបានសមត្ថិកិច្ចចាប់ខ្លួន។​ ក្នុងនោះ​មានតំណាងសហជីពម្នាក់ភេទប្រុស ត្រូវបានសម្ថកិច្ចចាប់ខ្លួន​ក្បែរផ្ទះ​ខណៈរូបគេ​រៀប​ចេញ​មកធ្វើការ។

អ្នកស្រីបញ្ជាក់ថា៖ «មកដល់ពេលនេះ គឺឃើញថាខាងសម្ថកិច្ចបានចាប់មេដឹកនាំសំខាន់ៗ​ចំនួន៣រូប មេដឹកនាំសហជីព ក្នុងចំណោម៣នាក់ហ្នឹងមានសហជីពខាងខ្ញុំមួយដែរ»។

លោកស្រីបន្តថា ការទាមទាររបស់កម្មករភាពច្រើន​គឺសុទ្ធតែជាការសម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាលកាលពីពេលកន្លងទៅ។ហើយការធ្វើកូដកម្មនេះ អ្នកស្រីបញ្ជាក់ថា ជាការធ្វើ​កូដកម្មទាមទារដោយស្របច្បាប់ ដោយសារតែកម្មករទាំងនោះ កើតទុក្ខមិនសុខចិត្ត​ស្រប​ពេលដែលក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានសម្រេចចំណុចមួយចំនួនហើយ ប៉ុន្តែខាង​ក្រុមហ៊ុន​មិនគោរពតាម៕

630 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម