សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

របាយការណ៍ថ្មី៖ រដ្ឋាភិបាលកម្ពុជាបង្កើនការគាបសង្កត់តាមប្រព័ន្ធអ៊ីនធឺណិត

បុរសម្នាក់ប្រើស្មាតហ្វូនរបស់គាត់នៅហាងកាហ្វេមួយកន្លែង ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
បុរសម្នាក់ប្រើស្មាតហ្វូនរបស់គាត់នៅហាងកាហ្វេមួយកន្លែង ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

យោងតាមរបាយការណ៍ថ្មីមួយពីមជ្ឈមណ្ឌលអាស៊ី(Asia Center) ជាស្ថាប័នមិនរកប្រាក់ចំណេញ ដែលមានមូលដ្ឋាននៅទីក្រុងបាងកកបានបង្ហាញថា រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ច្បាប់ទាក់ទង នឹងប្រព័ន្ធអ៊ីនធឺណិត ដើម្បីគាបសង្កត់បន្ថែម និងគំរាមកំហែងដល់សេរីភាពរបស់ពលរដ្ឋ។

របាយការណ៍នេះបានអំពាវនាវឲ្យរដ្ឋាភិបាលលុបចោលមាត្រាទាំងឡាយ ណាដែលអាចត្រូវបានប្រើប្រាស់ ដើម្បីកាត់បន្ថយការអនុវត្តសិទ្ធិសេរីភាព នៃការបញ្ចេញមតិ។

របាយការណ៍ជាង៤០ទំព័រដែលមានចំណងជើងថា «សេរីភាពអ៊ិនធឺណិតនៅកម្ពុជា ជាច្រកទ្វារត្រួតពិនិត្យ»  ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានកត់សម្គាល់ថា រដ្ឋាភិបាលបាននិងកំពុងប្រើប្រាស់ច្បាប់ផ្សេងៗ​គ្នាកាន់តែខ្លាំងឡើង ដើម្បីបង្ក្រាបអ្នកប្រឆាំងតាមប្រព័ន្ធអ៊ីនធឺណិត រួមទាំង​ការធ្វើវិសោធនកម្មនាពេលថ្មីៗនេះ ទៅលើច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ស្តី​ពីទូរគមនាគមន៍ ក្រមព្រហ្មទណ្ឌ ប្រកាសអន្តរក្រសួងលេខ១៧០ សេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យា និងអនុក្រឹត្យថ្មីបំផុតស្តីពីច្រកទ្វារ​អ៊ីនធឺណិតជាតិ។

របាយការណ៍នេះបានលើកឡើងថា៖​​ «បទប្បញ្ញត្តិជាច្រើននៅក្នុងច្បាប់ទាំងនេះ​គឺរំលោភលើបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនិងសន្ធិសញ្ញាដែលផ្តល់សច្ចាប័ន​ដោយប្រទេសកម្ពុជាហើយប៉ះពាល់យ៉ាងខ្លាំងដល់សេរីភាពនៃការប្រើប្រាស់​អ៊ីនធឺណិត» ។

ថ្លែងនៅក្នុងពិធីចេញផ្សាយរបាយការណ៍នេះ លោក Vitit Muntarbhorn អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានសម្តែង​ការព្រួយបារម្ភរបស់លោកចំពោះអនុក្រឹត្យថ្មីរបស់រដ្ឋាភិបាលដែលបង្កើត​ច្រកទ្វារ​អ៊ីនធឺណិតជាតិ។

លោកបានមានប្រសាសន៍ថា៖ «ច្បាប់ដែលបង្កើតគោលនយោបាយនេះ គឺគួរឲ្យ សង្ស័យយ៉ាងខ្លាំងមែនទែន ហើយវាអាចជួយដល់ការប្រមូលផ្តុំនិងការចាប់យក អំណាចផ្តាច់មុខដែលធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សនិងសេរីភាព នៅក្នុងប្រទេសដ៏អស្ចារ្យមួយនេះ» ។

ដោយត្រូវបានចុះហត្ថលេខាកាលពីខែកុម្ភៈនៅឆ្នាំនេះ អនុក្រឹត្យស្តីពីច្រកទ្វារ​អ៊ីនធឺណិតជាតិ(NIG)ត្រូវបានគេរាយការណ៍ថា មានបំណងធ្វើឲ្យការ​គ្រប់គ្រង​ប្រព័ន្ធអ៊ីនធឺណិតកាន់តែមានប្រសិទ្ធភាព។ វាក៏នឹងបង្កើតប្រព័ន្ធមួយ ដើម្បីប្រមូលផ្តុំតំណភ្ជាប់អ៊ីនធឺណិតទាំងអស់ឆ្លងកាត់តាមចំណុចតែមួយ។

ច្រកទ្វារអ៊ីនធឺណិតអនុញ្ញាតឲ្យប្រតិបត្តិករសហការជាមួយអាជ្ញាធរ ដើម្បី​កាត់ផ្តាច់រាល់ការតភ្ជាប់ណាដែលប៉ះពាល់ដល់ចំណូលជាតិ បំពានលើ​សណ្តាប់ធ្នាប់សង្គម សន្តិសុខជាតិ សុវត្ថិភាព និងជួយបង្ក្រាបរាល់ការ តភ្ជាប់ដោយខុសច្បាប់។ ច្បាប់នេះក៏តម្រូវឲ្យប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតឬ ISPs ផ្តល់របាយការណ៍ប្រចាំខែ ប្រចាំត្រីមាសនិងប្រចាំឆ្នាំដល់រដ្ឋាភិបាល និងផ្តល់សិទ្ធិដល់រដ្ឋាភិបាល ក្នុងការត្រួតពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធ​និងសម្ភារៈបរិក្ខារ​របស់ក្រុមហ៊ុន។ ច្រកទ្វារ​អ៊ីនធឺណិតជាតិ តម្រូវឲ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត​ទាំងអស់ត្រូវបញ្ជូនសេវាកម្មរបស់ខ្លួនឡើងវិញ តាមច្រកទ្វារអ៊ីនធឺណិតជាតិឲ្យ បានមុនខែកុម្ភៈ ឆ្នាំ២០២២។

លោក Muntarbhorn បានមានប្រសាសន៍ថា៖ «ច្បាប់ផ្សេងៗទៀត គឺលើសលប់ រួចទៅហើយ ហើយភាគច្រើនក្នុងចំណោមច្បាប់ទាំងនោះគឺមិនចាំបាច់​ទាល់​តែសោះ។ ដូច្នេះហើយបានជាយើងមកទីនេះ ដើម្បីពិនិត្យ​មើល​ស្ថានការណ៍ ប្រកបដោយតម្លាភាព» ។ លោកក៍បានបន្ថែមថា៖ «កង្វល់គឺវិសាលភាពនៃច្បាប់​ព្រហ្មទណ្ឌដែលកំពុងត្រូវបានប្រើប្រាស់ប្រឆាំងនឹងសិទ្ធិមនុស្សនិងសេរីភាពក្នុងការបញ្ចេញមតិនិងស្រមោលនៃការធ្វើឲ្យទៅជាបទល្មើសព្រហ្មទណ្ឌដែលនៅតែគំរាមដល់ការអនុវត្តសិទ្ធិនិងសេរីភាពទាំងនេះ»។

របាយការណ៍ដដែលនេះបានឲ្យដឹងថា ខណៈពេលដែល​​បណ្តាញអ៊ីនធឺណិត ត្រូវបានប្រជាពលរដ្ឋប្រើប្រាស់កាន់តែច្រើនឡើង ដើម្បីអនុវត្តសិទ្ធិក្នុង​ការសម្តែង​ការ​ជំទាស់ខាងនយោបាយ រដ្ឋាភិបាលបានអនុម័តច្បាប់ ដែលចែង មិនច្បាស់លាស់និងបានស្នើសេចក្តីព្រាងច្បាប់ថ្មីមួយចំនួន ដើម្បីបំបិទមាត់អ្នក ប្រើប្រាស់អ៊ីនធឺណិតទាំងនេះ ។

របាយការណ៍នេះបានសរសេរថា៖ «វិធានការច្បាប់ជាច្រើនរបស់ប្រទេសកម្ពុជា​បានបង្កើតនូវទិដ្ឋភាពឌីជីថលមួយដែលមានការតាមដានខ្ពស់​ហើយដែលកំពុង​បង្កការព្រួយបារម្ភក្នុងចំណោមអ្នកដែលចង់បង្ហាញការមិនយល់ស្រប»។ របាយការណ៍នេះបានឲ្យដឹងទៀតថា«ដោយប្រឈមមុខនឹងការគំរាមកំហែង​និង​ការគ្រប់គ្រង​លើ​បណ្តាញ​សង្គម អ្នករិះគន់និងអ្នកការពារសិទ្ធិមនុស្ស​បានដកថយ​ទៅរកការចាប់ពិរុទ្ធខ្លួនឯង​និងដកខ្លួនចេញពីការចូលរួម​ផ្នែកនយោបាយ​ដើម្បីធានាដល់សុវត្ថិភាពរបស់​ខ្លួន»។

លោក ជិន ម៉ាលីន អនុប្រធាននិងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា ជាទូទៅការបង្កើតច្បាប់ គឺមិនមានបំណងរឹតត្បិត ឬ ធ្វើទុក្ខបុកម្នេញទេ ផ្ទុយទៅវិញគឺដើម្បីការពារនិងលើកកម្ពស់សិទ្ធិនិងសេរីភាព លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ក៏ដូចជាសណ្តាប់ធ្នាប់សាធារណៈ។

លោកបានមានប្រសាសន៍ថា៖ «ដូច្នេះការអនុវត្តច្បាប់ ដើម្បីផ្តន្ទាទោសជន ល្មើសមិនមែន ជាការរឹតត្បិតសេរីភាព និងសិទ្ធិមនុស្សទេ។ ប្រសិនបើពលរដ្ឋ​អនុវត្តសិទ្ធិរបស់ពួកគាត់ស្របតាមច្បាប់ … ពួកគាត់មិនប្រឈមមុខនឹង​ទោស​ទណ្ឌ​នោះទេ»។

លោក ម៉ាលីន បានមានប្រសាសន៍ថា អ្នកដែលត្រូវបានផ្តន្ទាទោសតាមច្បាប់​ទាំងនេះ ដោយសារតែអាជ្ញាធររកឃើញថា ពួកគេបានប្រព្រឹត្តបទល្មើសក្រោម​រូបភាព​ផ្សេងៗ ហើយពួកគេគ្មានមូលដ្ឋានច្បាប់ ដើម្បីការពារខ្លួន។

លោកបានមានប្រសាសន៍ថា៖ «ក្រមព្រហ្មទណ្ឌកម្ពុជាត្រូវបានចម្លងចេញពី​ក្រមព្រហ្មទណ្ឌរបស់បារាំងនិងរៀបចំដោយអ្នកជំនាញបារាំង ដូច្នេះសូមក្រឡេកមើល​ការអនុវត្ត របស់ប្រទេសប្រជាធិបតេយ្យជាច្រើនទៀត មុននឹងរិះគន់​ប្រទេសកម្ពុជា»។

រដ្ឋាភិបាលបានឃុំខ្លួនពលរដ្ឋមួយចំនួនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដោយសារបង្ហោះសារតាមបណ្តាញសង្គម។ កាលពីថ្ងៃពុធ​សប្តាហ៍​មុន កសិករ​ដាំ​មៀនម្នាក់​ត្រូវបានតុលាការខេត្តបាត់ដំបងផ្តន្ទាទោសដាក់​ពន្ធនាគារ​១០ខែ​ពីបទញុះញង់ បន្ទាប់ពីបានបង្ហោះសារនៅលើហ្វេសប៊ុករិះគន់យុទ្ធនាការ​ដែលដាក់ចេញ​ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការទិញផ្លែ​មៀនដោយផ្ទាល់ពីប្រជាកសិករ បន្ទាប់ពីប្រទេសថៃ សម្រេចហាមឃាត់ការ នាំចូលផ្លែមៀនពីកម្ពុជា។ កាលពីថ្ងៃទី១៩ ខែសីហា សាលាដំបូងរាជធានី ភ្នំពេញ បានផ្តន្ទាទោសម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ម្នាក់ដាក់ពន្ធនាគារ​រយៈពេល១៨ខែ បន្ទាប់ពីលោកបានរិះគន់ការដឹកនាំ របស់មន្រ្តីរដ្ឋាភិបាល អំពីគោលនយោបាយកសិកម្ម ។ ការបង្រ្កាបរបស់រដ្ឋាភិបាលទៅលើអ្នកប្រឆាំង​មិនមែនមានតែចំពោះអ្នកបញ្ចេញមតិជំទាស់ជាសាធារណៈប៉ុណ្ណោះទេ។

កាលពីខែមិថុនា អាជ្ញាធរបានចាប់ខ្លួនសមាជិកបីនាក់នៃក្រុមការពារបរិស្ថានមាតាធម្មជាតិ ហើយក្រោយមកបានប្រើវីដេអូឃ្លីបដែលតាមចោទថា ត្រូវបានដកស្រង់ពីកិច្ចប្រជុំតាមប្រព័ន្ធហ៊្សូម ដើម្បីធ្វើការចោទប្រកាន់សកម្មជន ទាំងនោះពីបទញុះញង់និងប្រមាថព្រះមហាក្សត្រ។ កូនប្រុសអាយុ១៦ឆ្នាំរបស់​អតីតមន្រ្តី​គណបក្សប្រឆាំងម្នាក់ក៏ត្រូវបានចោទប្រកាន់កាលពីខែមិថុនាផងដែរ ពីបទញុះញង់ និងជេរប្រមាថមន្ត្រីសាធារណៈ ខណៈពេលជជែកគ្នានៅលើ​កម្មវិធី​ផ្ញើសារ​តេឡេក្រាម។

លោក ហឿន សុភាព ជាសកម្មជននៅសហគមន៍បណ្តាញព្រៃឡង់មកពីខេត្ត កំពង់ធំ បាននិយាយថា គាត់តែងតែប្រយ័ត្នចំពោះអ្វីដែលលោកបានបង្ហោះនៅ​លើបណ្តាញសង្គម ។

លោកបាននិយាយថា៖ «ខ្ញុំគិតថា អាជ្ញាធរកំពុងរឹតត្បិតនិងគំរាមកំហែង​ដល់​សកម្មជនបរិស្ថានដោយចោទពួកគាត់ពីបទញុះញង់។ អាជ្ញាធរគួរតែស៊ើបអង្កេត​ឲ្យបានហ្មត់ចត់មុននឹងចោទប្រកាន់នរណាម្នាក់ពីបទញុះញង់»។

លោក សុភាពបន្ថែមថា៖ «បណ្តាញសង្គមមានសារៈសំខាន់ក្នុងការឆ្លុះបញ្ចាំង​ពីបញ្ហា​សង្គម​ហើយ​វាមាន​ន័យថា រឿងខ្លះដែលអាជ្ញាធរមិនដឹង យើងអាចប្រើបណ្តាញសង្គម ដើម្បីជូនដំណឹងដល់អាជ្ញាធរ​។ ហើយការរឹតត្បិតសេរីភាព​​តាមអ៊ីន​​​ធឺណិតមិនមែនសុទ្ធតែល្អនោះទេ ហើយវាផ្ទុយនឹងរដ្ឋធម្មនុញ្ញដែលធានាដល់សេរីភាពនៃការបញ្ចេញមតិ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New report: Cambodian government heightens online oppression

554 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម