សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្លាំងប្រជាការពាររារាំងក្រុមគ្រួសារ និងអ្នកគាំទ្រសកម្មជនដែលជាប់ពន្ធនាគារពីការដើរក្បួនទៅកាន់ទីសក្ការៈបូជា

សមាជិកគ្រួសារ និងអ្នកគាំទ្រសកម្មជនជាប់ពន្ធនាគារ ប្រមូលផ្ដុំគ្នាបួងសួងជាមួយដើមឈើមួយដើមនៅជិតផ្សាររាត្រី បន្ទាប់ពីអាជ្ញាធរខណ្ឌដូនពេញ រារាំងពួកគាត់ដង្ហែទៅកាន់ទីសក្ការៈព្រះអង្គដងកើ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
សមាជិកគ្រួសារ និងអ្នកគាំទ្រសកម្មជនជាប់ពន្ធនាគារ ប្រមូលផ្ដុំគ្នាបួងសួងជាមួយដើមឈើមួយដើមនៅជិតផ្សាររាត្រី បន្ទាប់ពីអាជ្ញាធរខណ្ឌដូនពេញ រារាំងពួកគាត់ដង្ហែទៅកាន់ទីសក្ការៈព្រះអង្គដងកើ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

យុវជន សកម្មជន​បរិស្ថាន និង​គ្រួសារ​ជាច្រើន​នាក់​ត្រូវ​បាន​ប្រជាការពារខណ្ឌដូនពេញ​រារាំង​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ខណៈ​ពួកគេ​ព្យាយាម​ទៅបួងសួងនៅព្រះអង្គដងកើ​ដោយ​សន្តិវិធីដើម្បី​អបអរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ដែល​ជាប់​ពន្ធនាគារ​។

ពួកគេ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិត​ផ្សារ​រាត្រី​ក្នុង​រាជធានី​ភ្នំពេញ ដោយ​កាន់​បដា ខណៈ​ពួកគេ​រៀបចំ​ដង្ហែ​ទៅ​កាន់​ទីសក្ការៈ​ព្រះអង្គ​ដងកើ ក្បែរ​ព្រះបរមរាជវាំង ដើម្បី​បួងសួង​ឲ្យ​ដោះលែង​សកម្មជន​ដែល​ជាប់​ពន្ធនាគារ។ ក្នុង​ចំណោម​ពួក​គេ មាន​គ្រួសារ​របស់​អ្នក​ការពារ​បរិស្ថាន​មាតា​ធម្មជាតិត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារចន្លោះពី៦-៨ឆ្នាំ​ កាល​ពី​ខែ​កក្កដា ពី​បទ​ក្បត់ជាតិ​ប្រឆាំង​នឹង​រដ្ឋាភិបាល។

ប្រជាការពារខណ្ឌបានបញ្ឈប់ការដង្ហែរនៅមុនពេលចាប់ផ្តើម ដោយបង្ខំឱ្យក្រុមនេះសម្រេចចិត្តបួងសួងជាមួយដើមឈើមួយដើមនៅជិតផ្សាររាត្រីជំនួសវិញ ដោយមានកម្លាំងប្រជាការពារឈរឃ្លាំមើលនៅក្បែរនោះ។

លោក អឿង អូន យុវជន​នៅ​ក្នុង​ក្រុមនោះ​បាន​និយាយ​ថា ការ​ប្រមូល​ផ្តុំ​នេះ​មាន​គោល​បំណង​មិន​ត្រឹម​តែ​បួងសួង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ដោះលែង​អ្នកការពារ​បរិស្ថាន សកម្មជន​នយោបាយ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។

លោកឱ្យដឹងថា៖ «អាជ្ញាធរ​ខ្លះ​ស្លៀក​សម្លៀក​បំពាក់​ស៊ីវិល ហើយ​ខ្លះ​ទៀត​ពាក់​ឯកសណ្ឋាន។ ពួកគេ​បាន​ប្រើ​ពាក្យ​មិន​សមរម្យ ហើយ​ក៏​បាន​ចាប់យក​បដា​ពី​យើង​មួយ​ចំនួន​ផង​ដែរ​» ។ លោកបន្ត​រៀបរាប់​ពី​របៀប​ដែល​ប្រជាការពារ​ហាម​មិន​ឲ្យ​ពួកគាត់​បន្តដំណើរ​ទៅកាន់​ទីសក្ការៈ ដោយមិន​បាន​ប្រាប់​ពី​មូលហេតុ​ទេ។

អ្នក​​ចូលរួមម្នាក់​ទៀត​ក៏​បាន​ពណ៌នា​អំពី​អាជ្ញាធរ​ដោយ​ប្រើ​ភាសា​មិន​សមរម្យ និង​រុញច្រាន​ក្រុម​នេះផងដែរ។

វីដេអូ​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការ​ចលាចល​ត្រូវ​បាន​គេ​បង្ហោះ​លើ​ហ្វេសប៊ុក​ដោយ​ក្រុមអ្នកតវ៉ា​ម្នាក់​។

លោក អឿង អូន ​ក៏​បាន​រិះគន់​អាជ្ញាធរ​ដែល​បាន​រឹតត្បិត​សិទ្ធិ​របស់អ្នកតស៊ូមតិផង​ដែរ។

លោកបានបញ្ជាក់ថា៖ «កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ។ ដូច្នេះ​ខ្ញុំ​សំណូមពរ​ឲ្យ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ និង​យុវជន​ចូលរួម​បញ្ចេញ​មតិ និង​ជួបជុំ​ដែល​មាន​ចែង​ក្នុង​ច្បាប់»

កម្មករ សមាជិក​សហជីព និង​មន្ត្រី​ស្ថានទូត​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទិវា​សិទ្ធិ​មនុស្ស​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

សមាជិកគ្រួសាររបស់សកម្មជនបរិស្ថានមាតាធម្មជាតិ ដែលការជាប់ពន្ធនាគារនេះត្រូវបានថ្កោលទោសដោយអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើន ក៏បានចូលរួមក្នុងសកម្មភាពនេះមុននឹងធ្វើដំណើរទៅកាន់ទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្ស ដែលមានការចូលរួមពីមន្ត្រីការទូតបរទេសជាន់ខ្ពស់។

កញ្ញា ឡុង ស្រីលីន ប្អូនស្រីរបស់សកម្មជនមាតាធម្មជាតិ ឡុង គន្ធា ដែលជាប់ពន្ធនាគារបានជំរុញឲ្យក្រុមជាតិ និងអន្តរជាតិ ចងចាំការលះបង់របស់សកម្មជនដែលកំពុងជាប់ពន្ធនាគារនៅកម្ពុជា។

កញ្ញា ស្រីលីន បាន​ថ្លែង​ថា​៖ «​សូម​គោរព​សិទ្ធិ​ពួកគេ ហើយ​ដោះលែង​ពួកគេ​ដោយ​គ្មាន​ការ​រឹតត្បិត​» ដោយ​បាន​គូសបញ្ជាក់​ពី​បញ្ហា​សុខភាព​ថ្មីៗ​របស់​ គន្ធា ក្នុង​ពន្ធនាគារ និងសូមឱ្យ​បានធូរស្រាល​ចាប់ពីពេលនេះទៅ។

អ្នកស្រី ប៉ាត រស្មី ភរិយាកំពុងមានផ្ទៃពោះរបស់សកម្មជនមាតាធម្មជាតិម្នាក់ទៀតដែលជាប់ពន្ធនាគារគឺ ថុន រដ្ឋា បានអំពាវនាវឱ្យមានការដោះលែងស្វាមី និងតស៊ូមតិដើម្បីភាពគ្មានទោសពៃរ៍របស់គាត់នៅក្នុងព្រឹត្តិការណ៍នៅទីលានប្រជាធិបតេយ្យ ឱ្យរួចផុតពីការជ្រៀតជ្រែកដែលអ្នកស្រីបានជួបប្រទះក្នុងពេលដែលអ្នកស្រីព្យាយាមទៅបួងសួង។

អង្គការសិទ្ធិមនុស្សក្នុងស្រុក លីកាដូ បានឱ្យដឹងថា ប្រទេសកម្ពុជាបានរងការរិះគន់ពីប្រជាជាតិ និងក្រុមអន្តរជាតិចំពោះការចាប់ខ្លួនលើក្រុមអ្នកប្រឆាំង អ្នកការពារបរិស្ថាន និងអ្នកការពារសិទ្ធិមនុស្សកម្ពុជា ដោយបានចាប់ឃុំខ្លួនសកម្មជន មេដឹកនាំគណបក្សប្រឆាំង និងសមាជិកសហជីពយ៉ាងតិច ២៤ នាក់នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤។

ការជាប់ឃុំឃាំងដ៏គួរឱ្យកត់សម្គាល់មួយបានកើតឡើងនៅចុងខែកក្កដា នៅពេលដែលមនុស្សយ៉ាងតិច៩៤នាក់ រួមទាំងអនីតិជនត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលបន្ទាប់ពីរៀបចំការតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងអភិវឌ្ឍន៍ជាមួយវៀតណាម និងឡាវ​។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលបានដកខ្លួនចេញពីកតិកាសញ្ញានេះ ប៉ុន្តែមិនមានសញ្ញាណាមួយថា អ្នកដែលកំពុងជាប់ឃុំនឹងជៀសវាងការបៀតបៀនបន្ថែមទៀតទេ។

លោក ជា ខេមា អភិបាល​ខណ្ឌ​ដូនពេញ ដែល​មើល​ការ​ខុស​ត្រូវ​លើ​កម្លាំង​ប្រជាការពារ​ បានបដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​បង្ក្រាប​អ្នកតវ៉ាទេ៕

រាយការណ៍​បន្ថែម​ដោយ តាំង ប៉ហ្គិច

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Security Forces Block Family and Supporters of Jailed Activists from Marching to Shrine

134 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មី

អត្ថបទពេញនិយម