ភាពតានតឹងជុំវិញរបាំងលួសបន្លាដែលដំឡើងដោយទាហានថៃនៅតំបន់ជម្លោះនៃខេត្តបន្ទាយមានជ័យបានផ្ទុះឡើងជាថ្មីនៅថ្ងៃព្រហស្បតិ៍ ដោយអ្នកភូមិមកពីភូមិជោគជ័យ ឃុំអូរបីជាន់ បានប្រឈមមុខនឹងទាហានថៃនៅពេលដែលអ្នកភូមិទាំងនោះត្រូវបានរារាំងមិនឱ្យចូលផ្ទះ និងដីស្រែរបស់ពួកគេ។ អភិបាលខេត្តបានអំពាវនាវឱ្យមានការដោះស្រាយតាមរយៈគណៈកម្មាធិការព្រំដែនទ្វេភាគី។
ជម្លោះចុងក្រោយនេះកើតឡើងបន្ទាប់ពីមានការប្រឈមមុខស្រដៀងគ្នាកាលពីសប្តាហ៍មុន នៅពេលអ្នកភូមិដដែលបានឃាត់ទាហានថៃមិនឱ្យរាយរបាំងលួសបន្លា ដោយពេលនោះអ្នកភូមិបានប្រើដំបងរុញរបាំងចេញជាបណ្តោះអាសន្ន។ អភិបាលខេត្តស្រះកែវរបស់ថៃបាននិយាយថា ពលរដ្ឋកម្ពុជាប្រមាណគ្រួសារ ១៧០ គ្រួសារនេះ«កំពុងរំលោភលើទឹកដីថៃ» ហើយគួរតែត្រូវបានផ្លាស់ទីលំនៅ។
យោងសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ កាលពីថ្ងៃពុធ មន្ត្រីមកពីខេត្តស្រះកែវរបស់ថៃបានដំឡើងស្លាកសញ្ញាជាភាសាខ្មែរ និងថៃ ដោយបញ្ជាឱ្យអ្នកភូមិកម្ពុជារុះរើផ្ទះ និងចាកចេញពីដីរបស់ពួកគេ ដោយព្រមានថាការខកខានមិនបានអនុវត្តតាមបទបញ្ជានេះអាចបង្កឱ្យមានវិធានការផ្លូវច្បាប់។
អ្នកភូមិជាច្រើនបានរស់នៅលើដីនោះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានឆ្លើយតបថា ស្ថានភាពនេះស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ ដែលជាយន្តការទ្វេភាគីដែលប្រើដោយប្រទេសជិតខាងទាំងពីរដើម្បីដោះស្រាយបញ្ហាព្រំដែន។
ក្នុងអំឡុងពេលជម្លោះព្រំដែនពេលប្រាំថ្ងៃដែលបណ្តាលឱ្យមានការស្លាប់និងរបួសពីភាគីទាំងពីរ កាលពីខែកក្កដា មិនមានការប៉ះទង្គិចគ្នា ឬជម្លោះណាមួយកើតឡើងនៅក្នុងខេត្តបន្ទាយមានជ័យនោះទេ។
អ្នកនាំពាក្យខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ បានថ្លែងថាពលរដ្ឋចំនួន ១២ គ្រួសារមកពីភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ នៅតែមិនអាចចូលផ្ទះរបស់ពួកគេបានវិញនៅឡើយដោយសារតែរបាំងលួសបន្លារបស់ថៃ។ លោកបានបញ្ជាក់ថា ពិតជាមានការប្រឈមមុខជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះមែន និងបាននិយាយថា ទាហានថៃកំពុងរំលោភចូលទឹកដីកម្ពុជា ដែលអាចបង្កឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ។
រាជរដ្ឋាភិបាលកម្ពុជាបានរិះគន់ម្តងហើយម្តងទៀតចំពោះការដាក់របាំងនេះចាប់តាំងពីថ្ងៃទី១២ ខែសីហា ដោយហៅសកម្មភាពរបស់ទាហានថៃថាជាការពង្រីកតំបន់មានជម្លោះ ដែលគំរាមកំហែងដល់កិច្ចព្រមព្រៀងបទឈប់បាញ់។
សេចក្តីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍របស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា មន្ត្រីកម្ពុជាកំពុងធ្វើការយ៉ាងសកម្មតាមរយៈយន្តការទ្វេភាគីទាំងអស់ដែលមាន ដើម្បីដោះស្រាយបញ្ហានៃការបណ្តេញដោយបង្ខំលើពលរដ្ឋកម្ពុជាដែលរស់នៅនិងអាស្រ័យផលនៅទីតាំងទាំងនោះតាំងពីយូរលង់មកហើយ និងរំខានដល់ជីវភាពរបស់ពួកគេពីសំណាក់ភាគីថៃ។
ក្រុមអ្នកសង្កេតការណ៍អន្តរកាលដែលមានអនុព័ន្ធយោធានៃបណ្តាប្រទេសអាស៊ានមកពីប្រាំប្រទេសដែលដឹកនាំដោយអនុព័ន្ធយោធាមកពីប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា និងបានបង្កើតឡើងបន្ទាប់ពីបទឈប់បាញ់ បានទៅទស្សនកិច្ចនៅភូមិជោគជ័យនៅថ្ងៃទី២៦ ខែសីហា។ នេះបើយោងតាមការរាយការណ៍របស់ប្រតិបត្តិព័ត៌មាន Mekong Independent។
ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ជម្លោះនេះបានបង្កការលំបាកជារៀងរាល់ថ្ងៃ។ លោក យី ភឿក ពលរដ្ឋភូមិព្រៃចាន់ ដែលផ្ទះស្ថិតពីក្រោយរបាំងលួសបន្លា បានប្រាប់តាមទូរសព្ទថា គ្រួសាររបស់លោកត្រូវបានបង្ខំឱ្យរស់នៅក្នុងតង់។
លោកបានប្រាប់ថា៖ «ខ្ញុំរស់នៅក្រោមតង់វេទនាណាស់រាល់ថ្ងៃហ្នឹង ទើបថ្ងៃនេះ បងទាហានគាត់ព្រោះស្រែព្រោះស្រូវខ្ញុំស៊ីឈ្នួលបានការងារធ្វើ ប្រសិនបើអត់មានសប្បុរសជនចែកអំណោយចែកអីខ្លះទេ ពួកខ្ញុំដាច់បាយស្លាប់អស់ហើយ»។ លោកបានបន្តថា គ្រួសារក៏កំពុងប្រឈមនឹងកង្វះខាតម្ហូបអាហារនិងទឹកស្អាតផងដែរ។
លោកបានបន្ថែមថា៖ «ខ្ញុំចង់ឱ្យរដ្ឋាភិបាលជួយពួកខ្ញុំផង ក្មេងៗឈឺថ្កាត់ បញ្ហាស្បៀង រាល់ថ្ងៃពួកខ្ញុំប្រើប្រាស់ទឹកប្រឡាយទេ។ មួយរយៈក្រោយនេះស្ងាត់អត់ឃើញមានខាងណាចុះមកសួរនាំពួកខ្ញុំទេ ដូចមិនសូវខ្វល់ខ្វាយប៉ុន្មានគ្រួសារហ្នឹងទេ មកហួសទៅហួស ខ្ញុំពិបាកមិនដឹងនិយាយថាម៉េចឱ្យត្រូវ»។
អ្នកស្រី ហ៊ុល ម៉ាលីស ពលរដ្ឋភូមិព្រៃចាន់ម្នាក់ទៀត បាននិយាយថា ទាហានថៃបានដាក់ស្លាកថ្មី៣ នៅជិតផ្ទះរបស់ខ្លួន។ អ្នកស្រីក៏ត្រូវបានរារាំងមិនឱ្យចូលទៅផ្ទះដូចគ្នា។
អ្នកស្រីបានប្រាប់ថា ទាហានថៃមិនបានព្យាយាមឱ្យអ្នកភូមិដែលត្រូវពួកទាហានព័ទ្ធផ្ទះយកនោះរើចេញពីតង់ដែលកំពុងរស់នៅនោះទេ ប៉ុន្តែពួកទាហានទាំងនោះតែងតែថតរូបអ្នកភូមិជាញឹកញាប់។ អាជ្ញាធរខេត្តបន្ទាយមានជ័យបានប្រាប់ពលរដ្ឋទាំងនោះកុំឱ្យតវ៉ា ឬប្រឈមមុខនឹងទាហានថៃ។
អ្នកស្រី បានប្រាប់ថា៖ «ខ្ញុំចង់ឱ្យរដ្ឋាភិបាលជួយពន្លឿនយ៉ាងណាឱ្យរហ័ស ខ្ញុំចង់រស់នៅផ្ទះខ្ញុំវិញ ក្នុងតង់ពិបាកណាស់អូនហ្អើយ ខ្ញុំចេះតែរង់ចាំមើលពួកគាត់ដែរ»។
អ្នកនាំពាក្យខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ មិនទាន់ឆ្លើយតបចំពោះសំណួរបន្ថែមទៀតរបស់ អ្នកសារព័ត៌មានខេមបូចា ថា តើអាជ្ញាធរគ្រោងជួយគ្រួសារដែលត្រូវបានទាហានថៃបណ្តេញចេញពីផ្ទះដោយបង្ខំទាំងនោះដោយរបៀបណានៅឡើយទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New Standoff Erupts Over Thai Border Barricades, Officials Push for Action via General Border Committee










