កម្ពុជាទទួលបានវ៉ាក់សាំង ១,៥លានដូសពីក្រុមហ៊ុន Sinovac របស់ចិន ខណៈករណីឆ្លងជំងឺកូវីដ១៩ បន្តកើនឡើង ជាមួយនឹងករណីឆ្លងថ្មីចំនួន ៩៦ករណីនៅរសៀលថ្ងៃសុក្រ។
លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា រដ្ឋាភិបាលបានទិញវ៉ាក់សាំង CoronaVac ពីក្រុមហ៊ុន Sinovac Biotech ដែលអាចចាក់លើមនុស្ស ៧៥០.០០០នាក់។ លោកបានបន្តថា ការទទួលបានវ៉ាក់សាំងនេះជំរុញឲ្យកម្ពុជាបោះជំហានទៅមុខនៅក្នុងដំណើរការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ឲ្យបានប្រជាជនចំនួន ១០លាននាក់ក្នុងចំណោមប្រជាជនសរុប ១៦លាននាក់។
លោក វង្សី វិស្សុត បានថ្លែងថា៖ «នេះអាចធានាថា កម្ពុជានឹងមានវ៉ាក់សាំងយ៉ាងហោចណាស់ចំនួន ១០លានដូសដើម្បីចាក់ជូនប្រជាជននាឆ្នាំនេះ»។
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានមកដល់ ខណៈកម្ពុជារាយការណ៍ពីករណីឆ្លងថ្មីចំនួន ៩៦ករណីកាលពីថ្ងៃសុក្រ ដោយធ្វើឲ្យចំនួនករណីអ្នកឆ្លងសរុបក្នុង «ព្រឹត្តិការណ៍ ២០កុម្ភៈ»កើនដល់ ១៤៤៤ ករណី និង សរុប១៩៦៨ ករណីគិតចាប់តាំងពីខែមករា ឆ្នាំ២០២០មក។
លោក វង្សី វិស្សុត បានលើកឡើងថា កម្ពុជានឹងទទួលបានវ៉ាក់សាំង Sinopharm ចំនួន ៧សែនដូសបន្ថែមទៀតនៅសប្តាហ៍ក្រោយ ដែលវ៉ាក់សាំងចំនួន ៤សែននៅក្នុងចំណោមនោះជាផ្នែកមួយនៃការប្តេជ្ញាផ្តល់វ៉ាក់សាំង ១លានដូស ហើយវ៉ាក់សាំងចំនួន ៣សែនទៀតគឺជា ជំនួយឧបត្ថម្ភថ្មីពីរដ្ឋាភិបាលចិន។
មកទល់ពេលនេះ កម្ពុជាបានប្រើប្រាស់វ៉ាក់សាំង Sinopharm និងវ៉ាក់សាំង AstraZeneca ផលិតនៅឥណ្ឌា។ វ៉ាក់សាំង AstraZeneca គឺត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ក្រោមយន្តការ Covax របស់អង្គការសុខភាពពិភពលោក ដែលមានបំណងផ្គត់ផ្គង់វ៉ាក់សាំងចំនួន ២០ភាគរយនៃប្រជាជនសរុបក្នុងប្រទេសនីមួយៗ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា វ៉ាក់សាំង CoronaVac នឹងត្រូវប្រើសម្រាប់មនុស្ស ១៨ឆ្នាំឡើងទៅ។ លោកស្រីបានបន្ថែមថា វ៉ាក់សាំងចំនួន ១,៥លានដូសមានតម្លៃ ១៥លានដុល្លារ ហើយថា រដ្ឋាភិបាលកំពុងបញ្ជាទិញវ៉ាក់សាំង Sinopharm បន្ថែមចំនួន ៤លានដូសបន្ថែមទៀត។
លោក Wang Wentian អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា វ៉ាក់សាំងមកដល់ថ្មីនឹងជួយឲ្យកម្ពុជាបន្តការពារប្រជាជនប្រឆាំងនឹងជំងឺកូវីដ១៩។
លោក Wentian បានមានប្រសាសន៍ថា៖ «វ៉ាក់សាំងចិនគឺជា ជញ្ជាំងការពារប្រជាជនកម្ពុជាពីជំងឺកូវីដ១៩»។
នៅថ្ងៃសុក្រ ក្រសួងសុខាភិបាលបានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា មានករណីឆ្លងថ្មីចំនួន ៩៦ករណី ដោយករណីភាគច្រើនគឺមកពីស្រុកកោះធំ ខេត្តកណ្តាល ដែលស្ថិតនៅជាប់ព្រំដែនជាមួយវៀតណាម និងជាតំបន់កាស៊ីណូមួយ។
ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីការស្លាប់ទីប្រាំបីពីជំងឺកូវីដ១៩ផងដែរ។ មន្រ្តីនគរបាលចរាចរណ៍វ័យ ៥៥ឆ្នាំម្នាក់ មកពីខេត្តកណ្តាល បានស្លាប់កាលពីថ្ងៃទី២៥ ខែមីនា នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
កាលពីថ្ងៃទី២៥ ខែមីនា រដ្ឋាភិបាលបានរាយការណ៍ពីការស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួនពីរករណី ដែលរួមមានបុរសជនជាតិខ្មែរ និងជនជាតិចិននៅស្រុកកោះធំ។ អ្នកទាំងពីរបានស្លាប់នៅព្រឹកថ្ងៃទី២៥ ខែមីនា ដោយខូចសួតធ្ងន់ធ្ងរ។
ក្រសួងសុខាភិបាលក៏បានចេញបញ្ជាឲ្យមានការអនុវត្តការពាក់ម៉ាសជាដាច់ខាតនៅក្រុងភ្នំពេញ និងខេត្តចំនួនបួនទៀត រួមមានខេត្តកណ្តាល ព្រះសីហនុ សៀមរាប និងព្រៃវែង។ ការអនុវត្តនេះផ្អែកតាមប្រកាស ចេញកាលថ្ងៃទី២២ ខែមីនា ដែលផាកពិន័យធ្ងន់ធ្ងរចំពោះការមិនពាក់ម៉ាស់ ដែលការផាកពិន័យជាទឹកប្រាក់អាចមានចន្លោះពី ៥០ ទៅ២៥០ដុល្លារ។
រដ្ឋាភិបាលក៏បានចាប់ខ្លួនអ្នកបើកបររថយន្តធុនធំ វ័យ ២៨ឆ្នាំម្នាក់ ពីការចែកចាយព័ត៌មានមិនពិតស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ អង្គការគាំពារសិទ្ធិមនុស្សក្នុងស្រុកបានរិះគន់រដ្ឋាភិបាលជុំវិញការអនុវត្តទោសធ្ងន់ធ្ងរជុំវិញការចាប់ខ្លួនរាល់បុគ្គលដែលរិះគន់គ្រប់គ្រងស្ថានការណ៍របស់រដ្ឋាភិបាលអំឡុងពេលមានការរាតត្បាតជំងឺ ឬចាប់ខ្លួនបុគ្គល ដែលប្រហែលបានផ្សព្វផ្សាយបន្តនូវព័ត៌មានមិនត្រឹមត្រូវ។
លោក សាន សុខសីហា អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ បាននិយាយថា បុគ្គលឈ្មោះ តោ ចាន់នី អាយុ ២៨ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមីនា ដោយសារបុគ្គលនេះបានចែកចាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
តោ ចាន់នី ត្រូវបានចាប់ខ្លួននៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៤ ខែមីនា ហើយត្រូវបានបញ្ជូនមករាជធានីភ្នំពេញ ដើម្បីបញ្ជូនបន្តទៅតុលាការ។
លោក សុខសីហា បានថ្លែងថា៖ «យើងបានចាប់ខ្លួនគាត់ពីបទញុះញង់ឲ្យមានចលាចលនៅក្នុងសង្គម»។
លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា រាល់បុគ្គលណាម្នាក់ ដែលបានប្រព្រឹត្តនូវបទល្មើសពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ឬវ៉ាក់សាំងបង្ការជំងឺនេះ នឹងប្រឈមការដាក់ទោសទណ្ឌស្របទៅតាមច្បាប់។
លោក គឹមឃឿន បានថ្លែងថា៖ «អ្នកដែលបំពានសិទ្ធិអ្នកដទៃ ឬច្បាប់រដ្ឋនឹងត្រូវដាក់ទោសតាមសេចក្តីសម្រេចរបស់តុលាការ»។
លោក មឿន តុលា នាយកប្រតិបត្តិអង្គការការពារសិទ្ធិពលកម្មហៅកាត់ថា សង់ត្រាល (CENTRAL) បាននិយាយថា រដ្ឋាភិបាលបានបង្ហាញនូវសារមិនច្បាស់លាស់មកកាន់ប្រជាជន ប៉ុន្តែនៅពេលពលរដ្ឋចោទសួរពីសារនោះ ពួកគេត្រូវបានចាប់បញ្ជូនទៅពន្ធនាគារ។
លោកបានសំដៅទៅសន្និសីទសារព័ត៌មានដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើកាលពីឆ្នាំមុន នៅពេលដែលលោកបាននិយាយថា លោកនឹងបណ្តេញចេញនូវរាល់អ្នកសារព័ត៌មាន ឬបុគ្គលណាដែលពាក់ម៉ាស ប៉ុន្តែឥឡូវនេះ រដ្ឋាភិបាលបានដាក់បញ្ជាឲ្យពាក់ម៉ាសជាចាំបាច់។
លោក តុលា បានថ្លែងថា៖ «ខ្ញុំព្រួយបារម្ភថា អាជ្ញាធរនឹងប្រើច្បាប់ជំងឺកូវីដ១៩ ដើម្បីរឹតត្បិតសកម្មភាពដទៃទៀតរបស់ប្រជាជន»។
លោកបានបន្ថែមថា រដ្ឋាភិបាលគួរតែពន្យល់ទៅកាន់ប្រជាពលរដ្ឋ ប្រសិនបើពួកគេបានប្រព្រឹត្តកំហុសណាមួយ ជាជាងបង្គាប់ឲ្យមានការចាប់ខ្លួន៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New vaccines arrive as COVID-19 case count continues to climb