ផ្លូវដែកកម្ពុជាដែលបានសិក្សាជាយូរឆ្នាំមកហើយនោះ ត្រូវបានអ្នកសេដ្ឋកិច្ចចាក់ទុកថាផ្ដល់នូវសក្ដានុពលផ្នែកសេដ្ឋកិច្ច ខណៈអ្នកផ្សេងទៀតយល់ឃើញថាកំពុងមានបញ្ហាផ្នែកសុវត្ថិភាព។
ក្នុងឆ្នាំនេះឧប្បត្តិហេតុកើតលើផ្លូវរថភ្លើងមានប្រាំបួនករណីរួចមកហើយ។ ការណ៍នេះស្ដែងឲ្យឃើញពីវិស័យផ្លូវដែកកម្ពុជាកំពុងជួបបញ្ហាយឺតយ៉ាងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកសុវត្ថិភាព។ នេះបើតាមការលើកឡើងរបស់មន្ត្រីខាងផ្លូវដែក និងមេដឹកនាំសហគមន៍មួយចំនួនបានផ្ដល់បទសម្ភាសន៍ឲ្យខេមបូចា។
មន្ត្រីបានឲ្យដឹងថាហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកត្រូវការការកែលម្អឲ្យប្រសើរឡើង និងពង្រឹងបន្ថែមផ្នែកសុវត្ថិភាពដើម្បីការពារកុំឲ្យមានបញ្ហាគ្រោះថ្នាក់នៅថ្ងៃខាងមុខ។ យ៉ាងណា ការគ្រប់គ្រងប្រព័ន្ធចរាចរណ៍នៅកម្ពុជាបណ្ដុំដោយបញ្ហា រួមមានកង្វះចំណេះដឹងខាងច្បាប់ចរាចរណ៍ និងការអនុវត្តច្បាប់ រួមទាំងវិធានការសុវត្ថិភាពនៅខ្វះខាត ដែលជាហេតុនាំឲ្យឧស្សាហ៍កើតមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍។
កន្លងមកមានគម្រោងជាច្រើនបានចំណាយថវិកាអស់រាប់រយលានដុល្លារដើម្បីធ្វើទំនើបកម្មផ្លូវដែកកម្ពុជា ហើយពេលនេះផែនការលើមធ្យោបាយដឹកជញ្ជូនថ្មីរបស់រដ្ឋាភិបាលមួយ ដែលមានកញ្ចប់ថវិកាតិចជាងគម្រោងមុនៗដែរនោះ ត្រូវគេរំពឹងថាជាឧបករណ៍បន្ទាន់មួយក្នុងការដោះស្រាយបញ្ហាផ្លូវដែកនេះ។
គ្រោះថ្នាក់លើផ្លូវរថភ្លើងកើតឡើងចំនួនប្រាំបួនករណីក្នុងឆ្នាំនេះនៅតាមបណ្ដាខេត្តមួយចំនួន
មានតែបីខែទេដែលគ្មានគ្រោះថ្នាក់លើផ្លូវរថភ្លើង ខណៈប្រាំខែផ្សេងទៀតក្នុងឆ្នាំនេះមានករណីរថភ្លើងបុកមនុស្ស ករណីរថភ្លើងធ្លាក់ផ្លូវ និងករណីរថភ្លើងបុករថយន្តជាដើម។ ហេតុការណ៍ដែលបានកើតឡើងចំនួនប្រាំបួនករណីតាំងពីខែកុម្ភៈ មានបីករណីកើតឡើងក្នុងខេត្តពោធិ៍សាត់ ហើយក្នុងហេតុការណ៍ទាំងប្រាំបួនករណីនោះបានបណ្ដាលឲ្យមានអ្នករបួសចំនួន៥១នាក់ និងពីរនាក់បានស្លាប់។
ក្រុមអ្នកសារព័ត៌មានខេបូចាបានធ្វើការស្រាវជ្រាវលើករណីដែលបានកើតឡើងកន្លងមកតាមរយៈរបាកាយណ៍ព័ត៌មាននានាដែលបានផ្សាយពីមុន និងស្វែងរកការបញ្ជាក់បន្ថែមតាមបណ្ដាញសង្គមដើម្បីឈានទៅដល់ការកំណត់ករណីគ្រោះថ្នាក់ទាំងនេះ ។
ករណីដំបូងគេកើតឡើងនៅខេត្តបាត់ដំបងនៅថ្ងៃទី១ ខែកុម្ភៈ ដោយហេតុការណ៍គ្រោះថ្នាក់នោះកើតឡើងរវាងរថភ្លើង និងរថយន្តដឹកទំនិញ និងបានបណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ធ្ងរ។
ករណីបន្ទាប់កើតឡើងនៅខេត្តពោធិ៍សាត់នៅថ្ងៃទី១៩ ខែកុម្ភៈ ដោយរថភ្លើងបុកជាមួយរថយន្តបណ្ដាលឲ្យរថយន្តធ្លាក់ផ្លូវ និងអ្នកដំណើរប្រាំនាក់រងរបួស។
ចំណែកនៅថ្ងៃទី២៩ ខែមីនា ក៏មានហេតុការណ៍គ្រោះថ្នាក់រថភ្លើងបុកជាមួយរថយន្តទេសចរក្នុងខេត្តពោធិ៍សាត់ ដែលបណ្ដាលឲ្យអ្នកដំណើរចំនួន៤៥នាក់រងរបួសធ្ងន់ និងស្រាល ហើយអ្នកទាំងនោះភាគច្រើនជាអ្នកដំណើរតាមរថយន្ត។
ដោយឡែកនៅថ្ងៃទី២៣ ខែឧសភា វិញក៏មានហេតុការណ៍រថភ្លើងបុកជាមួយរថយន្តធុនតូចនៅភ្នំពេញ តែមិនមានអ្នករងរបួសនោះទេ។
ដោយឡែកនៅថ្ងៃទី១៣ ខែកក្កដា វិញ បុរសម្នាក់ត្រូវរថភ្លើងបុកស្លាប់នៅខេត្តកណ្ដាល ដោយមិនមានការបញ្ជាក់ពីមូលហេតុច្បាស់លាស់ពីមន្ត្រីជំនាញ។
នៅថ្ងៃទី១៥ ខែកក្កដា ឯនេះវិញ ក៏មានហេតុការណ៍រថភ្លើងដឹកអ្នកដំណើរបុករថយន្តដឹកទឹកនៅក្រុងព្រះសីហនុ នៅលើផ្លូវលំមួយខ្សែជាប់នឹងផ្លូវរថភ្លើង តែមិនមានសេចក្ដីរាយការណ៍ថាមានអ្នករបួសនោះដែរ។
នៅថ្ងៃទី២៥ ខែកក្កដា រថភ្លើងចេញដំណើរពីទីរួមខេត្តបន្ទាយមានជ័យទៅប៉ោយប៉ែតបានទាក់ខ្សែភ្លើងទៅមុខលែងរួច ដោយសារតែរថភ្លើងទើបបញ្ជាទិញថ្មីមានកម្ពស់ខ្ពស់ជាងរថភ្លើងសេរីចាស់ ហើយហេតុការណ៍នេះមិនមានអ្នករបួសនោះទេ។
មកដល់ថ្ងៃទី២ ខែសីហា នៅរាជធានីភ្នំពេញ បុរសម្នាក់ត្រូវរថភ្លើងបុកស្លាប់ពេលដើរឆ្លងផ្លូវរថភ្លើងទាំងកំពុងស្រវឹង។
ចំណែកនៅថ្ងៃទី៤ ខែសីហា ថ្មីៗនេះ រថភ្លើងបានរអិលធ្លាក់ផ្លូវនៅក្នុងខេត្តពោធិ៍សាត់ និងមិនមានអ្នករបួសនោះទេ។
អំពាវនាវឲ្យពង្រឹងប្រព័ន្ធសុវត្ថិភាព និងការយល់ដឹងរបស់អ្នកបើកបរ
លោក ជុំ ប៊ុនយឿន ជាមេឃុំឈើតុំ ស្រុកក្រគរ នៃខេត្តពោធិ៍សាត់ មានប្រសាសន៍ថាបញ្ហាប្រេះកង់បានបណ្ដាលឲ្យមានគ្រោះថ្នាក់កើតឡើងនៅពេលថ្មីៗនេះ។
លោកមានប្រសាសន៍ថា៖ «បើលោកមើលទៅលើបំណែករបស់វា វាគឺច្បាស់ណាស់ថាជាបញ្ហានៅត្រង់ដាច់កង់ មិនមែនបណ្ដាលមកពីផ្លូវដែកទេ»។ លោកហាក់មិនយល់ស្របនឹងការលើកឡើងរបស់មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលថារថភ្លើងធ្លាក់ផ្លូវដោយសារតែទឹកលិចផ្លូវ។
ទាក់ទងនឹងការរអិលធ្លាក់ផ្លូវរបស់រថភ្លើងនេះ អ្នកនាំពាក្យក្រសួងសាធារណការ លោក ផន រឹម បានបង្ហោះសារលើបណ្ដាញសង្គមថាផ្លូវរថភ្លើងនៅក្នុងស្រុកក្រគរ ផ្នែកខាងជើងមានការខូចខាតប្រវែង ១០០ម៉ែត្រ និងស្រុតមួយចំហៀងដោយសារទឹកហូរច្រោះពីថ្ងៃទី៤ ខែសីហា ដែលនាំឲ្យមានគ្រោះថ្នាក់រថភ្លើងធ្លាក់ផ្លូវ ដែលបង្កឲ្យមានការខូចខាតតិចតួចពីការធ្លាក់ទូរថភ្លើងចេញពីផ្លូវ ហើយផ្លូវទាំងនោះបានជួសជុលវិញនៅពេលរសៀល។
ថ្វីបើការជួសជុលធ្វើឡើងវិញភ្លាមៗ និងមិនមានអ្នករបួសក្នុងហេតុការណ៍នេះ ក៏លោកមេឃុំ សង្ឃឹមថាផ្លូវរថភ្លើងនឹងមានការកែលម្អ ពង្រឹងសុវត្ថិភាពឲ្យកាន់តែប្រសើរក្រោយមានហេតុការណ៍គ្រោះថ្នាក់កើតឡើង។
លោកបន្ថែមថា៖ «ខ្ញុំចង់ស្នើឲ្យមានដាក់របាំងនៅជុំវិញស្ថានីយ…មានផ្លូវឆ្លងកាត់ច្រើនណាស់នៅម្ដុំនេះ ហើយគ្មានរបាំងការពារទេ យើងនឹងប្រឈមហានិភ័យនៅថ្ងៃខាងមុខ»។
បើតាមលោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិតសភាកម្ពុជា គ្រោះថ្នាក់ដែលបានកើតឡើងភាគច្រើនគឺនៅត្រង់ចំណុចផ្លូវប្រសព្វដែលមានអ្នកដំណើរឆ្លងកាត់ និងមិនមានរបាំងការពារ ឬគ្មានស្ពានរំលង និងមិនមានឆ្មាំរបានៅទីនោះ។
ក្នុងប្រាំបីខែដំបូងនៃឆ្នាំនេះ គ្រោះថ្នាក់រថភ្លើងបុកជាមួយរថយន្តមានចំនួនប្រាំករណី។
លោក វណ្ណៈ ជឿថារថភ្លើង និងរថយន្តបុកគ្នាគឺពិតជាអាចបញ្ចៀសបានទាំងស្រុង បើសិនជាអាជ្ញាធរ និងក្រុមហ៊ុនឯកជនកសាងស្ពានរំលងនៅត្រង់ចំណុចប្រសព្វរវាងផ្លូវរថភ្លើង និងផ្លូវថ្នល់។
លោក ផន រឹម ក៏បានសម្ដែងនូវកង្វល់ដែរថាកង្វះខាតផ្នែកសុវត្ថិភាពចរាចរណ៍ និងការធ្វេសប្រហែសរបស់អ្នកបើកបរ គឺជាដើមចមនាំឲ្យមានគ្រោះថ្នាក់បុកគ្នានេះ។
លោកបន្ថែមថា ក្រសួងបានដាក់ចេញវិធានការមួយចំនួនដើម្បីកាត់បន្ថយគ្រោះថ្នាក់លើផ្លូវដែក ដែលមានដូចជាបង្កើតការអប់រំពីសុវត្ថិភាពលើដងផ្លូវ ដាក់ស្លាកសញ្ញាចរាចរណ៍ថ្មីៗបន្ថែម និងធ្វើរបាំងបិទផ្លូវ បន្ថែមឆ្មាំរបារយាមផ្លូវ ក៏ដូចជាធ្វើការជាមួយអាជ្ញាធរក្នុងការពង្រឹងការយល់ដឹងពីសុវត្ថិភាពចរាចរណ៍។
យ៉ាងណា អ្នកនាំពាក្យរូបនេះបញ្ជាក់ថាក្រសួងមិនមានគម្រោងកសាងស្ពានរំលងផ្លូវនៅចំណុចប្រសព្វនោះទេ ហើយលោកក៏មិនបានផ្ដល់ពីមូលហេតុដែលក្រសួងមិនពិចារណាលើចំណុចនេះដែរ។
ផ្លូវដែកមិនសុវត្ថិភាពនាំឲ្យបាត់បងសក្ដានុពល
ខណៈពេលមានការជជែកលើការជំរុញសេដ្ឋកិច្ចពីការពង្រីកផ្លូវដែក ភាពស្រពិចស្រពិលក៏នៅកើតមានដោយសារតែបញ្ហាសុវត្ថិភាព។ លោក វណ្ណៈ ជឿថាការបង្កើនការយកចិត្តទុកដាក់លើផ្លូវដែកកម្ពុជាគឺជាការផ្ដល់ឱកាសឲ្យភាគីពាក់ព័ន្ធស្វែងរកសក្ដានុពលសេដ្ឋកិច្ចនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
អ្នកសេដ្ឋកិច្ចរូបនេះលើកឡើងថាផ្លូវដែកដើរតួយ៉ាងសំខាន់ក្នុងវិស័យដឹកជញ្ជូនដែលមានតម្លៃធូរថ្លៃ និងមានផលប៉ះពាល់បរិស្ថានតិចតួចបើធៀបទៅនឹងមធ្យោបាយដឹកទំនិញផ្សេងទៀតដូចជាតាមរយៈរថយន្ត កប៉ាល់ និងយន្តហោះជាដើម។
លោកវណ្ណៈ បន្តថាដើម្បីសម្រេចបានគុណប្រយោជន៍នេះ រដ្ឋាភិបាលត្រូវផ្ដោតការយកចិត្តទុកដាក់ជាចម្បងលើការបង្កើនកម្រិតស្ដង់ដារហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងវិធានការសុវត្ថិភាព រួចបន្តធ្វើទំនើបកម្ម។
លោកបន្ថែមថា៖ «ឥឡូវនេះយើងឃើញពីកម្រិតទំនើបកម្មរបស់រថភ្លើងរបស់យើង ដោយអាចរត់បានលឿនជាងមុន និងទំនើប ប៉ុន្តែយើងក៏ត្រូវបង្កើនការថែទាំ និងកសាងប្រព័ន្ធសុវត្ថិភាព»។
លោកឲ្យដឹងទៀតថាការវិនិយោគលើប្រភេទរថភ្លើងល្បឿនលឿនគឺជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចយូរអង្វែង ការធ្វើដំណើរបានស្រួល និងអាចជំរុញកំណើនទេសចរផងដែរ។ លោករំលេចថាការផ្ដោតការយកចិត្តទុកដាក់លើការប្រើរថភ្លើងទំនើបក៏គួរតែយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពដែលកើតមានពេលបច្ចុប្បន្នផង។
ស្របពេលដែលក្រសួងសាធារណការកំពុងពង្រឹងវិធានការសុវត្ថិភាពនៅតាមស្ថានីយរថភ្លើង រដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញពីមហិចតាចង់ពង្រីងបណ្ដាញផ្លូវរថភ្លើងនៅទូទាំងប្រទេសផងដែរ។
អ្នកនាំពាក្យក្រសួងសាធារណការ លោក ផន រឹម ឲ្យដឹងទៀតថាក្រោមគម្រោងដឹកជញ្ជូនផ្លូវដែកថ្មីដែលដាក់ចេញកាលពីឆ្នាំ២០២៣ ផ្លូវរថភ្លើងថ្មីចំនួនប្រាំបីនឹងដាក់ឲ្យដំណើរការនៅឆ្នាំ២០៣៣ ហើយពីរក្នុងចំណោមនោះបានកសាងរួចរាល់ និងកំពុងប្រើប្រាស់។
ពាក្យស្លោករបស់រដ្ឋាភិបាលគឺថា «ទីណាមានផ្លូវ ទីនោះមានក្ដីសង្ឃឹម» ការកសាងផ្លូវដែកគឺក្នុងន័យនេះ។ ដូចទៅនឹងបណ្ដាញដឹកជញ្ជូនផ្សេងទៀតដែរ «ផ្លូវដែកបានរួមចំណែកដល់សមិទ្ធផលរបស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមទាំងដោយផ្ទាល់ និងដោយប្រយោល»។
ជាមួយនឹងថវិកាប្រមាណជា១០លានដុល្លារទុកប្រើសម្រាប់គម្រោងប្រាំបួនឆ្នាំខាងមុខដើម្បី «ជួសជុល និងធ្វើឲ្យប្រសើរឡើង» លើបណ្ដាញផ្លូវដែលមានស្រាប់ ក៏ដូចជាអភិវឌ្ឍន៍ផ្លូវថ្មី ការពិនិត្យលើផែនការផ្លូវដែកគឺជារឿងចម្បងគេ ដើម្បីបង្កើនសុវត្ថិភាពលើផ្លូវដែក មុននឹងគិតគូដល់តម្រូវការផ្សេងទៀត។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Nine Train Incidents This Year: Cambodia’s Railway Woes