សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជនសង្គមរំលឹក​ខួប​៩ឆ្នាំ​នៃ​ឃាតកម្ម​លោក កែម ឡី និងបន្តទាមទារយុត្តិធម៌សម្រាប់លោក

អង្គការសង្គមស៊ីវិល និងក្រុមសកម្មជនដែលជាយុវជនបានដាក់កម្រងផ្កានៅស្ថានីយប្រេងឥន្ធនៈមួយកន្លែងដែលលោក កែម ឡី ត្រូវបានគេបាញ់សម្លាប់កាលពីឆ្នាំ២០១៦ ដើម្បីរំលឹកខួប៩ឆ្នាំនៃការស្លាប់របស់លោក។ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៥ (ខេមបូចា/ ព្រីង សំរាំង)
អង្គការសង្គមស៊ីវិល និងក្រុមសកម្មជនដែលជាយុវជនបានដាក់កម្រងផ្កានៅស្ថានីយប្រេងឥន្ធនៈមួយកន្លែងដែលលោក កែម ឡី ត្រូវបានគេបាញ់សម្លាប់កាលពីឆ្នាំ២០១៦ ដើម្បីរំលឹកខួប៩ឆ្នាំនៃការស្លាប់របស់លោក។ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៥ (ខេមបូចា/ ព្រីង សំរាំង)

អង្គការសង្គមស៊ីវិល សហជីព សកម្មជនដែលជាយុវជន និងសមាជិកគណបក្សប្រឆាំងជាង ១០០នាក់ នាថ្ងៃព្រហស្បតិ៍នេះ បានប្រមូលផ្តុំគ្នានៅស្ថានីយ៍ប្រេងឥន្ធនៈមួយក្នុងរាជធានីភ្នំពេញជាកន្លែងដែលអ្នកវិភាគនយោបាយ និងសកម្មជនសិទ្ធិមនុស្ស លោកបណ្ឌិត កែម ឡី ត្រូវបានបាញ់សម្លាប់កាលពី៩ឆ្នាំមុន ខណៈលោកកំពុងពិសារកាហ្វេពេលព្រឹក។

អ្នកគាំទ្របានដាក់កម្រងផ្កា និងរូបថត ហើយប្រារព្ធពិធីសូត្រមន្តតាមបែបព្រះពុទ្ធសាសនានៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ដែលត្រូវបានបិទទ្វារ ខណៈសមត្ថកិច្ចឈរឃ្លាំមើល។

បន្ទាប់មក ក្រុមនេះបានបន្តទៅវត្តចាស់ ក្នុងខណ្ឌជ្រោយចង្វារ ដើម្បីប្រារព្ធពិធីបែបប្រពៃណី។

អ្នកចូលរួមជាច្រើនក៏បានអំពាវនាវជាថ្មីឱ្យមានយុត្តិធម៌សម្រាប់សពលោកបណ្ឌិត កែម ឡី ដោយថាយុត្តិធម៌មិនទាន់ទទួលបាននៅឡើយ។

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់)  បានមានប្រសាសន៍ថា «ទោះបីជាអស់រយៈពេល៩ឆ្នាំមកហើយ ក៏យុត្តិធម៌មិនទាន់ត្រូវបានផ្តល់ឱ្យគាត់ ឬគ្រួសាររបស់គាត់នៅឡើយ»

លោកបានថ្លែងថា៖ «ការទាមទារយុត្តិធម៌សង្គមរបស់យើង មានគោលបំណងដើម្បីលុបបំបាត់វប្បធម៌និទណ្ឌភាព»

រូបទី២៖ អ្នកគាំទ្របានចូលរួមគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅកន្លែងដែលលោកត្រូវបានបាញ់សម្លាប់ កាលពី៩ឆ្នាំមុន ក្នុងរាជធានីភ្នំពេញ។ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

លោកបណ្ឌិត កែម ឡី អ្នកអត្ថាធិប្បាយនយោបាយ និងជាអ្នកការពារសិទ្ធិមនុស្សដ៏លេចធ្លោ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខណៈលោកកំពុងពិសារកាហ្វេនៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច។

ខ្មាន់កាំភ្លើងដែលហៅខ្លួនឯងថា «ជួប សម្លាប់» ត្រូវបានប្រជាជនដេញវាយ មុនពេលប៉ូលិសចាប់ខ្លួន។ ក្រោយមក បុរសនោះត្រូវបានកំណត់អត្តសញ្ញាណថា ឈ្មោះ អឿត អាង ដែលពេលនោះបុរសនោះបានអះអាងថា គេបានសម្លាប់លោកបណ្ឌិត កែម ឡី ដោយសារតែលោកបណ្ឌិតបំណុលខ្លួន។​

ហេតុផលនេះ ត្រូវបានគ្រួសារលោកបណ្ឌិត កែម ឡី អ្នកគាំទ្រ និងចុងក្រោយលោក អឿត អាង ផ្ទាល់ខ្លួនបដិសេធថាមិនមែនជាការពិត។ លោក អឿត អាង ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងឆ្នាំ២០១៧ បន្ទាប់ពីការកាត់ក្ដីតែពាក់កណ្តាលថ្ងៃ ដែលទទួលរងការរិះគន់យ៉ាងខ្លាំងថាមិនបានបំពេញតាមស្តង់ដារការកាត់ក្ដីដោយយុត្តិធម៌។ លោកបានប្តឹងឧទ្ធរណ៍ក្នុងឆ្នាំ២០១៩ ប៉ុន្តែតុលាការបានរក្សាទុកការកាត់ទោសនោះដដែល។

ចៅក្រមស៊ើបសួរមិនបានចោទប្រកាន់នរណាផ្សេងទៀតថាពាក់ព័ន្ធនឹងការសម្លាប់នេះទេ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលទទួលបន្ទុកសំណុំរឿងលោកបណ្ឌិត កែម ឡី មិនអាចទាក់ទងបានភ្លាមៗទេ​​ ខណៈដែលលោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ មិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយឡើយ។

ក្រុមសង្គមស៊ីវិលបន្តអំពាវនាវឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយលើករណីឃាតកម្ម ដែលមនុស្សជាច្រើនជឿថាមានហេតុផលនយោបាយនៅពីក្រោយ

សមាជិកបណ្ដាញយុវជនកម្ពុជា កញ្ញា ដាំ សុស្រីនាងដែលបានចូលរួមក្នុងពិធីរំលឹកនេះ បានលើកឡើងថា៖ «ចំពោះយុត្តិធម៌ពិតប្រាកដ អ្នកអាចមើលដោយខ្លួនឯងថា តើវាត្រូវបានអនុវត្តឬទេ»

កញ្ញា សុស្រីនាង បានថ្លែងថា លោកបណ្ឌិត កែម ឡី បានបំផុសគំនិតដល់យុវជនឱ្យក្លាហាននិយាយពាក់ព័ន្ធនឹងរឿងអយុត្តិធម៌ និងហ៊ានបញ្ចេញមតិលើបញ្ហាជាតិ។

រូបទី៣៖ សមាជិកសហជីព និងសកម្មជនដែលជាយុវជនកាន់ស្លាកសញ្ញាផ្សេងៗ ក្នុងពិធីរំលឹកខួប៩ឆ្នាំនៃការឃាតកម្មលើបណ្ឌិតលោក កែម ឡី នៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ ស្លាកមួយសរសេរថា៖ «តើឱ្យខ្ញុំទៅណា បើទីនេះជាមាតុភូមិខ្ញុំ?» (ខេមបូចា/ ព្រីង សំរាំង)

លោក ថារ៉ូ មកពីអង្គការសង់ត្រាល់ បានបន្តថា មរតករបស់លោក កែម ឡី នៅតែបន្តមានន័យ និងឥទ្ធិពលចំពោះសង្គម។

លោក​បាន​បន្ថែម​ថា​៖ «​ក្នុង​នាម​យុវជន​ជំនាន់​ក្រោយ យើង​នៅ​តែ​បន្ត​បេសកកម្ម និង​គុណធម៌​របស់​គាត់​»

ដោយមានការបារម្ភអំពីសុវត្ថិភាព ក្រោយការសម្លាប់ លោកបណ្ឌិត កែម ឡី មិនយូរប៉ុន្មាន ភរិយា និងកូនៗរបស់លោកបានភៀសខ្លួនចេញពីប្រទេសកម្ពុជា ហើយបានទទួលសិទ្ធិជ្រក​កោនរស់នៅប្រទេសអូស្ត្រាលី

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានថ្លែង បន្ទាប់ពីលោកបានគោរពវិញ្ញាណក្ខន្ធរួចថា៖ «ថ្ងៃនេះ យើងធ្លាប់បានបាត់បង់វីរជនខ្មែរម្នាក់ ដែលយើងត្រូវតែចងចាំ»

លោកបានមានប្រសាសន៍ថា៖ «យើងមិនដែលភ្លេចពាក្យរបស់លោកដែលថា«ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត»ឡើយ ហើយលោកក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតជាថ្មីទាំងក្នុងស្រុក និងអន្តរជាតិចំពោះឃាតកម្មនេះ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Nine Years On, Activists Mark Kem Ley’s Murder, Demand Justice

74 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម