សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បេឡាជាតិសន្តិសុខសង្គមតម្រូវប្រជាពលរដ្ឋបង្ហាញបណ្ណចាក់វ៉ាសាំង មុនធ្វើបណ្ណប.ស.ស. ជូនពួកគាត់

សន្តិសុខសណ្ឋាគារក្នុងទីក្រុងភ្នំពេញពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់អតិថិជន មុនអនុញ្ញាតឲ្យចូលបរិវេណសណ្ឋាគារ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
សន្តិសុខសណ្ឋាគារក្នុងទីក្រុងភ្នំពេញពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់អតិថិជន មុនអនុញ្ញាតឲ្យចូលបរិវេណសណ្ឋាគារ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

បេឡាជាតិសន្តិសុខសង្គម​(ប.ស.ស.) ប្រកាស​កាលពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន​នឹង​មិន​ធ្វើ​បណ្ណ​ឲ្យបុគ្គលណា​ដែល​មិន​បង្ហាញ​ភស្តុតាងថា ​បាន​ចាក់វ៉ាក់សាំង​បង្ការកូវីដ-១៩ នោះទេ។ ការ​ប្រកាស​នេះធ្វើ​ឡើង​បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​វិធានការ​តម្រូវ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ត្រូវបង្ហាញ​បណ្ណចាក់វ៉ាក់សាំង​ពេល​ចេញ​ចូល​ស្ថាប័ន​រដ្ឋ ឬឯកជន​ក្នុង​រាជធានីភ្នំពេញ​​។​

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន បេឡាជាតិសន្តិសុខសង្គម សរសេរថា៖ «ចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ រាល់ពេល លោក លោកស្រីមកទទួលសេវានៅគ្រប់ទីស្នាក់ការ ប.ស.ស. ទូទាំងរាជធានី-ខេត្ត-ខណ្ឌ ទាំងអស់ ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬ បណ្ណចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩»។ សេច​ក្ដី​ប្រកាស​ដដែល​បន្ត​ថា៖ «ក្នុងករណីមិនមានបណ្ណចាក់វ៉ាក់សាំង នោះ ប.ស.ស. មិនផ្តល់សេវាជូននោះទេ»។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សាលារាជធានី​ភ្នំពេញ ចេញ​វិធានការ​មួយ​កាលពី​ថ្ងៃទី​៥ ខែតុលា តម្រូវ​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​អាយុចាប់ពី​ប្រាំ​មួយ​ឆ្នាំ​ឡើង ត្រូវ​បង្ហាញ​បណ្ណ​ចាក់វ៉ាក់សាំង​ពេល​ទៅ​សាលារៀន ផ្សារ រោងចក្រ និង​ទី​កន្លែង​សាធារណៈ ឬឯកជន​ផ្សេងៗ​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​។ ស្ថាប័ន ឬ​ទីតាំង​ណា ដែលអនុញ្ញាត​ឲ្យ​អ្នក​គ្មាន​បណ្ណ​ចាក់​វ៉ាក់សាំង​ចូល​ទីតាំង​របស់​ខ្លួន​អាច​ប្រឈម​នឹង​ការ​ដក​ហូត​អាជ្ញាបណ្ណ ឬ​បិទ​អាជីវកម្ម​។​

លោក ហេង សុផាន់ណារិទ្ធិ អ្នក​នាំពាក្យ​ បេឡាជាតិ​សន្តិសុខ​សង្គម ប្រាប់​ខេមបូ​ចាថា​ វិធានការ​រឹត​បន្តឹង​ថ្មី​នេះ​អនុវត្ត​ឡើង​សម្រាប់​តែ​អ្នក​ដែល​ដាក់​ស្នើ​សុំ​ធ្វើ​បណ្ណប.ស.ស. តែប៉ុណ្ណោះ មិន​សំដៅ​ដល់​អ្នក​កំពុង​ប្រើ​ប្រាស់​បណ្ណ​ដើម្បី​ទទួល​សេវា​ផ្សេងៗ ដូចជា​សេវាថែទាំសុខភាព ដែល​បាន​ផ្ដល់​ជូន​ក្រោមកម្មវិធី​សន្ដិសុខ​សង្គម​នោះទេ​។​

លោកមានប្រសាសន៍​ថា៖ «​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថាប.ស.ស គ្រាន់​តែធ្វើ​តាម​សេចក្ដីណែ​នាំ​​[របស់​សាលារាជធានី​ភ្នំពេញ​]…​ពេល​ពួកគាត់​ចង់​ធ្វើ​បណ្ណ​ប.ស.ស. ពួក​គាត់ត្រូវ​តែ​បង្ហាញ​បណ្ណ​ចាក់វ៉ាក់សាំង»​។​

លោក​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ករណី​កម្មករ​ដែល​មិនមាន​កាត​ចាក់​វ៉ាក់សាំង អ្នក​ទាំង​នោះ​ត្រូវ​តែ​សុំ​លិខិត​បញ្ជាក់​ពី​មណ្ឌល​សុខភាព ពន្យល់​ពី​មូល​ហេតុ​ ដូច​ជាមាន​ផ្ទៃពោះ ដែល​នាំ​ឲ្យ​ពួកគាត់​មិន​ទាន់​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​។​

លោក ហ៊ត វ៉ាន់ធី ប្រធាន​រដ្ឋបាល​ផ្សារ​អូឫស្សី មាន​ប្រសាសន៍​ថា ​ផ្សារ​អូឫស្សី បាន​អនុវត្ត​វិធានការណែនាំ​របស់​សាលា​ក្រុង​តាំងពី​ថ្ងៃទី​៨ ខែ​តុលា ក្រោយ​បុណ្យ​ភ្ជុំ​បិណ្ឌមក​។​

លោកឲ្យ​ដឹង​ទៀត​ថា៖ «​អ្ន​ក​ណា​ដែល​មិនមាន​បណ្ណចាក់វ៉ាក់សាំង យើង​មិន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ផ្សារ​ទេ»។ ដោយលោកបន្តថា៖ «ប៉ុន្តែ​ពួកគាត់​ភាគ​ច្រើន​មាន​បណ្ណ​ចាក់វ៉ាកសាំង ឬ​ពេល​ខ្លះ​ពួកគាត់មិន​បាន​យក​តាម​ខ្លួន ប៉ុន្តែ​ពួកគាត់​បាន​ថតវា​ទុក​ក្នុងទូរសព្ទដៃ​»។​

លោកបានឲ្យដឹង​ថា៖ «ខ្ញុំ​បាន​ដាក់​បុគ្គលិក​ឲ្យ​យាម​តាម​ច្រក​ចូល​ផ្សារ ដើម្បី​ពិនិត្យ​កាត​ចាក់​វ៉ាក់សាំងចំពោះ​អ្នក​ចូល​ក្នុង​ផ្សារ»។ លោក​បន្ថែម​ថា ផ្សារ​ក៏​បាន​អនុវត្ត​តាម​គោលការណែ​នាំ​របស់​ក្រ​សួង​សុខាភិបាល ដែលមាន​ការ​ពាក់​ម៉ាស លាងដៃជាមួយអាល់កុលឬជេល និង​រក្សា​គម្លាត​ជា​ដើម។​

អ្នកស្រី សូ បូភ័ក្រ វ័យ ៣៧​ឆ្នាំ អ្នក​លក់​ភេសជ្ជៈ និង​គ្រឿងទេស ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ដែរថា ផ្សារ​ខ្លះ​សន្តិសុខ​បាន​សួរ​រក​បណ្ណចាក់​វ៉ាក់សាំង​ពេល​ចង់​ចូល​ក្នុង​ផ្សារ តែផ្សារ​ខ្លះទៀត​មិន​បាន​សួរ​នាំ​ទេ​។​

អ្នកស្រី​បន្ត​ថា៖ «​មិន​ថា​គេ​សួរ​យើង​រក​កាតវ៉ាក់សាំង​​ឬអត់ទេ ខ្ញុំ​នៅ​តែ​ការពារ​ខ្លួន​ឯង​ដោយ​ពាក់​ម៉ាស បាញ់អាល់កុល​[សម្អាតដៃ] គ្រប់​ពេល ដើម្បី​ធានាសុវត្ថិ​ភាព»។​

លោក ថូ កុសល វ័យ​៣៣​ឆ្នាំ ជាកម្មករ​​នៅ​រោង​ចក្រ​ W&F ក្នុង​ខណ្ឌ​ដង្កោ ឲ្យ​ដឹង​ដែរ​ថា លោក​កម្រ​ចេញ​ក្រៅណាស់ ដូចនេះ​លោក​មិន​ច្បាស់ទេ​ថា ​ត្រូវ​បង្ហាញ​បណ្ណ​ចាក់វ៉ាក់សាំង​មុន​ចូល​ទីតាំង​ណា​មួយ​នោះ​។​

លោក បន្ថែម​ថា៖ «​ជា​ការ​ពិត កម្មករ​ភាគ​ច្រើនបាន​ចាក់​វ៉ាក់សាំង​រួច​អស់​ហើយ និង​ខ្ញុំ​ក៏​បាន​ចាក់វ៉ាក់សាំង​ដូសទី២​រួច​ហើយ​ដែរ ដូច​នេះបើ​សិន​ជា​គេ​តម្រូវ​ឲ្យ​យើង​បង្ហាញ​បណ្ណចាក់​វ៉ាក់សាំង វា​មិន​មាន​បញ្ហា​អ្វី​នោះទេ»។​

លោក​ឲ្យ​ដឹង​ទៀតថា៖ «សម្រាប់​រោង​ចក្រ​ដែល​ខ្ញុំ​ធ្វើ​ការ ពួកគេ​ជ្រើស​រើស​កម្មករ​យក​តែអ្នក​មាន​កាតចាក់វ៉ាក់សាំង បើ​សិនជា​មិនមាន ពួកគេ​មិន​ជ្រើស​យក​ទេ ដូច​នេះ​វា​នឹង​ពិបាក​សម្រាប់​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​ក្នុង​ការ​រក​ការងារ​ធ្វើ»។​ 

លោកស្រី​ យ៉ាង សោភ័ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​(CATU) មាន​ប្រសាសន៍ថា ការ​ជ្រើស​រើស​ចាក់វ៉ាក់សាំង ឬ​អត់ គួរ​តែជា​សិទ្ធិ​របស់​កម្មករ ឬមនុស្ស​ផ្សេ​ងទៀត មិន​មែន​ជា​ការ​បង្ខំ​ដោយគោល​នយោបាយ​សាធារណៈ​នោះទេ​។​

លោកស្រី​ បានបានឲ្យដឹងថា៖ «​កន្លង​មក មនុស្ស​ស្ទើរ​គ្រប់គ្នា​បាន​ចាក់វ៉ាក់សាំង លើក​លែង​តែ​អ្នក​មាន​សុខ​ភាព​ខ្សោយ មានជំងឺ មាន​កម្ដៅ​ខ្លួន​ខ្ពស់​ និង​ស្រ្តី​មាន​ផ្ទៃពោះ»។ លោកស្រីបន្ថែមថា៖ «ឥឡូវនេះ គេតម្រូវ​ឲ្យ​គ្រប់គ្នា​បង្ហាញ​បណ្ណ​ចាក់វ៉ាក់សាំង វា​នឹង​ប៉ះពាល់​ដល់​មនុស្ស ឬ​កម្មករ​ទាំងនោះ»។​

លោក យង់ គឹមអេង ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព មាន​ប្រសាសន៍​ថា​ គោល​ការ​តម្រូវ​ថ្មី​របស់​បេឡាជាតិ​សន្តិ​សុខ​សង្គម​មិនមែនជាការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវទេ។​

លោក លើកឡើង​ថា៖ «បើ​សិនជា​ពួកគេ​ពិតជាតម្រូវ​ឲ្យមានដាច់ណាត់​ថា ​គ្រប់គ្នា​ត្រូវ​តែ​បង្ហាញបណ្ណ​ចាក់វ៉ាក់សាំង វា​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​បណ្ណ​ប.ស.ស.»។​

លោក បន្ថែម​ថា ខាង​បេឡាសន្ដិសុខ​សង្គម​គួរ​តែ​លើក​លែង​លើ​អ្នក​មិន​មាន​បណ្ណចាក់វ៉ាក់សាំង ដោយ​ថា​អ្នក​ខ្លះ​មិន​បាន​ចាក់​វ៉ាក់សាំង​ព្រោះ​តែមាន​បញ្ហា​សុខ​ភាព។​

លោកបន្ថែមថា៖ «រឿង​ដែល​សំខាន់​នោះ​គឺ​ថា តើ​ផ្សារ ឬ​ហាង​ទាំងនោះ បាន​អនុវត្ត​វិធានការ​ក្រ​សួង​សុខាភិបាល​ត្រឹម​ត្រូវ​ឬអត់»។ ដោយលោកបន្តថា៖​ «​បើសិន​ជា​ពួកគេ​មិន​បាន​អនុវត្ត​ត្រឹម​ត្រូវ ទោះ​ជាពួកគេ​បាន​ចាក់វ៉ាក់សាំង​មួយ ឬ​ក៏​ពីរ​ដូស ក៏​នៅ​តែ​អាច​ឆ្លង​បានដែរ»។​

លោក ម៉េត មាស​ភក្ដី អ្នក​នាំពាក្យ​សាលារាជធានីភ្នំពេញ និង​អភិបាល​រង លោក កើត ឆែ មិន​អាចទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​។​​

ក្រ​សួង​សុខាភិបាល​កាលពី​ថ្ងៃទី​១០ ខែ​តុលា បាន​ឲ្យ​ដឹង​មនុស្ស​ចំនួន​១៣.៤៩២.៤០៦​នាក់​បាន​ចាក់​វ៉ាក់សាំងដូស​ទី១ និង​មាន​១១.៤៩៨.៥១៧​នាក់​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​២ រួចរាល់។ បន្ថែម​ពី​នេះ មនុស្ស​៩២៣.២៥៩​នាក់​ បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ ​ជា​ដូសជំរុញ​រួច​ហើយ​ដែរ។​

ភាគ​រយ​ប្រជា​ពល​រដ្ឋ​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​គិត​ត្រឹម​ថ្ងៃទី​១០ ខែ​តុលា មានចំនួន​៩៩,២០​ភាគរយ ក្នុង​ចំណោម​ប្រ​ជា​ពល​រដ្ឋគោលដៅ​សរុប​១០​លាន​នាក់​ និង​ចាក់​បាន​៨៩,៨១ភាគរយ​សម្រាប់កុមារ និង​យុវវ័យ​អាយុចន្លោះពី​១២ទៅ​ក្រោម​១៨​ឆ្នាំ ក្នុង​ចំណោម​គោល​ដៅ​សរុប​១. ៩៦៦.៩៣១​នាក់ ក៏​ដូច​ជា​កុមារ​អាយុ​ចន្លោះពី​៦​ទៅ​ក្រោម​១២​ឆ្នាំ ចាក់​បាន​៩៥,១៨​ភាគ​រយ ធៀប​នឹង​គោល​ដៅ​ចំនួន​១.៨៩៧.៣៨២​នាក់​។​​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NSSF demands people show proof of vaccination before receiving social security card

433 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មី

អត្ថបទពេញនិយម