សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ទស្សនៈ៖ អាស៊ី និងប៉ាស៊ីហ្វិកនៅត្រង់ចំណុចផ្លូវបំបែក៖ ពេលវេលាដើម្បីជំរុញកំណើនតាមរយៈការងារ​សមរម្យក្នុងខ្សែច្រវាក់ផ្គត់ផ្គង់

កម្មករសំណង់ធ្វើការនៅការដ្ឋានសំណង់មួយកន្លែងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
កម្មករសំណង់ធ្វើការនៅការដ្ឋានសំណង់មួយកន្លែងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

នៅពេលដែលយើងទិញអាវមួយ ប្រើទូរសព្ទដៃមួយគ្រឿង ឬពិសាកាហ្វេមួយពែង តើយើង​ធ្លាប់បាន​គិតញឹកញាប់ប៉ុណ្ណា អំពីបុគ្គលដែលបានធ្វើឱ្យវត្ថុទាំងនោះអាចកើតមានឡើង?

នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក កម្មករជិតពាក់កណ្ដាលពាន់លាននាក់ មិនថានៅតាមរោងចក្រ ក្នុងកសិដ្ឋាន នៅលើសមុទ្រ ឬនៅតាមផ្ទះក្តី គឺជាកម្លាំងស្នូលនៃខ្សែច្រវាក់​ផ្គត់ផ្គង់​ក្នុងស្រុក តំបន់ និង​សកល។ ចាប់ពីគ្រឿងអេឡិចត្រូនិកនៅប្រទេសវៀតណាម និងសម្លៀកបំពាក់នៅប្រទេស​បង់ក្លាដែស រហូតដល់គ្រឿងសមុទ្រនៅប្រទេសថៃ និង​រថយន្តនៅប្រទេសឥណ្ឌា តំបន់នេះគឺជា​កម្លាំង​ចលករនៃផលិតកម្មភាគច្រើន​របស់​ពិភពលោក ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច​មួយមានតម្លៃ​រាប់​ទ្រីលានដុល្លារ។

ប៉ុន្តែ ភាពខ្លាំងក្លាផ្នែកសេដ្ឋកិច្ចនេះបានលាក់បាំងនូវបញ្ហាប្រឈមជាច្រើន។ ការងារច្រើនពន់ពេក គឺជាការងារក្រៅប្រព័ន្ធ ឬការងារមិនស្ថិតស្ថេរ ដោយការងារទាំងនោះត្រូវបាន​ប្រគល់​តគ្នា តាម​រយៈ​ខ្សែច្រវាក់ម៉ៅការបន្តដែលគ្មានតម្លាភាព ស្ថិតនៅក្រៅវិសាលភាព​នៃការត្រួតពិនិត្យ​ដែលមាន​ប្រសិទ្ធភាព។ សមត្ថភាពជាតិដែលនៅមានកម្រិត និង​យន្តការ​អនុវត្តដែលមិនគ្រប់គ្រាន់ បានធ្វើឱ្យ​ភាពងាយរងគ្រោះទាំងនេះកាន់តែធ្លាក់ជ្រៅទៅៗ ដោយ​​​បង្កើតឱ្យមានចន្លោះប្រហោង​សម្រាប់ ការ​កេង​ប្រវ័ញ្ច ចាប់ពីលក្ខខណ្ឌការងារ​គ្មាន​សុវត្ថិភាពនិងអយុត្តិធម៌ រហូតដល់មានពលកម្ម​កុមារ និង​ពលកម្មដោយបង្ខំ។ ទន្ទឹម​នឹង​នេះ មានតែកម្មករក្នុងចំនួនមួយមានកម្រិតប៉ុណ្ណោះ​ ដែល​ទទួលបាន​កិច្ចគាំពារ​សង្គម​គ្រប់គ្រាន់ ហើយគម្លាតប្រាក់ឈ្នួលយេនឌ័រនៅតែបន្តកើតមាន នៅតាមវិស័យ នានា។

បញ្ហាប្រឈមទាំងនេះ មិនមែនជាអ្វីដែលជៀសមិនរួចនោះទេ។ តាមរយៈ​គោលនយោបាយ​​​ត្រឹមត្រូវ ស្ថាប័នកាន់តែរឹងមាំ និងកម្មករដែលត្រូវបានផ្តល់សិទ្ធិអំណាច ខ្សែច្រវាក់ផ្គត់ផ្គង់នៅអាស៊ី និងប៉ាស៊ីហ្វិក អាចក្លាយជាក្បាលម៉ាស៊ីនសម្រាប់កំណើន​ប្រកប​ដោយបរិយាបន្ន។ ការពង្រឹង​គោលនយោបាយ​សាធារណៈ ការកសាងសមត្ថភាព​របស់និយ័តករ អង្គការវិជ្ជាជីវៈនិយោជក និង​អង្គការវិជ្ជាជីវៈកម្មករនិយោជិត ព្រមទាំង​ការ​ធានាឱ្យសំឡេងរបស់កម្មករត្រូវបានគេស្តាប់ឮ សុទ្ធសឹង​តែ​​ជា​ជំហានដ៏ចាំបាច់បំផុត។

នៅពេលដែលកម្មករទទួលបានការប្រព្រឹត្តដោយភាពយុត្តិធម៌ ពួកគេនឹងចូលរួមកាន់តែ​​​សកម្ម និងកាន់តែមានផលិតភាព។ ភស្តុតាងនានា បង្ហាញថា ការលើកកម្ពស់ការងារ​សមរម្យ​ជួយកាត់បន្ថយហានិភ័យ បង្កើនភាពប្រកួតប្រជែងរបស់ធុរកិច្ច និងជំរុញការ​នាំ​ចេញ​។ ការងារ​សមរម្យ មិនត្រឹមតែជារឿងត្រឹមត្រូវដែលត្រូវធ្វើប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏ល្អ​សម្រាប់ធុរកិច្ចផង​ដែរ។

ខ្សែច្រវាក់ផ្គត់ផ្គង់នៅអាស៊ី និងប៉ាស៊ីហ្វិកក៏មានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយ​សហគ្រាស​​មីក្រូ ធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចក្នុងស្រុកផងដែរ។ ការជួយឱ្យធុរកិច្ច​ទាំងនេះរៀបចំការងារឱ្យមានលក្ខណៈក្នុងប្រព័ន្ធ, បង្កើនជំនាញ និងយក​បច្ចេកវិទ្យា​មកប្រើប្រាស់ អាចបើកឱកាសកាន់តែប្រសើរសម្រាប់​ប្រជាជនរាប់លាននាក់ ជាពិសេស អ្នកដែលស្ថិតនៅស្រទាប់​ខាងក្រោម​នៃផលិតកម្ម ដែលជាកន្លែងដែលមានកម្មករងាយរងគ្រោះបំផុត។

ការផ្លាស់ប្តូរ ពិតជាកំពុងតែកើតមាន។ យើងបានឃើញគំនិតផ្តួចផ្តើមដ៏មាន​សក្តានុពល​នៅក្នុងតំបន់ ដូចជា ការជ្រើសរើសពលករប្រកបដោយក្រមសីលធម៌ ​ដែលផ្តល់ការការពារដល់​ពលករទេសន្តរប្រវេសន៍, ឧបករណ៍តាមដានបែបឌីជីថល​ដែលបង្កើន​តម្លាភាព​នៅ​ក្នុង​​រោងចក្រ និង​កិច្ចព្រមព្រៀងក្នុងវិស័យទាំងមូល ដែលជួយលើកកម្ពស់ស្តង់ដារ សម្រាប់​ឧស្សាហកម្មទាំ​ងមូល។

ប៉ុន្តែ វឌ្ឍនភាពនៅមិនទាន់មានភាពស្មើគ្នានៅឡើយ ហើយតំបន់នេះត្រូវការ​វិធីសាស្រ្ត​មួយ ដែលមានការសម្របសម្រួល ផ្សារភ្ជាប់ទៅនឹងស្ថានភាពជាក់ស្តែងតាមប្រទេសនីមួយៗ។

លោកស្រី កាអូរិ ណាកាមូរ៉ា-អូសាកា (Kaori Nakamura-Osaka) អគ្គនាយករង និងជា​នាយិកា​ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ។ (ILO)

ទន្ទឹមនឹងនេះ ការផ្លាស់ប្តូរថ្មីៗនៃជីវភាពពាណិជ្ជកម្មសកល នាំមកនូវហានិភ័យផង និង​ឱកាស​ផង​។ ហានិភ័យ រួមមាន ការបាត់បង់សន្ទុះកំណើន ប៉ុន្តែសម្រាប់ឱកាសវិញ គឺអាស៊ី និង​ប៉ាស៊ីហ្វិក អាច​ក្លាយជាតំបន់នាំមុខគេ ក្នុងការរៀបចំគំរូអភិបាលកិច្ចវិស័យការងារមួយ សម្រាប់ខ្សែច្រវាក់​ផ្គត់ផ្គង់ ផ្អែកលើស្ថានភាពជាក់ស្តែងក្នុងតំបន់នេះ។ ដោយសារ​ពាណិជ្ជកម្ម​​នាពេលបច្ចុប្បន្ន​ភាគ​ច្រើន​កើតឡើងរវាងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍​នៅភាគ​ខាង​ត្បូងនៃសកលលោក ជាពិសេស នៅ​ក្នុងតំបន់អាស៊ីផ្ទាល់តែម្តង, តំបន់នេះលែង​គ្រាន់តែ​ជាអ្នកចាំតែប្រតិកម្មទៅនឹងវិធាន​ដែលត្រូវបាន​កំណត់​ពី​កន្លែងផ្សេងទៀតហើយ។ តំបន់នេះអាច និងគួរតែត្រួសត្រាយផ្លូវផ្ទាល់ខ្លួន ដើម្បី​ក្លាយ​ជា​គោលដៅ​គួរឱ្យទុកចិត្ត សម្រាប់ការផ្គត់ផ្គង់ប្រកបដោយភាពធន់ និងសមធម៌ ដែលជំរុញ​ឱ្យ​មាន​ការងារសមរម្យ ការបន្ថែមតម្លៃ និងកំណើនប្រកបដោយចីរភាព ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំង​មូល មិនថាខ្សែច្រវាក់ទាំងនោះជាខ្សែច្រវាក់ក្នុងស្រុក តំបន់ ឬសកលនោះឡើយ។

ការងារនេះតម្រូវឱ្យមានការតម្រឹមគោលនយោបាយពាណិជ្ជកម្ម, ការវិនិយោគ, អភិបាល​កិច្ច និងការប្រតិបត្តិធុរកិច្ចប្រកបដោយការទទួលខុសត្រូវឱ្យស្របគ្នា ដើម្បីពង្រឹងការងារ​សមរម្យ ព្រមទាំងពង្រីកវិសាលភាពនៃកិច្ចគាំពារសង្គម, ដោះស្រាយគម្លាត​ប្រាក់ឈ្នួល​យេនឌ័រ, កាត់បន្ថយ​ភាព​ក្រៅប្រព័ន្ធ និងវិនិយោគលើសុវត្ថិភាពនៅកន្លែងធ្វើការ។

ហេតុដូច្នេះហើយទើបអង្គការអន្តរជាតិខាងការងារ នឹងរៀបចំកិច្ចប្រជុំមួយជាមួយរដ្ឋាភិបាល  អង្គការវិជ្ជាជីវៈនិយោជក អង្គការវិជ្ជាជីវៈកម្មករនិយោជិត និងអ្នកជំនាញ​ពាក់​ព័ន្ធ​ផ្សេងទៀត​នៅ​ទីក្រុង​បាងកក នាថ្ងៃទី១៥-១៦ ខែកញ្ញា ខាងមុខនេះ នោះគឺ​វេទិកា​គោលនយោបាយ​ថ្នាក់តំបន់​ស្តីពី «ខ្សែចង្វាក់ផ្គត់ផ្គង់ដែលធន់ និង​កំណើន​ប្រកប​ដោយ​សមធម៌ នៅក្នុងពិភពការងារដែលកំពុង​ផ្លាស់​ប្តូរ»។

នេះមិនមែនគ្រាន់តែជាកិច្ចប្រជុំមួយផ្សេងទៀតនោះទេ។ នេះគឺជាចំណុចចាប់ផ្តើម​នៃ​សកម្មភាព, ជាទីកន្លែងមួយ ដើម្បីបោះជំហានទៅមុខ លើសពីការពិភាក្សា និងដើម្បីបង្កើត​យុទ្ធសាស្ត្រ​ដែលមានការសម្របសម្រួល ដែលអាចកែប្រែរបៀបដែលខ្សែច្រវាក់ផ្គត់ផ្គង់​ដំណើរការ​នៅ​​អាស៊ី និងប៉ាស៊ីហ្វិក។

ជម្រើសដែលយើងធ្វើនៅថ្ងៃនេះ នឹងសម្រួចអនាគតនៃការងារនៅក្នុងតំបន់របស់យើង សម្រាប់​​​មនុស្សជំនាន់ក្រោយៗទៀត។ យើងអាចបន្តអនុវត្តតាមគំរូដែលស្វែង​រកតែ​ថ្លៃ​ដើម​ទាបបំផុត ដោយលះបង់នូវសេចក្តីថ្លៃថ្នូររបស់មនុស្ស ឬយើងអាចកសាងមាគ៌ាមួយ​ដែល​កំណើនត្រូវបាន​ចែក​រំលែក ហើយសិទ្ធិត្រូវបានគោរព។

ឥឡូវនេះ គឺជាពេលវេលា ដែលត្រូវចាត់វិធានការ ដើម្បីបង្កើតពិភពការងារមួយប្រកប​ដោយ​យុត្តិធម៌ ចីរភាព និងភាពធន់ នៅទូទាំងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕

កត់សម្គាល់៖ អត្ថបទទស្សនៈនេះសរសេរដោយ លោកស្រី កាអូរិ ណាកាមូរ៉ា-អូសាកា (Kaori Nakamura-Osaka) អគ្គនាយករង និងជា​នាយិកា​ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម