សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ទស្សនៈ៖ ការសិក្សាអប់រំមិនគួរត្រូវបានមើលឃើញជាការប្រកួតប្រជែង ដែលមានអ្នកឈ្នះ និងអ្នកចាញ់

សកម្មភាពសិស្ស និងសមណសិស្សចេញពីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡង វិទ្យាល័យ ជា ស៊ីម សាមគ្គី រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

យើងគួរពិចារណាពីពាក្យ «ប្រកួតប្រជែង ឬប្រឡងប្រណាំង» នៅក្នុងការអប់រំ៖ តើការអប់រំគួរតែជារឿង «អ្នកឈ្នះ» និង «អ្នកចាញ់» ឬយ៉ាងណា?

ជារឿយៗក្រោយពីលទ្ធផលនៃការប្រឡងថ្នាក់ជាតិកម្រិតមធ្យមសិក្សាទុតិយភូមិ ឬក៏ការប្រកួតប្រជែងអ្វីមួយ ការចែករំលែកពីលទ្ធផល ឬនិទ្ទេសរបស់កូនៗ ក្មួយៗតែងតែមានការផុសផុលជាខ្លាំងនៅលើបណ្តាញសង្គមនានា ដោយធ្វើការបង្ហាញអំពីជោគជ័យអមជាមួយពាក្យកោតសរសើរ ពាក្យជូនពរពីសំណាក់មាតាបិតា​ សាច់ញាតិ មិត្តភក្តិរបស់សិស្ស ឬបេក្ខជនដែលបានប្រឡងជាប់ និងមាននិទ្ទេសល្អជាដើម។ ​​ ​

នៅឆ្នាំនេះក៏មិនខុសពីរាល់ឆ្នាំដែរ ក្រោយពីការផ្សព្វផ្សាយលទ្ធផលការប្រឡងថ្នាក់ជាតិ សារអបអរសាទរជាច្រើនបានបង្ហោះលើបណ្តាញសង្គមជូនចំពោះបេក្ខជន​ជ័យលាភី ខ្លះក៏ចេញពីបេក្ខជនផ្ទាល់ ខ្លះពីក្រុមគ្រួសារ និងសាច់ញាតិរបស់បេក្ខជន ប៉ុន្តែក៏មានសារពីសំណាក់បងប្អូនអ្នកលេងបណ្តាញសង្គមតិចតួចដែរដែលបានសរសរក្នុងចេតនាលើកទឹកចិត្តប្អូនៗដែលមិនទទួលជោគជ័យក្នុងការប្រឡងឆ្នាំ២០២៥នេះ។​

គួរបញ្ជាក់ដែរថា មានបេក្ខជនប្រហែល១៦ភាគរយដែលធ្វើមិនទាន់បានល្អក្នុងឆ្នាំសិក្សានេះ​។​ តើពួកគាត់ គ្រួសារ និងសាច់ញ្ញាតិគាត់មានអារម្មណ៍បែបណា ហើយតើពួកគាត់ប៉ុន្មានភាគរយដែលអាចនឹងប្រឈមមុខនៅក្នុងបរិយាកាស និងស្ថានភាពមួយនេះ នៅពេលដែលខ្លួនត្រូវបានគេគិតថា ជាអ្នកបរាជ័យក្នុងការធ្វើវិនិយាគទុនរយះពេល១២ឆ្នាំកន្លងមកនេះ? តើអ្នកដែលទទួលបានជោគជ័យក្នុងការប្រឡងជាអ្នកឈ្នះក្នុងការប្រកួតនេះ ឬយ៉ាងណា?

ក្នុងខណៈពេលដ៏សប្បាយរីករាយរបស់ក្រុមគ្រួសារជាង៨៤ភាគរយនៃបេក្ខជនជ័យលាភីក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ «ខ្ញុំសូមលើកឡើងនូវទស្សនៈពីជ្រុងម្ខាងទៀតសម្រាប់ប្អូនៗ និងគ្រួសារប្រហែល១៦ភាគរយដែលខកខានក្នុងការសម្រេចបំណងក្នុងការធ្វើវិនិយោគទុនសិក្សានេះ។​ ប្រហែលជាអាចមានបងប្អូនមួយចំនួនមិនឯកភាពជាមួយនឹងទស្សនៈមួយនេះ តែយ៉ាងណាចំពោះខ្ញុំ ខ្ញុំមិនបដិសេធពីភាពវិជ្ជមានមួយចំនួនរបស់ការប្រកួត​ប្រជែងក្នុងការអប់រំដែលបានរកឃើញពីការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រនោះទេ តែខ្ញុំសូមទាញអារម្មណ៍បងប្អូនឱ្យផ្តោតទៅលើសសរស្តម្ភនៃការអប់រំរបស់កម្ពុជា គឺរៀនដើម្បី​​ឱ្យមានចំណេះដឹង រៀនដើម្បីឱ្យមានចំណេះធ្វើ រៀនដើម្បីឱ្យក្លាយជាពលរដ្ឋល្អ និងរៀនដើម្បីឱ្យរួមរស់ជាមួយគ្នា»។​

លើសពីនេះទៅទៀត កម្ពុជាកំពុងប្រែក្លាយខ្លួនទៅជាសហគមន៍ពុទ្ធិ និងជំនាញ ដើម្បីសម្រេចឱ្យបាននូវទិសដៅជាតិឆ្នាំ២០៣០​ និង២០៥០។ ដែលនេះគឺទាមទារឲ្យយើងឈរលើជំហររួបរួម និងសហការ និងបង្កើនបំណិនសង្គមក្នុងចំណោមយុវជន និងសង្គមទាំងមូល។

មតិយោបល់ និងការរកឃើញតាមបែបស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្រ ស្តីពីផលវិជ្ជមាន និងអវិជ្ជមាននៃការប្រកួតប្រជែង ឬប្រឡងប្រណាំងនៅក្នុងការអប់រំគឺ នៅតែជាប្រធានបទដែលមានការពិភាក្សាគ្នាក្នុងចំណោមអ្នកសិក្សាស្រាវជ្រាវពីឥទ្ធិពលសង្គម និងការអប់រំទៅនឹងឥរិយាបថរបស់យុវជន។​

ការស្រាវជ្រាវខ្លះបង្ហាញថា​ ការប្រកួតប្រជែងជួយជម្រុញឥរិយាបថ និងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងបង្កើនលទ្ធផលសិក្សារបស់សិស្សានុសិស្ស ប៉ុន្តែ​អ្នកខ្លះក៏បានលើកឡើងថា៖ «ការអប់រំមិនគួរត្រូវបានមើលឃើញជាការប្រកួតប្រជែង ដែលមានអ្នកឈ្នះ និងអ្នកចាញ់នោះឡើយ […]»។

ការប្រៀបធៀប ការបណ្តុះគំនិតឱ្យគាត់យកឈ្នះ​ ឬទទួលបាននិទ្ទេសល្អជាងអ្នកដទៃ វាមិនត្រឹមតែធ្វើឱ្យសិស្សផ្តាច់ចេញពីទំនាក់ទំនងសង្គមនោះទេ គឺថែមទាំងដាក់សម្ពាធលើគាត់ និងមិនបានរៀបចំឱ្យគាត់ប្រឈមជាមួយនឹងការពិតនៃជីវិតដែលពួកគាត់អាចនឹងជួបនាពេលអនាគតបន្ថែមទៀត ​ជាពិសេសការត្រៀមលក្ខណៈចំពោះបរាជ័យជាយថា​ហេតុ​ណាមួយ។​

លើសពីនេះ ការប្រៀបធៀបលទ្ធផល ឬនិទ្ទេសរបស់កូនៗ ជាមួយនឹងសមាជិកគ្រួសារ កូនៗអ្នកជិតខាង កូនៗអ្នករួមការងារ ឬជាមួយនឹងសិស្សដទៃទៀតនៅក្នុងថ្នាក់ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្ត និងទំនាក់ទំនងអន្តរបុគ្គលវិជ្ជមានរវាងគ្នានឹងគ្នា ដែលនេះអាចនឹងធ្វើឱ្យប៉ះទង្គិចជាប្រយោលទៅលើឥរិយាបថមួយរបស់បំណិនសង្គម ដែលជាបំណិនដ៏ចាំបាច់មួយនៅក្នុងការសិក្សា និងការងារ។

​ការប្រៀបធៀបត្រូវបានប្រទះឃើញក្នុងរូបភាពជាច្រើនផ្សេងៗគ្នានៅក្នុងសង្គមបច្ចុប្បន្ន។​ នៅផ្ទះ ក្រុមគ្រួសារខ្លះបន្ទោសកូនម្នាក់ពីលទ្ធផលដែលទទួលបានពីសាលាតាមរយៈសៀវភៅតាមដាន ឬព្រឹត្តិបត្រពិន្ទុជាមួយនឹងកូនម្នាក់ទៀត ឬក៏សរសើរកូនម្នាក់ និងបន្ទោសបង្អាប់កូនម្នាក់ទៀត ឬក៏ស្តីបន្ទោសឱ្យកូនដែលធ្វើមិនបានល្អក្នុងការសិក្សា។ល។ ស្រដៀងគ្នានេះដែរ នៅសាលារៀន អ្នកគ្រូ លោកគ្រូ ឬគណៈគ្រប់គ្រងសាលាហាក់ដូចជាមិនគិតថា ពិន្ទុ និងលទ្ធផលសិក្សាគឺជារឿងបុគ្គលឡើយ តែពួកគាត់បានចាត់ទុកថាវាជារឿងទូទៅ ទៅវិញ ហើយពួកគាត់ក៏អាចមើលរំលងពីការប៉ះទង្គិចលើអារម្មណ៍របស់សិស្សានុសិស្សថែមទៀតផង។

ជួនកាលអ្នកគ្រូ លោកគ្រូប្រគល់សន្លឹកពិន្ទុកិច្ចការត្រលប់ឱ្យសិស្សវិញដោយហៅឈ្មោះ និងពិន្ទុក្នុងថ្នាក់។ នៅចុងខែនីមួយៗ ពិន្ទុ ឬមធ្យមភាគរបស់សិស្សត្រូវបានបិទផ្សាយតាមថ្នាក់ ឬលើក្តារព័ត៌មានរបស់សាលាដោយមើលរំលងពីការរក្សាឯកជនភាពរបស់សិស្សនីមួយៗនោះឡើយ។ ស្របពេលនោះដែរ សិស្សមួយចំនួនបានបន្ទោសបង្អាប់ ឬនិយាយផ្កែផ្កាទៅលើមិត្តភក្តិផ្សេងទៀតដែលទទួលបានពិន្ទុតិចជាងខ្លួន ឬធ្លាក់មធ្យមភាគ។​​​ មិត្តជិតស្និទ្ធក៏អាចក្លាយជាដៃគូប្រកួតប្រជែងក្នុងការសិក្សាបានដែរ ក៏ព្រោះតែគេចង់ឱ្យអ្នកផ្សេងដឹងថាគេពូកែជាងមិត្តភក្តិរបស់គេ។

នៅពេលសិស្សម្នាក់មានអារម្មណ៍រីករាយនឹងជោគជ័យដោយទទួលបាននិទ្ទេសល្អ ឬត្រូវបានគេទទួលស្គាល់ថា​ពូកែជាងគេ សិស្សម្នាក់ទៀតបែរជាមានអារម្មណ៍ខ្មាសអៀន បាក់ទឹកចិត្ត ឬក៏ព្យាយាមផ្តាច់ខ្លួនមិនចង់ជួបសិស្សដទៃ ដោយយល់ថាខ្លួនធ្វើមិនបានល្អដូចគេ។

ការលើកសរសើរអ្នកដែលជោគជ័យ អ្នកដែលធ្វើបានល្អមិនមែនជារឿងខុសឆ្គងនោះទេ តែការលើកកម្ពស់ការប្រកួតប្រជែងតាមរយៈការប្រៀបធៀប ឬការបង្ហាញជាសាធារណៈនូវភាពជោគជ័យ ឬបរាជ័យក្នុងការសិក្សា ដែលរឿងទាំងនេះគួរតែជារឿងឯកជន​។

លើសពីនេះទៅទៀត វាធ្វើឱ្យសិស្សានុសិស្សរបស់យើងយកការអប់រំធ្វើជាសង្វៀនប្រកួតប្រជែង​យកឈ្នះចាញ់គ្នា ដែលអាចជាបញ្ហាមួយដែលយើងគួរពិចារណាឡើងវិញ ដើម្បីធានាថាយុវជនយើងមានបំណិនសង្គមរឹងមាំ និងចូលរួមបង្កើតសហគមន៍ពុទ្ធិ​ និងជំនាញ ដែលឆ្ពោះទៅរកទិសដៅជាតិឆ្នាំ២០៣០​ និង២០៥០។

លោក គ្រីស យ៉ាមី បានលើកឡើងថា៖​ «ជាលក្ខណះធម្មជាតិ មនុស្សគឺមិនរមែងទទួលបានអ្វីៗទាំងអស់ដែលខ្លួនប្រាថ្នាទេ។ ពេលណាដែលយើងគិតថា យើងត្រូវតែទទួលបានវា ដោយ​ស្វ័យប្រវត្តិ នោះជាពេលដែលយើងចាប់ផ្តើមបោះជំហានលើអ្នកដទៃដើម្បីសម្រេចវាឱ្យបាន»។  

អ្នកសរសេរអត្ថបទ៖ សឿង សុផា ជាអ្នកស្រាវជ្រាវ និងជាគ្រូឧទ្ទេសឧត្តមនៅវិទ្យាស្ថានជាតិអប់រំ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម