សម្ព័ន្ធភាពដែលមានគណបក្សប្រឆាំងចំនួនប្រាំពីរបានទទូចឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ការបោះឆ្នោតទ្រង់ទ្រាយធំ បើមិនដូច្នេះទេអាចនឹងបាត់បង់ទំនុកចិត្តសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។
ក្រុមបក្សប្រឆាំងទាំងនោះបានលើកឡើងនូវបញ្ហាមួយចំនួននៅក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ដែលរួមមានការបំភិតបំភ័យ និងការយាយីតាមផ្លូវច្បាប់ជាដើម ហើយបារម្ភថា បរិយាកាសនយោបាយដែលអាប់អ៊ួរនេះ នឹងកាន់តែអាក្រក់ជាងនេះ បើគ្មានការកែប្រែដ៏គួរឲ្យកត់សម្គាល់នោះទេ។
សេចក្តីថ្លែងការណ៍នេះធ្វើឡើង ខណៈអនុប្រធានគណបក្សប្រឆាំងធំបំផុតនៅកម្ពុជា កំពុងតតាំងបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោតចំនួនពីរ។ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជាប្តឹង ដោយចោទប្រកាន់លោកថា បានបរិហាកេរ្តិ៍ បន្ទាប់ពីលោកបានលើកឡើងអំពីភាពត្រឹមត្រូវនៃការរាប់សន្លឹកឆ្នោត។
លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលបានបង្ហាញមុខនៅក្រៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ ដើម្បីគាំទ្រលោក សុន ឆ័យ មានប្រសាសន៍ថា៖ «បណ្តឹងព្រហ្មទណ្ឌពាក់ព័ន្ធនឹងការបោះឆ្នោតគឺជាការវិវឌ្ឍមួយមិនល្អ ។ ប្រទេសកម្ពុជាកំពុងប្រឈមនឹងវិបត្តិនយោបាយរួចហើយ។ យើងមិនចង់ឃើញវាកាន់តែអាក្រក់ជាងនេះទៀតនោះទេ»។
គណបក្សទាំងនេះបានទាមទារឲ្យមានវិធានការមួយចំនួនសំដៅធានាឲ្យមានការបោះឆ្នោតមួយត្រឹមត្រូវជាងនេះ រួមទាំងការបញ្ចប់ការគំរាមកំហែង ការបំភិតបំភ័យ និងការបើកឡើងវិញនូវលំហនយោបាយ និងសង្គមស៊ីវិល។
វិធានការនេះក៏តម្រូវឲ្យមានការធានាអព្យាក្រិត្យភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តម្លាភាពក្នុងការរាប់សន្លឹកឆ្នោត និងធ្វើឲ្យប្រសើរនូវបទបញ្ញត្តិទាក់ទិននឹងការរាប់សន្លឹឆ្នោតឡើងវិញ។
លោក គង់ មូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានការពារការអត្ថាធិប្បាយ ដែលបានធ្វើឲ្យលោក សុន ឆ័យ និងទទូចឲ្យបញ្ឈប់ការបំបិទមាត់ផ្នែកនយោបាយ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។
លោកថ្លែងថា៖ «វាគឺជារូបភាពនៃការរឹតត្បិតលើសេរីភាពនៃការបញ្ចេញមតិ។ បណ្តឹងរបស់គ.ជ.ប ប្រឆាំងនឹងអ្នកនយោបាយមិនគួរកើតមានទេ ពីព្រោះគ.ជ.ប គឺជាស្ថាប័នឯករាជ្យ។ វាបង្ហាញនូវរូបភាពអាក្រក់សម្រាប់ការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
លោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជាបានព្រមានថា ករណីបណ្តឹងទាំងពីរមកលើលោក សុន ឆ័យ មានផលប៉ះពាល់ខ្លាំងចំពោះសេរីភាពនៃការបញ្ចេញមតិ។
លោកបន្តថា៖ «ការរឹតត្បិតលើសេរីភាពនៃការបញ្ចេញមតិនឹងមានផលប៉ះពាល់យ៉ាងខ្លាំងលើការបោះឆ្នោតនៅឆ្នាំក្រោយ ខណៈអ្នកនយោបាយ និងសកម្មជននយោបាយជួបការលំបាកក្នុងការរិះគន់ គ.ជ.ប និងគណបក្សកាន់អំណាច»។
បន្ទាប់ពីតុលាការសាកសួរអស់រយៈពេលបីម៉ោង លោក សុន ឆ័យ បានមានប្រសាសន៍ថា លោកស្នើឲ្យតុលាការច្រានចោលបណ្តឹងនេះ។
លោកថ្លែងថា៖ «វាគឺជាបណ្តឹងដែលមិនចាំបាច់និងគ្មានប្រយោជន៍ទាល់តែសោះ។ មតិរបស់ខ្ញុំអំពីការបោះឆ្នោត គឺផ្អែកលើភស្តុតាង។ យើងទទួលបានព័ត៌មានពីសកម្មជនរបស់យើងនៅតាមខេត្តដែលបាននិយាយថា សកម្មជនយើងនៅមូលដ្ឋានត្រូវបានបំភិតបំភ័យ»។
លោក សុន ឆ័យ មិនមែនជាមនុស្សតែម្នាក់គត់ដែលលើកឡើងពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតនោះទេ។ លោកបានមានប្រសាសន៍ថា គណបក្សផ្សេងទៀត និងក្រុមសង្គមស៊ីវិលក៏បានបង្ហាញការបារម្ភស្រដៀងគ្នានេះដែរ។ ទោះបីជាយ៉ាងណាមានតែលោកសុន ឆ័យ ម្នាក់ប៉ុណ្ណោះដែលត្រូវបានប្តឹង។
លោកបានបន្តថា៖ «នៅពេលគេនិយាយដល់ការលួចបន្លំសន្លឹកឆ្នោត យើងមានរបាយការណ៍ពីការបិទទ្វារនៃការិយាល័យរាប់សន្លឹកឆ្នោត ទីដែលយើងមិនអាចឃ្លាំមើលការរាប់សន្លឹកឆ្នោត។ យើងចង់ដឹងពីគោលបំណងនេះ ហើយប្រសិនបើគ្មានការពន្យល់ច្បាស់លាស់ ពិតណាស់វាជាការប្រព្រឹត្តការលួចបន្លំសន្លឹកឆ្នោត»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបដិសេធថា គ្មានការធ្វើទុក្ខបុកម្និញគូប្រជែងតាមរយៈបណ្តឹងនោះទេ ដោយលោកអះអាងថា គណបក្សប្រជាជនប្តឹងតែអ្នកល្មើសច្បាប់តែប៉ុណ្ណោះ។
លោកថ្លែងថា៖ «បើពួកគេចង់ឲ្យឈប់មានបណ្តឹង ពួកគេត្រូវតែឈប់បំពានច្បាប់។ គ្មានសេរីភាពក្នុងការបរិហារកេរ្តិ៍អ្នកដទៃទេ ហើយក៏គ្មានច្បាប់ណាហាមឃាត់មិនឲ្យប្តឹងដែរ។ វាគឺជាសិទ្ធិរបស់យើង សេចក្តីថ្លៃថ្នូររបស់យើង »៕