កាលពីថ្ងៃទី២៤ ខែមីនា ក្នុងទិវាពិភពលោកកម្ចាត់រោគរបេង មនុស្សជាច្រើនរយនាក់បានចូលរួមក្នុងទិវានេះនៅខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការសកលយល់ដឹងពីជំងឺរបេង ក្រោមប្រធានបទ «វិនិយោគ បញ្ចប់ការរាតត្បាតជំងឺរបេងគឺសង្គ្រោះជីវិត»។
អ្នកធ្លាប់កើតជំងឺរបេង សិស្ស និងប្រជាពលរដ្ឋមូលដ្ឋានផ្សេងទៀត បានចូលរួមក្នុងកម្មវិធីនេះ ដែលរៀបចំឡើងនៅក្នុងវត្តស្រែស្ពៃ ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ បន្ទាប់ពីចប់សុន្ទរកថារបស់អ្នកតំណាងអង្គការសង្គមស៊ីវិល អតីតអ្នកជំងឺរបេង ក្រុមអ្នកចូលរួមបានដើរដង្ហែរក្បួនចម្ងាយបីគីឡូម៉ែត្រចេញពីវត្តទៅកាន់ទីរួមស្រុកអូរាំងឪ។
កម្មវិធីនេះរៀបចំដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន អង្គការខាណា និងគម្រោង COMMit ដែលគាំទ្រថវិកាដោយUSAID។
លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា មានប្រសាសន៍ក្នុងកម្មវិធីនោះថា ជំងឺរបេង ជាមូហេតុបង្កឈានមុខគេមួយបណ្ដាលឲ្យអ្នកផ្ទុកមេរោគអេដស៍បាត់បង់ជីវិត។ បើតាម UNAIDS អ្នកស្លាប់ដោយសារមេរោគអេដស៍នៅកម្ពុជាក្នុងឆ្នាំ២០២០ មានចំនួន ១ ២០០នាក់ ក្នុងនោះមាន៤៧០នាក់ឬ៣៩ភាគរយបានស្លាប់ដោយសារតែមានមេរោគរបេងបន្ថែមមួយមុខទៀត។
លោក សុខចំរើន មានប្រសាសន៍ថា៖ «ការវិនិយោគធនធានច្រើនទៀតនឹងជួយជីវិតមនុស្សបានរាប់លាននាក់ និងជួយបង្កើនល្បឿនក្នុងការបញ្ចប់រោគរបេង»។
លោកបានជំរុញឲ្យអ្នកចូលរួម ជួយផ្សព្វផ្សាយព័ត៌មានដល់អ្នកផ្សេងទៀតដើម្បីបានដឹងទាន់ពេល អាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានរហ័ស និងដឹងពីសេវាព្យាបាលជំងឺមួយនេះនៅតាមមូលដ្ឋាន។
លោកបន្តថា៖«សូមស្នើបន្តនូវកិច្ចគាំទ្រ និងការចូលរួមដ៏សកម្មនេះ ដើម្បីជួយឱ្យសហគមន៍មូលដ្ឋាន និងកម្ពុជាយើង ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅគ្មានការរាតត្បាតនៃជំងឺរបេងនាឆ្នាំ២០៣០»។
លោកបន្ថែមថា បើតាមតួលេខរបស់អង្គការសុខភាពពិភពលោក មនុស្សទូទាំងពិភពលោកប្រហែល ៤ ១០០នាក់បានស្លាប់ដោយសារជំងឺរបេងជារៀងរាល់ថ្ងៃ និងមានប្រហែល ៣០ ០០០នាក់ បានធ្លាក់ខ្លួនឈឺ ទោះបីជាជំងឺនេះអាចការពារ និងព្យាបាលបានជាសះស្បើយក៏ដោយ។
លោក ហួត ចាន់យុដា នាយកមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន មានប្រសាសន៍ដែរថា រដ្ឋាភិបាលបានចំណាយជាង១លានដុល្លារជារៀងរាល់ឆ្នាំ ដើម្បីជាផ្នែកមួយចូលរួមជួយក្នុងយុទ្ធនាការអប់រំពីជំងឺរបេង។
លោកឲ្យដឹងថា ទំនោអ្នកឆ្លងរោគរបេងមានកម្រិតខ្ពស់នៅតាមខេត្តជាប់ព្រំដែន ជាទីដែលប្រជាពលរដ្ឋបានចេញចូលញឹកញាប់ដើម្បីទៅធ្វើការងារ ដែលនាំឲ្យមានឱកាសខ្ពស់ក្នុង ការឆ្លងរោគរបេងក្នុងកម្រិតខ្ពស់ ក៍ដូចបង្កើនឱកាសឆ្លងខ្ពស់សម្រាប់អ្នកជំងឺដែលមិនបាន ព្យាបាលបានត្រឹមត្រូវ និងពេញលេញតាមគោលការណ៍។
លោកមានប្រសាសន៍ទៀតថា៖ «ដូចនេះបញ្ហាជំងឺរបេងនៅតាមព្រំដែនជាកង្វល់មួយសម្រាប់ គម្រោងថ្នាក់ជាតិកម្ចាត់រោគរបេង ក៍ដូចជាសហគមន៍…ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ គ្នា បើសិនជាមានរោគសញ្ញាដូចជាក្អកលើសពី២១ថ្ងៃ ស្រកទម្ងន់ភ្លាមៗ ញ៉ាំអាហារមិនបាន ឬបែកញើសច្រើននៅពេលយប់ សូមទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដើម្បីប្រឹក្សាយោបល់ និងធ្វើតេស្ត»។
លោក ប៉េស យ៉េត ជាអ្នកធ្លាប់កើតជំងឺរបេង និងរស់នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានថ្លែងថា ក្រោយពីបានធ្វើតេស្ត លោកត្រូវបានរកឃើញថាមានជំងឺរបេង និងបាន ទទួលការព្យាបាលនៅមណ្ឌលសុខភាព ដោយមានការជួយជ្រោមជ្រែងពីអ្នកស្ម័គ្រចិត្តភូមិ និងបណ្តាញសហគមន៍របស់អង្គការខាណា។
លោកឲ្យដឹងថា៖ «នៅពេលដំបូងៗដែលខ្ញុំបានប្រើថ្នាំរបេង ខ្ញុំបានជួបការលំបាកជាច្រើន និងផលរំខានរបស់ថ្នាំ មានទាំងរមាស់ពេញខ្លួន និងខ្ញុំមិនអាចដេកនៅពេលយប់បានទៀត» ដោយបន្ថែមថា៖ «ក្រោយពីដឹងថាខ្ញុំមានជំងឺរបេង អ្នកនៅជុំវិញខ្ញុំ ពិសេសអ្នកជិតខាង មិនហ៊ាន ឬអ្នកខ្លះស្ទាក់ស្ទើរក្នុងការនិយាយរកខ្ញុំ ពីព្រោះពួកគេបារម្ភពីការឆ្លងជំងឺរបេង»។
លោកបន្តថា ជំងឺរបេងបានធ្វើឲ្យលោកត្រូវរស់នៅដោយឡែកពីសមាជិកគ្រួសារ និងលោកមិនអាចធ្វើការងារមួយចំនួនបាន ព្រោះលោកត្រូវពេទ្យឲ្យសម្រាកព្យាបាល និងថែទាំសុខភាព ដើម្បីបង្ការការឆ្លងចូលក្នុងសហគមន៍។
លោកបន្ថែមថា៖ «ដោយសារតែការតាំងចិត្ត និងមានការគាំទ្រពីមន្ត្រីសហគមន៍របស់អង្គការខាណា និងមន្ត្រីស្ម័គ្រចិត្តភូមិ ក៍ដូចជាមណ្ឌលសុខភាព ខ្ញុំបានព្យាយាមលេបថ្នាំជាទៀងទាត់ ។ ទោះបីជាមានផលពិបាក និងផលរំខានច្រើន ខ្ញុំមិនបានឈប់ទទួលការព្យាបាលនោះទេ»។
ចំណែកលោក សាំង សារឿន វ័យ៦៨ឆ្នាំ រស់នៅភូមិដើមចង្ក្រាន ឃុំចក ស្រុកអូរាំងឪ ដែលបានចូលរួមក្នុងកម្មវិធី បានឲ្យដឹងដែរថា អ្នកស្ម័គ្រចិត្តប្រចាំភូមិរបស់លោក បានជំរុញទឹកចិត្តលោកឲ្យធ្វើតេស្ត ពេលសង្ស័យថាមានជំងឺរបេង ដោយហេតុថាពេលនោះ លោកបានស្រកទម្ងន់ និងអស់កម្លាំង។
លោកបន្តថា៖ «ខ្ញុំចង់ដឹងថាតើខ្ញុំមានជំងឺរបេងឬអត់ ព្រោះខ្ញុំមានចេញរោគសញ្ញា…ខ្ញុំរីករាយ ដែលមានកម្មវិធីនេះ ពីព្រោះខ្ញុំសង្ឃឹមថារដ្ឋាភិបាល និងអង្គការដៃគូនឹងជួយអប់រំអ្នកជំងឺ របេងទាំងអស់ និងប្រទេសកម្ពុជានឹងមិនមានអ្នកកើតជំងឺរបេងច្រើនទៅថ្ងៃអនាគត»។
លោកស្រី Lenna Neat Arango ប្រធានគ្រប់គ្រងជំងឺឆ្លងរបស់អង្គការ USAID ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនបី ដែលបានសម្រេចគោលដៅយុទ្ធសាស្រ្តកាត់បន្ថយចំនួនអ្នកឆ្លងរោគរបេងចំនួន២០ភាគរយត្រឹមឆ្នាំ២០២០ ក្នុងរវាងឆ្នាំ២០១៥ ដល់ឆ្នាំ២០២០។ ជាលទ្ធផល កម្ពុជា លែងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៣០ដែលមានអ្នកឆ្លងជំងឺរបេងច្រើនជាងគេទៀតហើយ បើទោះបីជាកម្ពុជានៅបន្តស្ថិតក្នុងបញ្ជីប្រទេសកំពុងត្រួតពិនិត្យក្ដី។
លោកស្រីឲ្យដឹងថា៖«យើងចូលរួមជាមួយអ្នកទាំងអស់គ្នានៅថ្ងៃនេះ ដើម្បីបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់យើងទៅនឹងកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិកាលពីខែកញ្ញា ឆ្នាំ២០១៨ អំពីគោលដៅកម្ចាត់រោគរបេង»។ លោកស្រីបន្តថា៖«ដើម្បីសម្រេចគោលដៅសកល ត្រឹមចុងឆ្នាំនេះ ពិភពលោកត្រូវការព្យាបាលអ្នកជំងឺរបេង ៤០លាននាក់ រកឲ្យឃើញ និងព្យាបាលអ្នកជំងឺដែលស៊ាំថ្នាំ ១,៥លាននាក់ផ្សេងទៀត និងផ្ដល់ការព្យាបាលបែបបង្ការដល់មនុស្ស ៣០លាននាក់ផ្សេងទៀត»។
លោកស្រ្តីបន្ថែមថា៖«ដើម្បីជួយកម្ពុជាឲ្យសម្រេចគោលដៅនេះ ភាពជាដៃគូរបស់មជ្ឈមណ្ឌលជាតិកម្ចាត់ជំងឺរបេង និងអង្គការUSAID គឺកំពុងគាំទ្រនូវកិច្ចអន្តរាគមន៍បន្ថែមក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់កម្មវិធីជាតិកម្ចាត់រោគរបេង»។
អភិបាលរងខេត្តត្បូងឃ្មុំ លោក កេង ប៊ុនណា មានប្រសាសន៍ថា រដ្ឋបាលខេត្តបានប្ដេជ្ញាចិត្តក្នុងការបញ្ចប់រោគរបេងនៅត្រឹមឆ្នាំ២០៣០។
លោកឱ្យដឹងថា៖«នៅតាមរដ្ឋបាលក្រុង ស្រុក ត្រូវតែបញ្ចូលបញ្ហាជំងឺរបេងក្នុងផែនការអភិវឌ្ឍ ជាអាទិភាព និងរៀបចំផែនការ និងខិតខំបញ្ចប់ជំងឺរបេងនៅតាមមូលដ្ឋានរបស់ខ្លួន ដោយមានការសហការល្អ ជាមួយអង្គការ និងស្ថានប័នពាក់ព័ន្ធ»។
លោកបន្តថា៖ «ខ្ញុំសូមសំណូមពរដល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ជួយស្វែងរកអ្នកមានជំងឺរបេង ហើយកុំមានការខ្មាសអៀន ឬខ្លាចរើសអើងគ្នា និងត្រូវទទួលយកការពិនិត្យ និងព្យាបាលឱ្យបានត្រឹមត្រូវ…ជំងឺរបេងអាចការពារ និងព្យាបាលបាន ជាសះស្បើយ ១០០ភាគរយ និងមិនគិតថ្លៃ»។
លោក ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន មានប្រសាសន៍ថា ចំនួនករណីឆ្លងជំងឺរបេងមានចំនួន ២១ ៥៦៤ករណីកាលពីឆ្នាំកន្លងទៅ ដោយចំនួននេះ បានធ្លាក់ចុះពីជាង ២៩ ០០០ករណីកាលពីឆ្នាំមុនហ្នឹងទៀត។ យ៉ាងណា លោកថាទិន្នន័យនេះ អាចមិនមែនជាតួលេខជាក់ស្ដែងតំណាងឲ្យអ្នកកើតជំងឺរបេងពិតប្រាកដនោះទេ ដោយសារតែមានអ្នកជំងឺតិចតួចប៉ុណ្ណោះ បានស្វែងរកការព្យាបាលក្នុងបរិបទកូវី-១៩៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ World Tuberculosis Day celebrated as country works to end TB by 2030