សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ការកាត់មូលនិធិរបស់សហរដ្ឋអាមេរិកចំនួន​១៥០លានដុល្លារ បណ្តាលឱ្យប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យជួបនឹងហានិភ័យ

ការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមរិកក្នុង​រាជធានីភ្នំពេញ រូបភាព​ថត​កាលពីខែ​វិច្ឆិកា ឆ្នាំ២០២៤។ (រូបភាពផ្ដល់​ឱ្យ)
ការិយាល័យវិទ្យុសំឡេងសហរដ្ឋអាមរិកក្នុង​រាជធានីភ្នំពេញ រូបភាព​ថត​កាលពីខែ​វិច្ឆិកា ឆ្នាំ២០២៤។ (រូបភាពផ្ដល់​ឱ្យ)

បណ្តាសារព័ត៌មានឯករាជ្យនៅជុំវិញពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិដែលមិនធ្លាប់មានពីមុនមក ដូចដែលបានបង្ហាញក្នុងរបាយការណ៍ស៊ីជម្រៅមួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។ របាយការណ៍បានបញ្ជាក់ថា ការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២៥ ដោយការកាត់ជំនួយប្រចាំឆ្នាំចំនួន ១៥០ លានដុល្លារបានបង្កឱ្យប្រព័ន្ធផ្សព្វផ្សាយជាច្រើនត្រូវបានបិទទ្វារ ការបញ្ឈប់បុគ្គលិករាប់សិបនាក់ និងការកើនឡើងនៃព័ត៌មានក្លែងក្លាយនៅក្នុងបណ្តាប្រទេសជាច្រើន។

របាយការណ៍មួយមានចំណងជើងថា៖ «វិបត្តិក្នុងវិស័យសារព័ត៌មាន៖ ផលប៉ះពាល់នៃការកាត់បន្ថយមូលនិធិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកលើប្រព័ន្ធផ្សព្វផ្សាយសកល» ដែលដឹកនាំការសិក្សាដោយអង្គការ Internews Europe, BBC Media Action និង Free Press Unlimited ដោយទទួលបានការគាំទ្រពីគណៈកម្មការអឺរ៉ុប បានរកឃើញថា ការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិកចំនួន ១៥០ លានដុល្លារក្នុងឆ្នាំ២០២៥ បានបង្កឱ្យស្ថាប័នព័ត៌មានជាច្រើនត្រូវបានបិទ ការបាត់បង់ការងារ និងការកើនឡើងនៃព័ត៌មានមិនពិត នៅក្នុងប្រទេសជាង៥០ រួមទាំងកម្ពុជាផងដែរ។

របាយការណ៍បានបង្ហាញពីការរកឃើញសំខាន់ៗទាក់ទងនឹងការបិទស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងការបញ្ឈប់បុគ្គលិកដែលកើតឡើងជាសន្ធឹកសន្ធាប់ ដោយស្ថាប័នព័ត៌មានជាច្រើនបានកាត់បន្ថយបុគ្គលិក និងបន្ថយការផ្ដល់ព័ត៌មាន។ អ្នកសារព័ត៌មានកំពុងប្រឈមនឹងហានិភ័យកាន់តែខ្លាំង ដោយសារវិធានការសុវត្ថិភាពកាន់តែខ្សោយ ជាពិសេសនៅតំបន់ដែលមានជម្លោះ។ ស្ថាប័នព័ត៌មានក្នុងស្រុកដែលពលរដ្ឋជឿជាក់កំពុងបាត់បង់យ៉ាងលឿន ខណៈការគំរាមកំហែងពីព័ត៌មានកំពុងកើនឡើងស្របពេលដែលបរិយាកាសប្រព័ន្ធផ្សព្វផ្សាយត្រូវបានគេបំពាន។​

នាយកប្រតិបត្តិ Internews Europe លោកស្រី Meera Selva បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ប្រសិនបើគ្មានការគាំទ្រដែលមានលក្ខណៈភ្លាមៗ និងបត់បែន អ្នកសារព័ត៌មាន និងសហគមន៍រាប់មិនអស់នឹងកាន់តែងាយរងគ្រោះចំពោះមុខការត្រួតពិនិត្យព័ត៌មាន ការឃោសនា និងមិនទទួលបានព័ត៌មាន។ គ្រាន់តែការវិនិយោគតិចតួចក៏អាចជួយការពារអនាគតនៃសារព័ត៌មានឯករាជ្យបានផងដែរនៅពេលនេះ»។​

វិបត្តិនេះបានកើតឡើងដោយសារបទបញ្ជារបស់សហរដ្ឋអាមេរិកកាលពីខែមករា ឆ្នាំ២០២៥ ដែលបានផ្អាកជំនួយឱ្យបរទេស បណ្តាលឲ្យមានការធ្លាក់ចុះយ៉ាងគំហុកនៃមូលនិធិគាំទ្រសារព័ត៌មានឯករាជ្យ ជាពិសេសនៅក្នុងបរិបទផុយស្រួយ ឬមានរបបផ្តាច់ការ ដែលមានមូលនិធិគាំទ្រ។

ក្នុងឆ្នាំសារពើពន្ធ ២០២៤ សភាសហរដ្ឋអាមេរិកបានអនុម័តជំនួយបរទេសចំនួន ២៧១,៥ លានដុល្លារតាមរយៈក្រសួងការបរទេស និងទីភ្នាក់ងារ USAID សម្រាប់កម្មវិធី«ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងលំហូរព័ត៌មានដោយសេរី»។ ក្នុងចំណោមទឹកប្រាក់នោះ ប្រហែល ១៥០ លានដុល្លារត្រូវបានប្រើសម្រាប់គាំទ្រដោយផ្ទាល់ដល់វិស័យសារព័ត៌មាន និងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលទឹកប្រាក់ដែលនៅសល់ត្រូវបានបែងចែកទៅឱ្យស្ថាប័នដែលគាំទ្រដល់ប្រព័ន្ធអេកូព័ត៌មានផ្សេងទៀតដែលធ្វើការលើសេរីភាពនៃការបញ្ចេញមតិ សិទ្ធិឌីជីថល និងគោលនយោបាយបច្ចេកវិទ្យា។

នៅអាស៊ី ការបង្កកមូលនិធិរបស់សហរដ្ឋអាមេរិកបានលុបបំបាត់ប្រហែលពាក់កណ្តាលនៃជំនួយអភិវឌ្ឍន៍ទាក់ទងនឹងវិស័យប្រព័ន្ធផ្សព្វផ្សាយ ទុកឱ្យស្ថាប័នព័ត៌មានឯករាជ្យនៅក្នុងប្រទេសដូចជា មីយ៉ាន់ម៉ា អាហ្វហ្គានីស្ថាន ទុយនេស៊ី និងកម្ពុជា សឹងតែគ្មានថវិកាសម្រាប់ប្រតិបត្តិការ ឬគ្មានទាំងស្រុង ដែលការណ៍នេះបណ្តាលឱ្យវិស័យទាំងមូលស្ថិតក្នុងហានិភ័យ។

នៅក្នុងប្រទេសកម្ពុជា របាយការណ៍បានបញ្ជាក់ថា៖ «ស្ទើរតែគ្រប់ប្រព័ន្ធផ្សព្វផ្សាយដែលរិះគន់រដ្ឋាភិបាលត្រូវបានបិទរួចទៅហើយ តាមរយៈការវាយប្រហារតាមផ្លូវច្បាប់» ខណៈដែលស្ថាប័នព័ត៌មាន និងអង្គការគាំទ្រដែលនៅសល់កំពុងប្រឈមមុខនឹងការបិទជាបន្ទាន់ ដោយសារខ្វះថវិកា។

ក្នុងចំណោមអ្នកតស៊ូមតិសេរីភាពសារព័ត៌មាន និងសង្គមស៊ីវិលនៅកម្ពុជា ស្ថានីយ៍វិទ្យុឯករាជ្យដូចជាវិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA) និងវិទ្យុអាស៊ីសេរី (RFA) បានលើកឡើងក្តីព្រួយបារម្ភជុំវិញវិបត្តិនេះ។

កញ្ញា មាស ដា អតីតអ្នកសារព័ត៌មានវិទ្យុសំឡេងសហរដ្ឋអាមេរិកភាសាខ្មែរ បានប្រាប់ សារព័ត៌មានខេមបូចា ថា កញ្ញាគ្មានការងារធ្វើចាប់តាំងពីការផ្អាកប្រតិបត្តិការរបស់ VOA កាលពីបីខែមុន ដោយសារការកាត់បន្ថយជំនួយពីសហរដ្ឋអាមេរិក។ កញ្ញាបានបញ្ជាក់ថា វាមិនត្រឹមតែបណ្ដាលឱ្យគាត់បាត់បង់ការងារទេ ប៉ុន្តែថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការទទួលាបានព័ត៌មានរបស់សាធារណជន និងកាត់បន្ថយឱកាសសម្រាប់យុវជនដែលចង់ទទួលបានការបណ្តុះបណ្តាលជាមួយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផងដែរ។

កញ្ញា ដា បានឱ្យដឹងថា៖ «ខ្ញុំឥឡូវមិនទាន់មានការងារធ្វើ វាពិបាកខ្លាំងមែនទែនក្នុងការរកការងារ»។ កញ្ញាបន្តថា៖ «បើគេកាត់ជំនួយចឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យវាកាន់តែថយចុះ ចឹងវាធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលគាត់ចង់ឱ្យសារព័ត៌មានចុះផ្សាយពីបញ្ហាដែលកើតឡើងដើម្បីមានដំណោះស្រាយ ចឹងវាក៏រាំងស្ទះដល់ដំណោះស្រាយរបស់ពួកគាត់ដែរ»

ការរកឃើញនេះស្ទើរតែដូចគ្នានឹងរបាយការណ៍មួយដែលបានចេញផ្សាយនៅសប្ដាហ៍នេះដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលបានព្រមានថា សេរីភាពសារព័ត៌មាននៅកម្ពុជានៅតែបន្តធ្លាក់ចុះ ចំពេលមានការគំរាមកំហែងផ្នែកច្បាប់ ធនធានធ្លាក់ចុះ និងការរឹតត្បិតកាន់តែតឹងរ៉ឹង ដែលបង្កើតបរិយាកាសនៃការភ័យខ្លាចសម្រាប់អ្នកសារព័ត៌មាន។

ដោយសារការដកជំនួយប្រចាំឆ្នាំប្រមាណ១៥០លានដុល្លារ ដែលបានកំណត់សម្រាប់វិស័យព័ត៌មាន វិស័យនេះកំពុងប្រឈមមុខនឹងបញ្ហាដ៏លំបាកនានា ដូចជាត្រូវកំណត់អាទិភាព និងការប្រើប្រាស់ធនធានយ៉ាងមានប្រសិទ្ធភាពក្លាយជារឿងចាំបាច់ជាងគេ។

របាយការណ៍នេះសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ជំនួយសង្គ្រោះបឋម ការគាំទ្រផ្នែកប្រតិបត្តិការ និងយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់វិស័យព័ត៌មាន ក្នុងនោះរួមមានការឆ្លើយតបរហ័ស និងជំនួយផ្លាស់ទីទៅកាន់កន្លែងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មានដែលប្រឈមនឹងហានិភ័យ ការផ្ដល់ថវិកាមូលដ្ឋានសម្រាប់ស្ថាប័នព័ត៌មាន និងអង្គការគាំទ្រសំខាន់ៗ ការវិនិយោគដោយមាននិរន្តភាពក្នុងសារព័ត៌មានផ្អែកលើផលប្រយោជន៍សាធារណៈ និងការសម្របសម្រួលកាន់តែរឹងមាំរវាងម្ចាស់ជំនួយ និងដៃគូអន្តរជាតិ។

លោកស្រី Ruth Kronenburg នាយកប្រតិបត្តិនៃ Free Press Unlimit ៖ «នេះមិនមែនគ្រាន់តែជាវិបត្តិផ្នែកហិរញ្ញវត្ថុទេ ប៉ុន្តែជាវិបត្តិសិទ្ធិមនុស្សមួយ។ យើងត្រូវដឹងថា អ្នកសារព័ត៌មានក្លាហាននៅក្នុងប្រទេសដែលមានការគាបសង្កត់ជុំវិញពិភពលោក គឺជាភ្នែក និងត្រចៀករបស់យើង។ ឥឡូវនេះ យើងកំពុងប្រថុយថា ភ្នែកទាំងនេះនឹងបិទម្តងមួយៗ រហូតដល់យើងស្ថិតក្នុងភាពងងឹត មិនដឹងអំពីអ្វីកំពុងកើតឡើងនៅលើពិភពលោក ហើយរបបផ្តាច់ការនឹងក្លាយជាស្របច្បាប់»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ U.S. Funding Cut of $150M Puts Global Independent Media at Risk

107 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម