សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មវិធីទូរសព្ទដៃ «មតិយើង» ដាក់ឱ្យប្រើប្រាស់ជាផ្លូវការដើម្បីរិះគន់ភាពខ្វះចន្លោះនៃសេវាសាធារណៈថ្នាក់ក្រោមជាតិ

ផ្ទាំងបេនន័រ ផ្សព្វផ្សាយពីកម្មវិធីទូរសព្ទ «មតិយើង»។ រូបថតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ
ផ្ទាំងបេនន័រ ផ្សព្វផ្សាយពីកម្មវិធីទូរសព្ទ «មតិយើង»។ រូបថតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

កម្មវិធីទូរសព្ទដៃ រឺApp ដែល​មានឈ្មោះថា «មតិយើង»​ ត្រូវបានក្រសួងមហាផ្ទៃ និងសង្គម​ស៊ីវិលដាក់ឱ្យប្រើប្រាស់ជាផ្លូវការដើម្បីឱ្យប្រជាពលរដ្ឋទូទាំងប្រទេសដាក់ពាក្យបណ្ដឹង ឬរិះ​គន់​ពីភាពខ្វះខាតរឺអសកម្មណាមួយអំពីសេវាសាធារណៈនៅថ្នាក់ក្រោមជាតិដោយរក្សា​ការ​សម្ងាត់។

កម្មវិធីទូរសព្ទ«មតិយើង» ជាឧបករណ៍ថ្មីមួយសម្រាប់ប្រជាពលរដ្ឋដើម្បីផ្តល់ព័ត៌មានត្រឡប់ រួមទាំងការដាក់ពាក្យបណ្ដឹងអំពីសេវាសាធារណៈនៅថ្នាក់ក្រោមជាតិក្នុងប្រទេសកម្ពុជា ដោយ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ ខែកក្កដា ក្រោមការសហការផលិតដោយ​ក្រសួងមហាផ្ទៃ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា ។

លោក ងី ចន្រ្ទ័ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រៅតែកម្មវិធី​ទូរសព្ទដៃ ក្រសួងបានបង្កើតការិយាល័យប្រជាពលរដ្ឋបន្ថែមលើច្រកចេញចូលតែមួយ។  ការិយាល័យប្រជាពលរដ្ឋនឹងមានការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមួយរូប ដើម្បីទទួល​បញ្ហា ឬពាក្យបណ្ដឹងរបស់ពលរដ្ឋជុំវិញការ​មិនពេញចិត្តនូវសេវាសាធារណៈ​អាចប្រាប់​ទៅ​កាន់ការិយាល័យប្រជាពលរដ្ឋបាន។

លោកបន្តថា មកដល់ពេលនេះនៅសល់តែ៨០ក្រុងស្រុកប៉ុណ្ណោះ ដែលមិនទាន់បោះឆ្នោត​ជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីទទូលបណ្ដឹងពលរដ្ឋ។ ខណៈ បច្ចុប្បន្នមានអគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃ នាយកដ្ឋានកិច្ចការ​រាជធានី​ខេត្ត និងនាយកដ្ឋានសុចរិតភាពនិងអភិបាលកិច្ចដែលជាយន្តការ​សម្រាប់ដោះស្រាយ​បញ្ហា​សេវាសាធារណៈថ្នាក់ក្រោមជាតិឱ្យកាន់តែល្អប្រសើរថែមទៀត។

លោក ច័ន្ទ្រផល ថ្លែងថា៖ «ជាយន្តការមួយដែលធានាឱ្យប្រជាពលរដ្ឋអាចមកទទួលសេវាបាន​លឿន មិនចាំបាច់រត់ពីមួយទៅមួយ ពីមុនគាត់រត់ពីមួយទៅមួយទម្រាំតែបានវាយូរ ឥឡូវគាត់​មកតែមួយកន្លែងគឺបានហ្មង៎»។

លោក ច័ន្រ្ទផល បញ្ជាក់ថា ប្រសិនបើកម្មវិធីទូរសព្ទដៃនេះដំណើការទៅរលូន ក្រសួងនឹង​ធ្វើសមហរកម្មបញ្ច្រៀបទៅកាន់រដ្ឋបាលសាធារណៈ ហើយការគាំទ្រ​ពីដៃគូសង្គមស៊ីវិល នឹងក្លាយទៅ​ជា​ការងារ​របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឬរបស់រដ្ឋាភិបាល ព្រោះកិច្ចការនេះ​គឺជាកំណែទម្រង់របស់រដ្ឋាភិបាល។

យ៉ាងណាមិញ លោក ច័ន្រ្ទផល អះអាងថា កម្មវិធីទូរសព្ទ «មតិយើង» នឹងរក្សាការសម្ងាត់​ជូនអ្នករាយការណ៍ពីបញ្ហាដែលមានក្នុងមូលដ្ឋាន ដោយមិនបញ្ចេញអត្តសញ្ញាណ​ពលរដ្ឋ​ឡើយ។

កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរសព្ទដៃ «មតិយើង» សម្រាប់​ទទួលមតិយោបល់ពីពលរដ្ឋអំពីការផ្ដល់សេវាសាធារណៈថ្នាក់ក្រោមជាតិ។ រូបថតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

គិតត្រឹមដើមឆ្នាំ២០២២ កំណែចុងក្រោយនៃកម្មវិធីទូរសព្ទដៃ «មតិយើង» ត្រូវបានផលិតឡើង និងដាក់ឱ្យប្រើប្រាស់សាកល្បងដោយជោគជ័យនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងតំបន់​គោល​ដៅ​នៃគម្រោង នៃប្រទេសកម្ពុជា​ រួមមាន អង្គភាពច្រកចេញចូលតែមួយ និង​ការិយាល័យ​​ប្រជាពលរដ្ឋថ្នាក់រាជធានី/ខេត្តចំនួន៣ ការិយាល័យច្រកចេញចូលតែមួយ និង​ការិយាល័យប្រជាពលរដ្ឋថ្នាក់ក្រុង/ស្រុកចំនួន៨ និងរដ្ឋបាលឃុំ/សង្កាត់ចំនួន៣០។

លោក ស៊ វរិន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានថ្លែងថា កម្មវិធី​នេះ គឺជាមធ្យោបាយថ្មីមួយសម្រាប់រដ្ឋបាលថ្នាក់ជាតិទប់ស្កាត់ និងកែលម្អឱ្យកាន់តែ​ប្រសើរ​ឡើង​ក្នុងការអនុវត្តតួនាទីរបស់ខ្លួន ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ​អាចយល់​បានច្បាស់​នូវបញ្ហារបស់ពលរដ្ឋក្នុងមូលដ្ឋាន។

លោកថ្លែងថា៖ «ប្រសិទ្ធភាពប្រើប្រាស់កម្មវិធីទូរសព្ទដៃនេះនឹងរួមចំណែកឱ្យការចូលរួមរបស់​ប្រជាពលរដ្ឋកាន់តែច្រើនថែមទៀតក្នុងកិច្ចការអភិវឌ្ឍមូលដ្ឋាន»។

លោកបន្ថែមថា កន្លងមកការអនុវត្តកម្មវិធីទូរសព្ទដៃនេះ បានអនុវត្តនៅការិយាល័យ​ប្រជាពលរដ្ឋ​គោលដៅចំនួន១១ ហើយបានបង្កលក្ខណៈងាយស្រួលដល់​ប្រជាពលរដ្ឋ​ក្នុងការ​ដាក់ពាក្យបណ្ដឹងនានា ដែលពាក់ព័ន្ធនឹងការផ្ដល់សេវាក្នុងតំបន់គោលដៅ។

ពលរដ្ឋសាកល្បងប្រើប្រាស់កម្មវិធី «មតិយើង» តាមរយៈទូរសព្ទដៃ។ រូបថតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

បើតាមអង្គការតម្លាភាព កម្មវិធីនេះ គឺជាយន្តការសម្ងាត់ងាយស្រួលប្រើ និងឥតគិតថ្លៃសម្រាប់​សាធារណជនក្នុងការដាក់បណ្ដឹង ស្វែងរកជំនួយ សាកសួរព័ត៌មាន និងវាយតម្លៃ​សេវា​សាធារណៈ​នៅតាមមូលដ្ឋានរបស់ខ្លួន។ គោលបំណងនៃការផលិតកម្មវិធីទូរសព្ទដៃនេះ គឺដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យសេវាសាធារណៈនៅកម្ពុជាកាន់តែមានតម្លាភាព បរិយាបន្ន​(សេចក្តីសម្រេចដែលត្រឹមត្រូវ) និងគណនេយ្យភាពបន្ថែមទៀត ជាពិសេស​សេវាសាធារណៈ​ដែល​ឆ្លើយតបនឹង​តម្រូវ​ការយេនឌ័រ។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា ការដាក់ឱ្យដំណើរ​​ការជាផ្លូវការនូវកម្មវិធីទូរសព្ទដៃ «មតិយើង» គឺជាការបោះជំហានដ៏សំខាន់មួយទៀតឆ្ពោះទៅរកសេវាសាធារណៈប្រកបដោយប្រសិទ្ធភាពនៅប្រទេសកម្ពុជា។ ដោយសារអត្រាខ្ពស់នៃការប្រើប្រាស់ទូរសព្ទឆ្លាតវៃ និងអ៊ីនធឺណិតនៅក្នុងប្រទេស ការផលិត និងអនុវត្តកម្មវិធីទូរសព្ទដៃនេះគឺជាឱកាសដ៏ល្អប្រសើរជាងពេលណាៗទាំងអស់។

លោក ពិសីថ្លែថា៖ «កម្មវិធីទូរសព្ទដៃនេះនឹងផ្តល់ជូនប្រជាពលរដ្ឋ ជាពិសេសយុវជន​នូវវេទិកាដ៏ទំនើប ប៉ុន្តែសាមញ្ញ ងាយស្រួលប្រើក្នុងការប្រាស្រ័យ ទំនាក់ទំនងនូវកង្វល់ និងតម្រូវការ​របស់ពួកគាត់ជាមួយនឹងអ្នកផ្តល់សេវាសាធារណៈ ដែលនឹងនាំឱ្យមាន​ភាពប្រសើរឡើង​នៃអភិបាលកិច្ចល្អ និងការផ្តល់សេវាសាធារណៈកាន់តែឆាប់រហ័ស និងប្រកបដោយ​គណនេយ្យភាពនៅក្នុងប្រទេស»។

គួរជម្រាបជូនថា កម្មវិធីទូរសព្ទដៃ «មតិយើង» ត្រូវបានសហការផលិតឡើងដោយ​ក្រសួងមហាផ្ទៃ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា ចាប់តាំងពីខែមករា ឆ្នាំ២០២០ តាមរយៈការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារសហ​ប្រតិបត្តិការ​អភិវឌ្ឍន៍អន្តរជាតិស៊ុយអែត(Sida) ។

ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានមុខងារ និងធនធាននៃក្រសួងមហាផ្ទៃ អង្គការ​តម្លាភាព​កម្ពុជា និងអង្គការអាក់សិនអេតកម្ពុជាបានសហការគ្នាផលិតកម្មវិធីទូរសព្ទ «មតិយើង» ដែលមានទាំងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាច្រើន​លើកជាមួយ​ភាគី​ពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីប្រមូលធាតុចូលទៅលើកម្មវិធី​ទូរសព្ទ​ដៃ​នេះ៕

289 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម