សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនលោក ធែល ធីលែន បណ្ដោះអាសន្នពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម»ក្រោយពីលោកបានរិៈគន់តំបន់ត្រីកោណរវាងកម្ពុជា ឡាវ វៀតណាម(CLV-DTA) បន្ទាប់ពីលោកទើបចេញពីពន្ធនាគារខេត្ដកណ្ដាលបាបប្រហែលមួយអាទិត្យ។
បើតាមលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់តាមប្រព័ន្ធតេឡេក្រាមនារសៀលថ្ងៃទី២៧ ខែកក្កដា ថា លោក ធែល ធីលែន ជាប់ចោទពីបទ«ញុះញុងបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» មាត្រា ៤៩៤ និង៤៩៥នៃក្រមព្រហ្មទណ្ឌ។ លោកបន្ដថា ជនជាប់ចោទត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃទី២៥ ខែកក្កដា ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
លោកថ្លែងថា៖ «ជាប់ចោទពីញុះញុងបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» មាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ សម្រេចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់»។
យោងតាមវីដេអូមួយដែលបានចែកចាយតាមបណ្ដាញសង្គមមានរយៈពេលជិត៥នាទីពីការនិយាយរបស់លោក ធែល ធីលែន លើបញ្ហាកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)មុននឹងចាប់ខ្លួនដោយបាននិយាយថា លោកមិនគាំទ្រលើគម្រោងរបស់រដ្ឋាភិបាលដែលសម្បទានដីរួមគ្នាជាមួយប្រទេសឡាវ និងប្រទេសវៀតណាម។
លោក ធីលែន បាននិយាយក្នុងវីឌីអូនោះថា៖ «ខ្ញុំបាទពិតជាមិនអាចទទួលយកបាននូវការផ្ដល់ដីសម្បទាននានាដូចជាយកកិច្ចសហប្រតិបត្ដិការនានាដែលជាការខាតបង់របស់ប្រជាជាតិខ្មែរទាំងមូល»។
ការចាប់ខ្លួនលោក ធែល ធីលែន និងសកម្មជនសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស៤នាក់ផ្សេងទៀតក្រោយពីពួកគេបាននិយាយពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)ដែលការណ៍នេះត្រូវបានអតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានចេញសារបកស្រាយ និងបានបញ្ជាក់ពីគម្រោងនេះដោយអះអាងថា រាល់អ្នកដែលប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)មិនត្រូវលើកលែងទោសជាដាច់ខាត។
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន មានប្រសាសន៍ថា៖ «កម្ពុជា ត្រូវការសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីធានាការអភិវឌ្ឍរយៈពេលវែង។ កម្ពុជាមិនអត់ឱនឱ្យអ្នកណាក៏ដោយដែលប្រឆាំង និងបង្កចលាចល បង្កើតនៅភាពវឹកវរ បង្អាក់ការអភិវឌ្ឍ ឬរហូតឈានដល់ធ្វើសង្រ្គាម»។
បើតាមភរិយាលោក ធែល ធីលែន បានបញ្ជាក់ប្រាប់ ខេមបូចា នៅថ្ងៃទី២៧ ខែកក្កដា ថា លោក ធីលែន ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី២៤ ខែកក្កដា នៅផ្ទះតែម្ដងដែលមានទីតាំងស្ថិតនៅភូមិព្រែកដូនហែម សង្កាត់ព្រែកអំបិល ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។
អ្នកស្រីបន្ដថា សកម្មភាពចូលចាប់លោក ធីលែន មានគ្នា៩នាក់ដោយម្នាក់ៗពាក់ម៉ាស់ឡើងជិតក្នុងចេតនាមិនឱ្យស្គាល់អត្ដសញ្ញាណ ប៉ុន្ដែអ្នកស្រីអាចសន្និដ្ឋានថា ជាសមត្ថកិច្ចក្រុងអរិយក្សត្រ ដែលពួកគេអះអាងថា អភិបាលក្រុងចង់ជួប។ អ្នកស្រីបានរម្លឹកពីហេតុការណ៍ទាំងភ័យខ្លាចថា រូបភាពនៃការចាប់លោក ធីលែន វាពិតជាឃោឃៅដែលអ្នកស្រីមិនដែលបានជួប ខណៈអ្នកស្រីបានព្យាយាមហាមឃាត់ ប៉ុន្ដែមិនអាចទប់ស្កាត់បាន។
អ្នកស្រីបង្ហាញអារម្មណ៍ភ័យខ្លាចថា៖ «គ្នាគេ៩នាក់បង គេមកចាប់គាត់យកតែម្ដងទាំងគ្មានដីកាទាំងអស់ ខ្ញុំសួរគេ គេថាចៅហ្វាយក្រុងចង់់ជួប។ គេរុញគាត់ចូលឡានឃោឃៅណាស់បង ខ្ញុំមិនដែលឃើញទេ ខ្ញុំអាណិតប្ដីពេលឃើញចឹង។ រឿងគេចាប់គាត់នៅដក់ក្នុងភ្នែកខ្ញុំនៅឡើយ ខ្ញុំនៅតែខ្លាចបង»។
អ្នកស្រីបារម្ភថា ការចាប់លោក ធីលែន លើកនេះអាចនឹងធ្វើបាបដោយសារលោក ធីលែននិយាយរឿងដី៤ខេត្ដដែលវាខុសពីករណីមុន។ អ្នកស្រីស្នើឱ្យមានការដោះលែងលោក ធែល ធីលែន ស្របពេលអ្នកស្រីត្រូវមើលថែកូន៣នាក់ និងឪពុកម្ដាយចាស់ជរាបន្ថែមទៀតដែលបង្កផលលំបាកដល់អ្នកស្រី។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំស្នើឱ្យរដ្ឋាភិបាលដោះលែងប្ដីខ្ញុំមកវិញ គាត់គ្រាន់តែនិយាយពីក្ដីកង្វល់រឿងប្រទេសជាតិទេ។ តាមខ្ញុំស្ដាប់មើលទៅថ្នាក់ដឹកនាំគេអត់លើកលែងទេបងដែលគាត់និយាយប៉ះពាល់៤ខេត្ដចឹងបង»។
គួររម្លឹកថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សកម្មជនសង្គមលោក ធែល ធីលែន បានចេញពីពន្ធនាគារ បន្ទាប់ពីជាប់ឃុំនៅពន្ធនាគារខេត្តកណ្ដាលរយៈពេល១៨ខែ នៅក្រោយពេលលោកតវ៉ាប្រឆាំងការផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់វៀតណាមនៅកម្ពុជា។
កាលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២កន្លងទៅ យុវជន ធែល ធីលែន ដែលចេញមុខរិះគន់ការផ្ដល់បណ្ណស្នាក់នៅអចិន្រ្តៃយ៍ និងប្រឆាំងការបង្កើតដេប៉ាតឺម៉ង់វៀតណាម នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីគាត់ចាកចេញពីកិច្ចប្រជុំនៅសាលាក្រុងភ្នំពេញ។
កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ តុលាការក្រុងភ្នំពេញបានសម្រេចចោទប្រកាន់លើសកម្មជន៤នាក់ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម»ដែលត្រូវផ្ដន្ទាទោសតាមមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ក្រោយពីពួកគេបានចេញផ្សាយផ្ទាល់ជុំវិញតំបន់ត្រីកោណបី រវាងកម្ពុជា ឡាវ និងវៀតណាម ដែលពួកគេបានលើកឡើងពីក្ដីបារម្ភពីការបាត់បង់ពីសកម្មភាពមិនគាំទ្រការសម្រេចរបស់មេដឹកនាំ។
ជនជាប់ចោទរួមមាន៖ លោក ស្រ៊ុន ស្រ៊ន លោក ចក់ បានមុនី កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ក្រោយពីពួកគេធ្វើសកម្មភាពផ្សាយផ្ទាល់(LIVE)ក្នុងបណ្ដាញសង្គមដែលមានឈ្មោះថា Srun Srorn និយាយពីគម្រោងអភិវឌ្ឍតំបន់ត្រីកោណរវាងរដ្ឋាភិបាលកម្ពុជា ឡាវ វៀតណាម(CLV-DTA) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍៤ចំណុច ច្រានចោលព័ត៌មានស្តីពីការកាត់ទឹកដី៤ខេត្តជូនប្រទេសវៀតណាម ក្រោមរូបភាព កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)។ ពាក់ព័ន្ធបញ្ហានេះអ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា ទី១ គ្មានការកាត់ទឹកដី៤ខេត្ត ជូនប្រទេសវៀតណាមដូចការចោទប្រកាន់មួលបង្កាច់ពីក្រុមជ្រុលនិយមមួយចំនួនតូចនោះឡើយ។ ទី២ គ្មានការយកខេត្តទាំង៤ របស់កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីរួមបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំភាន់ ឬដោយការភាន់ច្រឡំមួយចំនួននោះឡើយ។ ទី៣ គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់ខេត្តទាំង៤ ដើម្បីវិនិយោគរួមគ្នា ដូចការលើកឡើងនោះឡើយ។ ទី៤ គ្មានការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់អភិវឌ្ឍន៍ត្រីកោណនោះឡើយ។
ខេមបូចា មិនអាចសុំការបំភ្លឺពីលោក ប៉ែន ប៊ុនណា អ្នកនាំពាក្យអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានទេ ដោយទូរសព្ទចូលគ្មានអ្នកលើក។
ជុំវិញការចាប់ខ្លួននេះ ខេមបូចា មិនអាចសុំការបញ្ជាក់ពីលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្របានទេដោយទូរសព្ទគ្មានអ្នកលើក។
ចំណែកលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការក្រុងភ្នំពេញបានថ្លែងថា ខាងលោកមិនបានឃាត់ខ្លួនលោក ធែល ធីលែន នោះទេ ដោយរុញ ខេមបូចា ទៅសួរសមត្ថកិច្ចសាមី។លោកថ្លែងថា៖ «អូ! ខាងខ្ញុំអត់បានឃាត់ខ្លួនគាត់ទេ ប្អូនទៅសួរខាងគេបានដឹង»។
រីឯលោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងថា ខាងក្រសួងមិនដឹងពីចំណាត់ការនេះទេ។ លោកបន្តថា៖ «ទាល់តែទៅសួរស្នងការដ្ឋានដែលឃាត់ខ្លួនដែលអនុវត្ដបានច្បាស់»។
បើតាមលោក ឆាយ គឹមខឿន បានបញ្ជាក់ថា លោកមិនទាន់អាចផ្ដល់បទសម្ភាសន៍ ខេមបូចា បានទេ ដោយលោកថា រង់ចាំព័ត៌មានចុងក្រោយលើករណីនេះសិនទើបលោកអាចឆ្លើយបាន។
លោកថ្លែងថា៖ «បើពូមិនឆ្លើយ មានន័យថាព័ត៌មានហ្នឹងគឺមិនអាចឆ្លើយបាន រង់ចាំព័ត៌មានចុងក្រោយសិន គេសម្រេចសិន»។
មាត្រា៣៥នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
មាត្រា៣១ និង៤១នៃរដ្ឋធម្មនុញ បានទទួលស្គាល់សិទ្ធិពលរដ្ឋ និងបើកទូលាយឱ្យប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិបញ្ចេញមតិតាមគ្រប់រូភាព កុំឲ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ កិត្តិយស សេចក្តីថ្លៃថ្នូរអ្នកដទៃ សណ្តាប់ធ្នាប់សាធារណៈ ទំនៀមទម្លាប់ប្រពៃណីរបស់ជាតិ និងសន្តិសុខជាតិ។ ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។
តំបន់អភិវឌ្ឍន៍ត្រីកោណត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៩ ដោយរដ្ឋាភិបាលប្រទេសបី គឺកម្ពុជា ឡាវ និងវៀតណាម ដែលបានឯកភាពគ្នាក្នុងការដាក់ខេត្តចំនួន១៣រួមគ្នា ដើម្បីអភិវឌ្ឍ។ កម្ពុជាមានខេត្តចំនួនបួន គឺរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ដែលត្រូវបានដាក់បញ្ចូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នេះ។ រដ្ឋាភិបាលកម្ពុជាអះអាងថា តំបន់ត្រីកោណអភិវឌ្ឍន៍ជាប្រភពនៃសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌។
ប្រធានបទស្តីពី «តំបន់ត្រីកោណអភិវឌ្ឍន៍» នេះបានក្លាយជាចំណុចចម្រូងចម្រាសចុងក្រោយនេះ ខណៈមានការព្រួយបារម្ភមួយចំនួនថា វៀតណាមនឹងគ្រប់គ្រងតំបន់នោះ ហើយកម្ពុជាអាចបាត់បង់ទឹកដីនោះ ដូចកម្ពុជាក្រោម។
លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងថា រឿងនេះមិនមែនជារឿងថ្មីទេ គ្រាន់តែវាផ្ទុះការចាប់អារម្មណ៍នាពេលថ្មីៗនេះ ខណៈលោកថា ពលរដ្ឋបារម្ភពីបញ្ហាប្រទេសជាតិ គឺជារឿងល្អប្រសើរដែលក្នុងច្បាប់ក៏បានចែងពីសិទ្ធបញ្ចេញមតិដែរ។ លោកបន្ថែមថា ការដោះស្រាយដោយប្រព័ន្ធតុលាការវាមិនមែនជាដំណោះស្រាយល្អនោះទេដោយលោកថា រឿងនេះអាចដោះស្រាយដោយសន្ដិវិធីបានបើរដ្ឋាភិបាលពិតជាចង់ដោះស្រាយមែន។
លោកថា៖ «ការប្រើប្រាស់យន្ដការតុលាការនៅក្នុងការចាប់ខ្លួនសកម្មជន ឬក៏ពលរដ្ឋណាដែលហ៊ាននិយាយជាសាធារណៈ ឬបង្ហាញពីការឈឺឆ្អាល កង្វល់របស់ខ្លួនជុំវិញបញ្ហាសង្គមណាមួយវាមិនមែនជាដំណោះស្រាយល្អទេ។ កន្លងមកពេលពលរដ្ឋចេញនិយាយមិនច្បាស់លាស់អាជ្ញាធរចេញបកស្រាយជម្រះមន្ទិលដើម្បីឱ្យបានយល់។ ខ្ញុំគិតថាករណីដូចគ្នាមិនគួរប្រើតុលាការដើម្បីដាក់បន្ទុកទេ»។
លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការលីកាដូ គូសបញ្ជាក់ថា ហេតុនាំឱ្យមានការចាប់ខ្លួននេះកើតឡើងចេញពីការមិនយល់គ្នារវាងពលរដ្ឋ និងរដ្ឋាភិបាលលើចំណុចនេះ។ លោកបន្ថែមថា មុនឈានដល់ប្រព័ន្ធតុលាការគួរប្រើការពន្យល់ដើម្បីអាចដោះស្រាយបានជារឿងដែលរដ្ឋាភិបាលគួរធ្វើ។
លោកថ្លែងថា៖ «ខ្ញុំយល់ថាបញ្ហានេះកើតចេញពីការមិនយល់គ្នាលើរឿងហ្នឹង។ រដ្ឋាភិបាលគួរពន្យល់លើរឿងហ្នឹងមុននឹងប្រើតុលាការ»៕