សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាណាព្យាបាលនិងនាយកសាលាបឋមសិក្សាមួយក្នុងខេត្តសៀមរាប​​ចង់ឱ្យសិស្សរៀនតែវេនព្រឹកដើម្បីទទួលបានអាហារូបត្ថម្ភ

សិស្សសាលាបឋមសិក្សាចម្ការចេកស្ថិតក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប កំពុងអង្គុយក្រោមដើមឈើខាងមុខរោងដោលសង់ពីឈើ ដំបូងប្រក់សង្ក័សី ដែលមានសភាពចាស់ទ្រុឌទ្រោម។ រូបភាពផ្ដល់ឱ្យ
សិស្សសាលាបឋមសិក្សាចម្ការចេកស្ថិតក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប កំពុងអង្គុយក្រោមដើមឈើខាងមុខរោងដោលសង់ពីឈើ ដំបូងប្រក់សង្ក័សី ដែលមានសភាពចាស់ទ្រុឌទ្រោម។ រូបភាពផ្ដល់ឱ្យ

នាយកសាលាបឋមសិក្សាចម្ការចេក និងអាណាព្យាបាលចង់បានបន្ទប់រៀនបន្ថែមសម្រាប់​សិស្ស​បានរៀនវេនពេលព្រឹកដែលអាចទទួលបានអាហារូបត្ថម្ភទាំងអស់គ្នា ដូច្នេះពួកគេ​អំពាវនាវ​ស្វែងរក​ជំនួយ​តាមបណ្ដាញសង្គម។

សាលាបឋមសិក្សាមួយកកើតតាំងពីឆ្នាំ១៩៧៩ ស្ថិតក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្ត​សៀមរាប បច្ចុប្បន្នមានអគារថ្មចំនួន១អគារមាន៤បន្ទប់សង់នៅឆ្នាំ២០០២ និងមាន​រោង​ដោល​មួយខ្នងសង់ដោយសហគមន៍មាន៣បន្ទប់សង់ឡើងនៅឆ្នាំ២០១៦។ បច្ចុប្បន្ន រោងឈើ ដែលសង់ឡើងដោយប្រជាសហគមន៍ មានសភាពទ្រុឌទ្រោម ដែលបង្កជាការ​លំបាកដល់​សិស្សានុសិស្សដែលកំពុងសិក្សា។

បើតាមលោក សែម ហេត ជានាយកសាលាបឋមសិក្សាចម្ការចេក ប្រាប់ឱ្យដឹងថា​ សាលា​ចង់ឱ្យសិស្សបានរៀនវេនព្រឹកគ្រប់កម្រិតថ្នាក់ ដើម្បីបានទទួលអាហារូបត្ថម្ភ ដែល​ឧបត្ថម្ភ​ដោយអង្គការស្បៀងអាហារពិភពលោកតាមរយៈអង្គការភ្លែនអន្តរជាតិ ដូច្នេះ​បើរៀន​វេនថ្ងៃ​តាមគោលការណ៍ក្រសួង នោះសិស្សរៀនវេនថ្ងៃនឹងមិនបានហូបអាហារទាំងនោះទេ។

លោកនាយកបន្តថា សាលា​បឋម​សិក្សាចម្ការចេកមាន៧កម្រិតថ្នាក់ មានចំនួនសិស្សសរុប ១៥៦នាក់ ស្រី៨១នាក់។ លោកលើកឡើងទៀតថា បច្ចុប្បន្នរោងឈើដែលមាន​ថ្នាក់រៀន​៣បន្ទប់ មានសភាពចាស់ ល្ហល្ហេវគ្មានជញ្ជាំង ដំបូលក៏ដាច់ ដែលបង្កជាការលំបាកដល់​ការ​សិក្សារៀនសូត្ររបស់កុមារក្នុងសហគមន៍។

លោកថ្លែងថា៖ «ខ្ញុំចង់ឱ្យសិស្សបានហូបអាហាររូបត្ថម្ភពេលព្រឹកទាំងអស់គ្នា កាលណា​ដែល​យើងរៀនល្ងាចផង រៀនព្រឹកផង អាល្ងាចហ្នឹងវាអត់មានអាហារូបត្ថម្ភសម្រាប់ហូបទេ»។ លោក​បន្តថា៖«ខាងមន្ទីរគេចុះមកមើលដែរ តែមន្ទីរគេឱ្យយើងគ្រប់ហើយសាលាថ្មមួយខ្នង​សម្រាប់រៀនព្រឹកល្ងាច ដល់តែយើងចង់ឱ្យសិស្សរៀនព្រឹកទាំងអស់យើងធ្វើអារោងហ្នឹងទៅ តែឥឡូវអារោងហ្នឹងវាខូចខាត ទើបយើងរកជំនួយ»

សិស្សសាលាបឋមសិក្សាស្រីប្រុសកំពុងអង្គុយរៀនក្នុងថ្នាក់រៀនចាស់នៃសាលាបឋមសិក្សា​ចម្ការចេក ដែលគ្មានជញ្ជាំង រូបថតក្នុងឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

នាយកសាលារូបនេះបន្ថែមថា មូលហេតុចម្បងផ្សេងទៀតដែលលោកចង់បានបន្ទប់រៀន​បន្ថែមសម្រាប់ឱ្យសិស្សរៀនវេនព្រឹកជុំគ្នា គឺងាយស្រួលក្នុងការតាមដានការសិក្សា និង​គ្រប់គ្រង ពិភាក្សាជួបប្រជុំជាមួយលោកគ្រូអ្នកគ្រូផ្សេងទៀត។

លោកនាយកបន្តថា សិស្សតំបន់នេះ ភាគច្រើនមានជីវភាពក្រីក្រ ហើយឳពុកម្ដាយជា​អ្នក​ចម្ការ និងអ្នកចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដូច្នេះការរៀបចំឱ្យសិស្សបានហូបអាហារ​ពេលព្រឹក គឺសំខាន់ណាស់ ត្បិតបានជួយសម្រួលការហូបចុក និងកាត់បន្ថយការ​ចំណាយ​របស់​គ្រួសារសិស្សទាំងនោះ។ ម្យ៉ាងទៀត លោកនាយករូបនេះបញ្ជាក់ថា សិស្សរៀន​វេនថ្ងៃ​ច្រើនតែមិនសូវមករៀនដូចសិស្សរៀនវេនព្រឹក។

លោកបញ្ជាក់ថា៖ «វាសំខាន់ហ្នឹងហើយ បើបានអគារដែលយើងត្រូវការចាំបាច់ពេលព្រឹក ទី១សិស្សបានហូបអាហារពេលព្រឹក ទី២ស្រួលគ្រប់គ្រងគ្រូ យើងចង់ប្រជុំចង់ពិភាក្សាអី​មកទាំងអស់គ្នា និងទី៣ស្រួលគ្រប់គ្រងសិស្ស បើអាវេនថ្ងៃបោះបង់ច្រើន​ខាតច្រើន​ជាង​វេនព្រឹក»។

តែយ៉ាងណាលោកនាយករូបនេះអះអាងថា សំណើរជាច្រើនដងរបស់លោកទៅមន្ទីរអប់រំ​ខេត្តមិនមានប្រសិទ្ធិភាពឡើយ ព្រោះមន្ទីរឆ្លើយតបថាមិនមានហេតុផលសមរម្យ​ដើម្បី​សង់​អគារសិក្សាបន្ថែមឡើយ តាមគោលការណ៍គឺរៀនពីរវេនគ្រប់គ្រាន់ហើយ។

លោកនាយកបន្ថែមថា៖ «ខ្ញុំស្នើ ខ្នះខ្នែងសុំជំនួយដែរ តែគេប្រាប់ថាយើងរៀនគ្រប់គ្រាន់ហើយ​ព្រឹកល្ងាច​ ដូចថាស្នើសុំទៅវាអត់មានបានអីទេ»។

ចំណែកលោក ណាត់ ឈៀង អាយុ៤១ឆ្នាំ ជានាយករងនៃសាលាបឋមសិក្សាចម្ការចេក បានលើកឡើងស្រដៀងគ្នាថា  សាលាមានអាហារពេលព្រឹកសម្រាប់សិស្សគ្រប់កម្រិត​បាន​ហូប ទើបគិតគូរឱ្យសិស្សបានរៀនពេលព្រឹកជុំគ្នា តែដោយសាររោងដោល​ដែលសហគមន៍​បានសាងសង់មានសភាពទ្រុឌទ្រោម ទើបសាលាស្វែងរកជំនួយ ដើម្បីសង់បន្ទប់ថ្មីឱ្យសិស្ស​បាន​រៀនវេនព្រឹកបន្តទៀត។

លោក ឈៀងឱ្យដឹងថា៖ «បើរៀនព្រឹកថ្ងៃៗបន្ទប់យើងវាគ្រប់ តែតម្រូវការចំាបាច់យើងចង់ឱ្យ​សិស្សបានហូបអាហារពេលព្រឹក គ្រូបានជុំគ្នាទើបយើងស្នើសុំឱ្យសហគមន៍​ធ្វើរោងដោលតាំង​ពី២០១៦​មក បច្ចុប្បន្នវាទ្រុឌទ្រោមហើយ មេឃភ្លៀងមករៀនអត់កើតទេ»។

លោកឈៀង លើកឡើងជាសំណើរថា ត្បិតតែការស្នើសុំនេះមិនត្រូវតាមគោលការណ៍​ក៏ពិត​មែន តែមើលតាមតម្រូវការជាក់ស្ដែង លោកសង្ឃឹមថាក្រសួងពាក់ព័ន្ធនិងសប្បុរសជនជួយ​បរិច្ចាគថិវកាដើម្បីសង់បន្ទប់ថ្មីសម្រាប់ផ្ដល់ការងាយស្រួលដល់សិស្សានុសិស្ស។

គេសង្កេតឃើញថា ក្រោយពេលដែលទំព័រហ្វេសប៊ុករបស់សាលាចម្ការចេក បានផ្សព្វផ្សាយ​ស្នើសុំជំនួយ គេឃើញមានមហាជនជាច្រើនបានបរិច្ចាគជាទឹកប្រាក់ ដើម្បីជួយសង់​អគារ​សិក្សា ខណៈមន្ទីរអប់រំខេត្តសៀមរាបថាមិនមានលទ្ធភាពជួយឡើយ។

រោងដោលសង់ដោយសហគមន៍តាំងពីឆ្នាំ២០១៦ សម្រាប់ឱ្យសិស្សបានរៀនវេនព្រឹក តែមក​ទល់ពេលនេះមានសភាពចាស់មិនអាចឱ្យសិស្សបន្តរៀនបានទៀតទេ។ រូបថតក្នុង​ខែសីហា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ចំណែកលោក ឡុង រត្ន ជាគ្រូបង្រៀននៅសាលាឋមសិក្សាចំការចេករយៈពេល១៤ឆ្នាំ បានឱ្យ​ដឹងថា ក្នុងនាមលោកជាគ្រូបង្រៀនមួយរូប លោកពិតជាចង់ឃើញសិស្សានុសិស្ស​បានរៀន​វេន​ព្រឹកជុំគ្នា ដើម្បីទទួលបានអាហារូបត្ថម្ភពេលព្រឹក។​លោកបន្តថា បច្ចុប្បន្ន រោងដោលដែល​សង់តាំងពីឆ្នាំ២០១៦ មានសភាពចាស់ទ្រុឌទ្រោម មិនអាចឱ្សសិស្សបន្តរៀនបានទេ ដូច្នេះត្រូវ​ការ​ថវិកាសាងសង់បន្ទប់រៀនថ្មី បើទោះបីមានអគារសិក្សាសង់ដោយថ្មក៏ដោយ។

លោក រត្ន លើកឡើងថា៖‍ «វាមានសារៈសំខាន់មែនទែន សំខាន់ពេលដែលយើងបានរៀនព្រឹក​ទៅសិស្សបានហូបអាហារពេលព្រឹកទាំងអស់គ្នា ហើយមួយទៀតស្រួលក្នុងការគ្រប់គ្រង​ផង»។

 លោក រត្ន បន្តថា បច្ចុប្បន្នសិស្សនៅតែមករៀនបណ្ដោះអាសន្នសិន ទោះបីជាបន្ទប់រៀន​សង់​ដោយឈើនោះ ពេលភ្លៀងលិចដំបូលក្ដី ពេលថ្ងៃក្ដៅខ្លាំងក្ដី។

លោក បន្ថែមទៀតថា៖ «ពេលរដូវក្ដៅ ក្ដៅខ្លាំង ពេលរដូវរងារ ទំាងគ្រូទាំងសិស្សរឹងដៃរឹងជើង​សរសេររៀនសូត្រអត់កើតទេ»។

មេភូមិចម្ការចេក គឺលោក តា ហ៊ំាង អាយុ៤៦ឆ្នាំ មានប្រសាសន៍ថា ក្នុងនាមលោក​ជាមេភូមិ​មួយ​រូប លោកក៏ចង់ឱ្យក្មេងៗក្នុងភូមិបានរៀនវេនព្រឹកទាំងអស់គ្នាដែរ ដោយសារតែ​រោង​ដោល​​មានសភាពចាស់ទើបត្រូវការសាងសង់ថ្មី តែទាមទារឱ្យមានថវិកាគាំទ្រពីអ្នកពាក់ព័ន្ធ។

លោកមេភូមិប្រាប់ថា៖ «សាលារោងដោលហ្នឹងសង់២០១៦ ដំបូងប្រក់សង្កសី។ ខ្ញុំចង់ឱ្យ​បាន​រៀន​វេនព្រឹកទាំងអស់គ្នាទៅ បានហូបបាយហូបអី។ សំណូមពរចង់ឱ្យ​តែបានសាលាហ្នឹង​ហើយ​ឱ្យតែបានគ្រប់គ្រាន់ហ្នឹងហើយ»។

ឆ្លើយតបនឹងបញ្ហានេះ ប្រធានមន្ទីរអប់រំខេត្តសៀមរាប លោក លី ប៊ុនណា បានបកស្រាយថា ប្រសិនបើគិតទៅលើស្ថានភាពជាក់ស្ដែង និងគោលការណ៍ គឺថ្នាក់រៀននៅសាលាបឋមសិក្សា​ចម្ការចេក មានគ្រប់គ្រាន់សម្រាប់សិស្សរៀនហើយ ពោលគឺវេនព្រឹក និងវេនថ្ងៃ។

លោក ប៊ុនណា បញ្ជាក់ថា ក្នុងការជួសជុលរោងដោលថ្មី ខាងមន្ទីរមិនមានសមត្ថភាពឡើយ ដូច្នេះសាលាអាចប្រកាសរកជំនួយពីសប្បុរសជនបាន។

លោក ប៊ុនណា ថ្លែងថា៖ «សហគមន៍គាត់ចង់រៀនតែពេលព្រឹក ដល់តែអ៊ីចឹងទៅ​បាន​សហគមន៍​គាត់រៀបចំរោងដោលហ្នឹងដំណើរការហើយ យើងគិតពីតម្រូវការសាលារៀន​យើងមានអាទិភាពច្រើន យើងដោះស្រាយអ្វីដែលជាអាទិភាពសំខាន់ មួយដំណាក់ៗ។ ក្នុងការរៀបចំជាអគារសិក្សា គឺមន្ទីរមិនមានលទ្ធភាពទេ»។

លោកបន្ថែមថា មានតែក្រសួងទេ ដែលមានសិទ្ធិ និងលទ្ធភាពសម្រេចសម្រាប់សាលារដ្ឋ​ទូទាំងប្រទេស។ ជុំវិញការផ្ដល់ជំនួយមន្ទីរតែងតែខ្នះខ្នែងរកដៃគូ ដើម្បីផ្ដល់ជំនួយបន្ត​ទៅ​សាលា​ដែល​ខ្វះខាតខ្លាំង ព្រោះជាអាទិភាពដែលត្រូវជួយ។

សកម្មភាពសិស្សស្រីពីរនាក់កំពុងរៀនសំពះគ្នាទៅវិញទៅមកក្នុងបន្ទប់រៀនគ្មានជញ្ជាំងនៃសាលាបឋមសិក្សាចម្ការចេក។ រូបថតក្នុងខែសីហា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ជុំវិញបញ្ហានេះ លោក ម៉ោ ហៀញ អាយុ៤២ឆ្នាំ ជាអាណាព្យាបាលមួយរូប មានកូន២នាក់​កំពុងរៀននៅសាលាបឋមសិក្សាចម្ការចេក លើកឡើងថា លោកពិតជាចង់ឃើញក្រសួង និង​មន្ទីរ​ពាក់ព័ន្ធជួយដោះស្រាយបញ្ហាខ្វះខាតបន្ទប់រៀននេះ ត្បិតថាវាបានផ្ដល់ប្រយោជន៍​ច្រើន​ដល់សិស្សក្រីក្រ និងបង្កការងាយស្រួលដល់នាយកគ្រប់គ្រងសាលា។

កសិកររូបនេះឱ្យដឹងទៀតថា៖ «តំបន់ខ្ញុំឆ្ងាយពីទីរួមស្រុក ចឹងខ្ញុំមិនចង់ឱ្យកូនខ្ញុំរៀន២វេន ខែខ្លះរៀនវេនព្រឹក ខែខ្លះរៀនវេនថ្ងៃ ចឹងវាពិបាកខ្ញុំមើលថែកូន និងរកស៊ី»។

ជុំវិញបញ្ហានេះ លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ មានប្រសាសន៍ថា សាលាគឺជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាសរសរទ្រូងនៃប្រទេសជាតិ ដូច្នេះ​មន្ទីរអប់រំគួរតែរាយការណ៍ពីបញ្ហាដែលកើតមានទៅក្រសួង ជាជាងនិយាយថា​មិនមាន​លទ្ធភាព​ក្នុងការដោះស្រាយបញ្ហា។

លោកថ្លែងថា៖ «មន្ទីរគាត់គិតថាមិនអាចដោះស្រាយបញ្ហានេះបានទេ គួរតែសរសេរ​របាយការណ៍​ដើម្បីឱ្យឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ ស្វែងរកដំណោះស្រាយដែលសមស្រប យើងមិនអាចទុកបញ្ហាហ្នឹងឱ្យកើតឡើងដោយមិនមានដំណោះស្រាយនោះទេ វាអាចប៉ះពាល់​ដល់ការសិក្សារបស់សិស្សានុសិស្ស»

យ៉ាងណាមិញ លោក សំអាត យល់ឃើញថា ការប្រកាសរកជំនួយពីសប្បុរជនគឺជាវិធី​ដោះស្រាយ​​បញ្ហាក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ហើយលោកចង់ឃើញចំណាត់ការពីមន្ទីរ ឬក្រសួងច្រើនជាងការជួយពីមហាជន ត្បិតថាក្រសួង ឬមន្ទីរជាអ្នកទទួលខុសត្រូវពិតប្រាកដ​និងយូរអង្វែងចំពោះបញ្ហាដែលកើតមាន៕

258 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម