សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អត្រាកុមារក្រិសក្រិនក្នុងឃុំសសរស្តម្ភ ដោយ​សារ​កង្វះអាហាររូបត្ថម្ភ​នៅតែ​ជា​បញ្ហា​ប្រឈម

កុមារីអាយុ៤ឆ្នាំ រស់នៅក្នុងភូមិពង្រចាស់ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប ជាក្មេងម្នាក់ក្នុងចំណោមក្មេងដទៃទៀតដែលកំពុងប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភ។ រូបភាពថតនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។ (រូបភាព៖ ចិត្ត ស្រីយ៉ា)
កុមារីអាយុ៤ឆ្នាំ រស់នៅក្នុងភូមិពង្រចាស់ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប ជាក្មេងម្នាក់ក្នុងចំណោមក្មេងដទៃទៀតដែលកំពុងប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភ។ រូបភាពថតនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។ (រូបភាព៖ ចិត្ត ស្រីយ៉ា)

«ខ្ញុំបារម្ភ ខ្ញុំខ្លាចថាខ្ញុំងាប់ទៅវិញ គ្មានអ្នកណាចិញ្ចឹមចៅនេះអែង។ គេចិញ្ចឹមដែរ តែគេមិនចិញ្ចឹមដូចខ្ញុំ ខ្លាចគេធ្វើបាបធ្វើអុយ»។ នេះជាសម្ដីរបស់លោក គិត ថា ស្ថិតក្នុងវ័យ៥៥ឆ្នាំ ទទួលបន្ទុកចិញ្ចឹមចៅស្រីពីរនាក់លើកឡើងបែបនេះ នៅពេលដែលដឹងថាបច្ចុប្បន្នខ្លួនកំពុងកើតជំងឺរបេង ហើយព្រួយបា​រម្ភ​ពីចៅស្រីម្នាក់ដែលកំពុងប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភ ហើយខ្លាចគ្មានអ្នកមើលថែពេលដែលគ្មានរូបលោក។

ជីតាដែលព្រួយបារម្ភពីចៅរូបនេះ រស់នៅក្នុងភូមិពង្រចាស់ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប បា​ន​រៀបរាប់ថា ស្ថានភាពក្នុងគ្រួសារលោកបច្ចុប្បន្នកាន់តែលំបាកមួយកម្រិតទៀតនៅពេលដែលសុ​ខ​​​ភា​ព​មិនល្អដូចមុន ជាពិសេសមិនអាចធ្វើការងារអ្វីបានច្រើន ក្រៅពីធ្វើស្រែចម្ការ។ ហើយបន្ទុកក្នុងគ្រួសា​រ​ប​ច្ចុប្ប​ន្ន ត្រូវ​ធ្លាក់ទៅលើ​ប្រពន្ធរបស់លោកដែលមានវ័យ​ប្រហែល​​គ្នានេះ  ដោយគាត់រើសខ្យង់ និ​ង​បេះបន្លែសម្រាប់ចិ​ញ្ចឹ​មគ្រួសារ និង​ដោះស្រាយ​ជីវភាពប្រចាំថ្ងៃ។

ផ្អែកលើរបាយការណ៍អង្កេតប្រជាសាស្រ្ត ដែលចេញដោយវិទ្យាស្ថានជាតិស្ថិតិ នៃ​ក្រសួង​ផែនការ ប​ង្ហា​ញថា មិនមែនមានតែចៅស្រីរបស់ លោក គិត ថា ដែលកំពុងប្រឈមនឹង​បញ្ហា​កង្វះ​អាហា​ររូប​ត្ថម្ភ​នេះ មានកុមារជាច្រើនផ្សេងទៀត នៅតាមខេត្តក្រុងមួយចំនួនក្នុង​ប្រទេស​កម្ពុជា ក៏កំពុ​ងប្រ​ឈ​មនឹ​ង​ស្ថា​នភាពនេះ ប្រហាក់ប្រហែល​គ្នាដែរ។ របាយការណ៍ដដែល ដែល​ចេញកាលពីខែមីនា ឆ្នាំ២០២៣ រកឃើញថា ស្ថានភាពសុខភាព ស្គមស្គាំង ឬទម្ងន់ធៀបកម្ពស់ គឺជារង្វាស់នៃកង្វះអាហារូបត្ថម្ភស្រួចស្រាល់។ ភាពស្គមស្គាំងអាចបណ្ដាលមកពីទទួលអាហារូបត្ថម្ភមិនគ្រប់គ្រាន់ ឬកើតជំងឺថ្មី ឬការឆ្លងមេរោគដែលនាំឱ្យ​ស្រ​កទម្ងន់។ ជាងនេះ​ទៀត អ្នកពាក់ព័ន្ធដែលធ្វើការលើកកម្ពស់កុមារ បានជំរុញឱ្យរដ្ឋា​​ភិបាល យកចិត្តទុកដាក់បន្ថែមទៀតលើក្រុមកុមារកង្វះអាហារូបត្ថម្ភ ក្នុងនោះមានការដាក់បន្ថែមការចុះអប់រំណែនាំអាណាព្យាបាលកុ​មា​រតាមមូលដ្ឋានផ្ទាល់ជាដើម។

នៅពេលងាកទៅមើលចៅស្រីវ័យ៤ឆ្នាំរបស់ខ្លួនដែលមានមាឌតូច រូបរាងស្គម ហាក់មិនសូវមានក​ម្លាំ​ង​​កំហែង ដែលកំពុងឈរក្បែរខ្លួន លោក គិត ថា ដែលជាជីតាបានបង្ហាញអារម្មណ៍អាណិតចៅ ដែលមិនមានម្ដាយនៅមើលថែដូចក្មេងដទៃ ខណៈដែលខ្លួនជាតា និងយាយ មិនសូវមានពេលមើលថែឱ្យ​បា​ន​​ពេញលេ​ញ។

លោកបន្តថា នឹកអាណិតចៅស្រីវ័យ៤ឆ្នាំនេះជាងគេនៅ​ត្រង់ថា កាលម្ដាយរបស់នា​​​ងមាន​ទម្ង​​ន់​ពពោះម្ដាយនាងមានរូបរាងស្គម ហើយនៅតែបន្ដធ្វើការសំណង់ និងមិនសូវជាបានទៅ​​​​ពេ​ទ្យដើម្បី​​ពិនិត្យសុខភាពឱ្យបានដិតដល់នោះទេ​ព្រោះ​តែជីវភាពខ្វះមុខខ្វះក្រោយ។ ដោយសារតែ​​​​កត្តាជីវភាពនេះហើយ ដែលលោក គិត ថា មិ​នអា​ច​ផ្គត់ផ្គង់អាហារហូបចុកគ្រប់គ្រាន់ដល់ចៅស្រី។ លើ​សពី​នេះ មានអីហូបហ្នឹង ជួនកាលបើគ្មានម្ហូបទទួលទានទេ ត្រូវហូប​​អំបិលជាមួយគ្នាក៏​មានដែរ។

លោកបន្តថា៖ «ចុះអែង! ចុះខ្ញុំមានទៅរកអីបាន។ ខ្ញុំស្លអី សម្លម្ជូរក៏ហូបម្ជូរទាំងអស់គ្នា កកូរហូបកកូរទាំងអស់គ្នា គ្មានបានអីផ្សេងឲ្យវាហូបទេ[ចៅស្រី] មានអីហូបក៏ហូប អត់មានម្ហូបអំបិលក៏ហូបដែរ»។

លោក គិត ថា និងចៅស្រីអាយុ៤ឆ្នាំរបស់គាត់ឈរនៅមុខផ្ទះ ស្ថិតក្នុងឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ (រូបភាព៖ ចិត្ត ស្រីយ៉ា)

ចំណែក មេឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប លោក គី ឡាយ បញ្ជាក់ថា បច្ចុប្បន្ននៅក្នុងឃុំស​​ស​រស្ដម្ភ ដែលមានភូមិសរុបចំនួន ១៤ភូមិ មានកុមារក្រិសក្រិនអាយុក្រោម១៥ឆ្នាំ ចំនួន​២៣នា​ក់​​ដែលពួកគេកំពុងប្រឈមនឹងបញ្ហាក្រិសក្រិននេះ។ ក្នុងចំណោមភូមិទាំង១៤ ភូមិ គឺមាន​ភូមិប៉ាក់ប៉ាន់ ដែ​លមានចំនួនកុមារក្រិសក្រិនច្រើនជាងភូមិដ៏ទៃទៀតគឺមានចំនួន ១២នាក់​។

ទាក់ទិនរឿងនេះ អ្នកបណ្ដុះបណ្ដាលស្ដីពីបញ្ហាអាហារូបត្ថម្ភប្រចាំភូមិពង្រចាស់ លើកឡើងថា មាន​កុ​មា​​​រផ្សេងទៀត ក៏មានស្ថានភាព មិនខុសគ្នាពីកុមារីវ័យ៤ឆ្នាំនេះដែរ។ នៅមិនឆ្ងាយពីភូមិពង្រចាស់នេះប៉ុន្មាន កុមារវ័យ២ឆ្នាំក៏ធ្លាប់ប្រឈមនឹងកង្វះអាហារូបត្ថម្ភដូចគ្នា ប៉ុន្ដែកុមារនេះបានជាសះស្បើយមកវិញក្រោយម្ដាយរបស់ក្មេងនេះចំណាយពេលមើលថែកូនដិតដល់។

អ្នកស្រី សឿង សុភាព ជាម្ដាយរបស់កុមារវ័យ២ឆ្នាំរូបនេះ បានបញ្ជាក់ប្រាប់ថា នៅពេលដែលកូនប្រុ​ស​ពៅខ្លួនកំពុងកង្វះអាហារូបត្ថម្ភនោះ ខ្លួនតែងយកកូនទៅពេទ្យមណ្ឌលដើម្បីតាមដាន និងព្យា​បាល​តា​ម​ការណាត់របស់ពេទ្យជាប្រចាំ។ អ្នកស្រីបន្តថា ក្នុងរយៈពេលមិនដល់មួយខែផងកូនរបស់អ្នកស្រីអាចត្រ​លប់​មករកស្ថានភាពធម្មតាវិញបន្ដិចម្ដងៗរហូត​ទទួល​បាន​លទ្ធផល​​ដូចថ្ងៃនេះ។

មិនតែប៉ុ​ណ្ណោះ​ ​អ្វីដែលជួយជំរុញឱ្យសុខភាពកូនប្រុសរបស់អ្នក​ស្រីវិលមករកភាពប្រ​ក្រតីបា​ន​លឿ​ន​​បែ​បនេះ គឺអ្នកស្រី​​​បា​នចំ​ណា​យពេលច្រើន ក្នុងការស្វែងយល់ពីគ្រូបង្គោលប្រចាំភូមិ និងចូលរួមអនុវត្ត​​ជាប់​ជាប្រចាំជាមួយនឹងគោលការណ៍ណែនាំពីមណ្ឌលសុខភាព។

អ្នកស្រីបន្តថា៖ «អ្នកគ្រូពេទ្យថាអាអូនព្យាបាលរយៈពេលលឿន តែបើកូនគេខ្លះយូរមិនងាយនឹងឡើងគីឡូ តែអាអូនរយៈពេលខ្លីតែជាងមួយខែ គេឈប់បើកនំ[នំបំប៉ន់]ឱ្យ។ គេថាគីឡូយើងអត់ឡើងតែដើ​ម​ដៃវាអាចឡើង ហើយអ្នកគ្រូថាមិនអីទេ ឱ្យហូបអីធម្មតាទៅ»។ អ្នកស្រីបន្ថែមថា៖ «ចាស! ឧស្សាហ៍រាគ ឧស្សាហ៍ក្ដៅខ្លួនពេលយប់អីហ្នឹង ព្រោះអីយើងអត់ដឹង យើង​ចេះតែឲ្យកូនញាំ ឬក៏ឲ្យវាបៅដោះរបស់យើងអត់មានពេ​ល​​​វេ​លាច្បាស់ យើងចេះតែឲ្យវាម៉ឹមៗ ហើយពេលខ្លះយើងមកពីឆ្ងាយបែកញើស ពេលកូនឃ្លានយើ​ង​ចេះតែឲ្យកូនម៉ឹម​។ ប៉ុន្ដែពេលយើងទៅរៀនគេឲ្យយើងសម្អាតកាយសម្អាតប្រាណរួចហើយបានឲ្យកូ​ន​​ម៉ឹម កុំឲ្យមានបញ្ហាក្ដៅអីទៀ​ត​»។

អ្នកស្រី សឿង សុភាព និងកូនបានព្យាបាលជំងឺកង្វះអាហារូបត្ថម្ភបានជាសះស្បើយ ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ (រូបភាព៖ ចិត្ត ស្រីយ៉ា)

របាយការណ៍អង្កេតប្រជាសាស្រ្ដ និងសុខភាពកម្ពុជា ដែលចេញដោយវិទ្យាស្ថានជាតិស្ថិតិ កាល​ពីខែ​មីនា​ ឆ្នាំ២០២៣ បង្ហា​ញថា ស្ថានភាពអាហារូបត្ថម្ភសម្រាប់កុមារនៅកម្ពុជាក្នុងរយៈពេល២២ឆ្នាំកន្ល​ង​មកនេះមានភាពថយចុះ។ រីឯ អត្រាប្រេវ៉ាឡង់ នៃភាពក្រិសក្រិនបានថយចុះពី៥០ភាគរយ នៅឆ្នាំ២​០​​០០ មកនៅត្រឹម២២ភាគ​រយ​​ ក្នុងឆ្នាំ២​០​២២។

ចំណែក ភាគរយ នៃកុមារស្គមស្គាំងបានថយចុះពី១៧ភាគរយនៅឆ្នាំ២០០០ មក ៨ភាគរយ នៅឆ្នាំ២០០៥ មុនពេ​លចាប់ផ្តើមកើនឡើងទៅ១០ភាគរយនៅឆ្នាំ២០១០ និងហាក់នៅទ្រឹង ១០ភាគរយ ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០​២១​-២២។ ចំណែក សន្ទស្សន៍ទម្ងន់មិនគ្រប់បានធ្លាក់ចុះពី ៣៩ភាគរយ​ក្នុ​ង​ឆ្នាំ២០០៤ មក ១៦ភាគរយក្នុងឆ្នាំ២០២​២។

បន្ថែមពីលើនេះទៀត របាយការណ៍អង្គេតក៏បានបញ្ជាក់លម្អិតទាក់ទងកង្វះអាហារូបត្ថម្ភកុមារទាំង៤ប្រ​​ភេទ ក្នុងនោះក្រិសក្រិន ឬ​កម្ពស់ទាបធៀបអាយុ គឺជារង្វាស់កំណត់ការលូតលាស់យឺត។ មួយទៀត ស្គមស្គាំង ឬទម្ងន់ធៀបកម្ពស់ គឺជា​រង្វាស់នៃកង្វះអាហារូបត្ថម្ភស្រួចស្រាល់។ទន្ទឹមនឹងនេះ ទោះបីទម្ងន់មិនគ្រប់ ដែលបង្កទាំងបញ្ហាកង្វះអាហារូបត្ថម្ភស្រួ​​ចស្រាល់ និងរ៉ាំរ៉ៃដោយសារក្រិសក្រិន ស្គមស្គាំង។ដោ​យ​​ឡែកចំណុចក្រោយ គឺទម្ងន់លើស ឬទម្ងន់ធៀបកម្ពស់​ជាលទ្ធផលនៃអតុល្យភាពរវាងថាមពលប្រើ​​ប្រាស់ច្រើនពេក ហើយថាមពលបញ្ចេញទៅវិញតិចពេក។

ចំណែក អ្នកស្រី ហ៊ាន់ ស្រីនាង វ័យ៣៣ឆ្នាំ មានតួនាទីជាគ្រូបង្គោលបណ្តុះបណ្តាលប្រចាំភូមិ ស្ដីពីប​ញ្ហា​អាហារូបត្ថម្ភ លើកឡើងស្ថានភាពរបស់កុមារី វ័យ៤ឆ្នាំ ដែលជាចៅរបស់លោក គិត ថា នេះគឺកំពុងស្ថិ​តក្នុ​ងកង្វះអាហារូបត្ថម្ភកម្រិតធ្ងន់ នេះបើតាមការវាស់រង្វង់ដើមដៃរបស់កុមារីរូបនេះ អំឡុងពេលចុងក្រោយបំផុត។ មួយវិញទៀត អ្នកស្រីសង្កេតឃើញថាដោយសារតែ​ក​ត្តា​​ជីវភាពខ្វះមុខខ្វះក្រោយ រប​ស់ក្រុមគ្រួសារកុមារី វ័យ៤ឆ្នាំរូបនេះ ដែលមានតែជីដូន និង​ជីតា ជាអ្នកទទួលបន្ទុក​ចិញ្ចឹ​ម​​បីបា​ច់​ថែ​​រក្សា។ ណាមួយ ពួកគាត់ពិបាកឡើងចុះទៅ​មណ្ឌល​សុខភាព​ព្រោះតែវ័យចាស់ជរាផង ម៉្លោះ​ហើ​​យ​ នេះគឺជាមូលហេតុដែលនាំឱ្យការវិលត្រឡប់​មករកសភាពធម្មតាវិញ របស់កុមារីរូបនេះ មានភាព​យឺ​​​ត​យ៉ាវ​ជាងកុមារ​ដទៃទៀត។ ហើយ​ពេល​ខ្លះ អ្នកស្រី ហ៊ាន់ ស្រីនាង បានដើរតួនាទីជំនួស​អាណា​ព្យា​បា​ល ដោយយកថ្នាំ និង​អាហារបំប៉នពីមណ្ឌលសុខភាព មកជូនដល់ផ្ទះក៏មានដែរ។

អ្នកស្រីបន្តថា៖ «សុខភាពរបស់គាត់ និយាយទៅគឺគាត់នៅពណ៌ក្រហម។ គាត់នៅខ្វះអាហារូបត្ថម្ភរាងស្រណំគ្រាន់ដែរ គឺខ្លាំង។ ប្រសិនបើពណ៌ទឹកក្រូចយើងអាចជួយគាត់បង្រៀនគាត់[អាណាព្យា​បាល​] ប៉ុន្ដែគាត់[កុមារី]ធ្លាក់ដល់ពណ៌ក្រហម ដែលត្រូវការព្យាបាល ត្រូវការមណ្ឌលជួយ និងខាងគ្រួសាររបស់គាត់ដែរ»។

ក្រៅពីនេះ បើតាមអ្នកស្រី ហ៊ាន់ ស្រីនាង ដើម្បីរួមចំណែកកាត់បន្ថយ អត្រាកុមារក្រិសក្រិន បណ្តាលម​ក​​ពី​កត្តាខ្វះខាតអាហាររូបត្ថម្ភ នៅក្នុងសហគមន៍ អ្នកស្រីក៏មានរៀបចំវគ្គបណ្ដុះបណ្ដាល​ទៅ​ដល់អា​ណា​ព្យាបាលក្មេងក្នុងភូមិ និងតំបន់ក្បែរៗនេះដែរ។ តាមបទពិសោធន៍​កន្ល​ង​មក គ្រូបង្គោលរូបនេះបន្តថា នៅពេលដែលអ្នកស្រីរៀបចំវគ្គបណ្ដុះបណ្ដោល​គឺរូបគេបានព្យាយាមកៀរគរអាណាព្យាបាលក្មេងៗ ជា​​​​ពិ​សេសម្ដាយដើម្បីលើកទឹកចិត្ត ឱ្យពួកគេ​មក​ចូល​រួម​ស្វែងយល់ណាស់ដែរ ប៉ុន្ដែចំនួនអ្នកមកចូលរួមនៅតែមានចំ​​នួនតិចតួចដែលច្រើនបំផុតប្រហែល​១៥នាក់។ ដូច្នេះអ្នកគ្រូរូបនេះ ត្រូវចុះទៅអប់រំ ឬផ្ស​ព្វផ្សាយចំណេះដឹងបន្ថែមទៀត ទៅដល់អាណាព្យា​បាល​ក្មេងៗដល់ខ្នងផ្ទះរបស់ពួកគេតែម្ដង។

អ្នកស្រីបន្តថា៖​ «ខ្ញុំគិតថាចំនួនអ្នកចូល[អាណាព្យាបាល]រួមតិច ដូចថាពេលដែលយើងមានកម្មវិធីចុះផ្សព្វផ្សាយ ឬហៅកិច្ចប្រជុំវិញបានតិច តែប្រសិនបើយើងដាក់មេក្រូបំពងសម្លេងវិញ ដូចថាដាក់ក៏អត់សូវបានប្រយោជន៍គាត់អត់សូវចូលរួមស្ដាប់។កាលពីវគ្គមុនដែលខ្ញុំធ្វើជាអ្នកទ្រទ្រង់ព្យាយាមមែន​ទែន ព្យាយាមចុះទៅដល់ផ្ទះគាត់គឺយើងចង់ផ្ដល់ព័ត៌មានឲ្យទៅដល់គាត់ ដើម្បីឲ្យគាត់យល់ ប៉ុន្ដែពេលខ្លះគាត់អត់មានពេលជាមួយយើងទៀត»។

មណ្ឌលសុខភាពសសរស្ដម្ភ ស្ថិតក្នុងឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។ (រូបភាព៖ ចឹង លីលី)

របាយការណ៍អង្កេតប្រជាសាស្រ្ដ និងសុខភាព ដែលចេញដោយវិទ្យាស្ថានជាតិស្ថិតិ នៃក្រ​សួង​​ផែ​ន​​ការ កាល​ពីខែ​មីនា​ ឆ្នាំ២០២៣ ឱ្យដឹងថា កុមារក្រិសក្រិនអាយុក្រោម៥ឆ្នាំ តាមរាជធានី ខេត្ត ក្នុង​នោះ​​​​មាន​ខេត្តរតនៈគិរី និងខេត្តពោធិ៍សាត់ មានភាគរយកុមារក្រិសក្រិនច្រើនជាងគេចន្លោះពី៣៩ភា​គ​រ​យ​ទៅ៣១ភាគរយ។ ចំណែកខេត្តមួយចំនួនទៀតរួមមាន ខេត្តសៀមរាប ព្រះវិហារ ស្ទឹងត្រែង ម​ណ្ឌ​ល​​គិរី កំពង់ធំ ពោធិ៍សាត់ កំពត និងតាកែវ មានភាគរយកុមារក្រិសក្រិនចន្លោះពី ៣០ភាគរយទៅ២៦ភា​គរយ។ រីឯ ខេត្តឧត្ដរមានជ័យ ប៉ៃលិន កោះកុង ព្រះសីហនុ កំពង់ស្ពឺ ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និងក្រចេះ មានភាគរយកុមារក្រិសក្រិនចន្លោះពី ២១ភាគរយទៅ២៥ភាគរយ ខណៈរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កណ្ដាល និងខេត្តស្វាយរៀង មានភាគរយកុមារក្រិសក្រិនចន្លោះពី​១៥​ភាគរយទៅ២០ភាគរយ។

ជុំវិញរឿងនេះ លោកស្រី ម៉ៃ ស្រីលិន គិលានុបដ្ឋាកនៅមណ្ឌលសុខភាពសរស្ដម្ភ ខេត្តសៀមរាប លើ​ក​​ឡើងថា មានមូ​ល​ហេតុ២យ៉ាង ដែលបណ្ដាលឲ្យកុមារជួបបញ្ហាកង្វះអាហារូបត្ថម្ភនេះ គឺកត្តាចំ​​ណេះដឹងរបស់អា​ណាព្យាបាល និងកត្តាជីវភាព។ ជាងនេះទៀត បញ្ហា​នៃកង្វះអាហារូបត្ថម្ភនេះមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើការរីកចម្រើនផ្នែ​កសុ​ខភាព និងការសិក្សា​របស់កុមារ។ ជាពិសេស កុមារត្រូ​វ​​ប្រ​​​​ឈមមុខខ្ពស់ក្នុងការលូតលាស់​ផ្នែក​បញ្ញា​ស្មារតី ទាក់ទងការរៀនសូត្រ ហើយងាយឆ្លងជំងឺជាងកុ​មា​​​​រ​ដទៃទៀត ព្រោះតែខ្វះប្រព័ន្ធការពារ និងភាពស៊ាំនៃរាងកាយ។

 អ្នកស្រីបន្តថា៖ «ភាគច្រើនឪពុកម្ដាយការចិញ្ចឹមពួកគាត់អាចបណ្ដោយតាមអ្វីដែល​គាត់គិតថា ជំ​នាន់​មុន គាត់ចិញ្ចឹមកូន១០អីរស់អ៊ីចឹងទៅណា តាមយថាកម្មគាត់យល់ដឹងអញ្ចឹង។ មួយ​ទៀត គាត់អត់សូវមានលុយ គាត់ធ្វើចំណាកស្រុកគាត់អត់បាននៅមើលថែកូន គាត់ទុកកូនជាមួយយាយ អញ្ចឹងការចិញ្ចឹមរបស់គាត់[តាយាយ] អត់សូវបានយកចិត្តទុកដាក់»។ អ្នកស្រីបន្ថែថា៖ «បញ្ហាប្រឈមទីមួយ សម្រាប់កុមារគឺធ្វើឲ្យគាត់រៀនខ្សោយ កាលណា​ដែលគាត់ចូលលក្ខណៈក្រិសក្រិនរាងកាយគាត់ ខួរក្បាលគាត់ក៏តាមហ្នឹងដែរ ធ្វើឲ្យគាត់រៀនខ្សោយ ចាប់អត់បាន ហើយធ្វើឲ្យគាត់ឧស្សាហ៍ឈឺ ជាពិសេសរាក ហើយនិងរលាកសួត រលាកអីហ្នឹង»។

រូបភាពបង្ហាញពីរបបអាហារ និងមានជីវជាតិ សម្រាប់កុមារគ្រប់រូប ដែលអង្គការ Unicef Cambodia បានផ្សាយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ (Unicef Cambodia)

រីឯ លោក កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលស្គាល់ថា បញ្ហាស្គមស្គាំងមានស្ថានភាពមិនប្រែប្រួលក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រមាណ១០ភាគរយ ​នៃកុមារអាយុក្រោម៥ឆ្នាំ នៅ​​តែជួ​ប​ប្រទះនឹងបញ្ហាស្គមស្គាំង។ លោកបន្ដថា បច្ចុប្បន្នចំនួនបន្ទុកប៉ាន់ស្មាននៃកុមារស្គមស្គាំងដែ​ល​មា​ន​អាយុក្រោម៥ឆ្នាំ មានប្រមាណ១០ម៉ឺននាក់ នៅទូទាំងប្រទេស។លើស​ពីនេះទៀតទាក់ទិននឹងបញ្ហាកុមារកង្វះអាហារូបត្ថម្ភ នៅកម្ពុជាមានអង្គការមិនមែន​រដ្ឋាភិបាលមួយចំនួនក៏កំពុងអនុវត្តកម្មវិ​ធី​រ​បស់ខ្លួនក្នុងន័យលើកកម្ពស់ ដើម្បីដោះស្រាយបញ្ហានេះហើយដែរ។

យ៉ា​ង​​ណាមិញ លោក យី គឹមថាន នាយកស្ដីទី នៃអង្គការភ្លែនអន្ដរជាតិកម្ពុជា លើកឡើងថា បើទោះ​​បី​​ជាតួលេខបង្ហាញពីស្ថានភាពកុមារខ្វះអាហារូបត្ថម្ភ ហាក់បានថយចុះក៏ដោយ ក៏ចំនួន​នេះនៅតែ​​ជាក្ដីបារម្ភ និងជាបញ្ហាប្រឈមសម្រាប់កុមារនៅឡើយ ក្នុងពេលបច្ចុប្បន្ន​នេះ​។ ប្រភពបន្តថា បើគេពិ​និត្យ​ទៅ​​​លើរបាយការណ៍អង្គេតប្រជាសាស្រ្ដ និងសុខភាព ដែលចេញ​កាលពីខែមីនា ឆ្នាំ២០២៣ បង្ហាញថា និយាយដោយឡែកកុមារស្គមស្គាំងនៅក្នុងខេត្តកំពង់ឆ្នាំង គឺអត្រានៃកុមារខ្វះអាហាររូបត្ថម្ភ នៅ​តែ​​មាន​ចំនួនមួយដែលខ្ពស់ជាងគេ ប៉ុន្ដែបើមើលជារួមពាក់ព័ន្ធនឹ​ង​កុមារកង្វះអាហារូបត្ថម្ភនេះ បែរជាកុ​មា​​រ​នៅតំបន់ភូមិភាគឦសានមានអត្រា​កំណើន បញ្ហាកុមារក្រិសក្រិននេះខ្ពស់នៅឡើយដដែល។ ហេតុ​នេះ​ ការព្យាករណ៍​ពី​អត្រា​ធ្លាក់​ចុះនៃកុមារខ្វះ​អាហាររូបត្ថម្ភនេះ មិនត្រូវមើលរំលងនោះឡើយ។

លោកថ្លែងថា៖ «យើងឃើញថាបញ្ហាក្រិសក្រិន និងស្គមស្គាំងរបស់កុមារគឺនៅមានកម្រិតខ្ពស់នៅឡើ​យ ដែលជាការព្រួយបារម្ភពីអ្នកពាក់ព័ន្ធទាំងអស់ពីខាងរាជរដ្ឋភិបាល សង្គមស៊ីវិល និងដៃគូអ​ភិវឌ្ឍផ្សេងៗផងដែរ »។

បើតាម លោក គឹមថាន ដើម្បីព្យាបាលកុមារពីបញ្ហាកង្វះអាហារូបត្ថម្ភនេះទៅបាន លុះត្រា​មាន​​ការចូ​លរួមពីអា​ណាព្យាបាលរបស់​កុមារ បើមិនដូច្នេះទេ បញ្ហានេះនឹង​នៅតែជាបន្ទុក​ដ៏ធំ​ស​ម្រាប់សហ​គម​ន៍​ទាំ​ង​​មូ​ល ជាពិសេសគឺការថែទាំកុមារឲ្យបានដិតដល់ក្នុងរយៈពេល១ពាន់ថ្ងៃដំ​បូ​ងចាប់ពីពេលកុមារកើ​តចេ​ញពីផ្ទៃម្ដាយ។

អ្នកស្រី សឿង សុភាព កំពុងមើលថែដំណាំ និងប្រមូលផលដំណាំនៅជុំវិញផ្ទះ ស្ថិតក្នុងឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ (រូបភាព៖ ចឹង លីលី)​

ហាក់មិនខុសគ្នាទេ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ឃើញថា មាន​ក​ត្តា​​​​​​រួមផ្សំ​ជាច្រើន ដែលបង្កឱ្យមានកុមារក្រិសក្រិននេះកើតឡើងច្រើននៅក្នុងសហគមន៍ ហើយប​ញ្ហានេះ​នៅ​​តែ​ជាបន្ទុក​ដ៏​​ធំ​​​​សម្រាប់​សង្គម។ លោកបន្តថា មូលហេតុចម្បង​ក្នុង​ចំណោម​បញ្ហាផ្សេងទៀត គឺទាក់​ទង​ទៅនឹង​ចំ​​ណេះ​​ដឹង រប​ស់ឱពុកម្តាយក្នុងការថៃទាំកូនៗ។ ក្នុងន័យ​នេះ បានជំរុញឱ្យបញ្ហានៃក​ង្វះ​អា​ហាររូបត្ថម្ភ នៅតែជាក្តីបារម្ភដ៏ធំសម្រាប់ភាគីពាក់ព័ន្ធ និង​តួអង្គ​ដែលមានភារៈ​ក្នុងការទប់​ស្កាត់ និង​កា​​ត់បន្ថយនូវបន្ទុកសង្គមមួយនេះ។

បើតាមលោកបណ្ឌិត មាស នី ដើម្បីធានាថា គោលនយោបាយកាត់បន្ថយ បញ្ហាក្រិសក្រិនស​ម្រាប់​​កុ​មា​​​​រនៅតាមជនបទសម្រេចទៅតាមផែនការបាន លុះត្រាក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធក្នុង​តំ​បន់ បន្ថែមនូវ​កម្មវិធី​អប់រំ​ម្ដាយនៅ​តាម​តំបន់​ដាច់​ស្រយាល​ស្ដីពីចំណោះដឹង​អំឡុង​ពេលពពោះរហូ​ត​ដ​​ល់កុមារលូតលាស់ល្អដល់អាយុ៥ឆ្នាំ ទើបអាចកាត់បន្ថយអត្រា​នៃ​បញ្ហា​ក្រិសក្រិននេះបាន។

លោកបន្តថា៖ «បើសិន​ជាយើង​មើល​នៅ​ក្នុង​ស្ថានភាព​សព្វ​ថ្ងៃនេះ​វាហាក់​ដូចជា​មាន​ការ​កើន​ឡើង​ច្រើ​ន​​បើ​តាម​ខ្ញុំមើលគឺមិនមែនយើងអត់មានចំណីអាហារហូបទេ គឺ​សំខាន់​មក​ពីឪពុក​ម្ដាយ​ហ្នឹង​អត់​ទាន់​ស្គាល់​អំពី​តម្លៃ​ការ​រៀបចំចំណីអាហារសមរម្យដែលមានជីវជាតិគ្រប់គ្រាន់ឲ្យកូនទេ បានន័យថា មានអី​​​ហូបហ្នឹងទៅ» ។

សម្រាប់រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក កុយ វ៉ាន់នី បញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រសួង​បា​ន​​​រៀ​ប​ចំផែនយុទ្ធសាស្រ្ត ដើម្បីពន្លឿនការកែលម្អអាហារូបត្ថម្ភឱ្យកាន់​តែប្រសើរ​ក្នុងរយៈពេល៧​ឆ្នាំខា​ង​មុ​​ខទៀត ដោយគិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០។ គោលការណ៍​នេះ​ផ្តោតសំខាន់លើអាហារូបត្ថម្ភ​​ស្ត្រីមានផ្ទៃពោះ ក្រោយសម្រាល និងបំបៅដោះកូន។ មិនតែ​ប៉ុណ្ណោះ កម្មវិធីនេះក៏នឹងផ្តោតដែរទៅលើការចិញ្ចឹមទារក កុមារតូ​ច​ ការបង្ការ និងព្យា​បា​លកុមារស្គមស្គាំង អាហារូបត្ថម្ភសម្រាប់យុវវ័យ និងស្រ្តីក្នុ​ងវ័យបន្តពូជក្នុងកម្រិតអាយុពី១៥ ដ​ល់ ៤​៩​ឆ្នាំ៕

អត្ថបទនេះ ផលិតក្រោមគម្រោងរយៈពេលខ្លី ដែលអនុវត្តដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្រោមការគាំទ្ររបស់Diakonia។ គម្រោងនេះ ផ្តល់ការគាំទ្រដល់សិក្ខាកាមផ្នែកសារព័ត៌មាន ចុះអនុវត្តយកព័ត៌មាន និងផលិតអត្ថបទសារព័ត៌មាន ក្រោមការណែនាំរបស់គ្រូបង្គោលរបស់CCIM។

ព័ត៌មានថ្មី

អត្ថបទពេញនិយម