អ្នកស្រី ស៊ន សុខឃៀង វ័យ ២៩ឆ្នាំ ជាអ្នកផលិតវីដេអូ រស់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ អ្នកស្រីមានការព្រួយបារម្ភ និងពិបាកចិត្តជាខ្លាំងនៅពេលកត់សម្គាល់ឃើញថាកូនប្រុសរបស់អ្នកស្រីមានការយឺតយ៉ាវក្នុងការចេះនិយាយ។ រហូតដល់អាយុបីឆ្នាំ កូនអ្នកស្រីពេលខ្លះនិយាយបានតែពាក្យ «ប៉ា» និង «ម៉ាក់» ក្នុងមួយថ្ងៃពេញ។ នៅពេលជួបប្រឹក្សាជាមួយអ្នកជំនាញ ទើបអ្នកស្រីដឹងថាកូនមានអូទីហ្សឹម។
រាល់ថ្ងៃចុងសប្ដាហ៍ អ្នកស្រី និងស្វាមី បិទទូរសព្ទតែម្ដងដើម្បីចំណាយពេលវេលា និងថវិកានៅជាមួយនឹងកូន។ កូនអ្នកស្រី បច្ចុប្បន្នមានវ័យប្រាំឆ្នាំហើយ។ យ៉ាងណាកូនប្រុសអ្នកស្រីនៅពេលនេះក៏មិនត្រូវបានកាត់ផ្ដាច់ទាំងស្រុងពីគ្រឿងអេឡិចត្រូនិចដែរ។ អ្នកស្រីបានឲ្យដឹងថា៖ «ជួនកាល យើងចង់ឱ្យគាត់រីករាយ យើងចាក់ភ្លេងឱ្យគាត់រាំ ឱ្យគាត់ស្ដាប់ ដោយកុំព្យូទ័រដែរ ប៉ុន្តែយើងធ្វើជាលក្ខណៈប្រយោល យើងមិនឱ្យគាត់ប៉ះផ្ទាល់ទេ»។
លោក ហឿ សេធុល ប្រធានសមាគមអ្នកប្រឹក្សាយោបល់និងអ្នកចិត្តសាស្រ្តនៅកម្ពុជា មានប្រសាសន៍ថាទោះជាមានការនិយាយតៗគ្នាជាច្រើនក្ដី តែទូរសព្ទតែមួយមុខមិនបង្កឲ្យកុមារមានអូទីហ្សឹមនោះទេ។ លោកបន្តថា បើតាមសៀវភៅ DSM 5 ដែលចងក្រងដោយសមាគមចិត្តសាស្ត្រអាមេរិក (American Psychiatric Association) អូទីហ្សឹមមានពីកំណើត គឺកុមារចាប់កំណើតមក គឺមានអូទីហ្សឹមរួចហើយតែម្ដង។
យ៉ាងណា លោកថា កុមារដែលប្រើប្រាស់ទូរសព្ទដៃច្រើនក៏អាចប៉ះពាល់ដល់ការលូតលាស់ផងដែរ មិនថាក្មេងនោះមានអូទីហ្សឹម ឬក៏អត់នោះទេ។ លោកពន្យល់ថា ការប្រើប្រាស់ទូរសព្ទដៃ ជាសកម្មភាពផ្លាស់ប្ដូរបែបអកម្មមានការឆ្លើយតបតែម្ខាង មិនដូចការប្រាស្រ័យទាក់ទងគ្នាទល់មុខដែលមានទៅមានមកនោះទេ។ ដោយសារតែហេតុនេះហើយ លោកថាក្មេងខ្លះមានការអភិវឌ្ឍយឺតយ៉ាវខាងផ្នែកទំនាក់ទំនង ចរិតឫកពា និងសកម្មភាពរាងកាយផ្សេងៗ។
លោកឲ្យដឹងទៀតថា៖ «បច្ចេកវិទ្យារួមចំណែកជួយដល់ការអភិវឌ្ឍរបស់កុមារ តែបើប្រើច្រើនពេកវាអាចជាបញ្ហាទៅវិញ»។ លោកបន្ថែមថា គួរតែមានការកំណត់ម៉ោងពេលច្បាស់លាស់ឲ្យកុមារប្រើទូរសព្ទដៃ និងប្រភេទវីដេអូដែលពួកគេមើល។ លោកឲ្យដឹងដែរថា ការអប់រំ និងការព្យាបាលអាចជួយឲ្យក្មេងរីកចម្រើនបាន ទោះបីជាគេមានអូទីហ្សឹមក៏ដោយ។
អ្នកស្រី សុខឃៀង នៅតែគិតថាកូនអ្នកស្រីមានអូទីហ្សឹម ក៏អាចមកពីអ្នកស្រី និងស្វាមី ដែលរវល់នឹងការងារពេក ដោយចំណាយពេលនៅជាមួយការងារច្រើនជាងនៅជាមួយកូនប្រុស។ អ្នកស្រី និងស្វាមី តែងទុកកូនឲ្យនៅជាមួយជីដូន ពេលអ្នកទាំងពីរចេញទៅធ្វើការនៅពេលថ្ងៃ។
ដោយមើលឃើញពីការលំបាករបស់កូន អ្នកស្រី និងស្វាមី បានសម្រេចចិត្តចុះឈ្មោះឲ្យកូនរៀននៅសាលាឃីង ឃីដ មានទីតាំងនៅសង្កាត់ភ្នំពេញថ្មី ក្នុងខណ្ឌសែនសុខ ដែលសាលានេះមានបទពិសោធច្រើនក្នុងការថែទាំកុមារមានអូទីហ្សឹម។
អ្នកស្រីបន្ថែមថា៖ «គ្រូនៅសាលាបង្រៀនកូនរបស់ខ្ញុំពីរបៀបស្លៀកពាក់ បង្រៀនឲ្យចង់ទៅរៀន និងបង្រៀនឲ្យចេះស្រឡាញ់ខ្លួនឯង មិត្តរួមថ្នាក់ និងគ្រូរបស់គេ…ក្មេងដែលត្រូវការការថែទាំពិសេសបែបនេះ គាត់ត្រូវការចុះឈ្មោះចូលរៀនឲ្យបានលឿន ប៉ុន្តែពួកយើងមិនបានដឹងពីរឿងនេះ ទាល់តែគាត់អាយុបីឆ្នាំទៅហើយ»។
លោក សេធុល ឲ្យដឹងថា៖ «អូទីហ្សឹមភាគច្រើនកើតចេញពីការលូតលាស់មិនប្រក្រតីរបស់ប្រព័ន្ធប្រសាទក្មេង» ហើយមិនដូចគ្នាទៅនឹងជំងឺនោះទេ។ លោកថា ក្មេងអូទីហ្សឹម ១០នាក់អាចមានអាកប្បកិរិយាខុសគ្នាទាំង១០ ហើយការពិភាក្សាជាមួយអ្នកជំនាញឲ្យបានច្បាស់គឺជារឿងចាំបាច់ ដើម្បីកំណត់ថាកូនមានអូទីហ្សឹមឬអត់។
លោកពន្យល់ថា អូទីហ្សឹមជាបញ្ហាសុខភាពមួយដែលមានលក្ខណៈទូលំទូលាយ។ លោកបន្តថាក្មេងមានអូទីហ្សឹមអាចមានបញ្ហាផ្នែកភាសា ជំនាញសង្គម និងធ្វើសកម្មភាពដដែលៗ។ លោកឲ្យដឹងទៀតថា វិញ្ញាណទាំងប្រាំរបស់ពួកគេមានភ្នែក ត្រចៀក ច្រមុះ អណ្ដាត និងរាងកាយ អាចមានការលូតលាស់មិនប្រក្រតី។
លោកបន្ថែមទៀតថា៖ «កុំព្យាយាមធ្វើការសន្និដ្ឋាន ពីព្រោះការសន្និដ្ឋានថា ក្មេងមួយណាមានអូទីស្សឹម គឺដូចដាក់បន្ទុកឱ្យគាត់ និងឪពុកម្ដាយ។ វាមានផលប៉ះពាល់លើទឹកចិត្តរបស់ឪពុកម្ដាយ អារម្មណ៍របស់ក្មេង និងអាចឱ្យមនុស្សជុំវិញខ្លួនមើលគាត់ទៅក្នុងផ្លូវផ្សេង ដូចជាការទទួលរងនូវការមើលងាយពីសង្គម»។
ចំណែកអ្នកស្រី ប៊ុត សុខហេង ជាម្ដាយម្នាក់ទៀងមានកូនប្រុសអូទីហ្សឹមដែរ ក៏បានផលិតវីដេអីពីអូទីហ្សឹមនៅលើហ្វេសប៊ុកផេករបស់អ្នកស្រីដែរ។ អ្នកស្រី ក៏ធ្វើការជាគ្រូបង្រៀនក្មេងៗដែលត្រូវការការថែទាំជាពិសេសបែបនេះនៅក្នុងខណ្ឌឫស្សីកែវដែរ។
អ្នកស្រីមានប្រសាសន៍ថា ផ្អែកតាមបទពិសោធដែលអ្នកស្រីជួបជាមួយកូន ក្មេងមានអូទីហ្សឹមហាក់បង្ហាញពីការមិនមានការសម្លឹងភ្នែក មិនមានភាសា មិនចេះទំនាក់ទំនងឬលេងជាមួយអ្នកដទៃ លេងម្នាក់ឯង លេងដដែលៗ ចូលចិត្តលេងតម្រៀបជួរ រលាស់ចុងដៃ លោត បង្វិលខ្លួនចុះឡើងជាដើម។
អ្នកស្រីសង្កេតឃើញថា ឪពុកម្ដាយដែលរវល់នឹងការងារច្រើន តែងតែឲ្យកូនលេងទូរសព្ទ ឬឧបករណ៏អេឡិចត្រូនិកផ្សេងៗទៀត ដែលនេះជារនាំងបាំងការទទួលបានចំណេះដឹងពីស្ថានភាពសង្គមជាក់ស្តែង។ ការណ៍នេះហើយ អ្នកស្រីថា ធ្វើឲ្យក្មេងខ្សោយ និងយឺតយ៉ាវក្នុងការបង្កើតទំនាក់ទំនង និងជំនាញភាសាតាំងពីវ័យក្មេង ក៏ដូចជាមិនសូវចេះអត់ធ្មត់ ឆេវឆាវ និងមួម៉ៅច្រើន។
អ្នកស្រីថា តាំងពីកើតមកកូនប្រុសអ្នកស្រី សក្កដា មិនដែលយំទេ។ ពេលអ្នកស្រីបំបៅដោះ កូនអ្នកស្រីមិនសូវមានសកម្មភាពអ្វីដែរ ហើយក៏មិនសូវនិយាយអ្វីដែររហូតដល់អាយុជិតបួនឆ្នាំហើយក្ដី។
អ្នកស្រីបន្តថា៖ «ក្នុងនាមជាម្តាយមួយរូប ដែលមានកូនអូទីហ្សឹមខ្ញុំ សូមលើកទឹកចិត្តដល់ឪពុកម្តាយផ្សេងទៀត ដែលមានបញ្ហានេះដែរ សូមកុំអស់សង្ឃឹម។ ពិតណាស់អូទីហ្សឹម មិនអាចព្យាបាលឲ្យជាបានទេ ប៉ុន្តែកូនរបស់អ្នកនឹងមានភាពល្អប្រសើរឡើងតាមរយៈការបង្រៀនបែបរចនាសម្ព័ន្ធជាក់លាក់ពីអ្នកជំនាញ»។
សព្វថ្ងៃនេះ សក្កដា មានស្ថានភាពល្អប្រសើរជាមុន ដោយអាចទាក់ទងជាមួយអ្នកផ្សេង និងអាចបង្ហាញពីចំណង់របស់ខ្លួន ក៏ដូចជាអាចធ្វើរឿងជាច្រើនផ្សេងទៀតបានដោយខ្លួនឯង ដូចជាពាក់ស្បែកជើង ងូតទឹក ស្លៀកពាក់ ដុសធ្មេញ និងញ៉ាំអាហារ ជាដើម។
លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ និងជាប្រធានបណ្ដាញអូទីហ្សឹមកម្ពុជា មានប្រសាសន៍ថា ឪពុកម្ដាយគួរតែព្យាយាមស្វែងយល់ពីរោគសញ្ញាអូទីហ្សឹមលើកូនតាំងពីកូនមានវ័យ ១៨ខែ ទៅ២៤ខែ។
លោកបន្តថា ក្មេងៗទាំងនោះអាចជួបការលំបាកផ្នែកទំនាក់ទំនងសង្គម ខណៈដែលក្មេងផ្សេងទៀតមិនមានបញ្ហាអ្វីនោះទេ។ ក្មេងទាំងនេះអាចមិនសូវនិយាយស្ដី ឬបង្ហាញអារម្មណ៍ ឬក៏មិនសូវឆ្លើយតបទៅនឹងការសួរនាំផ្សេងៗ ដែលនេះក៏អាចដោយសារតែពួកគេមានសមត្ថភាពខាងភាសាមានកម្រិត។ ពួកគេក៏អាចមិនសម្លឹងអ្នកផ្សេងដោយចំមុខ ឬចែករំលែងអារម្មណ៍ផ្ទាល់ខ្លួនជាមួយអ្នកផ្សេងដែរ ហើយក្មេងមានអូទីហ្សឹមជាច្រើនទៀតមិនយល់អារម្មណ៍របស់មនុស្សដែលគេកំពុងនិយាយជាមួយផងដែរ។
បច្ចុប្បន្នមានសិស្សមានអូទីហ្សឹមចំនួន ២១៥នាក់ ក្នុងនោះមានសិស្សស្រីចំនួន ៥៦នាក់ កំពុងសិក្សានៅក្នុងវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ក្នុងខេត្តកណ្ដាល។
សិស្សមានអូទីហ្សឹមជាច្រើនបានចុះឈ្មោះចូលរៀន ដែលភាគច្រើនមានអាយុចន្លោះពីបីទៅប្រាំពីរឆ្នាំ ស្របទៅតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីគោលនយោបាយអប់រំបរិយាបន្ន។
យ៉ាងណា លោកថានៅមានសិស្សជាង ២០០នាក់ផ្សេងទៀតកំពុងរង់ចាំចុះឈ្មោះចូលរៀន ព្រោះតែពេលនេះសាលាខ្វះខាតអគារ និងគ្រូបង្រៀន។ លោកឲ្យដឹងដែរថាអគាថ្មីនឹងត្រូវសង់បន្ថែម ដោយមានទាំងអគាស្នាក់នៅ និងអគាសិក្សា ដោយមានការគាំទ្រពីក្រសួង។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់ខេមបូចាថា ក្រសួងអប់រំបានបន្តពង្រីកវិសាលភាពការអប់រំពិសេសទៅតាមលទ្ធភាព និងធនធានជាក់ស្តែងស្របតាមតម្រូវការសិក្សា ដោយឲ្យត្រូវទៅនឹងផែនការយុទ្ធសាស្រ្តវិស័យអប់រំ ២០១៩-២០២៣។
លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ ឲ្យដឹងថាតាមការប៉ាន់ស្មានអ្នកមានអូទីហ្សឹមមានចំនួន ១ ៣១៣នាក់ នៅក្នុងខេត្តក្រុងចំនូន១៨ ទូទាំងប្រទេស ហើយក្នុងនោះភេទប្រុសមាន ៩៤១នាក់ និងភេទស្រីមាន ៣៧២នាក់។ ការសិក្សាស្រាវជ្រាវនៅខេត្តចំនួនប្រាំពីរទៀតកំពុងបន្តធ្វើនៅឡើយ។
លោក សុវាចា មានប្រសាសន៍បន្ថែមថា ការអប់រំពិសេសដើរតួយ៉ាងសំខាន់ក្នុងការអបរំសិស្សជាមួយនឹងតម្រូវការការសិក្សាពិសេស ដើម្បីអាចចូលខ្លួនទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។ លោកលើកឡើងថា វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ចូលរួមលើកកម្ពស់ការអប់រំពិសេសដោយចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដែលមានកូនមានពិការភាព ដែលស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពស្តីពីការអប់រំឆ្នាំ២០៣០៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Parents of children with autism struggle with the effects of mobile phone usage