អាណាព្យាបាលដែលកំពុងអង្គុយចាំយកកូនតូចៗរបស់ពួកគេចេញពីរៀននៅសាលាបឋមសិក្សាកំពង់តាឡុង ស្ថិតក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង បារម្ភអំពីសុវត្ថិភាព និងសុខភាព ខ្លាចមានគ្រោះថ្នាក់ ដោយសារតែសាលារៀនមួយនេះមិនមានរបង ខណៈឡានតូចធំដឹកដីកាត់ផ្លូវមុខសាលារៀនតាំងពីព្រឹកដល់ល្ងាច និងបង្កឱ្យមានដីហុយខ្លាំង។
ធ្វើដំណើរតាមផ្លូវជាតិលេខ២ បត់ស្ដាំទៅតាមផ្លូវចូលភូមិបឹងខ្យាង ដែលជាផ្លូវមួយដ៏មមាញឹក ត្បិតគេឃើញមានរថយន្តដឹកដី និងដឹកថ្មតូចធំទៅចាក់បំពេញនៅប្រលានយន្តហោះថ្មីដែលជាគម្រោងរបស់ក្រុមហ៊ុន OCIC របស់ឧកញ៉ា ពង់ ខៀវសែ។
នៅលើបណ្ដោយផ្លូវលំនេះ នៅខាងឆ្វេងដៃមានសាលាបឋមសិក្សាមួយមានអគារមួយខ្នងមាន៦បន្ទប់ និងមានរោងមួយដាច់ដោយឡែកសម្រាប់ថ្នាក់មត្តេយ្យសិក្សា។ សាលារៀននេះ មិនមានរបងហ៊ុមព័ន្ធជុំវិញទីធ្លាសាលាឡើយ។
អង្គុយចាំកូនស្រីដែលរៀនថ្នាក់មតេ្តយ្យ អ្នកស្រីសំណាង អាយុ២៧ឆ្នាំ ជាពលរដ្ឋរស់នៅ ភូមិកំពង់តាឡុង លើកឡើងថា អ្នកស្រីមានការបារម្ភជាខ្លាំងអំពីសុត្ថិភាពកូនស្រីអាយុ៤ឆ្នាំ របស់អ្នកស្រី ត្បិតថាពេលចេញលេងម្ដងៗ ខ្លាចកូនរបស់ខ្លួនដើរលេងទៅផ្លូវថ្នល់ដែលមានឡានធំៗដឹកដីទៅមកមិនដែលដាច់។
ថ្លែងទាំងក្ដីបារម្ភ អ្នកស្រីនិយាយថា៖ «ពេលខ្លះដាក់កូន[ជូនកូនមករៀន]ហើយទៅផ្ទះធ្វើម្ហូប អ៊ីចឹងអត់ដឹងថាចេញលេង គាត់ទៅក្រៅ ឬនៅក្នុងសាលាទេ បើមានរបងការពារសុវត្ថិភាពពួកគាត់ដែរព្រោះអីមានឡានធំៗ»
ថ្វីត្បិតតែគ្រោះថ្នាក់មិនទាន់កើតមាន ក៏ប៉ុន្តែអាណាព្យាបាលនៅតែមានកង្វល់ ហើយតែងបារម្ភនិងភ័យខ្លាចមានបញ្ហាណាមួយកើតឡើងដោយចៃដន្យ ត្បិតសាលាគ្មានរបងបិទបាំង ខណៈពេលឡានបើកបរកាត់ម្ដងៗ ដីហុយជះចូលមកសាលារៀន និងផ្ទះប្រជាពលរដ្ឋផងដែរ។
អ្នកស្រី សំណាង ប្រាប់ថា៖ «បើមានគេស្រោចទឹកមានអីទៅ ពេលគាត់ចេញលេងវាអត់មានធូលីដីប៉ះពាល់ដល់សុខភាពពួកគាត់ដែរ»។
បើតាមការសាកសួរសិស្សានុសិស្សនៅសាលាបឋមកំពង់តាឡុង ពួកគេលើកឡើងដូចៗគ្នាថា ពួកគេចង់បានរបងសាលា ដើម្បីសុវត្ថិភាព និងទឹកស្អាតសម្រាប់ប្រើប្រាស់ទៅតាមតម្រូវការនៅក្នុងសាលារបស់ពួកគេ ខណៈបច្ចុប្បន្នសិស្សទាំងនោះមិនមានទឹកស្អាតប្រើឡើយ ដោយប្រើទឹកអណ្ដូង។
សិស្សានុសិស្សទាំងនោះនិយាយថា៖ «ខ្ញុំចង់បានរបងសាលា ហើយបារម្ភពីសុវត្ថិភាព ខ្លាចឡានកិន និងចង់បានទឹកស្អាត»។
អ្នកស្រី សំណាង តែងតែប្រាប់កូនរបស់ខ្លួនថា «កុំចេញលេងក្រៅរបងសាលា» និងជូនកូនមករៀន ហើយចាំយកកូនទៅផ្ទះជាប្រចាំមិនដែលខកខានឡើយ ត្បិតអ្នកស្រីបារម្ភពីសុវត្ថិភាពកូនរបស់អ្នកស្រី។
ក្នុងនាមជាអាណាព្យាបាលមួយរូប អ្នកស្រី សំណាង លើកឡើងយ៉ាងដូច្នេះថា៖ «រឿងនេះវាធំដែរ កាលណាគាត់ធ្វេសប្រហែសតែមួយភ្លេត គាត់ចេញទៅក្រៅទៅ គាត់អត់បានមើលឡានមើលម៉ូតូទៅវាអាចមានបញ្ហាដល់អាយុជីវិត»។
ជាគ្រូបង្រៀនមួយរូបនៅសាលាបឋមសិក្សាកំពង់តាឡុង អ្នកស្រី ឡុញ វណ្ណា អាយុ៤១ឆ្នាំ លើកឡើងថា អ្នកស្រីពិតជាចង់ឱ្យសាលាដែលអ្នកស្រីបង្រៀន មានរបងជុំវិញសាលាត្រឹមត្រូវ ដើម្បីធានាបាននូវសុវត្ថិភាពសិស្សពីថ្នាក់មត្តេយ្យសិក្សា រហូតដល់សិស្សថ្នាក់ទី៦។ អ្នកស្រីលើកឡើងដូច្នេះ ក្រោមហេតុផលថា មានឡានដឹកដីច្រើនចរាចរយ៉ាងមមាញឹក ទើបបារម្ភពីសុវត្ថិភាពសិស្សខ្លាចមានគ្រោះថ្នាក់ដោយសារតែឡានដឹកដីទាំងនោះ ត្បិតកន្លងមកធ្លាប់មានគ្រោះថា្នក់ជាមួយម៉ូតូ ប៉ុន្តែមិនធ្ងន់ធ្ងរទេ។
អ្នកស្រីនិយាយថា៖ «ខ្ញុំបង្រៀននៅទីនេះតាំងពីឆ្នាំ២០០៨មក សាលារៀននេះមិនមានរបងថ្មទេ មានតែរបងសំណាញ់ដាក់ឈើ ប៉ុន្តែការការពារនេះ មិនមានសុវត្ថិភាពដល់សិស្សទេ ខ្ញុំបារម្ភខ្លាចមានគ្រោះថ្នាក់ដល់សិស្សគាត់ចេញទៅក្រៅ យើងមើលអត់ទាន់ចឹង! កូនគេកូនយើង ខ្ញុំបារម្ភ»។
ដោយសារតែឡានដឹកដីឥតឈប់តាំងពីព្រឹកទល់ល្ងាចបង្កឱ្យមានដីហុយ អ្នកស្រី វណ្ណា បន្តថា៖ «នៅពេលដែលដីហុយគឺប៉ះពាល់សុខភាពសិស្ស ហើយមិនថាតែសុខភាពសិស្សទេ សូម្បីតែអ្នករស់នៅជុំវិញហ្នឹងគឺប៉ះពាល់ទាំងអស់ ហុយណាស់មួយថ្ងៃៗ ដោយសារតែដឹកចេញចូលៗ មិនបានស្រោចទឹកដិតដល់»។
ក្រៅតែពីមិនមានរបងសម្រាប់ធានាសុវត្ថិភាពសិស្ស សាលាបឋមសិក្សាមួយនេះ មិនទាន់មានទឹកស្អាតសម្រាប់ឱ្យសិស្សទទួលទាន ខណៈប្រព័ន្ធទឹកលាងដៃក៏គ្មាន ដែលតម្រូវឱ្យអាណាព្យាបាលច្រកទឹកពីផ្ទះឱ្យកូនៗរបស់ពួកគេទទួលទាន ឬទិញទឹកហូបនៅសាលា ហើយបង្គន់អនាម័យទៀតសោត នៅមិនទាន់គ្រប់គ្រាន់សម្រាប់បំពេញតម្រូវការសិស្ស និងគ្រូផងដែរ។
អ្នកស្រី វណ្ណា មានប្រសាសន៍ថា៖ «ប្រព័ន្ធទឹកលាងដៃ ទឹកស្អាត សំខាន់ត្រូវតែមាន ហើយបង្គន់អនាម័យមានដែរ តែខាងមត្តេយ្យចឹងអត់មាន មានតែរបស់បឋម កូនសិស្សខ្លះតូចគាត់ឃើញអនាម័យរបស់សិស្សធំៗច្របូកច្របល់ គាត់សុំទៅផ្ទះពេលឈឺពោះ»។
អង្គុយលើម៉ូតូក្រោមដើមឈើអំពិលបារាំង ចាំយកចៅប្រុសស្រីចេញពីសាលារៀន លោក សុផាត ស្នើឱ្យនាយកសាលា និងអ្នកពាក់ព័ន្ធនានា ជួយកសាងរបងសាលា ដើម្បីធានាបាននូវសុវត្ថិភាពសិស្សានុសិស្ស និងចៅរបស់លោកផង។ លោកថា បើសាលានេះមានរបងបិទជិតត្រឹមត្រូវ ទើបលោកមានភាពកក់ក្ដៅចំពោះសុវត្ថិភាពចៅៗរបស់លោកដែលមករៀននៅសាលានេះ។
លោកនិយាយថា៖ «ឡានដឹកទាំងតោនៗចឹង! ចៅខ្ញុំពីរបីនាក់ឯណោះ។ មានរបងវាធានា ឡានដឹងដីម្ងៃៗច្រើនសឹងអី បារម្ភសឹងអី បើកិនទៅដូចចេកចៀនចឹង។ បើមាន[របង]ខ្ញុំទុកចិត្ត»។
នាយកសាលាបឋមសិក្សា កំពង់តាឡុង លោក អេង សំរ៉ុង អាយុ៥៣ឆ្នាំ ថ្លែងថា ក្នុងនាមលោកជានាយកសាលាពិតជាមានក្ដីបារម្ភចំពោះបញ្ហាសុវត្ថិភាពសិស្សសាលា ប៉ុន្តែសាលារបស់លោកមិនទាន់មានលទ្ធភាពសាងសង់សំណង់ទាំងនោះទេ។
លោក សំរ៉ុង មានប្រសាសន៍ថា៖ «រឿងបារម្ភយើងបារម្ភហើយ តែយើងវាអត់មានលទ្ធភាពធ្វើ។ ខាងព្រលានគេក៏ចង់ធ្វើដែរ តែគេថាចាំពង្រីកផ្លូវសិន វាអ៊ីចឹងបាទ! ទេចឹងមិនដឹងថ្ងៃណាបើគេនិយាយចឹង ខ្ញុំម៉េចហ៊ានអះអាង»។
លោក សំរ៉ុង មានប្រសាសន៍ថា ធ្លាប់បានដាកសំណើរទៅក្រុមហ៊ុនព្រលានយន្តហោះចំពោញការស្នើសុំឱ្យជួយកសាងរបងសាលានេះដែរ តែមិនទាន់មានការឆ្លើយតប ខណៈមិនបានដាក់ទៅមន្ទីរអប់រំ ឬក្រសួងឡើយ។
លោកថ្លែងថា៖ «ដាក់សំណើរសុំទៅខាងព្រលានអីដែរ តែគេថាធ្វើអត់ទាន់កើតព្រោះផ្លូវត្រូវពង្រីក។ ខ្ញុំអត់ដែលស្នើផង ក្រសួងមន្ទីរអីអត់ផង»។
នាយកសាលារូបនេះបន្ថែមថា ក្រៅតែពីបញ្ហារបងសាលាមិនទាន់មាន សាលាលោកក៏មានការខូចខាតមួយចំនួនដែរដែលតម្រូវឱ្យកសាងជាបន្តបន្ទាប់ ខណៈមិនទាន់មានទឹកស្អាតសម្រាប់ឱ្យសិស្សប្រើឡើយ ដោយប្រើទឹកអណ្ដូងស្នប់ជំនួស។
លោកនាយកសាលានិយាយថា៖ «ទ្វារបង្អួចក៏វាខូចខាត តែខ្ញុំត្រូវកសាងជាបន្តបន្ទាប់ តែទឹកស្អាតខ្ញុំមិនទាន់តចូលផង រាល់ថ្ងៃខ្ញុំប្រើទឹកអណ្ដូងស្នប់យើងបូម ទឹកណ្ដូងវាល្អគេត្រួតពិនិត្យថាប្រើបាន ក្មេងវាអត់ដែលហូបទឹកហ្នឹងផង វាយកពីផ្ទះមក»។
ទាក់ទងនឹងបញ្ហានេះ លោក អ៊ែល អឿន មេភូមិកំពង់តាឡុង បានឱ្យដឹងថា បញ្ហារបងសាលាបឋមសិក្សាកំពង់តាឡុង លោកធ្លាប់បានសាកសួរទៅខាងនាយកសាលាដែរ ហើយលោកចាត់ទុកថាជារឿងសំខាន់ដែលត្រូវដោះស្រាយ ដើម្បីសុខសុវត្ថិភាពសិស្សសាលា។
លោក អឿន លើកឡើងថា៖ «សំណើរទើបតែដាក់លើកទីមួយបានពីរបីខែ ទៅឃុំទៅព្រលានក៏ដូចរដ្ឋាភិបាលដែរ។ សំខាន់បើមានរបង បិទទ្វារកុំឱ្យក្មេងរត់លេងមកលើផ្លូវ ផ្លូវឡានដឹកដីដឹកថ្ម»។
មេភូមិកំពង់តាឡុង អះអាងថា លោកនឹងលើកពីបញ្ហាដែលសាលារៀនក្នុងមូលដ្ឋានរបស់លោកខ្វះខាត នៅពេលបើកអង្គប្រជុំក្រុមប្រឹក្សាឃុំ។ ហើយលោកលើកទឹកចិត្តឱ្យនាយកសាលាលើកឡើងពីបញ្ហាដែលប្រទះ ត្បិតមិនដែលឃើញលោកនាយកសាលាបឋមសិក្សាកំពង់តាឡុង លើកឡើងពីបញ្ហាទាំងអស់នោះសោះ។
លោក អឿន បន្ថែមថា៖ «នាយកគាត់អត់មានដាក់ពាក្យសុំសោះ ចេះតែស្ងាត់ៗ ពេលប្រជុំការងារម្ដងៗគាត់លើកអាបញ្ហាហ្នឹងខ្លះទៅ បានវារលូន បើគាត់អត់លើកសោះយើងវាពិបាកដែរ សំខាន់គាត់ម្ចាស់ផ្ទះ ដូចមេគ្រួសារអ៊ីចឹង»។
ចំណែកមេឃុំបឹងខ្យាង លោក ណៃ ចាន់ឌី លើកឡើងស្រដៀងនឹងមេភូមិកំពង់តាឡុង ថាលោកនាយកសាលាកំពង់តាឡុង មិនដែលបានដាក់សំណើ ឬនិយាយអំពីបញ្ហាដែលសាលាជួបប្រទះការខ្វះខាតឡើយ ភាគច្រើនគឺខាងភូមិនិងឃុំតែងតែអើពើច្រើនជាង។
លោក ចាន់ឌី ឱ្យដឹងថា៖ «មិនមែនថាបន្ទោសទេ ខាងនាយកហាក់បីដូចជាមិនយកចិត្តទុកដាក់ និយាយត្រង់ហ្មង៎ ខាងភូមិបញ្ហាផ្សេងៗគាត់ចេះជួយហូរហែហ្នឹង យើងជួយចាក់ដីចាក់អីហូរហែរហូត»។
លើកឡើងពីបញ្ហារបងសាលារៀន និងទឹកស្អាត លោកមេឃុំបឹងខ្យាង បញ្ជាក់ថានឹងលើកយល់បញ្ហានេះ ទៅជជែកជាមួយនាយកសាលា និងអ្នកពាក់ព័ន្ធដើម្បីរកដំណោះស្រាយ។
លោក ចាន់ឌី ថា៖ «នៅតាមសាលានីមួយៗគេក៏មានលុយរបស់គេដែរ ចង់ដឹងថាវាយ៉ាងម៉េចដែរបញ្ហាហ្នឹង គ្រាន់តែខ្ញុំមិនបានលូកដៃចូលទៅសួរនាំការប្រើប្រាស់ថវិកាអស់ហ្នឹងទេ»។
បើតាមអង្គការយូនីសេហ្វ ការផ្តល់ការគាំទ្រគ្រប់គ្រាន់ដល់ការរៀនសូត្ររបស់កុមារ មានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីឱ្យពួកគេអាចអភិវឌ្ឍខ្លួនឈានទៅសម្រេចបានសក្តានុពលរបស់ពួកគេ។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា យល់ឃើញថា សាលារៀនមួយមានភាពជាគំរូ មានបរិស្ថានស្អាត មានហេដ្ឋារចនាសម្ព័ន្ធល្អ លុះត្រាតែថ្នាក់ដឹកនាំសាលារៀនមានភាពជាអ្នកដឹកនាំ និងខ្វាយខ្វល់អំពីបញ្ហាដែលកើតមាននៅក្នុងសាលា ហើយព្យាយាមរកដំណោះស្រាយ។
អ្នកស្រី ឆាយ៉ាវី ថ្លែងថា៖ «នេះជាកំហុសបច្ចេកទេសរបស់នាយកសាលា ព្រោះអីជាធម្មតានាយកសាលាត្រូវខ្នះខ្នែង ខ្វះតុខ្វះកៅអីរកជំនួយ ស្នើទៅក្រសួងទៅគេមានកញ្ចប់ថវិកាជួយ»។
អ្នកស្រីសង្កត់ធ្ងន់ថា បញ្ហានេះក្រសួងអប់រំគូរពិនិត្យមើលអំពីការគ្រប់គ្រងរបស់មន្ត្រីថ្នាក់ក្រោម ដែលមិនបានបំពេញការងារឱ្យមានប្រសិទ្ធិភាពនៅក្នុងវិស័យអប់រំ ដែលអាចជះឥទ្ធិពលដល់ការសិក្សារបស់កុមារ។
អ្នកស្រីបន្ថែមថា៖ «ក្រសួងត្រូវយកចិត្តទុកដាក់មន្ត្រីថ្នាក់ក្រោមឱ្យបានល្អប្រសើរផង ត្រូវមើលថាតើធ្វើយ៉ាងណាទាំងរដ្ឋបាលទាំងបរិស្ថានជុំវិញហ្នឹងបានប្រសើរឡើង»៕