សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាបឋមសិក្សាមួយនៅតំបន់ទន្លេសាប​ក្នុងខេត្តបាត់ដំបង «ប្រឈមនឹងការខ្វះខាតសម្ភារៈសិក្សា» និងមធ្យោបាយធ្វើដំណើរ

សិស្សានុសិស្សកំពុងជិះទូកជាមួយគ្រូបង្រៀនដើម្បីទៅសាលាបឋមសិក្សាពាក់កន្ទេល ស្ថិតនៅតំបន់បឹងទន្លេសាប ក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ (រូបភាពផ្ដល់ឱ្យ)
សិស្សានុសិស្សកំពុងជិះទូកជាមួយគ្រូបង្រៀនដើម្បីទៅសាលាបឋមសិក្សាពាក់កន្ទេល ស្ថិតនៅតំបន់បឹងទន្លេសាប ក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ (រូបភាពផ្ដល់ឱ្យ)

សាលាបឋមសិក្សាពាក់កន្ទេល ដែលមានចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង កំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជាសាលាទ្រុឌទ្រោម គ្មានមធ្យោបាយសម្រាប់ដឹកសិស្ស ណាមួយឆ្នាំនេះ ទឹកទន្លេស្រកខ្លាំងដែលប៉ះពាល់ដល់ការសិក្សារបស់កុមារ និងខ្វះខាតសម្ភារៈសិក្សាជាច្រើន។

មិនដូចសាលានៅតំបន់ដីគោកនោះទេ សាលាបឋមសិក្សា«ពាក់កន្ទេល» ស្ថិតក្នុងភូមិពាក់កន្ទេល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កំពុងខ្វះខាតសម្ភារសិក្សាដូចជា តុ កៅអី  ស្របពេលដែលការធ្វើដំណើរទៅសាលារៀនមានការលំបាកដោយសារតែទឹកទន្លេសាបរីងស្ងួតខ្លាំង ដូច្នេះធ្វើឲ្យសិស្សានុសិស្ស រួមទាំងប្រជាពលរដ្ឋនៅតំបន់នោះប្រឈមនឹងបញ្ហាលំបាកមួយចំនួន។

លោក ហួត រតនា នាយកសាលាបឋមសិក្សាពាក់កន្ទេល ថ្លែងប្រាប់ ខេមបូចា យ៉ាងដូច្នេះថា សាលាបឋមសិក្សាពាក់កន្ទេល បង្កើតឡើងនៅឆ្នាំ២០០០ និងមានសិស្សចំនួន២៤៩នាក់ ដែលមានកម្រិតថ្នាក់ចាប់ពីថ្នាក់ទី១ដល់ទី៦។ នៅតំបន់នេះប្រជាពលរដ្ឋធ្វើដំណើរដោយទូក និងនេសាទត្រីដើម្បីប្រកបរបចិញ្ចឹម​ជីវិត​។ សម្រាប់ថ្នាក់អនុវិទ្យាល័យវិញ គឺមានចម្ងាយឆ្ងាយពីលំនៅឋាន សិស្សត្រូវធ្វើដំណើរប្រមាណ៣ម៉ោង​។ សិស្សខ្លះត្រូវឈប់រៀនដោយសារតែកត្តាជីវភាព និងកត្តាប្រឈមផ្សេងៗទៀត។

លោកនាយកថ្លែងថា៖ «ភាគច្រើនសិស្សប្រុសបោះបង់ការសិក្សា គាត់រៀនបានត្រឹមថ្នាក់ទី៦ គាត់ឈប់មិនបានរៀនតទៅទៀតទេ ព្រោះវាឆ្ងាយពីអនុវិទ្យាល័យ។ ហើយខ្លះទៀតឲ្យកូនរៀនត្រឹមតែចេះគុណ បូក លេខ គាត់ឲ្យកូនឈប់រៀនដើម្បីប្រើ»។

បច្ចុប្បន្នសាលាបឋមសិក្សាពាក់កន្ទេល កំពុងជួបប្រទះនឹងការខ្វះខាតសម្ភារៈសិក្សាមួយចំនួន ព្រមទាំងមធ្យោបាយធ្វើដំណើរសម្រាប់សិស្សផងដែរ។ បញ្ហានេះ លោកនាយកសាលារំពឹងថា អភិបាលស្រុក និងអ្នកពាក់ព័ន្ធនានាពន្លឿនដោះស្រាយបញ្ហា ត្បិតវានឹងជះឥទ្ធិពលដល់ការរៀនរបស់សិស្សផងដែរ។

លោក រតនា ថ្លែងថា៖ «នៅខែវស្សាយើងរៀននៅសាលាកណ្ដាលទន្លេ ហើយខែប្រាំងរៀនបណ្ដោះ​អាសន្ន​នៅសាលាបុណ្យ។ សម្ភារៈសិក្សាខ្វះខាត ក្ដាខៀនក៏រាងយ៉ាប់ដែរឡើងហើមហើយពុក ខ្វះតុ និង»។

លោកនាយកសាលាបន្តថា កន្លងមកលោកធ្លាប់ដាក់សំណើរទៅថ្នាក់លើដែរ ប៉ុន្តែហាក់មិនមានដំណោះស្រាយសោះ។ លោកបញ្ជាក់ថា៖«ដាក់ទៅអត់មានអ្នកឆ្លើយតបនៅពេលសំណូមពរឲ្យជួយ លើកមុនសូម្បីចៅហ្វាយស្រុកថាឲ្យក្ដាខៀនខ្ញុំ៣ តាំងពីដើមឆ្នាំមកដល់ថ្ងៃនេះមិនទាន់បានផង»។

ទោះបីជាយ៉ាងនេះក្ដី នាយកសាលារូបនេះបារម្ភថា សិស្សានុសិស្សនឹងបោះបង់ការសិក្សាច្រើនជាងនេះ ដោយសារតែកត្តាសាលារៀនខ្វះខាត ព្រមទាំងកត្តាជីវភាពគ្រួសារពួកគេខ្វះខាត។ ហើយបញ្ហាទាំងនេះ គឺទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឲ្យកុមការបន្តរៀនទៅមុខទៀត។

បើតាមអ្នកស្រីប្រាង ឌីឆាយ៉ា ជាគ្រូបង្រៀនថ្នាក់ទី២ នៃសាលាបឋមសិក្សាពាក់កន្ទេល ប្រាប់ឲ្យដឹងថា សាលានេះជួបប្រទះនឹងការខ្វះខាតជារៀងរាល់ឆ្នាំ ហើយបញ្ហានេះមិនទាន់មានដំណោះស្រាយនៅឡើយទេ បើទោះបីជានាយកសាលាធ្លាប់ធ្វើការស្នើសុំទៅថ្នាក់លើក៏ដោយ។

អ្នកស្រីនិយាយថា៖ «មន្ទីរគេចុះមកមើលដែរ ថាទិញក្ដាខៀនឲ្យ តែមិនដឹងខែណា មួយឆ្នាំហើយមួយឆ្នាំទៀត ខណៈសាលារៀនគេធ្វើឲ្យ តែខ្វះខាតសម្ភារ»។

គ្រូបង្រៀនរូបនេះរៀបរាប់ឲ្យដឹងថា តំបន់បឹងទន្លេសាបនេះ មានទីតាំងភូមិសាស្រ្តនេះប្រែប្រួលទៅតាម​​រដូវ​កាល ជាហេតុនៅពេលទឹកទន្លេស្រក ធ្វើឲ្យសិស្សត្រូវប្ដូរទីតាំងទៅរៀនមានចម្ងាយឆ្ងាយប្រមាណជា៨គីឡូម៉ែត្រ។ បច្ចុប្បន្នទឹកទន្លេមានសភាពរីងគោកមិនអាចធ្វើដំណើរតាមទូក។

អ្នកស្រីបន្ថែមថា សិស្សនៅទីនេះ គឺបោះបង់ការងារសិក្សាច្រើន ហើយឪពុកម្ដាយមានលទ្ធភាពឲ្យកូនរៀនត្រឹមថ្នាក់ទី៦ ឬថ្នាក់ទី៥ប៉ុណ្ណោះ។ គ្រូបង្រៀនរូបនេះបន្ថែមថា នៅពេលបញ្ហាជាច្រើនកើតឡើងដដែលៗ វាបានធ្វើឲ្យប៉ះពាល់ទៅដល់ការបង្រៀនរបស់គ្រូបង្រៀន និងការសិក្សារបស់សិស្សផងដែរ។ សិស្សខ្លះអង្គុយ​លើកៅអី សិស្សខ្លះអង្គុយផ្ទាល់លើក្ដា ដោយសារតែសាលាមិនមានសម្ភារៈគ្រប់គ្រាន់សម្រាប់ឲ្យសិស្សរៀន។

អ្នកស្រីនិយាយថា៖ «សំណូមពរឲ្យគេជួយឧបត្ថម្ភក្ដាខៀន តុ កៅអី និងម៉ាស៊ីនសម្រាប់បើកទៅបង្រៀនសិស្ស ត្បិតសិស្សភាគច្រើនមិនមានអ្វីធ្វើដំណើរទៅរៀន គឺជិះជាមួយគ្រូបង្រៀន»។

កុមារតូចៗដែលរៀននៅសាលាបឋមសិក្សាពាក់កន្ទេល កំពុងធ្វើដំណើរតាមទូក ដើម្បីទៅរៀនជាមួយគ្រូបង្រៀន​។ (រូបភាពផ្ដល់ឱ្យ)

លោក រិន​ ប៊ុនតាំង អាយុ៤២ ឆ្នាំជាមេភូមិពាក់កន្ទេល បានលើកឡើងថា តំបន់នេះជានិច្ចជាកាលទឹកទន្លេតែងរីងគោកធ្វើឲ្យប្រជាពលរដ្ឋ សិស្សានុសិស្សពិបាកធ្វើដំណើរទៅរៀនសូត្រ  ប្រកបរបរចិញ្ចឹមជីវិត។ ចំណែកសាលាបឋមសិក្សាវិញ ក៏ប្រទះនឹងកង្វះខាតសម្ភារៈសិក្សាសម្រាប់សិស្សផងដែរ។

មេភូមិរូបនេះបញ្ជាក់ថា៖ «ទឹករីងតិចៗសិស្សខ្លះខ្វះខាតសម្ភារៈធ្វើដំណើរ អ្នកខ្លះអុំចានដែក។ វារីងរាល់ឆ្នាំ បានស្នើទៅថ្នាក់លើដែរដើម្បីជីកប្រលាយទុកធ្វើដំណើរឆ្លងទៅឆ្លងមក»

ដោយសារតែសាលាមានចម្ងាយឆ្ងាយប្រមាណ៥គីឡូម៉ែត្រ ដូច្នេះសិស្សពិបាកធ្វើដំណើរ។ សិស្សខ្លះដោយសារតែពិបាកធ្វើដំណើរផ្អាកការសិក្សាក៏មាន។ បច្ចុប្បន្នសិស្សមួយចំនួនត្រូវដើរកាត់ភក់ដែលរីងនៅក្នុងទន្លេទៅរៀននៅសាលារោងបុណ្យបណ្ដោះអាសន្នសិន។

លោកមេភូមិបន្ថែមថា៖‍ «គ្រួសារណាដែលអត់ មិនមានសម្ភារៈគ្រប់គ្រាន់សិស្សខ្លះខកខានរៀនប្រហែល១០ ទៅ២០ភាគរយដែរ។ ខ្ញុំសំណូមពរអង្គការក្នុងស្រុកនិង​ក្រៅស្រុក និងថ្នាក់ដឹកនាំ ជួយសាលាបឋមសិក្សាពាក់កន្ទេលផង ព្រោះសាលានេះក្រខ្សត់ ខ្វះសម្ភារៈប្រើប្រាស់ និងសម្ភារៈចម្លងសិស្ស»។

គ្រូបង្រៀនមួយរូបទៀត គឺអ្នកស្រី ផាន ចាន់នាត ប្រាប់ឲ្យដឹងថា  មិនថានៅរដូវប្រាំង ឬវស្សា តំបន់ដែលអ្នកស្រីបង្រៀនមានបញ្ហាប្រឈម និងជះឥទ្ធិពលដល់ការបង្រៀនសិស្ស។ បញ្ហានៅរដូវប្រាំង នៅពេលដែលទឹកទន្លេស្រក សិស្សត្រូវមករៀននៅរោងឈើបណ្ដោះអាសន្ន ត្បិតសាលាដែលមានស្រាប់នៅឆ្ងាយហើយពិបាកធ្វើដំណើរដោយទូក។ ក្រៅតែពីបញ្ហាទាំងនេះ សាលាមានសភាពទ្រុឌទ្រោម ខ្វះខាតសម្ភារៈបង្រៀនដូចជា តុ កៅអីជាដើម។

អ្នកស្រីចាន់នាត និយាយថា៖ «បញ្ហាប្រឈមទីមួយពេលទឹកស្រកសិស្សត្រូវធ្វើដំណើរទៅសាលារៀនឆ្ងាយប្រហែលបីគីឡូ ហើយទឹកទន្លេគោកសិស្សត្រូវដើរមករៀនដូចដែលបងបានឃើញក្នុងវីដេអូនឹងអញ្ចឹង។ ពេលដែលចូលទៅបង្រៀនខាងក្នុងអត់កើតសុំរោងបុណ្យអ្នកភូមិបង្រៀន»

អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល ថ្លែងប្រាប់«សារព័ត៌មានខេមបូចា» ចាប់តាំងពីមានការផ្លាស់ប្ដូរការគ្រប់គ្រងគ្រឹះស្ថានអប់រំពីថ្នាក់ជាតិ មកឲ្យថ្នាក់ក្រោមជាតិ រដ្ឋបាលស្រុកតែងតែចុះត្រួតពិនិត្យសាលារៀននៅតាមតំបន់នានា ជាពិសេសសាលាដែលជួបការលំបាក។ លោកអភិបាលស្រុករូបនេះទទួលស្គាល់ថា នៅភូមិពាក់កន្ទេល ប្រជាពលរដ្ឋជាង២០០គ្រួសារពិតជាប្រទះនឹងបញ្ហាលំបាកពិតមែន ហើយបញ្ហាសាលាបឋមសិក្សាទៀតសោត រដ្ឋបាលស្រុកក៏ធ្លាប់ចុះត្រួតពិនិត្យផងដែរ។

លោក សុផល បន្តទៀតថា នៅរដូវប្រាំងទឹកស្រកពលរដ្ឋរំកិលលំនៅឋាន សាលារៀនក្ដីមកកណ្ដាលទន្លេ ចំណែករដូវវស្សាក៏រំកិលលំនៅឋានមកទីតាំងដើមវិញ។ ចំពោះសំណើដែលពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានស្នើឲ្យជីកកូនប្រលាយ លោកថាអាជ្ញាធរមិនមានលទ្ធភាពឡើយ ហើយវាមិនអាចទៅរួចឡើយ ក្នុងការជីកកូនប្រលាយនៅក្នុងទន្លេ ខណៈការីងនេះវាមានរយៈពេលខ្លីតែប៉ុណ្ណោះ។

លោកសុផលថ្លែងថា៖ «រដ្ឋបាលឃុំបានដាក់មូលនិធិបានសាងសង់អគារឲ្យរួចផុតពីទឹកនៅភូមិពាក់កន្ទេលហ្នឹងហើយ។ ចំណុចនេះវាមានបញ្ហាប្រឈមខ្លាំងដោយយើងមិនអាចដោះបាន ដោយសារតែឆ្នាំនេះមានរដូវកាលរាំងយូរ និងក្ដៅធ្វើឲ្យទឹកទន្លេគោក។ កាលណាទន្លេគោកពិបាកធ្វើដំណើរ»។

អភិបាលស្រុករូបនេះអះអាងថា ជុំវិញបញ្ហាខ្វះខាតសម្ភារៈសិក្សាផ្សេងៗ រដ្ឋបាលខេត្តបានគិតគូរ និងបញ្ជូនសម្ភារៈទៅរួចហើយ និងធ្លាប់ចុះមើលទីតាំងផ្ទាល់បានចំនួនពីរដងផងដែរ។

លោក សុផល ថ្លែងថា៖ «យើងអាចជួយគាត់បាន ពេលរដូវទឹកឡើងនេះយើងនឹងគិតគូរជួយព្រោះមិនមែនជាសាលាធំ ដែលយើងគ្មានលទ្ធភាពជួយនោះទេ។ ចំពោះតុ និងកៅអី យើងនឹងជួសជុលតុកៅអីចាស់ៗ យកទៅជួយ»

កុមារតូចៗដែលរៀននៅសាលាបឋមសិក្សាពាក់កន្ទេល កំពុងធ្វើដំណើរតាមទូក ដើម្បីទៅរៀនជាមួយគ្រូបង្រៀន​។ (រូបភាពផ្ដល់ឱ្យ)

ជាអាណាព្យាបាលមួយរូបអ្នកស្រី ឯក ចន្ធី អាយុ៣៥ឆ្នាំ​ លើកឡើងថា ត្បិតថាតំបន់ទន្លេសាបទឹកស្រកនៅរដូវប្រាំង ទឹកឡើងនៅរដូវវស្សាជារៀងរាល់ឆ្នាំពិតមែន ប៉ុន្តែអ្នកស្រីចង់ឃើញមានការដោះស្រាយបញ្ហាដដែលៗនេះ ដើម្បីជាការជួយសម្រួលដល់ជីវភាព និងការសិក្សារៀនសូត្ររបស់កុមារនៅតំបន់បឹងទន្លេសាប។ កុមារពិបាកក្នុងការធ្វើដំណើរទៅរៀន ដោយសារតែទឹកទន្លេស្រកគោកខ្លាំង។ សិស្សខ្លះត្រូវដើរកាត់ភក់ ចំណែកសាលាក៏គ្មានមធ្យោបាយសម្រាប់ដឹកចម្លងសិស្សទៅរៀនផងដែរ។

អ្នកស្រី ចន្ធី និយាយថា៖ «បញ្ហានិងការលំបាកវាមានច្រើនណាស់ដោយសារតែសាលារៀននៅក្នុងព្រោះទឹកទន្លេវាគោកពេក ហើយនៅពេលដែលយើងធ្វើដំណើរប្រើពេល១ម៉ោង ហើយមិនមានមធ្យោបាយដឹកជញ្ជូនដូចជាកាណូតទៅរៀន ដូចកូនខ្ញុំពេលណាមានកាណូតចូលមកយកបានទៅរៀន ពេលណាអត់ក៏អត់បានទៅរៀនទៅ»

មានកូនរៀននៅថ្នាក់ទី១ និងថ្នាក់ទី៦ នៅសាលាបឋមសិក្សាពាក់កន្ទេល អ្នកស្រីថាធ្លាប់បានឃើញអាជ្ញាធរចុះមកពិនិត្យទីតាំង ប៉ុន្តែមិនទាន់ដឹងថាអាជ្ញាធរនឹងមានគម្រោងដោះស្រាយបញ្ហាប្រឈមនៅតំបន់អ្នកស្រីដោយវិធីណា ឬតាមរបៀបណានោះទេ។ ជាពលរដ្ឋមួយរូបអ្នកស្រី ចន្ធី ចង់ឃើញអាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូនានា ជួយសាលារៀនខ្វះខាតដូចនៅតំបន់អ្នកស្រី។

អ្នកស្រីថា៖ «ខ្ញុំគ្រាន់តែមកមើលថាគ្រូបង្រៀន ឬអត់ ហើយសាលារៀននៅតែទ្រុឌទ្រោមរហូតហ្នឹងព្រោះថានៅតំបន់ទន្លេខ្យល់ខ្លាំងយើងត្រូវការជួសជុល។ នៅតំបន់នេះខ្យល់ល្មមៗរបើកអស់ហើយផ្ទះសម្បែង យើងនៅកណ្ដាលទន្លេអ៊ីចេះគឺយ៉ាប់ណាស់»

ក្នុងនាមជាប្រជាជននៅតំបន់នេះ អ្នកស្រី ចន្ធី សំណូមពរឲ្យអាជ្ញាធរជួយជីកប្រលាយសម្រាប់មានផ្លូវទឹកធ្វើដំណើរនៅរដូវទឹកស្រក ជួយជួសជុលសាលារៀនដែលទ្រុឌទ្រោម ផ្ដល់សម្ភារៈសិក្សា និងកាណូតសម្រាប់ជាមធ្យោបាយដឹកកុមារនៅភូមិពាក់កន្ទេល។ ចន្ធី បញ្ជាក់ថា៖ «ខ្ញុំចង់បានជាងគេប្រឡាយ និងកាណូតសម្រាប់ដឹកសិស្សតែម្ដង សិស្សណាគ្នាអត់សឹងតែគ្មានទូកជិះផង ព្រោះទូកម្ដាយយកទៅរាយម៉ង»។

នៅឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យផ្ទេរមុខងារក្នុងវិស័យអប់រំ ទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រង និងការផ្ដល់សេវាអប់រំ ប្រកបដោយប្រសិទ្ធិភាព គុណភាព គណនេយ្យភាព តម្លាភាព បរិយាប័ន្ន និងសមធម៌សង្គមតាមរយៈការបង្ខិតការសម្រេចចិត្ត ខ្សែគណនេយ្យភាព និងការទទួលខុសត្រូវក្នុងការគ្រប់គ្រង និងការផ្ដល់សេវាទាំងនេះទៅឲ្យរដ្ឋបាលស្រុកខណ្ឌ​ទូទាំងប្រទេស។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា ថ្លែងប្រាប់ ខេមបូចា យ៉ាងដូច្នេះថា ថ្វីត្បិតតែរដ្ឋាភិបាលបានផ្ទេរមុខងារអប់រំទៅឲ្យថ្នាក់ខេត្ត ស្រុក និងខណ្ឌ ក្រសួងអប់រំនៅតែធ្វើប្រតិភូកម្មពីលើដើម្បីធានាឲ្យបាននូវគុណភាពនៃការអប់រំ។

លោកស្រី វិច្ឆិកា លើកឡើងថា៖ «នៅក្នុងមាត្រា២៤ក្រសួងអប់រំនៅតែបន្តធ្វើការទាក់ទងទៅផែនការ និងគោលនយោបាយ ការគាំទ្រទៅកាន់សាលារៀនក្នុងការកៀរគរថវិកានានា ដើម្បីគាំទ្រសាលារៀន ក៏ដូចជាអនុវត្តសម្រេចបាននូវគោលនយោបាយដែលក្រសួងបានដាក់ចេញ»

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ចំពោះបញ្ហាសាលានៅតំបន់ពាក់កន្ទេល ក្រសួងបានផ្ដល់ការគាំទ្រទៅកាន់គ្រូបង្រៀន និងនាយកសាលានូវប្រាក់បៀវត្សបន្ថែមលើសពីគ្រូដទៃ ហើយអ្វីដែលក្រសួងធ្វើបាននោះ គឺណែនាំទៅដល់នាយកសាលាធ្វើវិភាជន៍ថវិកានៅក្នុងដំណើរការសាលារៀនយកមកដោះស្រាយចំពោះតម្រូវការជាក់ស្ដែង។ បន្ថែមពីនេះក្រសួងអប់រំនឹងជំរុញ ពិនិត្យតាមដានជាមួយមន្ទីរអប់រំ និងជាមួយសាលាផ្ទាល់ដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពសិស្សនៅតំបន់នោះមានស្ថានភាពល្អប្រសើរឡើង។

អ្នកគ្រូកំពុងអង្គុយបង្ហាត់បង្រៀនសិស្សតូចៗ នៅសាលាបឋមសិក្សាពាក់កន្ទេល ស្ថិតនៅតំបន់បឹងទន្លេសាប ក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង​។ (រូបភាពផ្ដល់ឱ្យ)

យោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ បង្ហាញថា ក្រសួងអប់រំ គ្រោងចំណាយ ៤ ០៥១ ៧៨១លានរៀល (៩០០លានដុល្លារ)។ ដោយឡែកក្នុងវិស័យអប់រំ រដ្ឋាភិបាលគ្រោងនឹងដំឡើងបៀវត្សគ្រូបង្រៀន និងគ្រូពេទ្យពី ១ ៤០០ ០០០រៀល នៅឆ្នាំ២០២៣ ដល់ប្រមាណ១ ៤៥៦ ៩៥០រៀល។ ចំណែក បៀវត្សនគរបាលជាតិ នឹងត្រូវដំឡើងពី ១ ២៥១ ០០០រៀល នៅឆ្នាំ២០២៣ ដល់១ ៣០៦ ៥៥០រៀល។

ថ្មីៗនេះ ធនាគារពិភពលោក (World Bank) បានអនុម័តថវិកាបន្ថែមចំនួន ៧៩,៥ លានដុល្លារ ដើម្បីបង្កើនគុណភាព និងលទ្ធភាពទទួលបានការអប់រំនៅកម្ពុជា។ មូលនិធិនេះនឹងពង្រីកសកម្មភាពគម្រោងទៅកាន់សាលារៀនជាង ១ ៥០០ នៅទូទាំងប្រទេស ដោយផ្តោតលើការផ្តល់លទ្ធភាពទទួលបានការអប់រំដល់កុមារដែលជួបការលំបាក គ្រួសារក្រីក្រ និងជនមានពិការភាព។

ចំពោះហិរញ្ញប្បទាននេះនឹងគ្របដណ្តប់លើសកម្មភាពនៅក្នុងកម្រិតសាលាមធ្យមសិក្សាចំនួន ៥០០ សាលាបឋមសិក្សាចំនួន ១ ០០០ និងសាលាមត្តេយ្យចំនួន ៩០ ។ សកម្មភាពទាំងនេះរួមមានការបណ្ដុះបណ្ដាល និងឱកាសអភិវឌ្ឍន៍វិជ្ជាជីវៈសម្រាប់គ្រូបង្រៀន បច្ចេកវិទ្យាអប់រំសាកល្បង ការធ្វើទំនើបកម្មសៀវភៅសិក្សា រួមទាំងការសាងសង់ និងជួសជុលថ្នាក់រៀនបន្ថែមទៀត។

រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវគោលនយោបាយស្ដីពីការអប់រំប្រកបដោយបរិយាប័ន្ន ដើម្បី​គាំទ្រ​ និង​ដោះស្រាយ​បញ្ហា​លទ្ធភាព​ទទួល​បានការ​អប់រំ​របស់​សិស្ស​ ដោយ​ផ្តោត​ជា​ពិសេស​លើ​កុមារ​ដែល​មាន​តម្រូវការ​ពិសេស​ និង​ក្រុម​ដែល​ខ្វះខាត​។​

យ៉ាងណាមិញ ពលរដ្ឋមួយរូបទៀត គឺអ្នកស្រី ហួច ណៃ មានកូនរៀនថ្នាក់ទី២ ចង់ឃើញអាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហាដែលកើតឡើងជាយូរមកហើយនេះជូនប្រជាពលរដ្ឋ និងដើម្បីការអប់រំរបស់កុមារតូចៗឲ្យកាន់តែប្រសើរឡើង។

អ្នកស្រី ណៃ និយាយថា៖ «ខ្ញុំសំណូមពរឲ្យគាត់ជួយព្រោះ[សាលា] ខ្វះតាំងពីក្ដាខៀន តុ កៅអី និងស្មាច់[ ទូក]។ វាពិបាកណាស់ មិនដឹងទៅនិយាយប្រាប់អ្នកណាគេ ខ្ញុំចង់ឲ្យអាជ្ញាធរជួយពលរដ្ឋនៅទន្លេ»

អ្នកស្រីបន្ថែមថា សម្រាប់ជីវភាពរបស់អ្នកស្រី និងពលរដ្ឋដទៃទៀត គឺមានការខ្វះខាតជាខ្លាំង ជាហេតុធ្វើឲ្យឪពុកម្ដាយបង្ខំចិត្តឲ្យកូនឈប់រៀននៅវ័យក្មេងក្រោមហេតុផល ជីវភាពក្រីក្រ និងសាលារៀនបន្តថ្នាក់អនុវិទ្យាល័យនៅឆ្ងាយ។ នៅពេលដែលអ្នកសារព័ត៌មានសួរថា តើអ្នកស្រីនឹងបន្តឲ្យកូនរៀនត្រឹមថ្នាក់ទីប៉ុន្មាន អ្នកស្រី ណៃ ឆ្លើយថា៖ «គ្រូបង្រៀនត្រឹមថ្នាក់ទី៦  ហើយតាមលទ្ធភាពខ្ញុំនេះឲ្យកូនរៀនបានត្រឹមថ្នាក់ទី៤ ឬទី៥ ព្រោះសមត្ថភាពយើងវាអត់ ដល់ជំពាក់លុយអ្នកផ្សារ ខ្ញុំរាយម៉ង ចងសន្ទូចបានតែមួយហូបទេ»

សកម្មភាពសិស្សានុសិស្សកំពុងរៀន សិស្សខ្លះអង្គុយលើតុ សិស្សខ្លះអង្គុយផ្ទាល់នឹងរនាបសាលា ដោយសារតែសាលាបឋមសិក្សាពាក់កន្ទេល ខ្វះខាតសម្ភារៈសិក្សា។ (រូបភាពផ្តល់ឱ្យ)
546 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម