សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ពលរដ្ឋក្នុងខេត្តបាត់ដំបងចាញ់បោកក្រុមហ៊ុនចិញ្ចឹមសត្វរាប់លានដុល្លារ ស្នើឱ្យអាជ្ញាធរ​ជួយដោះស្រាយ

សត្វពពែមួយចំនួននៅក្នុងកសិដ្ឋានដែលក្រុមហ៊ុនអានស៊ីន បានបោះបង់ចោល នៅក្នុងភូមិបត់សាលា ស្រុកបាណន់ ខេត្តបាត់ដំបង។ រូបថតកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុខសាវី
សត្វពពែមួយចំនួននៅក្នុងកសិដ្ឋានដែលក្រុមហ៊ុនអានស៊ីន បានបោះបង់ចោល នៅក្នុងភូមិបត់សាលា ស្រុកបាណន់ ខេត្តបាត់ដំបង។ រូបថតកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុខសាវី

ជនរងគ្រោះម្នាក់ដែលចាញ់បោកក្រុមហ៊ុនមួយបានឱ្យដឹងថា៖ «ហ៊ឺ! សព្វថ្ងៃនេះខ្ញុំពិបាកខ្លាំង​នឹងគ្មានលុយបង់ធនាគារ ប្រឈមមុខ​នឹង​ឳពុក​ម្តាយក្មេក និងឪពុកម្តាយបង្កើត ដែលឱ្យ​គាត់​ខ្ចី​ធនាគារ​យកលុយមកចូលហ៊ុនរកស៊ី ហើយ​ត្រូវគេ​បោករាប់ម៉ឺនដុល្លារ និងឈ្លោះគ្នាជាមួយ ប្រពន្ធញឹកញាប់ពេលជជែករឿងហ្នឹងម្តងៗ»

ក្នុងទឹកមុខស្រងូតស្រងាត់ លោក អាង ផាន់ណា អាយុ៣២ឆ្នាំ រស់នៅភូមិរំជៃ ឃុំស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង បានរៀបរាប់បន្ថែមថា ក្រុមហ៊ុន អានស៊ីនអាវីសែនជ័យ​(ANSHIN RV SENCHEY CO​.LTD) បានបោកប្រាក់គាត់និងគ្រួសារអស់ជាង៥០ ០០០ដុល្លារ តាមរយៈការ​បណ្តាក់ទុនជាមួយក្រុមហ៊ុននេះ លើការចិញ្ចឹមមាន់ពូជភ្ញាស់យកកូន។

លោកបន្តថា ការអូសទាញរបស់ក្រុមហ៊ុនតាមរយៈហ្វេសប៊ុក និងមានការបង្ហោះរូបថ្នាក់ដឹក​នាំ​កំពូលៗ និងមន្រ្តីមានមុខមាត់ក្នុងការបើកសម្ពោធក្រុមហ៊ុនផង វាជាទំនុកចិត្តឱ្យគាត់ និង​ប្រជាជនជាច្រើនទៀត ប្រមូលលុយមករកស៊ីជាមួយក្រុមហ៊ុននេះ ដើម្បីបានប្រាក់​ចំណេញ តែបែរជាត្រូវគេបោកប្រាស់ទៅវិញ។

 លោក ផាន់ណា​ បន្ថែមទៀតថា៖ «តាមខ្ញុំដឹងប្រជាជនរងគ្រោះប្រហែលជាង៣០០នាក់ តែ​ពួក​ខ្ញុំ​ប្រមូលឈ្មោះ ធ្វើកំណត់ហេតុរួមគ្នាមួយបាន២១៧នាក់ នៅតាមបណ្តាខេត្ត និងក្រៅ​ប្រទេសខ្លះ ដែលចាញ់បោកក្រុមហ៊ុននេះ លើទឹកប្រាក់ប្រមាណជាង២លាន៧សែន​ដុល្លារ​ឯណោះ»។

ក្រុមហ៊ុន អានស៊ីនអាវីសែនជ័យ ឯ.ក (ANSHIN RV SENCHEY CO​.LTD) ជាក្រុមហ៊ុន​ឯកជន មួយបង្កើតឡើងនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ មានទីតាំងដំបូងនៅភូមិបាយដំរាំ ឃុំឈើទាល ស្រុកបាណន់ និងក្រោយមកប្តូរទីតាំងទៅក្រុមទី១ ភូមិសាលាបាឡាត់ សង្កាត់​អូម៉ាល់ ក្រុងបាត់ដំបង ពេលចុះបញ្ជីមានឈ្មោះ ធី រ៉ាវុធ ដែលជាអ្នករកស៊ីម្នាក់ ជាអគ្គនាយក ក្រោយមកពេលដំណើរការ ឈ្មោះ ធី រ៉ាវុធ ដូរជាប្រធានក្រុមប្រឹក្សាភិបាល និងដាក់ឈ្មោះ ឃុន ផាណូ ជាអគ្គនាយកក្រុមហ៊ុនជំនួសវិញ ហើយក្នុងនោះក៏មានប្រពន្ធ ប្អូនប្រុសបង្កើត ប្អូនថ្លៃ​របស់លោក ធី រ៉ាវុធ មានតួនាទីធំៗ ក្នុងក្រុមហ៊ុនផងដែរ ។

ក្រុមហ៊ុននេះមានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម, មានប័ណ្ណប៉ាតង់ និងមានលិខិត អនុញ្ញាតបង្កើតកសិដ្ឋានចិញ្ចឹមគោ និងមាន់ពូជក្នុងស្រុក ដែលចេញដោយអគ្គនាយកដ្ឋាន​សុខភាព សត្វ និងផលិតកម្មសត្វផងដែរ ។

ក្រុមហ៊ុន អានស៊ីន នេះឃើញមានកសិដ្ឋានចិញ្ចឹមគោ ពពែ មាន់ ធំៗពីរកន្លែងរួមមាន មួយ​កន្លែង​​ជួលដីទំហំប្រហែលមួយហិកតា នៅភូមិបត់សាលា និងមួយកន្លែងទៀត​នៅភូមិ​បាយដំរាំ ឃុំឈើទាល ស្រុកបាណន់ លើផ្ទៃដី៣ហិកតា។

លោក ផាន់ណា បានប្រាប់ទៀតថា ក្រុមហ៊ុ​ននេះតែងតែអួតនិងលើកយករូបដំណើរ ទស្សនៈកិច្ចរបស់ឧបនាយកនិងរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស​ ខេង និង អភិបាលខេត្ត​បាត់ដំបង និងមន្រ្តីនានា​ដែលបានមកមើលនិងសរសើរកសិដ្ឋានរបស់ខ្លួនផងដែរ។

លោកបានបន្តថា ចំណុចទាំងអស់នេះហើយធ្វើឱ្យលោកនឹងប្រជាពលរដ្ឋ​រាប់រយនាក់នាំគ្នា​ប្រមូលលុយដែលអ្នកខ្លះបានខ្ចីធនាគារ ខ្ចីសាច់ញាតិ ប្រាក់សន្សំសម្រាប់​ពេលចាស់ លក់គោ លក់ដីធ្លីជាដើម យកមកបណ្តាក់ទុនរកស៊ីជាមួយក្រុមហ៊ុននេះ តាមរយៈបុគ្គល ធី រ៉ាវុធ ដើម្បីបានទទួលការបាក់(ផលលាភ)ប្រចាំខែ។

លោក ផាន់ណា ឱ្យដឹងថា៖ «ខ្ញុំនិងប្រជាពលរដ្ឋបណ្តាក់ទុនជាមួយក្រុមហ៊ុននេះលើការ​ចិញ្ចឹម​គោ មាន់ ពពែជាដើម ដែលទទួលបានការប្រាក់ចាប់ពី៣,៥ភាគរយ រហូតដល់៦ភាគរយ ខ្លះ​បើក១ខែម្តង ខ្លះបើក៣ខែម្តងជាដើម តែបានទទួលលុយចំណេញមួយរយៈក្រុមហ៊ុនក៏លែង​ផ្តល់ឱ្យ»

លោក ផាន់ណា បន្តទៀតថា ដោយទុកចិត្ត គាត់បានដាក់ទុន៩ដំណាក់កាល សរុបជាង​៥ម៉ឺន​ដុល្លារ ដែលលុយចំណេញរាល់ខែនោះ មិនបានយកមកចាយទេ គឺបន្តយកទៅដាក់ទុន​បន្ថែម​រហូតដល់ដើមឆ្នាំ២០២២ ក្រុមហ៊ុនចាប់ផ្តើមលែងផ្តល់ការប្រាក់ឱ្យ និងបានលើកហេតុផល​មិនចេះចប់ ហើយបានពន្យាពេលបន្តបន្ទាប់រហូតដល់ខែមេសា ឆ្នាំ២០២២ បុគ្គលឈ្មោះ ធី រ៉ាវុធ ទាក់ទងលែងបាននិងបានរត់គេចខ្លួនបាត់ ហើយស្លាកក្រុមហ៊ុន និងកសិដ្ឋានក៏ត្រូវរុះ​ចេញ​អស់ដែរ ទើបមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលដាក់ទុនជាមួយ។

លោកបញ្ជាក់ទៀតថា លោកលឺថាដីធ្លីរឺទ្រព្យសម្បត្តិមួយចំនួនត្រូវបានលោក ធី រ៉ាវុធ បានផ្ទេរ​កម្មសិទ្ធឱ្យសាច់ញាតិគ្រប់គ្រងអស់ទៅហើយមុនគាត់គេចខ្លួន ។

លោក ផាន់ណាបន្ថែមថា កន្លងទៅពួកគាត់បានរត់រកមន្រ្តីនគរបាលប៉ុសិ៍ និងស្នងការ​ខេត្ត​ដែរ តែមន្រ្តីថា វាជារឿងធំហួសសមត្ថភាពនឹងបានរុញឱ្យទៅប្តឹងនៅតុលាការវិញ តែ​ដោយ​សារ​មិន​យល់ផ្លូវច្បាប់ ណាមួយគ្មានលុយជួលមេធាវីទៀតនោះ ពួកគាត់បានត្រឡប់​មកវិញ និង​ប្រមូល​គ្នាធ្វើកំណត់ហេតុមួយទុកដើម្បីរកអាជ្ញាធរឱ្យជួយដោះស្រាយ។

លោក វ៉ាត់ វឿត អាយុ ៦៣ឆ្នាំ មុខរបរធ្វើចំការរស់នៅភូមិបត់សាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បានឱ្យដឹងថា គាត់លក់គោបានជាង២០០០ដុល្លារ នឹង កូនពីរនាក់បានលក់មាសប្រាក់និងលុយសន្សំយកដាក់ទុនជាមួយក្រុមហ៊ុន៣ដំណាក់កាល លើការចិញ្ចឹមគោ និងមាន់ សរុប១ម៉ឺនដុល្លារ ក្នុងអត្រាការប្រាក់៥ភាគរយ ។

លោកថ្លែងថា គាត់បានការប្រាក់លើទុន២ពាន់ដុល្លារតែមួយរយៈប៉ុណ្ណោះ ក្រៅពីហ្នឹងមិន បានការប្រាក់នោះទេ ដោយម្ចាស់ក្រុមហ៊ុននេះរត់គេចខ្លួនបាត់ទៅហើយ។

លោក វឿត ប្រាប់បន្ថែមថា៖ «មុនដំបូងខ្ញុំដាក់១ពាន់រួចបន្ថែម១ពាន់ដុល្លារទៀត បានការប្រាក់​៦ទៅ៧ខែដែរ នៅខែមេសា២០២២ ខ្ញុំថែម៨ពាន់ទៀត មិនទាន់បានការ​ប្រាក់ផង គេរត់បាត់​ទៅ​ហើយ សព្វថ្ងៃទន់ដៃទន់ជើងអស់ហើយ ពេលលើកចបកាប់ដីដាំដំណាំម្តងៗ​នឹកឃើញ​រឿង​ហ្នឹងតូចចិត្ត! »

ក្នុងទឹកមុខហាក់មានទុក្ខកង្វល់ ជនរងគ្រោះម្នាក់ទៀត អ្នកស្រី សាំង ល័ក្ខណ៍ អាយុ៦៣ឆ្នាំ​រស់នៅភូមិបត់សាលា មានមុខរបរ ធ្វើចំការបានឱ្យដឹងថា គាត់បានយកប្រាក់សន្សំរួម​ទាំង​ប្រាក់កូន៥នាក់របស់គាត់ ដែលខ្លះទៅធ្វើការនៅប្រទេសថៃ ប្រមូលគ្នា​បានជាង១ម៉ឺន​៣ពាន់​ដុល្លារ យកមកដាក់ទុនជាមួយក្រុមហ៊ុនខាងលើដែរដោយជឿទុកចិត្តលើឈ្មោះ ធី រ៉ាវុធ ដែល​ជាអ្នកភូមិជាមួយគ្នា និងស្គាល់តាំងពីតូចមក។

អ្នកស្រីបន្ថែមថា គាត់បានដាក់ទុនលើការចិញ្ចឹមគោ១៦ក្បាល និងពពែ២ក្បាល ដោយ​ក្រុមហ៊ុន​គិតជាក្បាលដោយគោមួយក្បាលតម្លៃ៨២០ដុល្លារ និងពពែមួយ​ក្បាល២០០​ដុល្លារ។

អ្នកស្រី សាំង ល័ក្ខណ៍៖ «ខ្ញុំទើបទទួលបានការប្រាក់ពីការចិញ្ចឹមគោ១៦ក្បាល បានបួនលើក​ដោយបីខែបើកម្តងបាន១២០០ដុល្លារ និងពពែ២ក្បាល បាន២លើក មួយលើកបើក​បាន​១០០​ដុល្លារ តែស្រាប់តែចុងខែ៤ គេលែងបើកឱ្យ ខ្ញុំល្ងង់មិនដឹងគិតយ៉ាងម៉េចទេ! មានតែសុំឱ្យ​អាជ្ញាធរជួយឱ្យក្រុមហ៊ុនចេញមុខមកដោះស្រាយជាមួយអ្នករងគ្រោះទាំងអស់មក»

ប្រជាពលរដ្ឋរងគ្រោះលោក វ៉ាត វឿត ទៅមើលកសិដ្ឋានចិញ្ចឹមគោដែល ក្រុមហ៊ុនអានស៊ីន ធ្លាប់ចិញ្ចឹមគោនិងពពែ។ រូបថតថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

ខេមបូចា ​មិនអាចទំនាក់ទំនង លោក ធី រ៉ាវុធ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អានស៊ីន​អាវីសែនជ័យ ដែលជាអ្នកទទួលលុយពីប្រជាពលរដ្ឋបាននៅឡើយទេ ដោយទូរសព្ទ​មិន​អាចទទួលការហៅចូលបាន។

កាលពីចុងសប្តាហ៍មុន តំណាងប្រជាពលរដ្ឋរងគ្រោះប្រមាណជាង១០នាក់បាននាំគ្នាទៅ​ទីតាំង​កសិដ្ឋានចិញ្ចឹមគោ ពពែ និងមាន់ មួយកន្លែងរបស់ក្រុមហ៊ុន អានស៊ីន ខាងលើដែល​មានផ្ទៃដីទំហំប្រហែល១ហិកតា ស្ថិតនៅភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ សួរព័ត៌មាន និងស្វែងរកជួបតំណាងក្រុមហ៊ុនដើម្បីដោះស្រាយ ប៉ុន្តែនៅទីនោះ មានតែ​ម្ចាស់ដីដែលជួលឱ្យក្រុមហ៊ុនចាំនៅទីនោះប៉ុណ្ណោះ និងសត្វពពែប្រមាណ៣០ក្បាល​ក្នុង​កសិដ្ឋាននោះ។

ដោយម្ចាស់ដីទីនោះនិយាយថា ក្រុមហ៊ុនបានជួលដីពួកគាត់ពីរម្ចាស់ ប្រហែល​១ហិកតា រយៈពេល១០ឆ្នាំ និង៥ឆ្នាំ ដោយឱ្យឈ្នួលដីមួយកន្លែង១លានរៀល​ក្នុង​មួយ​ឆ្នាំ និងបាន​ប្រគល់​លុយគ្រប់១០ឆ្នាំឱ្យរួចរាល់ហើយ។ ហើយពពែប្រមាណ​៣០ក្បាល​នៅទីនេះ​ជា​របស់​លោក ធី រ៉ាវ៉ាន់ ប្អូនប្រុសរបស់លោក ធី រ៉ាវុធ ដែលជាម្ចាស់ក្រុមហ៊ុន បន្តចិញ្ចឹមនៅទីនេះ ក្រោយពីក្រុមហ៊ុនបិទទ្វារ។

អ្នកសារព័ត៌មានខេមបូចា បានធ្វើដំណើរទៅ ទីតាំងកសិដ្ឋានមួយកន្លែងទៀតដែលមានទំហំដី​ប្រមាណ​៣ហិកតា ក្នុងភូមិបាយដំរាំ ឃុំឈើទាល ឃើញសល់តែរោងចិញ្ចឹមសត្វ​ក្នុងសភាព​ស្ងាត់ឈឹង មានចាក់សោររបងពីក្រៅ និងមានបិទស្លាកដាក់លក់ ព្រមទាំងមានលេខទូរសព្ទ​នៅ​ទីនោះ​បីខ្សែសម្រាប់ទាក់ទងផង។ ពេលហៅទូរសព្ទទៅ មានបុរសម្នាក់បានលើកប្រាប់ថា​គាត់ឈ្មោះ ធី រ៉ាវ៉ាន់ និងបញ្ជាក់ថា ដីកសិដ្ឋាននេះជារបស់ម្តាយឪពុករបស់គាត់មិនមែនជា​របស់​លោក ធី រ៉ាវុធ នោះទេ ដោយបានដាក់លក់ក្នុងតម្លៃ១២ម៉ឺនដុល្លារ។

ពេលសួរថាតើលោក ធី រ៉ាវុធ នៅទេ បុរសនោះឆ្លើយថា៖ «ខ្ញុំមិនដឹងទេ! ហើយពពែនៅ​កសិដ្ឋាន​​នោះ​ជារបស់ខ្លួនមិនមែន​ជា​របស់​ក្រុមហ៊ុននោះទេ»

អ្នកយកព័ត៌មានខេមបូចា ក៍បានទៅដល់សាលាឃុំ ឈើទាល នាម៉ោងជាង១១ថ្ងៃត្រង់ នាចុងសប្តាហ៍មុន ឃើញបុរស ចំណាស់ ម្នាក់នៅទីនោះដៃកាន់ស្រាបៀមួយកំប៉ុងដែលគេ​ស្គាល់ថា​គាត់ឈ្មោះ កោះ សេងហាវ ជាមេឃុំ តែគាត់ប្រាប់ថា គាត់ជាអ្នកដំណើរ​ទៅវិញ នៅពេល​ដែលអ្នកព័ត៌មានចង់សាកសួររឿងក្រុមហ៊ុនវិនិយោគខាងលើ រួចគាត់ក៏ឡើង​ម៉ូតូ​ចេញទៅ។ នៅថ្ងៃចន្ទដើមសប្តាហ៍នេះខេមបូចា បានព្យាយាមទាក់ទងទៅគាត់តាមទូរសព្ទ លោកមេឃុំប្រាប់ថា គាត់រវល់ប្រជុំ ​​​​​​​​។

ទោះបីយ៉ាងណា លោក ស្រេង សុខា អភិបាលស្រុកបាណន់ ខេត្តបាត់ដំបង បានឱ្យដឹងថា មកទល់ពេលនេះ អាជ្ញាធរស្រុកមិនទាន់បានទទួលពាក្យបណ្តឹងនោះទេ តែដោយទទួល​បាន​ព័ត៌មាន លើផេកហ្វេសប៊ុករបស់រដ្ឋបាលស្រុក  លោកចាត់ទុកថាជារឿងមិនប្រក្រតីក្នុង​មូលដ្ឋាន ក៏បានឱ្យអធិការស្រុកចាត់កម្លាំងចុះទៅធ្វើការស្រាវជ្រាវមួយជំហានហើយ ដើម្បី​ឆ្លើយ​តបទៅថ្នាក់លើនិងអ្នកសារព័ត៌មាន ។

លោក សុខា មានប្រសាសន៍ថា៖ «តាមការស្រាវជ្រាវក្រុមហ៊ុនេះជាក្រុមហ៊ុនដើរទិញគោ យកមកចិញ្ចឹមបំប៉នយកសាច់លក់ប៉ុណ្ណោះ  ដោយមានការទទួលស្គាល់ពីខាងកសិកម្ម តែក្រោយមកគាត់រកស៊ីកើន គាត់បែកគំនិតរកស៊ីដាក់ប្រាក់ដើម្បីបានប្រាក់ចំណេញច្រើន អាជ្ញាធរអត់ដឹងទេហើយក៏គ្មានកិច្ចព្រមព្រៀងរឺលក្ខខណ្ឌណាមួយពីអាជ្ញាធរដែរ ទាល់ផ្ទុះរឿង​បានដឹង»

ចំពោះសំនួរសួរថាពលរដ្ឋរងគ្រោះគាត់ថាឃើញមានថ្នាក់ដឹកនាំកំពូលនិងអាជ្ញាធរខេត្តស្រុកជាដើម បានទៅចូលរួមសម្ពោធក្រុមហ៊ុននេះ ជារូបភាពមួយឱ្យពួកគាត់ជឿទុកចិត្តក្រុមហ៊ុន​កាន់តែខ្លាំង ទើបហ៊ានដាក់ទុនជាមួយក្រុមហ៊ុនខាងលើ លោក ស្រេង សុខា បានឆ្លើយតប​ថា៖ «ពេលបើកសម្ពោធគឺកសិដ្ឋានចិញ្ចឹមគោមិនមែនវិនិយោគយកលុយ​មកដាក់យក​ការ​ប្រាក់​អ៊ីចឹងទេ! សូមជម្រាបកន្លែងហ្នឹងជៀសវាងយកថ្នាក់ដឹកនាំមកដាក់អ៊ីចឹង! ព្រោះថ្នាក់​ដឹក​នាំ​គាត់ទៅដើម្បីលើកទឹកចិត្តកសិករ សូម្បីគាត់ធ្វើបន្លែសារីរាង្គក៏ថ្នាក់ដឹកនាំទៅលើក​ទឹក​ចិត្ត​ពួកគាត់​ដែរ ហើយអានេះគាត់បើកកសិដ្ឋានចិញ្ចឹមសត្វផ្នែកកសិកម្ម យល់ថាជាកសិករគំរូ សម័យទំនើប ដែលគាត់មានគំនិតកែឆ្នៃ ថ្នាក់ដឹកនាំទៅលើកទឹកចិត្តគាត់»

លោកអភិបាលស្រុកបានផ្តល់យោបល់ដល់ប្រជាពលរដ្ឋគួរតែដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ​ខេត្ត រឺតុលាការ ដើម្បីជួយរកដំណោះស្រាយជូនពួកគាត់ ព្រោះប្រជាពលរដ្ឋរងគ្រោះជាង៩០​ភាគរយ គាត់មិនមែនជាអ្នករស់នៅមូលដ្ឋានស្រុកបាណន់នោះទេ ដែលអាជ្ញាធរស្រុកពិបាក​នឹងកោះហៅអ្នករងគ្រោះមកសួរនាំ។

ទាក់ទងករណីនេះដែរលោក ប៉ាន់ វ៉ាន់ឌី អធិការស្រុកបាណន់ខេត្តបាត់ដំបងបានឱ្យដឹងថា ក្រោយពីទទួលបានការណែនាំពីលោកស្នងការនិងស្រុក លោកបានចុះទៅធ្វើការស្រាវជ្រាវ នឹងឡើងរបាយការណ៍ទៅថ្នាក់លើអស់ហើយ ។

តាមការស្រាវជ្រាវលោកបញ្ជាក់ថាប្រជាពលរដ្ឋដែលរងគ្រោះប្រមាណជាង២០០នាក់ ដែលក្នុងនោះអ្នករស់នៅមូលដ្ឋានស្រុកបាណន់ តិចតួចប៉ុណ្ណោះគឺនៅឃុំឈើទាលមាន ប្រមាណជាង២០នាក់ប៉ុណ្ណោះ ក្រៅពីនោះអ្នករស់នៅស្រុកផ្សេងៗនិងតាមបណ្តាខេត្តនានា។

ទោះបីយ៉ាងណា លោកបញ្ជាក់ថា រឿងនេះក៏បានដល់ដៃតុលាការហើយដែរ ព្រោះលោកទើប​តែ​ទទួលបានដីកាកោះហៅមួយច្បាប់ពីតុលាការដែលអញ្ជើញលោក ធី រ៉ាវុធ តំណាង​ក្រុមហ៊ុន​ខាងលើទាក់ទងបទឆបោក ។

លោក វ៉ាន់ឌី បន្ថែមថា៖ «លោក ធី រ៉ាវុធ នេះបានគេចចេញពីកសិដ្ឋានតាំងពីមិនទាន់ផ្ទុះរឿង​ឯណោះ!  ខ្ញុំបានទទួលដីកាកោះពីតុលាការខេត្តបាត់ដំបង ឱ្យលោក ធី រ៉ាវុធ ចូលខ្លួននៅ​ថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០២២ ពីបទឆបោក  តែដោយឈ្មោះនេះមិនមែនរស់នៅ​មូលដ្ឋាន​ស្រុក​បាណន់ ខ្ញុំបានបញ្ជូនដីកាឱ្យតុលាការវិញទៅ»

ខេមបូចា មិនអាចទំនាក់ទំនង លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃសាលាដំបូង​ខេត្តបាត់ដំបង​បាននៅឡើយទេ ចំណែកអ្នកស្រី ជា ចាន់រស្មី អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង បាន​បញ្ជាក់​ថា កាលពីថ្ងៃទី១២ ខែកក្កដា ថា ដោយសំណុំរឿងច្រើន គាត់ មិនអាចទាន់ឆ្លើយ​តប​បាននៅឡើយទេ ដោយអ្នកស្រីស្នើឱ្យបញ្ជាក់ឈ្មោះដើមបណ្តឹង រឺចុងចោទ ហើយអនុញ្ញាត ឱ្យខលសួរម្តងទៀត មួយម៉ោងក្រោយ។

អ្នកស្រី ចាន់រស្មី៖ «តាំងពីលោកសួរខ្ញុំមក ខ្ញុំកំពុងឱ្យមន្រ្តីរកសំណុំរឿងនេះ តែរកពុំទាន់ឃើញ ខ្ញុំនឹងព្យាយាមរកបន្តដើម្បីឆ្លើយតប»

លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលអង្គការលីកាដូរ ប្រចាំខេត្តបាត់ដំបង និងប៉ៃលិន​បានឱ្យ​ដឹង​ថា តំណាងប្រជាពលរដ្ឋបានមកដល់ការិយាល័យរបស់លោក នាដើម​សប្តាហ៍​នេះដែរ ក្រៅ​ពី​ប្រឹក្សាផ្នែកច្បាប់ លោកបានផ្តល់ យោបល់​ឱ្យអ្នករងគ្រោះអាច ប្តឹងខាងទៅខាង មន្ទីរកសិកម្ម ដើម្បីជួយរកដំណោះស្រាយណាមួយបន្ថែម។

លោក គង់ជិត ថ្លែងថា៖ «ក្រែងខាងកសិកម្មគេអាចមានក្រុមអធិការកិច្ច រឺមន្រ្តីជំនាញ ចុះត្រួតពិនិត្យ ហៅភាគីសងខាងមកចចារគ្នា ដើម្បីរកដំណោះស្រាយណាមួយបាន»

លោក គង់ជិត បន្ថែមថា ខាងស្ថាប័នតុលាការគួរតែពន្លឿននីតិវិធីនៅពេលដែលទទួលបាន ពាក្យបណ្តឹងពីប្រជាពលរដ្ឋ ព្រោះថាពួកគាត់ខ្លះបានខ្ចីបុលពីធនាគារ ត្រូវការលុយ​ដើម្បី​សង​ត្រឡប់ទៅធនាគារវិញជាដើម។ បច្ចុប្បន្ននេះសង្កេតឃើញថា ក្នុងសង្គមកម្ពុជា ប្រជាពលរដ្ឋបានរងគ្រោះរឺចាញ់បោកក្រុមហ៊ុន វិនិយោគច្រើនករណីដោយក្រុមហ៊ុនទាំងនោះ បានប្រើប្រាស់វិធីសាស្រ្តផ្សេងៗគ្នា ក្នុងការ​បោក​ប្រាស់​ប្រាក់ប្រជាពលរដ្ឋ ខ្លះប្រើវិធីសាស្ត្រឱ្យអតិថិជនដាក់លុយវិនិយោគលើដីធ្លី ដោយ​ផ្តល់​អត្រាការប្រាក់ខ្ពស់, ខ្លះបោកប្រាស់ជាបណ្តាញ លក់ផលិតផលព្យាបាលជំងឺ និងថ្មីៗនេះ​ប្រជាពលរដ្ឋលើកឡើងតាមបណ្តាញសង្គម ពីការចាញ់បោកក្រុមហ៊ុនទិញលក់មាសមួយ​នៅ​ភ្នំពេញជាដើម ៕

1,528 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម