សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អគ្គមេបញ្ជាការកងទ័ពហ្វីលីពីននឹងចុះត្រួតពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃស្អែក

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាជាមួយនាយឧត្តមសេនីយ៍ Romeo S. Brawner Jr អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។ (អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ)
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាជាមួយនាយឧត្តមសេនីយ៍ Romeo S. Brawner Jr អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។ (អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ)

នាយឧត្តមសេនីយ៍ Romeo S. Brawner Jr អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន និងមន្ត្រីរបស់លោកនឹងចុះទៅត្រួតពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងស្ដាប់ការធ្វើបទបង្ហាញពីក្រុម ( AOT) តាមគម្រោងនៃដំណើរទស្សនកិច្ច ខណៈលោកបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅ​កម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ យោងតាមហ្វេសប៊ុកផេករបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ Romeo S. Brawner Jr អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន នាថ្ងៃទី១២ ខែកុម្ភៈនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានសម្តែងការអបអរសាទរប្រទេសហ្វីលីពីនដែលបានទទួលតួនាទីជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៦ និងបានបង្ហាញជំនឿថា តាមរយៈដំណើរបំពេញ​ទស្សនកិច្ចរបស់លោក Romeo នៅពេលនេះ ពិតជាបាននាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការថែមទៀតរវាងកងទ័ពប្រទេសទាំងពីរ ។

លោក ពិសេន បានកោតសរសើរចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ដែលបានចាត់បញ្ជូននាយទាហានហ្វីលីពីនមកចូលរួមក្នុងក្រុមសង្កេតការណ៍បណ្ដោះអាសន្នអាស៊ាន(IOT) ក៏ដូចជាក្រុមសង្កេតការណ៍អាស៊ាន (AOT) ក្នុងពេលប្រទេសម៉ាឡេស៊ីដឹកនាំការអនុវត្តបទឈប់បាញ់ ជាពិសេសឆន្ទៈមុតស្រួចរបស់នាយឧត្តមសេនីយ៍ ក្នុងការបន្តបេសកកម្មពីម៉ាឡេស៊ី ដើម្បីស្វែងរកដំណោះស្រាយជម្លោះនេះ ដែលកំពុងមានភាពផុយស្រួយ។

ជាមួយគ្នានេះ លោក ពិសេន បានជំរាបជូនពីស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ទាំងអំឡុងក្រោយពេលឈប់បាញ់លើកទី១ និងលើកទី២ និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ តាមច្បាប់អន្តរជាតិ។

លោក ពិសេន បានស្នើដល់អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន «បន្តជួយសម្របសម្រួលជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីកាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្តគ្នាឡើងវិញ បន្តពង្រឹងតួនាទីក្រុមសង្កេតការណ៍អាស៊ានក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព»។

ជាកិច្ចឆ្លើយតប លោក Romeo បានថ្លែងអំណរគុណដល់លោក ពិសេន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្ដល់បទបង្ហាញយ៉ាងលម្អិតពាក់ព័ន្ធស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យលោកបានយល់កាន់តែច្បាស់ពីស្ថានភាពពិតជាច្រើន។

លោក Romeo បានគូសបញ្ជាក់ថា អ្នកដឹកនាំ (AOT) គឺមានតួនាទីសំខាន់ និងទទួលខុសត្រូវខ្ពស់ ដែលចាំបាច់ត្រូវធ្វើការពិនិត្យកែសម្រួលរចនាសម្ព័ន្ធមួយចំនួន ដើម្បីបង្ហាញដល់ភាគីទាំងពីរសុំការយល់ស្រប ហើយភាគីហ្វីលីពីននឹងចាប់ផ្ដើមធ្វើកិច្ចការនេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងធានាឲ្យបាននូវភាពអព្យាក្រឹត៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម