សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការក្រុងភ្នំពេញសម្រេចដាក់បម្រាម​លើលោក រ៉ុង ឈុន ពាក់ព័ន្ធនឹងលក្ខខណ្ឌ​តឹងរឹងមួយចំនួន

លោក រ៉ុង ឈុន ទីប្រឹក្សា​ជាន់ខ្ពស់នៃគណបក្ស​កម្លាំងជាតិ ទៅ​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹកថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ ដើម្បីបំភ្លឺជូនតុលាការទាក់ទងនឹងបទការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដែលប្រព្រឹត្តក្នុងឆ្នាំ២០២៤នេះ។ (ខេមបូចា/​ ព្រីង សំរាំង)
លោក រ៉ុង ឈុន ទីប្រឹក្សា​ជាន់ខ្ពស់នៃគណបក្ស​កម្លាំងជាតិ ទៅ​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹកថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ ដើម្បីបំភ្លឺជូនតុលាការទាក់ទងនឹងបទការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដែលប្រព្រឹត្តក្នុងឆ្នាំ២០២៤នេះ។ (ខេមបូចា/​ ព្រីង សំរាំង)

លោក រ៉ុង ឈុន ទីប្រឹក្សាជាន់ខ្ពស់នៃគណបក្សកម្លាំងជាតិ បានចូលបំភ្លឺតាមដីកាកោះហៅរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា។ តុលាការបានសម្រេចឱ្យលោកនៅក្រៅឃុំបណ្ដោះអាសន្ន ដោយស្ថិតក្រោមបម្រាមមួយចំនួន ហើយតុលាការក៏បានព្រមានពីការចាប់ខ្លួនរូបលោក ប្រសិនបើមិនអនុវត្តតាមបម្រាមទាំងនោះ។

លោក រ៉ុង ឈុន ថ្លែងប្រាប់ អ្នកសារព័ត៌មាន និងអ្នកគាំទ្រ នៅពេលចេញពីតុលាការក្រុងភ្នំពេញ ថា តុលាការបានសម្រេចមិនឃុំខ្លួនលោក ប៉ុន្តែត្រូវស្ថិតក្រោមលក្ខខណ្ឌមួយចំនួនដូចជា ហាមចេញក្រៅប្រទេស ហាមធ្វើសកម្មភាពជួបជុំនានា ត្រូវជូនដំណឹងដល់អាជ្ញាធរនៅពេលផ្លាស់ប្តូរទីលំនៅ ត្រូវបង្ហាញខ្លួនចំពោះមុខសមត្ថកិច្ចរៀងរាល់ខែក្នុងសប្តាហ៍ទី៤ និងត្រូវសហការជាមួយតុលាការនៅពេលមានដីកាកោះហៅ។ សម្រាប់បម្រាមទាំង៥ចំណុច លោក​មិន​ទាន់ច្បាស់ថា មានការកំណត់រយៈពេល ឬយ៉ាងណានោះទេ។

លោក រ៉ុង ឈុន បានលើកឡើងថា៖ «លោកចៅក្រមបានសម្រេចឱ្យខ្ញុំនៅក្រៅ [នៅក្រៅឃុំ] ផ្ដល់សេរីភាពបានជួបជុំ ប៉ុន្តែនៅក្នុងហ្នឹង[តុលាការ] ក៏បានដាក់វិធានឲ្យខ្ញុំ។ ទីមួយ ករណីចេញទៅក្រៅប្រទេសត្រូវមានការអនុញ្ញាតពីចៅក្រម ទីពីរ ការផ្លាស់ប្ដូរទីលំនៅត្រូវជូនដំណឹងទៅដល់អាជ្ញាធរ និងទី៣ត្រូវទៅបង្ហាញខ្លួននៅប៉ុស្ត៍នគរបាលសង្កាត់រៀងរាល់ខែនៃសប្ដាហ៍ទី៤ និងទី៤ទាក់ទងនឹងតម្រូវការតុលាការកោះត្រូវសហការ និងចុងក្រោយគឺត្រូវហាមសិទ្ធិក្នុងការធ្វើសកម្មភាពជួបជុំសព្វបែបយ៉ាង។ [តុលាការ] មិនផ្ដល់ការអនុញ្ញាតឲ្យខ្ញុំជួបជុំទេ»

លោករ៉ុង ឈុន បញ្ជាក់ទៀតថា តុលាការនឹងចាប់ខ្លួនលោក ប្រសិនបើលោកមិនអនុវត្តទៅតាមវិធានទាំង៥របស់តុលាការដែលបានដាក់ចេញមក។

លោកឱ្យដឹងថា៖ «[…] ទោះបីបាត់បង់សេរីភាពខ្លះក៏ដោយ ប៉ុន្តែខ្ញុំនៅអាចជួបបងប្អូន។ ខ្ញុំពីពេលនេះទៅមានសេរីភាពចង្អៀត ហើយបើខ្ញុំមិនអនុវត្តបម្រាម[តុលាការ] ពេលហ្នឹងនឹងត្រូវបានតុលាការនាំខ្លួនខ្ញុំយកទៅឃុំ»។ 

ចំពោះសវនាការបន្ទាប់ លោក រ៉ុង ឈុន មិនទាន់ដឹងនៅឡើយទេ ហើយលោកបានរក្សាជំហរ របស់លោកដោយមិនគេចវេះ និងបន្តសហការជាមួយតុលាការ នៅពេលមានការកោះហៅ​បន្ទាប់​។ 

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ទិតសុទ្ធី បូរ៉ាឆាត កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បានចេញដីកាកោះហៅ លោក រ៉ុង ឈុន ឲ្យចូលមកបំភ្លឺពាក់ព័ន្ធបទចោទ «គណបក្សកម្លាំងជាតិមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ 

លោក រ៉ុង​ ឈុន បន្ថែមថា ចំពោះបទចោទប្រកាន់មកលើរូបលោកនេះ​ គឺតុលាការ​ចោទប្រកាន់រូបលោកពេលផ្ដល់បទសម្ភាសជាមួយវិទ្យុអាស៊ីសេរី ទាក់ទងនឹងវត្តមានរបស់លោកនាយករដ្ឋមន្រ្តីចុះទៅតាមបន្ទាត់ព្រំដែន និងមូលហេតុទីពីរ ដោយសារតែលោកចុះទៅសួរសុខទុក្ខពលរដ្ឋនៅបឹងតាមោក និងចំណុចទីបី គឺនៅពេលលោកចុះទៅសួរសុខទុក្ខតាមការពឹងពាក់របស់ប្រជាពលរដ្ឋនៅព្រលានយន្តហោះថ្មីខេត្តកណ្ដាល និងចំណុចទីបួន នៅពេលដែលលោកទៅសម្ពោធស្នាក់ការគណបក្សកម្លាំងជាតិនៅស្រុកកោះធំ។

លោក រ៉ុង ឈុន ថ្លែងថា៖ «ចំពោះនីតិវិធីខ្ញុំអត់យល់ពីនីតិវិធីរបស់តុលាការទេ ពីព្រោះតុលាការក្រោយពីសាកសួរខ្ញុំហើយគាត់បានទៅប្រជុំ។ ប្រជុំជិតមួយម៉ោងទើបយកលទ្ធផលមកប្រកាស។ តែខ្ញុំមិនសូវស៊ីជម្រៅពីនីតិវិធីតុលាការទេ»

តាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក រ៉ុង ឈុន បានលើកឡើងថា រូបលោកក៏បានបកស្រាយអំពីនិយមន័យនៃការញុះញង់ឲ្យចៅក្រមស្ដាប់ ដោយចំណុចខ្លះលោកបានឆ្លើយ ហើយចំណុចខ្លះទៀតលោកមិនអាចទទួលយកបាន។

លោក រ៉ុង ឈុន ពន្យល់ថា បទញុះញង់ គឺ៖ «នៅពេលដែលយើងផ្ញើសារទៅធ្វើឲ្យប្រជាពលរដ្ឋច្របូកច្របល់ ឬមួយចលាចលទើបចាត់ទុកថាបទញុះញង់»

យ៉ាងណាមិញ ទីប្រឹក្សាជាន់ខ្ពស់នៃគណបក្សកម្លាំងជាតិ ក៏បានសំណូមពរទៅតុលាការថា រូបលោកសុំនៅក្រៅឃុំ ខណៈរដូវនេះជារដូវភ្ជំបិណ្ឌ ហើយអះអាងប្រាប់តុលាការថា រូបលោកមិនគេចវេះ និងចូលរួមសហការជាមួយតុលាការ។

អ្នកនាំពាក្យសាលដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ថ្លែងប្រាប់ សារព័ត៌មាន ខេមបូចា យ៉ាងដូច្នេះថា លោក រ៉ុង ឈុន ត្រូវបានអនុញ្ញាត​ឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយពេលរូបលោកបានចូលខ្លួនមកបំភ្លឺនៅតុលាការក្រុងភ្នំពេញ។

លោក អ៊ី រិន្ទ បញ្ជាក់ថា វត្តមានរបស់លោក រ៉ុង ឈុន មកបំភ្លឺនៅតុលាការនេះ​ គ្រាន់តែដំណាក់​កាលនៃការស៊ើបសួររបស់តុលាការប៉ុណ្ណោះ។ ហើយក្នុងដំណាក់កាលនេះ ចៅក្រមនឹងស្រាវជ្រាវរកអង្គហេតុ ប្រមូលភស្ដុតាងនានាទើបបញ្ជូនទៅដំណាក់កាលបន្ត។ 

លោក អ៊ី រិន្ទ មានប្រសាសន៍ថា៖ «កិច្ចស៊ើបសួរព្រឹកមិញនេះ បានបញ្ជប់មួយវគ្គហើយ។ អានេះនៅដំណាក់កាលស៊ើបសួរ មិនទាន់ដល់ជម្រះទេ អ៊ីចឹងទាល់តែស៊ើបសួរចប់សព្វគ្រប់ ហើយនៅក្នុងដំណាក់កាលស៊ើបសួរ ចៅក្រមគាត់អាចពិនិត្យស្រាវជ្រាវ និងប្រមូលភស្ដុតាង បើមានភស្ដុតាង មានតម្រុយ មានអង្គហេតុគ្រប់គ្រាន់ទើបបញ្ជូនទៅជម្រះ»

លោក រ៉ុង ឈុន ទីប្រឹក្សា​ជាន់ខ្ពស់នៃគណបក្ស​កម្លាំងជាតិ ទៅ​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹកថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤ ដើម្បីបំភ្លឺជូនតុលាការទាក់ទងនឹងបទការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមដែលប្រព្រឹត្តក្នុងឆ្នាំ២០២៤នេះ។ (ខេមបូចា/​ ព្រីង សំរាំង) 

យ៉ាងណាមិញនៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះដែរ លោក រ៉ុង ឈុន បានចូលខ្លួនទៅបំភ្លឺ អាជ្ញាធរ​បានដាក់រនាំងដែកបិទផ្លូវទៅកាន់សាលាដំបូងក្រុងភ្នំពេញ ខណៈក្រុមអ្នកគាំទ្ររបស់លោកចំនួនពីរនាក់ គឺលោកស្រី ង៉ែត ឃុន អាយុ៨៣ឆ្នាំ និងកូនស្រីរបស់គាត់ ឈ្មោះ អេង សុខា ត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗបន្ទាប់ពីមានការប៉ះទង្គិចពាក្យសម្ដីជាមួយអាជ្ញាធរ។

ជុំវិញករណីនេះ​ ខេមបូចា បានទូរសព្ទសុំការបំភ្លឺពីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ប៉ុន្តែមិនទទួលបានការឆ្លើយតបនោះឡើយ គិតត្រឹមវេលាម៉ោង៥និង១៥នាទី រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះ។

គួរបញ្ជាក់ដែរថា លោក រ៉ុង ឈុន ធ្លាប់ជាប់ពន្ធនាគារ២០ខែ ពាក់ព័ន្ធនឹងការចេញសេចក្តីថ្លែងការណ៍អំពីបញ្ហាកសិករខ្មែរបាត់ដីធ្លីនៅក្បែរតំបន់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ទៅប្រទេសវៀតណាម​។ តុលាការបានដោះលែងលោកនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមលក្ខខណ្ឌព្យួរទោសសាកល្បងចំនួន៣ឆ្នាំ ដែលនឹងផុតកំណត់នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ផុន សុភា ជាសមាជិកគណៈកម្មការនាយកនៃគណបក្សកម្លាំងជាតិ លើកឡើងថា ការចោទប្រកាន់មកលើលោករ៉ុង ឈុន គឺមានចរិតនយោបាយជាជាងផ្លូវច្បាប់ ត្បិតថា ទង្វើរបស់លោក រ៉ុង ឈុន មិនមានលក្ខណៈញុះញង់ ឬមានចេនាធ្វើឲ្យមានបញ្ហា បង្កភាពវឹកវរនៅក្នុងសង្គមនោះទេ។ 

លោក សុភា យល់ឃើញថា កម្មភាពចុះជួបពលរដ្ឋនៅតំបន់ព្រលានយន្តហោះថ្មីនៅខេត្តកណ្ដាល​ គឺលោក រ៉ុង ឈុន ទៅជួបតាមការស្នើសុំរបស់ពលរដ្ឋតែប៉ុណ្ណោះ  ហើយមិនមានសកម្មភាពណាមួយ ឬពាក្យសម្ដីណាមួយ ដែលជម្រុញឲ្យមានភាពវឹកវរនៅក្នុងសង្គមនោះទេ។

លោកសុភា និយាយថា៖ «គាត់ចុះជួបតាមការស្នើសុំរបស់ពលរដ្ឋ ហើយរាល់ការអធិប្បាយនានា ក៏គ្មានអីដែលជាមូលដ្ឋានសម្រាប់ការចោទប្រកាន់ពីបទញុះញង់ គឺដូចជាមិនមានពាក់ព័ន្ធជាមួយនឹងការញុះញង់អីទេ»

លោក យី សុខសាន្ត បានប្រាប់ ខេមបូចា ថា សកម្មភាពដែលលោក រ៉ុង ឈុន បានផ្ដល់បទសម្ភាសន៍ និងចុះសួរសុខទុក្ខពលរដ្ឋដែល​រងគ្រោះដោយសារបញ្ហាដីធ្លីនេះ មិនមានអ្វីខុសច្បាប់នោះទេ។ លោក​បញ្ជាក់​ថា ក្រៅពី​ការ​តាមដាន និងចុះសួរសុខទុក្ខ​ពីខាង​រដ្ឋាភិបាល អ្នក​ណា​ក៏​អាច​ចុះ​សួរ​សុខ​ទុក្ខ ឬ​តាម​ដាន​បញ្ហា​នេះ​ជាមួយ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់។

សកម្មភាពរបស់លោក ឈុន រួមទាំងការចេញមុខតាមប្រព័ន្ធផ្សព្វផ្សាយរបស់លោក គឺស្របតាមតួនាទីរបស់លោកជាទីប្រឹក្សាគណបក្ស​នយោបាយ។ ក្នុង​នាម​ជា​អ្នក​នយោបាយ ពេល​លោកសង្កេត​ឃើញ​បញ្ហា ឬ​ត្រូវ​ប្រជាពលរដ្ឋ​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍ មធ្យោបាយ​មួយ​ដែល​គាត់ប្រើ​ គឺ​បញ្ចេញ​មតិ​តាម​រយៈ​សារព័ត៌មាន។ នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ដូច​ជា​ប្រទេស​កម្ពុជា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​គួរ​តែ​អនុញ្ញាត​ឱ្យ​មាន​ការ​ឆ្លុះ​បញ្ចាំង​យ៉ាង​សំខាន់​លើ​ការ​រីក​ចម្រើន​របស់​រដ្ឋាភិបាល។ លោក សុខសាន្ត ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្ដោត​លើ​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា ជាជាង​ចាត់​ទុក​សកម្មភាពទាំងនោះ​ជា​ការ​ញុះញង់។

លោកបានបន្តថា៖ «គាត់បានផ្ដល់បទសម្ភាសន៍ឱ្យវិទ្យុមួយពាក់ព័ន្ធនឹងនាយករដ្ឋមន្រ្តីនៅតាមព្រំដែន និងពលរដ្ឋនៅបឹងតាមោក និងព្រលានយន្តហោះថ្មី។ ចំណុចទាំងអស់ហ្នឹង គឺរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ និងពន្លឿនក្នុងការដោះស្រាយ មិនមែននៅពេលគាត់បញ្ចេញមតិទៅ ចោទប្រកាន់គាត់នោះទេ។ ខ្ញុំគិតថារដ្ឋាភិបាល និងតុលាការគួរតែទម្លាក់ចោលបទចោទទៅលើមនុស្សដែលគ្រាន់តែបញ្ចេញមតិ»

បើទោះបីជាតុលាការមិនបានឃុំខ្លួនលោក រ៉ុង ឈុន ជាបណ្តោះអាសន្នក៏ដោយ តែបម្រាមចំនួន៥ចំណុចដែលចេញដោយតុលាការកាលពីព្រឹកមិញនេះ លោក សុខសាន្ត យល់ឃើញថា វាជាការបិទនូវសិទ្ធិសេរីភាពរបស់លោក រ៉ុង ឈុន ក្នុងការជួបជុំក្នុងនាមជាទីប្រឹក្សារបស់គណបក្សនយោបាយ។ 

លោកបន្តថា៖ «បើទោះបីជាមិនឃុំគាត់មែន តែដូចជាគាត់ដូចជាមនុស្សរុក្ខជាតិ ព្រោះគាត់មានសេរីភាពក្នុងរង្វង់ដែលគេកំណត់។ គាត់មិនមានសិទ្ធិធ្វើអ្វីទេ ចំនុចនេះហើយជាការរឹតត្បិតទៅលើសេរីភាពអ្នកនយោបាយ»។ 

លោកក៏បានស្នើទៅរដ្ឋាភិបាលបើកលំហសេរីភាពឱ្យពលរដ្ឋបានបញ្ចេញមតិ ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងនៃសង្គមដើម្បីអភិវឌ្ឍសង្គមតទៅមុខ៕

166 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម