សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការក្រុងភ្នំពេញសម្រេចចោទប្រកាន់កូដករណាហ្គាវើលដ៍៣នាក់ពីបទ«រារាំងវិធានការសុខាភិបាល»

លោក សេង វណ្ណរិទ្ធ បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ កាន់មេក្រូបំពងសម្លេងនិយាយកំឡុងពេលចូលរួមធ្វើកូដកម្មទាមទារដំណោះស្រាយ ពីក្រុមហ៊ុន នៅជិតស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាទីតាំងដែលពួកគេត្រូវបានរារាំង។ គាត់ត្រូវបានចាប់ខ្លួននៅថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២២។ រូបថតថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
លោក សេង វណ្ណរិទ្ធ បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ កាន់មេក្រូបំពងសម្លេងនិយាយកំឡុងពេលចូលរួមធ្វើកូដកម្មទាមទារដំណោះស្រាយ ពីក្រុមហ៊ុន នៅជិតស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាទីតាំងដែលពួកគេត្រូវបានរារាំង។ គាត់ត្រូវបានចាប់ខ្លួននៅថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២២។ រូបថតថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់កូដករណាហ្គាវើលដ៍ចំនួន៣នាក់ពី​បទ​«រារាំងវិធានការសុខាភិបាល»​​ បន្ទាប់ពីសាកសួររយៈពេល២ថ្ងៃ ខណៈពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​តាមដីការរបស់តុលាការកាលពីចុងសប្ដាហ៍មុន។ ដោយឡែក កូដករចំនួន​៤នាក់ផ្សេងទៀត សមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញកំពុងតាមចាប់ខ្លួនផងដែរ។

បើតាមលោក អំ សំអាត នាយករង​នៃអង្គការ​លីកាដូ បានបញ្ជាក់ប្រាប់ខេមបូចាថា កូដករទាំង​៣នាក់ ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ«រារាំងវិធានការសុខាភិបាល» យោងទៅ​តាមមាត្រា១១នៃច្បាប់ស្តីការប្រឆាំងនឹងការរីករាលដារជំងឺកូវីដ១៩។ នៅមុននេះបន្តិច ពួកគេ​ទាំង៣នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន ក្រោយចៅក្រមស៊ើបសួរសម្រេចចោទ​ពួកគេហើយ។

ចំណែកលោកអ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនអាចសុំការបកស្រាយបាន ទេ ដោយលោកប្រាប់ថាលោកនឹងប្រាប់មកវិញនៅពេលប្រជុំរួច។

លោកថ្លែងយ៉ាងដូច្នេះថា៖ «ចាំខ្ញុំទំនាក់ទំនងជាមួយចៅក្រមទទួលបន្ទុក សំណុំរឿងនេះសិន ចាំមើលខ្ញុំចេញពីប្រជុំមើល ខ្ញុំទំនាក់ទំនងទៅ»។

លោកសាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង​ដែរថា កូដករទាំង៣នាក់ គឺលោក សេង វណ្ណារិទ្ធលោក ជួន ចាន់ណាត និងលោក សៅរ៍ សម្បត្តិ  ដែលសមត្ថកិច្ចបានឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែកម្ភៈ ត្រូវបានបញ្ជូនទៅតុលាការ​តាំងតែ​ពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ដើម្បីស៊ើបសួរស្របតាមដីការរបស់អយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ ពីបទរារាំងវិធានការសុខាភិបាល។

លោក សុខសីហា បញ្ជាក់ថា៖ «បានបញ្ជូនទៅហើយ ប្រសិនបើសមត្ថកិច្ចបានបញ្ចូនទៅ​តុលាការហើយ និតិវិធីយ៉ាងណាៗ គឺជាភារៈកិច្ចរបស់តុលាការក្នុងការស៊ើបសួរ»។

អ្នកនាំពាក្យរូបនេះ បន្តថា សម្រាប់កូដករទាំង៤នាក់ទៀត សមត្ថកិច្ចកំពុងស្វែងរកពួកគេ ស្របតាមការបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញពី«បទរារាំងវិធានការសុខាភិបាល»។

ទាក់ទងនឹងករណីនេះ កញ្ញា សុភ័ក្រម៉ូលីកា ជាកូដករមួយរូបក្នុងចំណោម៤នាក់ខាងលើ បានអះអាងថាមកទល់ពេលនេះ មិនទាន់ឃើញមានដីការកោះហៅជាផ្លូវការពី​អយ្យការ​អមសាលាដំបូងឡើយ ក្រៅតែពីការប្រកាសរបស់ស្នងការរាជធានីភ្នំពេញ​នៅលើទំព័រ​ហ្វេសប៊ុក និងសារអនាមិកផ្ញើសារគំរាមមកកាន់រូបនាង។

កញ្ញាបន្តទៀតថា រូបនាងមិនរត់គេចទៅណាឡើយ ពោលឱ្យតែមន្រ្តីមានឈ្មោះ មានតួនាទី​ក្របខណ្ឌ ទាក់ទងនឹងការបញ្ជាក់ពេលវេលាច្បាស់លាស់ រូបនាងនឹងទៅបំភ្លឺ នៅពេលដែល​នាងបញ្ចប់ចត្តាឡីស័ក។

កញ្ញា សុភ័ក្រម៉ូលីកា ថា៖ «ខ្ញុំមិនរត់គេចទៅណាទេ ខ្ញុំចូលខ្លួនពេលដែលខ្ញុំចប់កាត្វពកិច្ច​ចត្តាឡីស័ក ហើយដីការកោះហៅអីអត់ទាន់មានទេ មានតែអាខោនអាណាមិកអះអាង​ថាជាសមត្ថកិច្ចផ្ញើសារគំរាមកំហែងមកលើខ្ញុំ ដោយនិយាយថា ធ្វើចត្តាឡីស័កនៅណា? ស្អែកចាំគេទៅយក មិនបាច់អស់លុយម៉ូតូឌុបទេ ចាំគេទៅយកដល់ផ្ទះ»។

កញ្ញាអះអាងថា រូបនាងមិនទាន់ដឹងថាខ្លួនបានល្មើសនឹងរឿងអ្វីទេ ខណៈរូបនាងគោរព​តាមវិធានការសុខាភិបាលគ្រប់យ៉ាង តែបែរជាត្រូវចោទពីបទរារាំងវិធានការសុខាភិបាល​ទៅវិញ។

កញ្ញាបកស្រាយថា៖ «មកដល់ពេលនេះ ខ្ញុំមិនទាន់មានមន្រ្តីណាទាក់ទងមកខ្ញុំផ្ទាល់ទេ ខ្ញុំចង់​ដឹងថាថ្ងៃបរិច្ឆេទដែលឱ្យខ្ញុំចូលទៅនៅថ្ងៃណា ហើយពីរឿងអ្វីដែលឱ្យខ្ញុំចូលទៅបំភ្លឺហ្នឹង ពីព្រោះ ខ្ញុំមើលសេចក្ដីបំភ្លឺរបស់អយ្យការពាក់ព័ន្ធនឹងរឿងរារាំង ចឹងខ្ញុំចង់សួរថាកន្លែងណា​ដែលខ្ញុំរារាំង ព្រោះពួកខ្ញុំបានទៅផ្ដល់សំណាកទៅតាមក្រសួងសុខាភិបាលហើយ»។

មន្ត្រីសុខាភិបាលរៀបចំធ្វើតេស្តរកវីរុសអូមីក្រុងលើកូដករណាហ្គាវើលដ៍ នៅកន្លែង​ធ្វើកូដកម្មក្បែរស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាទីតាំងដែលពួកគេត្រូវបាន​រារាំង។ រូបថតនៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
មន្ត្រីសុខាភិបាលរៀបចំធ្វើតេស្តរកវីរុសអូមីក្រុងលើកូដករណាហ្គាវើលដ៍ នៅកន្លែង​ធ្វើកូដកម្មក្បែរស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាទីតាំងដែលពួកគេត្រូវបាន​រារាំង។ រូបថតនៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ទាក់ទិននឹងករណីនេះ​ លោក សំអាត យល់ឃើញថា ជារឿងអយុត្តិធម៌សម្រាប់កូដករ​ណាហ្គាវើលដ៍ ខណៈដែលអាជ្ញាធរបន្តចាប់ខ្លួនកូដករជាបន្តបន្ទាប់ដូច្នេះ ពីព្រោះពួកគេ​បាន​គោរពតាមការវិធានការសុខាភិបាលហើយ។

លោក សំអាត បានថ្លែងថា មានភាពមិនប្រក្រតីចំពោះការអនុវត្តវិធានការសុខាភិបាល ដែល​ចោទប្រកាន់កូដករពីបទរារាំងវិធានការសុខាភិបាល ដោយគ្មានមូលដ្ឋានច្បាស់លាស់ ព្រោះ​កូដករទាំងអស់បានសហការទៅតាមសំណើរក្រសួងសុខាភិបាលរួចហើយ។

លោកលើកឡើងថា៖ «វាជារឿងអយុត្តិធម៌សម្រាប់កូដករ បើយើងមើលទៅគាត់ហាក់មាន​កិច្ចសហប្រតិបត្តិការជាមួយនឹងក្រសួងសុខាភិបាល  ដោយកូដករដែលធ្វើកូដកម្មទាំងអស់​ហ្នឹងបានទៅយកសំណាកនៅកោះពេជ្រស្ទើរតែគ្រប់គ្នា ហើយមិនដឹងគាត់ឈរលើមូលដ្ឋានអី ក្នុងការកោះហៅ ធ្វើការចោទប្រកាន់កម្មករ រារាំងវិធានការសុខាភិបាលទេ»។

លោកថ្លែងបន្តទៀតថា ឬសគល់នៃវិវាទការងារ ដែលឈានដល់ស្ថានភាពបែបនេះ គឺដោយ​សារតែក្រុមហ៊ុនណាហ្គាវើលដ៍ មិនព្យាយាមរកដំណោះស្រាយជូនកម្មករទៅតាមការស្នើសុំ​របស់ពួកគេទាំង៩ចំណុច។ ហើយការចាប់បុគ្គលិកជាបន្តបន្ទាប់នេះ គឺជាសម្ពាធបន្ថែមទៀត​ចំពោះកម្មករ។

លោក សំអាត បន្ថែមថា៖ «ដើម្បីបញ្ចប់គឺមានតែមួយទេ គឺស្ថាប័នដែលពាក់ព័ន្ធហ្នឹងជំរុញ​ធ្វើយ៉ាងណាឱ្យមានការដោះស្រាយបញ្ចប់វិវាទក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយអតីត ឬ​បុគ្គលិកណាហ្គាវើលដ៍ និងដោះលែងតំណាងពួកគេ ដោយគ្មានលក្ខខណ្ឌ និងវិលទៅ​រកការចរចាដើម្បីបញ្ចប់»។

កញ្ញា សុភ័ក្រម៉ូលីកា បានប្រាប់ឱ្យដឹងទៀតថា ថ្វីបើកូដករត្រូវបានរារាំងដោយ​វិធានការ​សុខាភិបាលក្ដី ប៉ុន្តែពួកគេនៅតែបន្តធ្វើយុទ្ធនាការទាមទារឱ្យមានការ​ដោះលែង​មេដឹកនាំ​សហជីព និងទាមទារដំណោះស្រាយ តាមរយៈបណ្ដាញសង្គម​ រហូតដល់ពួកគេ​អាចធ្វើ​កូដកម្មដោយផ្ទាល់នៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍។

កញ្ញាសុភ័ក្រម៉ូលីកា ឱ្យដឹងថា៖ «ដោយសារតែពួកយើងត្រូវធ្វើចត្តាឡីស័ក តាមក្រសួង​សុខាភិបាលទាំងអស់គ្នា ចឹងយើងអត់បានទៅធ្វើនៅបរិវេណក្រុមហ៊ុនទេ យើងធ្វើតាម​ប្រព័ន្ធអនឡាញ»។

កញ្ញាបានប្រាប់ឱ្យដឹងទៀតថា នៅពេលនេះស្ថានភាពកូដករមិនមានអ្វីប្រែប្រួលទេ គឺគោរព​ទៅតាមវិធានការសុខាភិបាល ដោយរូបនាងផ្ទាល់កំពុងធ្វើចត្តាឡីស័កនៅផ្ទះ ថ្វីបើធ្វើតេស្ត​ឃើញអវិជ្ជមានក៏ពិតមែន។ ហើយមកទល់ពេលនេះ មានកូដករចំនួន៤១នាក់​រកឃើញវិជ្ជមាន​វីរុសថ្មីអូមីក្រុង ក្នុងចំណោមកម្មករជាង៩០០នាក់។

កញ្ញាប្រាប់ឱ្យដឹងថា៖ «មកដល់ថ្ងៃនេះ យើងអត់ទាន់ដឹងកម្មករទៅធ្វើតេស្តសរុបប៉ុន្មានទេ តែ៣ថ្ងៃនេះសរុប៩០០នាក់ជាង ហើយវិជ្ជមានយើងឃើញមានតែ៤១នាក់ទេ»។

កូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍អង្វរសុំមន្ត្រីសុខាភិបាលឱ្យពន្យាការធ្វើតេស្តរក​វីរុសអូមីក្រុងលើពួកគេទៅថ្ងៃបន្ទាប់ ក្រោយកូដករម្នាក់ត្រូវបានរកឃើញមានវិជ្ជមានអូមីក្រុង។ រូបថតនៅ​ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
កូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍អង្វរសុំមន្ត្រីសុខាភិបាលឱ្យពន្យាការធ្វើតេស្តរក​វីរុសអូមីក្រុងលើពួកគេទៅថ្ងៃបន្ទាប់ ក្រោយកូដករម្នាក់ត្រូវបានរកឃើញមានវិជ្ជមានអូមីក្រុង។ រូបថតនៅ​ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កញ្ញាបន្ថែមទៀតថា អ្នកវិជ្ជមានទាំង៤១នាក់ខាងលើ មាន៣នាក់ដែលសម្រាកព្យាបាល​នៅផ្ទះ ចំណែកអ្នកផ្សេងទៀតព្យាបាលនៅមណ្ឌលសុខភាព ខណៈសុខភាពពួកគេហាក់មិនមាន​អ្វីប្រែ​ប្រួលទេ គ្រាន់តែអ្នកខ្លះមានអាការៈផ្ដាសាយតិចតួច ហើយអ្នកខ្លះក៏មានសុខភាពធម្មតា។​

កញ្ញាយល់ឃើញថា ទង្វើរបស់អាជ្ញាធរគឺជាចេតនារារាំងមិនឱ្យក្រុមកូដករជួបជុំតស៊ូមតិ ជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ និងចង់បំបាក់ស្មារតីរបស់កូដករ ហើយការចេញវិធានការ​នេះហាក់បីដូចជាលំអៀងមកលើក្រុមកូដករ បើក្រឡេកមើលទៅក្រុមហ៊ុនណាហ្គាវើលដ៍វិញ ថាតើក្រុមហ៊ុនល្បែងមួយនេះ បានអនុវត្តតាមវិធានការសុខាភិបាលនេះដូចនឹងក្រុមកូដករ​ដែរ រឺអត់?

យ៉ាងណាមិញ កាលពីថ្ងៃទី៧ កុម្ភៈ អង្គការសង្គមស៊ីវិល ដែលធ្វើការលើការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស សិទ្ធិការងារ សិទ្ធិដីធ្លី សកម្មជនបរិស្ថាន អ្នកវិភាគឯករាជ្យ និងអ្នក​ស្រាវជ្រាវសង្គមចំនួន១៣៣ បានរួបរួមគ្នាដាក់ញតិ្តសុំការអន្តរាគមន៍ទៅស្ថាប័នរដ្ឋាភិបាល គឺក្រសួងមហាផ្ទៃ និងរដ្ឋសភា ដើម្បីឱ្យជួយដោះស្រាយវិវាទការងារ និងទម្លាក់បទចោទ​មក​លើកម្មករ ដែលជាតំណាងសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានចាប់ខ្លួនកន្លងមក។

សង្គមស៊ីវិលទាំង១៣៣ បានស្នើឱ្យមានការដោះលែងមេដឹកនាំ និងតំណាងសហជីពដែលត្រូវ​បានអាជ្ញាធរចាប់ខ្លួនទាំង ៨ រូប ព្រមទាំងទម្លាក់ចោលការចោទប្រកាន់លើពួកគេ ដោយចាត់​ទុកថាសកម្មភាពបម្រើការងារសហជីពមិនមែនជាបទល្មើសទេ ហើយត្រូវផ្តល់កិច្ចការពារ​ដល់​សេរីភាព មូលដ្ឋាននានា ទោះបីជាសេរីភាពទាំងនេះត្រូវបានអនុវត្តក្នុងមូលហេតុ​ដែល​រដ្ឋាភិបាលមិនឯកភាពក៏ដោយ។

តួយ៉ាងនៅថ្ងៃជាមួយគ្នានេះ​អង្គការ​លី​កា​ដូ និង​អង្គការ​សិទិ្ធ​មនុស្សជា​ដៃគូ​ដទៃទៀត​ ​បាន​ចេញផ្សាយ​ឡើងវិញ​នូវ​គេហទំព័រ ​«​អ្នកទោស​មនសិការ​» ​ដោយ​បង្ហាញ​មនុស្ស​ចំនួន​៦​៦​នាក់​ ​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ ​ដោយសារ​ភាព​សកម្ម​និយម​បែប​សន្តិវិធី​ផ្នែក​នយោបាយ​ ​បរិស្ថាន​ ​សង្គម​ ​ដីធ្លី​ ​ឬ​ការងារ​របស់​ពួកគេ​ ​ក៏ដូចជា​អ្នក​សារ​ព័ត៌មាន​ ​និង​អ្នក​ផ្សេង​ទៀត​ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌​ ​។

បើតាមរបាយការណ៍ខាងលើ បានបញ្ជាក់ថា មេដឹកនាំសហជីព និងតំណាងសហជីព នៃក្រុមហ៊ុនណាហ្គាវើលដ៍ទាំង៨នាក់ ត្រូវបានចាត់ទុកជាអ្នកទោសមនសិការ ​ខណៈដែល​ពួកគេកំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រដោយ​អយុត្តិធម៌។ ​ក្នុងចំណោម​អ្នកទោស​ទាំង​៦៦​នាក់ មាន​១​៣​នាក់​ជា​ស្រ្តី ​៣​៥​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​លើស​ពី​មួយ​ឆ្នាំ​ ​និង​៦​នាក់​ទៀត​ ​ត្រូវ​បាន​ឃុំ​ខ្លួន​ច្រើនជាង​១​០​០​០​ថ្ងៃ​ ​។ ​អង្គការសង្គម​ស៊ីវិល​ផ្សេងទៀត​ ​បាន​​ស្នើសុំ​ឱ្យ​មានការ​ដោះលែង​មនុស្ស​ទាំងនេះ ​ឱ្យ​មាន​សេរីភាព​វិញ​ឱ្យ​បាន​ឆាប់​ ​និង​ដោយ​ឥត​លក្ខខណ្ឌ​ ​ដើម្បី​ឱ្យ​ពួកគេ​អាច​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​ ​និង​បន្ត​សកម្មភាព​​របស់​ពួកគេ​វិញ៕

497 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម