សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាដំបូងរាជធានីភ្នំពេញសម្រេច​ចោទ​ប្រកាន់មន្ត្រីនគរបាលជាន់ខ្ពស់ មួង ឃីម និងឧកញ៉ា អ៊ុត ធី​ ពាក់ព័ន្ធនឹងអំពើពុករលួយ

សាលាដំបូងរាជធានីភ្នំពេញ ថតកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
សាលាដំបូងរាជធានីភ្នំពេញ ថតកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែវិច្ឆកា សម្រេចចោទប្រកាន់មន្ត្រីនគរបាលជាន់ខ្ពស់ លោក មួង ឃីម និងឧកញ៉ា អ៊ុត ធី ពីបទជំនួញឥទ្ធិពលអកម្ម និងជំនួញឥទ្ធិពលសកម្មនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

លោក ប្លង់ សុផល អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានថ្លែងថា តំណាងអយ្យការ បានសម្រេចចោទប្រកាន់ លោក អ៊ុត ធី ពីបទជំនួញសកម្ម តាមបញ្ញត្តិមាត្រា៦០៦នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

លោក មួង ឃីម និង ដួង តារា ពីបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា៥៩៥ មាត្រា៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។

ខណៈ លោក លី សាម៉េត ពីបទសមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា២៩ មាត្រា៥៩៥ មាត្រា៥៩៦នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ​ បានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនអតីតមន្ត្រីនគរបាលជាតិ ជាអនុប្រធាននាយកដ្ឋានកណ្តាល​យុត្តិធម៌ និងលោក ឧញ៉ា អ៊ុត ធី កាលពីថ្ងៃទី៩ ខែវិច្ឆកា​ ឆ្នាំ២០២៤ និងបានបញ្ជូនអ្នកទាំងពីរទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញការពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក ច័ន្ទវិចិត្រ ថ្លែងថា៖ «អង្គភាពបានឃាត់ខ្លួនគាត់កាលពី២ថ្ងៃមុន និងបានបញ្ជូនអ្នកទាំងពីរទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញការពីព្រឹកម៉ិញ។ ព័ត៌មានបន្ថែមដែលអាចចែករំលែកបាន ខ្ញុំនឹងជម្រាបជូនបងបន្ទាប់ពីបញ្ចប់នីតិវិធីរបស់តំណាងអយ្យការ»

យោងតាមពត៌មានក្នុងស្រុកចុះផ្សាយថា ការឃាត់ខ្លួនអ្នកទាំងពីរធ្វើទ្បើងក្រោយបែកធ្លាយឯកសារមួយដែលបង្ហាញថាជាប់ពាក់ព័ន្ធនឹងសំណុំរឿង លោក លី សាម៉េត អតីតទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលត្រូវបានតុលាការសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី(ម១) កាលពីថ្ងៃទី៥ ខែវិច្ឆកា។ 

ដោយទ្បែក លោក ដួង ដារា អតីតជំនួយការរបស់អតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងសំណុំរឿងឆបោកដូចគ្នាដែរ។

លោក​ ឆាយ គឹមឃឿន អ្នកនាំពាក្យនអគ្គស្នងការនគរបាលជាតិ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕

784 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម