សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពន្យារ​ការ​ជំនុំ​ជម្រះសំណុំរឿង CLV-DTA រង់ចាំ​សវនាការសម្រេច​ពី​សាលា​ឧទ្ធរណ៍

រូបទី១៖ អ្នកគាំទ្រសកម្មជននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺលោក ស៊្រុន ស៊្រន ដើរចូលសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្តាប់សវនាការ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
រូបទី១៖ អ្នកគាំទ្រសកម្មជននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺលោក ស៊្រុន ស៊្រន ដើរចូលសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្តាប់សវនាការ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ពន្យារ​ពេល​សវនាការ​សកម្មជន​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លើ​បទ​ចោទ​ញុះញង់​ដោយ​រង់ចាំ​សវនាការ​នៅ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី២៥ ខែ​កុម្ភៈ ដែល​ពួកគេ​កំពុង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​បំបែក​សំណុំ​រឿង​របស់​ពួកគេ។

សកម្មជនទាំងនោះត្រូវបានចោទប្រកាន់ពីបទញុះញង់ធ្វើឱ្យវឹកវ័រដល់សន្តិសុខសង្គមកាលពីខែកក្កដាឆ្នាំមុន បន្ទាប់ពីការផ្សាយបន្តផ្ទាល់ពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) នៅលើ Facebook ដែលបង្កឱ្យមានការតវ៉ា និងការរិះគន់តាមអ៊ីនធឺណិត។

ជនជាប់ចោទ៧នាក់ក្នុងចំណោម ៣៧ នាក់ រួមទាំងសកម្មជន ស្រ៊ុន ស្រ៊ន នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបាននាំយកទៅតុលាការសម្រាប់សវនាការកាលពីថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ។

លោក ស្រ៊ន ដែលស្លៀកពាក់ឯកសណ្ឋានពន្ធនាគារពណ៌ទឹកក្រូច បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងបន្ទប់សវនាការចាប់តាំងពីការជំនុំជម្រះបានចាប់ផ្តើមកាលពីខែធ្នូឆ្នាំមុន។ គាត់​ត្រូវ​បាន​អ្នក​គាំទ្រ​ដែល​បាន​ចូល​រួម​ក្នុង​សវនាការ​ឱប។

លោក ស៊្រន បាន​ប្រាប់​អ្នក​គាំទ្រ​ថា៖ «ខ្ញុំ​សុខសប្បាយធម្មតា [យើង] ត្រូវ​តែ​រក្សា​ចំណេះ​ដឹង​របស់​យើង»។ លោកបានបន្តថា៖ «ប្រសិនបើ [តុលាការ] រកមិនឃើញ [ភស្តុតាងណាមួយនៃ] បទញុះញង់របស់ខ្ញុំ តើកន្លែងណាដែលខ្ញុំអាចដាក់ពាក្យបណ្តឹងអំពីការឃុំខ្លួនខ្ញុំនៅក្នុងពន្ធនាគារពី ៦ ទៅ ៧ ខែ»

សកម្មជនម្នាក់ទៀត លោក សាន ពិសិដ្ឋ បានលើកជាសំណួរទាក់ទងនឹងការចោទប្រកាន់ពីបទញុះញង់ឱ្យប្រើសេរីភាពក្នុងការបញ្ចេញមតិតាមរយៈហ្វេសប៊ុក។ លោក​បាន​សួរ​ថា​៖ «​តើ​ខ្ញុំ​ប្រព្រឹត្ត​បទ​ញុះញង់​តាម​ហ្វេសប៊ុក​ដោយ​របៀប​ណា?»

ឆ្លើយ​តប​នឹង​ពួកគេ ចៅក្រម ញ៉ែម ពិសាល មានប្រសាសន៍​ថា សំណុំ​រឿង​របស់​ពួក​គេ​ដែល​បាន​ប្រព្រឹត្ត​បទ​ញុះញង់​នឹង​ត្រូវ​បើក​សវនាការ​នៅ​ថ្ងៃ​ណា​មួយ​ទៀត។ លោក​បាន​បន្ត​ថា៖ «យើង​កំពុង​រង់ចាំ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍»

មេធាវីការពារក្តីលោក សឺន ជុំជួន មិនបានចូលរួមសវនាការនៅថ្ងៃអង្គារនេះទេ ដោយបញ្ជាក់ថា សាលាឧទ្ធរណ៍បានកំណត់កាលបរិច្ឆេទរួចហើយដើម្បីបើកសវនាការលើបណ្តឹងសាទុក្ខប្រឆាំងនឹងការបំបែកសំណុំរឿងនេះទៅជាប្រាំសវនាការដាច់ដោយឡែកពីគ្នានៅសាលាដំបូងរាជធានីភ្នំពេញ។

ទាក់ទិន​នឹង​ការ​បំបែក​សំណុំ​រឿង​នេះ លោក ជុំជួន បាន​ថ្លែង​ថា វា​នឹង​ពន្យារ​ពេល​សវនាការ ដូច្នេះ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​សកម្មជន​ក្នុង​ការ​កាត់​ក្តី​ដោយ​យុត្តិធម៌។ លោកបានបន្ថែមថា ចុងចោទទាំងអស់ គឺជាផ្នែកនៃសំណុំរឿងតែមួយ ដែលមានការចោទប្រកាន់ដូចគ្នា ដែល «មិនស្មុគស្មាញ» ដូចដែលបានអះអាងដោយព្រះរាជអាជ្ញា។

អ្នកស្រី ទុំ លីដា អ្នកគាំទ្រមកពីខេត្តបាត់ដំបង បាននិយាយថា ប្រជាពលរដ្ឋមានសិទ្ធិព្រួយបារម្ភអំពីអធិបតេយ្យភាពទឹកដី ដែលជាបញ្ហាទាក់ទងនឹង CLV-DTA ដែលជាចំណុចវិជ្ជមាន និងអវិជ្ជមាន ដែលត្រូវបានគូសបញ្ជាក់ដោយ ស្រ៊ុន ស្រ៊ន។

អ្នក​ស្រី​បញ្ជាក់​ថា​៖ «​វា​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ»

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលបានចូលរួមសវនាការបានជំរុញឱ្យតុលាការដោះលែងសកម្មជនដែលកំពុងអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិលើបញ្ហាក្នុងតំបន់អភិវឌ្ឍន៍។

លោក​​មាន​ប្រសាសន៍​ថា៖ «ពួកគេ​ត្រូវ​បាន​គេ​ដាក់​ក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​កន្លែង​ផ្សេង​គ្នា [ពន្ធនាគារ] ដើម្បី​បំបាក់​ស្មារតី​របស់​ពួកគេ ដែល​យើង​មើល​ឃើញ​ថា​ជា [ទម្រង់​នៃ] ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ»

លោក សុខសាន្ត បានបន្តថា សេរីភាពនៃការបញ្ចេញមតិមានសារៈសំខាន់ណាស់សម្រាប់ការលើកតម្កើងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសដូចកម្ពុជា ព្រោះវាឆ្លុះបញ្ចាំងពីសង្គមដែលកំពុងអភិវឌ្ឍ។

មនុស្សប្រហែល ១០០ នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីចុងខែកក្កដា ហើយជាមួយនោះមានជាង ៦០ នាក់ដែលត្រូវបានចោទប្រកាន់ និងដាក់ពន្ធនាគារសម្រាប់ការតវ៉ានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ផែនការប្រមូលផ្តុំ ឬបង្ហាញពីអារម្មណ៍របស់ពួកគេអំពីការជាប់ពាក់ព័ន្ធនៅក្នុងករណី CLV-DTA ។

រដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពី CLV-DTA រយៈពេល ២០ឆ្នាំ កាលពីថ្ងៃទី២០ ខែកញ្ញា បន្ទាប់ពីការតវ៉ា និងការរិះគន់តាមអ៊ីនធឺណិត។

CLV-DTA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី។ នៅក្នុងប្រទេសកម្ពុជា រួមមាន ខេត្តជាប់ព្រំដែន ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ ត្រូវបានចាត់តាំងដំបូងដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh Municipal Court Delays CLV-DTA Trial Pending Appeal Court Decision

402 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម