សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនអគ្គនាយរងពន្ធនាគារម្នាក់ពី​បទ​«សមគំនិតក្នុងអំពើស៊ីសំណូក»

សាលាដំបូងរាជធានីភ្នំពេញ ថតកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
សាលាដំបូងរាជធានីភ្នំពេញ ថតកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សាលដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែកក្កដា បានសម្រេចឃុំខ្លួនលោក ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារដាក់ពន្ធនាគារ តាមបណ្ដឹងអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ពីបទពុករលួយ ស៊ីសំណូក និងប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ ខណៈអ្នកនាំពាក្យពន្ធនាគារថាបានបញ្ជូនឃុំខ្លួនរួចហើយ។

បើតាមលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ ខេមបូចា តាមប្រព័ន្ធតេឡេក្រាមថា ជនជាប់ចោទឈ្មោះ ព្រុំ ចាន់នី ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១ ជាប់ចោទពីបទ សមគំនិតក្នុងអំពើស៊ីសំណូក រំលោភអំណាច និងបទប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងបំណុល។

អ្នកនាំពាក្យសាលាដំបូងរូបនេះថ្លែងថា៖ «ជនជាប់ចោទ ព្រុំ ចាន់នី ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឃុំនៅពន្ធនាគារម១»

លោក នុត​ សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា​ លោក ព្រំ ចាន់នី ត្រូវបានឃុំខ្លួននៅពន្ធនាគារម១ កាលពីល្ងាចថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០២៤។

លោកបញ្ជាក់ថា៖ «បាទ!បញ្ជូនគាត់ទៅពន្ធនាគារម១ហើយកាលពីល្ងាចម្សិលមិញនេះ»

លោក សយ ច័ន្ទវិចិត្ដ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនជនសង្ស័យមួយរូប ឈ្មោះ ព្រំ ចាន់នី មានតួនាទីមុនឃាត់ខ្លួនជាអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលជាប់សង្ស័យពីបទសមគំនិតក្នុងអំពើស៊ីសំណូក តាមមាត្រា៥៩៤ នៃក្រមព្រហ្មទណ្ឌ និងការប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ តាមមាត្រា៣៨នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

លោកបានបន្តថា៖ «បានឃាត់ខ្លួនជនសង្ស័យមួយរូប ឈ្មោះ ព្រុំ ចាន់នី មានតួនាទីមុនឃាត់ខ្លួនជា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ»

យ៉ាងណាអ្នកនាំពាក្យរូបនេះថា អង្គភាពកំពុងបន្ដស្រាវជ្រាវបន្ថែមទៀតលើករណីអំពើពុករលួយនេះដែលថា លោកមិនទាន់អាចផ្ដល់របាយការណ៍ជាក់លាក់ណាមួយឱ្យខេមបូចាបាននោះទេដោយរង់ចាំបញ្ចប់ការសស៊ើបអង្កេតសិន។

លោកថ្លែងថា៖ «សុំការយោគយល់ពីបង ព្រោះនៅមានការស៊ើបអង្កេតបន្ថែមទៀត។អង្គហេតុមិនអាចទាន់ចែករំលែកទៅខាងបងបានទេ។មានតែបទល្មើស បទសង្ស័យរបស់គាត់​ សំណុំរឿងរបស់គាត់ដែលយើងបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងរឿងអីទេ[អំពើពុករលួយ]»

មាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយចែងថា អំពើប្រព្រឹត្ដដោយអ្នករាជការសាធារណៈ ឬដោយពលរដ្ឋដែលទទួលអាណត្ដិសាធារណៈតាមការបោះឆ្នោតនៅក្នុងការបំពេញមុខងាររបស់ខ្លួន ឬក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ចាត់វិធានការរារាំងការអនុវត្ដច្បាប់ដើម្បីទទួលបានដោយខុសច្បាប់នូវអត្ថប្រយោជន៍ណាមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់៤លានរៀលទៅ១០លានរៀល​បើសិនបទល្មើសនោះមានប្រសិទ្ធភាព។

លោក ប៉ិច ពិសី នាយកប្រតិបត្ដិនៃអង្គការតម្លាភាពកម្ពុជា យល់់ឃើញថា ការចាប់ខ្លួនមន្រ្ដីដែល​ប្រព្រឹត្ដអំពើពុករលួយគឺជារឿងវិជ្ជមានរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយដែលវាសម្ដែងឱ្យឃើញពីការយកចិត្ដទុកដាក់។

លោកថ្លែងថា៖ «ការចាប់ខ្លួនអគ្គនាយករងពន្ធនាគារនេះវាឆ្លុះបញ្ចាំងពីជំហានវិជ្ជមានរដ្ឋាភិបាលក្នុងការបោសសំអាតជនសង្ស័យដែលអាចជាប់ពាក់ព័ន្ធរឿងអំពើពុករលួយក្នុងស្ថាប័នសាធារណៈ»

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រីម្នាក់នៅក្រសួងមហាផ្ទៃ ត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យ ទម្លាក់ឋានៈពីនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រី មកនៅត្រឹមជាពល​បាល​​ត្រី នៅក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិ។ ការទម្លាក់ឋានៈរបស់ឧត្តមសេនីយ៍ផ្កាយ១ គឺ លោក ព្រហ្ម រស់ចន្ត្រា ធ្វើឡើងបន្ទាប់ពីគេបានរកឃើញថា លោកមានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងអំពើពុករលួយ។

លោក អំ សំអាត នាយកទទួលចាត់ការទូទៅនៃអង្គការ លីកាដូ សង្កត់ធ្ងន់ថា អំពើពុករលួយជាផ្នែករាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ ខណៈលោកថា លោកសាទរចំពោះវិធានការចាប់​មន្រ្ដី​​ប្រព្រឹត្ដអំពើពុករលួយដាក់ទោស។​ លោកជំរុញឱ្យអង្គភាពប្រឆាំងអំពើពុករលួយបង្កើនវិធាន​ចាប់ខ្លួនមន្រ្ដីពុករលួយបន្ដទៀត ដើម្បីធានាថាកម្ពុជានឹងគ្មានអំពើពុករលួយក្នុងជួរមន្រ្ដីរាជការ។

លោកបន្ថែមថា៖ «យើងសាទរចំពោះចំណាត់ការអង្គភាពប្រឆាំងអំពើពុករលួយដែលបានចាប់ខ្លួនមន្រ្ដីធំៗបែបនេះ។ យើងដឹងហើយថាអំពើពុករលួយគឺជាឧបសគ្គដល់ការអភិវឌ្ឍប្រទេសយើង។ យើងចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយបន្ដវិធានការលើមន្រ្ដីពុករលួយឱ្យតឹងរឹងបន្ថែមទៀត»

តាមច្បាប់ក្រមព្រហ្មទណ្ឌ មាត្រា៣៨ចែងថា​ អំពើពុករលួយគឺជាបទល្មើសដែលដាក់​ទោស​ទណ្ឌ​ទៅ​លើអំពើពុករលួយ ឬប៉ុនប៉ងពុករលួយ ប្រព្រឹត្ដដោយមន្ដ្រីនយោបាយ អ្នក​រាជការ យោធា ឬភ្នាក់ងាររបស់គណបក្សនយោបាយ។ អំពើពុករលួយទោះធ្វើឡើង​ក្រោម​ទម្រង់​សកម្ម ឬអកម្ម ដូចជាការសូកប៉ាន់ ការរំលោភមុខងារ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និង​ការជំរិត​ទារប្រាក់ ត្រូវបានកំណត់ថា ជាបទល្មើសនៅក្រោមបទបញ្ញតិ្ដរបស់ក្រមព្រហ្មទណ្ឌ។

បើ​តាម​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​ឆ្នាំ​២០២២​ ដែល​បាន​ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៣​ បាន​បង្ហាញ​ថា ប្រទេសកម្ពុជាទទួលបានពិន្ទុ២៤ លើពិន្ទុអតិបរមា១០០ និងជាប់ចំណាត់ថ្នាក់ទី១៥០ ក្នុងចំណោម១៨០ប្រទេស ដែលត្រូវបានដាក់បញ្ចូលនៅក្នុងសន្ទស្សន៍។ លទ្ធផលពិន្ទុ និងចំណាត់ថ្នាក់នេះបានបង្ហាញពីភាពប្រសើរឡើងបន្តិច បើធៀបនឹងលទ្ធផលឆ្នាំមុន។ ក្នុងសន្ទស្សន៍CPI ឆ្នាំ២០២១ ប្រទេសកម្ពុជាទទួលបាន២៣ពិន្ទុលើពិន្ទុអតិបរិមា១០០ និងជាប់ចំណាត់​ថ្នាក់ទី១៥៧។

របាយការណ៍នេះបង្ហាញទៀតថា ជារួម ពិន្ទុរបស់កម្ពុជា មានការកើនឡើងជាលំដាប់ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ពី២០ពិន្ទុ ក្នុងឆ្នាំ២០១៨ ដល់ ២៤ពិន្ទុ ក្នុងឆ្នាំ២០២២។ ទោះបីជាការកើនឡើងពិន្ទុនេះអាចត្រូវបានមើលឃើញថាជាការវិវឌ្ឍល្អក៏ដោយ ប៉ុន្តែលទ្ធផលពិន្ទុនេះនៅតែមានកម្រិតទាបខ្លាំង ដែលបង្ហាញថាមានកិច្ចការងារជាច្រើនទៀតដែលត្រូវធ្វើដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងប្រទេស៕

493 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម