សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនលោក សៀម ភ្លុក ជាស្ថាបនិកគណបក្សបេះដូងជាតិ ពីបទក្លែងបន្លំនិងប្រើប្រាស់លិខិតក្លែង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។
លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក នៅពន្ធនាគារព្រៃស កាលពីថ្ងៃពុធរួចហើយ។
លោក អ៊ី រិន ថ្លែងថា៖«លោក សៀម ភ្លុក ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១(ម១) ពីបទក្លែងបន្លំនិងប្រើប្រាស់លិខិតក្លែង បទល្មើសមានចែង និងផ្ដន្ទាទោសតាមមាត្រា៦២៦ មាត្រា៦២៧និងមាត្រា៦២៨ក្នុងច្បាប់ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា»។
យោងតាមមាត្រានៃច្បាប់ក្រមព្រហ្មទណ្ឌ លោក សៀម ភ្លុក នឹងប្រឈមមុខនឹងការជាប់ពន្ធនាគារនៃបទនីមួយៗពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ចន្លោះពី២លានរៀលទៅ៦លានរៀល។
ក្នុងដីកាបង្គាប់របស់ លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីឃាត់ខ្លួនស្ថាបនិកគណបក្សបេះដូងជាតិ ទី១ ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវបានចោទដែលមានឈ្មោះ សៀម ភ្លុក ភេទប្រុស អាយុ៥២ឆ្នាំ ទៅមណ្ឌលអប់រំកែប្រែទី១(ម១) ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់។
ក្នុងដីកាដដែលក៏បានបន្ថែមថា ដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ« ក្លែងបន្លំនិងប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ បទល្មើសដែលមានចែងតាមមាត្រា៦២៦ មាត្រា៦២៧និង មាត្រា៦២៨នៃក្រមព្រហ្មទណ្ឌ។
ជាមួយគ្នានេះដែរ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ការចាប់ខ្លួនលោក សៀម ភ្លុក គឺតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ។ សមត្ថកិច្ចប៉ូលិសបានឃាត់ខ្លួនគាត់កាលពីម្សិលមិញនិងបានបញ្ចូនគាត់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមដីកានិងនីតិវិធីតាមផ្លូវច្បាប់។
លោក សីហាបន្ថែមថា៖«ខ្ញុំដឹងតែឃាត់ម្សិលមិញនិងបញ្ចូនទៅតុលាការរួចហើយ»។
លោក ជូង ជូងី ជាមេធាវីការពារក្ដីឲ្យលោក សៀម ភ្លុក បានឲ្យដឹងថា លោកនឹងពិភាក្សាជាមួយកូនក្ដីពីការប្ដឹងតវ៉ាពាក់ព័ន្ធនិងការឃុំខ្លួនគាត់ ជាពិសេសលោកបានដាក់ពាក្យស្នើសុំថតសំណុំរឿងប៉ុន្ដែតុលាការមិនទាន់បានថតឲ្យគាត់ ដូច្នេះលោកមិនទាន់ច្បាស់ទេពាក់ព័ន្ធនឹងករណីហ្នឹង។
លោកបានបន្ថែមថា៖«ខ្ញុំទៅជួបកូនក្ដីខ្ញុំសិន ទើបដឹងថាត្រូវធ្វើអ្វីបន្ដទៀត»។
ចំណែកឯលោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សនៃអង្គការអាដហុក បានចាត់ទុកករណីនេះថា វាជាការបង្ហាញអំពីការរឹតត្បិតទៅលើសកម្មភាពរបស់សកម្មជននយោបាយនិងការធ្លាក់ចុះស្ថានភាពនយោបាយមួយកម្រិតទៀត តាមរយៈនៃការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការចាត់វិធានការទៅលើសកម្មជននយោបាយនៃបក្សជំទាស់និងជាការបន្ថែមលើក្ដីព្រួយបារម្ភស្ថានភាពនិងការគោរពសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជាយើងមួយកម្រិតទៀត។
លោក សែនករុណា បានសង្កត់ធ្ងន់ថា៖«ករណីលោក សៀម ភ្លុក គឺជាការប្រើប្រាស់មេដៃស្របច្បាប់ក្នុងការបង្កើតគណបក្សនយោបាយ តែបែរជាមានការចោទប្រកាន់លោកក្នុងការដាក់ពាក្យស្នើសុំដោយមិនមានការសម្របសម្រួល ហើយចំណុចនេះដែលខ្ញុំមើលឃើញថា ជាការរំលោភសិទ្ធិក្នុងការចូលរួមសកម្មភាពនយោបាយរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការប្រកួតប្រជែងតាមបែបលិទ្ធិប្រជាធិបតេយ្យ»។
លោក សៀម ភ្លុក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺម្ដងរួចមកហើយ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងរឿងក្លែងបន្លំស្នាមមេដៃសមាជិកដើម្បីបង្កើតគណបក្សនយោបាយ ប៉ុន្តែនៅថ្ងៃទី២២ ខែមីនានោះ លោកមិនបានចូលទៅបំភ្លឺទេ ដោយថាមិនបានទទួលដីកាពីតុលាការ។
ក្រោយពីលោកមិនបានចូលបំភ្លឺនោះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនលោកនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ដោយឱ្យលោកទៅ បំភ្លឺនៅតុលាការឱ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ប៉ុន្តែលោកនៅតែពុំបានចូលខ្លួនបំភ្លឺទៅតាមដីកាកោះហៅនោះទេ ខណៈដែរលោកអះអាងថា មិនទទួលបានដីកានោះទេ ។
កាលពីថ្ងៃទី២០ ខែមេសា លោក សៀម ភ្លុក បានចេញសេចក្ដីប្រកាសព័ត៌មានថា លោកនឹងចូលខ្លួនទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការ ដោយមិនមានចេតនាគេចវេះដូចការផ្សព្វផ្សាយពាក្យចចាមអារ៉ាមតាមបណ្ដាញសង្គមនិងសារព័ត៌មានខ្លះនោះឡើយ។
គណបក្សបេះដូងជាតិ ត្រូវបានអាជ្ញាធរសង្ស័យថាមានលោក សម រង្ស៊ី ស្ថិតនៅពីក្រោយនៃការបង្កើតគណបក្សនេះ ត្រូវបានក្រសួងមហាផ្ទៃចោទប្រកាន់ថា បានក្លែងស្នាមមេដៃ និងមានចេតនាទុច្ចរិត។
កាលពីចុងឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានបដិសេធសំណើសុំចុះឈ្មោះក្នុងបញ្ជីបង្កើតគណបក្សនយោបាយរបស់ស្ថាបនិកគណបក្សបេះដូងជាតិ។ ដោយមិនសុខចិត្តទៅនឹងការសម្រេចនោះ នៅចុងខែវិច្ឆិកា ឆ្នាំ២០២១ លោក សៀម ភ្លុក ក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការកំពូលដើម្បីតវ៉ា ប៉ុន្តែបណ្តឹងនោះត្រូវបានតុលាការកំពូលច្រានចោល៕