សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការ អតីតមេបក្សប្រឆាំង លោក កឹម សុខា

លោក កឹម សុខា អតីតមេបក្សប្រឆាំង បានទៅដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការលើសំណុំរឿងក្បត់ជាតិនៅព្រឹកថ្ងៃពុធនេះ។ រូបថតថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
លោក កឹម សុខា អតីតមេបក្សប្រឆាំង បានទៅដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការលើសំណុំរឿងក្បត់ជាតិនៅព្រឹកថ្ងៃពុធនេះ។ រូបថតថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការលើសំណុំរឿងក្បត់ជាតិរបស់​លោក កឹម សុខា អតីតមេបក្សប្រឆាំងនៅថ្ងៃពុធនេះ បន្ទាប់ពីពន្យាពេលជិតពីរឆ្នាំក្នុងរយៈពេលមានការរីក​រាលដាល​នៃជំងឺកូវីដ-១៩។

លោក កឹម សុខា បានទៅដល់សាលាដំបូងរាជធានីភ្នំពេញនៅម៉ោងប្រហែលជិត៨ព្រឹក ដើមចូលរួមសវនាការ។​ គាត់ត្រូវ​បាន​ចោទប្រកាន់កាលពីឆ្នាំ២០១៧ពីបទសមគំនិតជាមួយ​បរទេស ដែល​តាម​ចោទថា សហការជាមួយសហរដ្ឋអាមេរិកប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជាដែល​កំពុង​កាន់​អំណាច។ យោងតាមអ្នកយកព័ត៌មានរបស់ខេមបូចាពីសាលាដំបូងរាជធានីភ្នំពេញ។

លោក កឹម សុខា បានមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោកមុន ពេលទៅ ចូល សវនាការនៅព្រឹកថ្ងៃពុធនេះ ថា៖ «ខ្ញុំសង្ឃឹមថា ថ្ងៃនេះតុលាការនឹងសម្រេចទម្លាក់ចោលការចោទ​ប្រកាន់មកលើខ្ញុំ ដើម្បីកម្ពុជាយើងបោះជំហានទៅរកការផ្សះផ្សាបង្រួបបង្រួមជាតិ ហើយយើង​មានសាមគ្គីជាតិ ដើម្បីអភិវឌ្ឍប្រទេសជាតិយើងទាំងអស់គ្នាតទៀត»

សំណុំរឿងនេះត្រូវបានផ្អាកតាំងពីខែមីនា ឆ្នាំ២០២០ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។ ទោះជាយ៉ាងណាក៏ដោយ តុលាការបានបន្តដំណើរការជាធម្មតាឡើងវិញ អស់ជាច្រើន​ខែមកហើយ រួមទាំងការចាប់ផ្តើមសវនាការថ្មីលើ​សកម្មជនសិទ្ធិមនុស្ស និងសមាជិក​គណបក្សសង្គ្រោះជាតិដែលត្រូវរំលាយ​ចោល​រួច​ហើយនោះ។

លោក កឹម សុខា អតីត​មេបក្ស​ប្រឆាំង បានទៅដល់សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បីចូលរួមសវនាការលើសំណុំរឿងក្បត់ជាតិនៅព្រឹកថ្ងៃពុធនេះ​។ រូបថតថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ឃួន ណារីម

ក្រុម​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​បន្ត​សវនាការ​លើសំណុំរឿងរបស់​លោក កឹម សុខា ឡើង​វិញ​ភ្លាមៗនេះ គឺ​ដោយសារ​សម្ពាធ​អន្តរជាតិ។​​​

លោក កឹម សុខា ដែលជាអតីត​ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនកាល ពីថ្ងៃ ទី០៣ ខែកញ្ញា ឆ្នាំ២០១៧ និង​ត្រូវ​បាន​ចោទប្រកាន់ពីបទសមគំនិតជាមួយបរទេស ដែល​តាម​ចោទថា សហការជាមួយសហរដ្ឋអាមេរិកប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជាដែល​កំពុង​កាន់​អំណាច។

លោក កឹម សុខា បាន​អះអាង​ថា លោក​​ធ្វើ​សកម្មភាពដោយ​​ស្រប​ច្បាប់និង​ប្រ​កប​​ដោយ​តម្លាភាពក្នុង​ការ​ព្យាយាម​យក​ឈ្នះ​ការ​បោះឆ្នោត។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ឆ្នាំ២០១៧ ហើយ​​សមាជិក​គណបក្ស​ជាច្រើន​នាក់​ត្រូវ​បានចាប់ខ្លួន​ជុំវិញ​​អ្វី​ដែល​គេ​ជឿជាទូទៅ​​ថា  ​ជា​​ការ​​ចោទប្រកាន់​​ពាក់ព័ន្ធរឿង​​នយោបាយ។ មេដឹកនាំកំពូលៗរបស់គណបក្ស​នេះ​បាននិរទេសខ្លួន ហើយ សមាជិកជាន់ខ្ពស់ជាង១០០នាក់ត្រូវបានហាមឃាត់មិនឲ្យធ្វើ​សកម្មភាព​នយោបាយរយៈពេល៥ឆ្នាំ។

សាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការលើសំណុំរឿងក្បត់ជាតិរបស់​លោក កឹម សុខា អតីតមេបក្សប្រឆាំងនៅថ្ងៃពុធនេះ​។ រូបថតថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ការពន្យារពេលលើសំណុំរឿងរបស់​លោក កឹម សុខា ធ្វើ​ឲ្យ​មាន​ក្តីបារម្ភក្នុង​ចំ​ណោម​ក្រុម​សង្គមស៊ីវិល និងអ្នកវិភាគនយោបាយ ដែលអះអាងថា ជម្លោះផ្លូវច្បាប់នេះ គឺជាផ្នែកមួយ​នៃយុទ្ធសាស្ត្រជំរុញឲ្យការបែក​បាក់ក្នុងចំណោម​មេ​ដឹក​នាំគណបក្សសង្គ្រោះជាតិកាន់តែ​ធ្ងន់ធ្ងរឡើង។

កាលពីដើមខែធ្នូ សាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការលើអតីតសមា​ជិក ​និង​សកម្មជនគណបក្សសង្រ្គោះជាតិជាង១៣០នាក់ ដែលត្រូវបានចោទ​​ប្រកាន់ពីបទរួម​គំនិតក្បត់​និងញុះញង់បង្កឲ្យមានភាពវឹកវរក្នុងសង្គមពាក់ព័ន្ធការព្យាយាម​មិនបានសម្រេចរបស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រ​ឆាំងក្នុងការវិលត្រឡប់​មកកម្ពុជា​វិញ​កាល​ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

សវនាការ​ដែល​មាន​មនុស្សដ៏ច្រើននេះ​ក៏ត្រូវបានពន្យារពេលជាច្រើនខែផងដែរ​ដោយសារការ​រីករាលដាលជំងឺកូវីដ-១៩។

188 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម