ដោយសារសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញពិបាកក្នុងការធ្វើចរាចរណ៍ ដើម្បីបម្រើប្រជាពលរដ្ឋ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញឱ្យបង្កើតគន្លងសម្រាប់រថយន្តក្រុងសាធារណៈដើម្បីផ្តល់អាទិភាពដល់ការដឹកជញ្ជូនសាធារណៈ។
អំឡុងពិធីបើកការដ្ឋានសាងសង់គម្រោងស្ពានអាកាសភ្លោះនៅរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការសាងសង់ស្ពានអាកាសភ្លោះ ត្រូវបានរំពឹងថា នឹងកាត់បន្ថយការកកស្ទះចរាចរណ៍ ប៉ុន្តែបានអំពាវនាវឱ្យមានដំណោះស្រាយរយៈពេលវែងសម្រាប់ការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលរួមទាំងគន្លងផ្លូវសម្រាប់រថយន្តក្រុងសាធារណៈផងដែរ។
លោកបានជំរុញឱ្យស្ថាប័នរដ្ឋាភិបាលរៀបចំគោលនយោបាយនាពេលអនាគត ដើម្បីស្វែងរកដំណោះស្រាយអចិន្ត្រៃយ៍ ដើម្បីជៀសវាងការរៀបចំប្រព័ន្ធថ្មីម្តងហើយម្តងទៀតនៅពេលនិយាយអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំ ផែនការទីក្រុងគួរតែគិតគូរពីទំហំចិញ្ចើមផ្លូវ ចំនួនគន្លងផ្លូវ ក៏ដូចជាការបញ្ចូលគន្លងផ្លូវសម្រាប់សេវាដឹកជញ្ជូនសាធារណៈផងដែរ ដោយលោកបានមានប្រសាសន៍បន្ថែមថា ផ្លូវថ្មីចាំបាច់ត្រូវរៀបចំគន្លងផ្លូវរថយន្តក្រុងសម្រាប់សេវាដឹកជញ្ជូនសាធារណៈ។
លោកបញ្ជាក់ថា៖ «នៅក្នុងផ្លូវក្រុងថ្មីៗ និងក្រុងរណប ប្រព័ន្ធផ្លូវត្រូវរៀបចំផ្លូវបែបនេះឱ្យហើយ។ ប្រព័ន្ធដឹកជញ្ជូនសាធារណៈ គឺសម្រាប់មនុស្សច្រើនប្រើប្រាស់រួមគ្នា។ ប្រើប្រាស់រួម ត្រូវមានអាទិភាព»។
លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការធ្វើបែបនេះនឹងដោះស្រាយការកកស្ទះ ប៉ុន្តែវិធីសាស្ត្រនេះអាចអនុវត្តបានតែនៅតំបន់ជាយក្រុង និងទីក្រុងរណប ព្រោះពិបាកពង្រីកផ្លូវក្នុងរាជធានី ដូច្នេះត្រូវរៀបចំលំហូរចរាចរណ៍ដែលមានស្រាប់សម្រាប់យានយន្ត។
លោកបានកត់សម្គាល់ថា៖ «នៅកន្លែងថ្មី ត្រូវរៀបចំផ្លូវសម្រាប់គន្លង សម្រាប់រថយន្តបឹស»។ ព្រោះបើមិនរៀបចំគន្លងទេ រថយន្តក្រុងនឹងបន្តបង្កការកកស្ទះ។ ដូច្នេះ ផ្លូវថ្មីត្រូវតែរៀបចំឱ្យមានបីគន្លង ហើយគន្លងកៀន គឺសម្រាប់រថយន្តក្រុងសាធារណៈ។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យពិនិត្យមើលការសាងសង់រង្វង់មូល ស្ពានអាកាស និងផ្លូវក្រោមដីបន្ថែមទៀត នៅទីតាំងដែលត្រូវសាងសង់។
លោក ឈុំ សម្បត្តិ អ្នកស្រាវជ្រាវវ័យក្មេងនៅវេទិកាអនាគត សង្កេតឃើញថា គន្លងធ្វើចរាចរណ៍រួមគ្នានៅក្នុងរាជធានីភ្នំពេញ មិនអាចសម្រួលចរាចរណ៍ ដែលមានទាំងរថយន្តឯកជន និងរថយន្តក្រុងសាធារណៈប្រកបដោយប្រសិទ្ធភាពទេ ។ ការរួមបញ្ចូលគ្នានៃចរាចរណ៍មមាញឹកក្នុងទីក្រុង តូបលក់ដូរនិងអាជីវកម្មតាមដងផ្លូវ និងគន្លងផ្លូវតូចចង្អៀតធ្វើឱ្យរថយន្តក្រុងពិបាកធ្វើចរាចរណ៍ខ្លាំង ដែលក្លាយជាឧបសគ្គជាជាងដំណោះស្រាយចំពោះការកកស្ទះចរាចរណ៍។
នេះគឺជាចំណុចដែលត្រូវបង្កើតគន្លងរថយន្តក្រុង ពីព្រោះគន្លងដែលបានរៀបចំអនុញ្ញាតឱ្យរថយន្តក្រុងចរាចរណ៍បានលឿន និងគ្មានការរំខាន ដោយគ្មានឧបសគ្គអ្វីទាំងអស់។ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា គំនិតផ្តួចផ្តើមនេះគឺជាជំហានមួយក្នុងទិសដៅត្រឹមត្រូវជាមួយនឹងការគាំទ្រពេញទំហឹងឱ្យប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈជំនួសឱ្យការប្រើប្រាស់យានយន្តឯកជន ដែលអាចជួយសម្រួលដល់លំហូរចរាចរណ៍កាន់តែប្រសើរ និងកាត់បន្ថយការបំភាយកាបូន ប្រសិនបើអនុវត្តឱ្យបានត្រឹមត្រូវ»។
បើទោះបីជាគន្លងផ្លូវរថយន្តក្រុងត្រូវបានគ្រោងនាពេលថ្មីៗ សម្រាប់តែផ្លូវក្រវ៉ាត់ក្រុងនៅខាងក្រៅរាជធានីភ្នំពេញ និងទីក្រុងរណបក៏ដោយ ក៏គំនិតផ្តួចផ្តើមនេះអាចជួយអ្នករៀបចំផែនការអភិវឌ្ឍន៍ទីក្រុងទទួលបានការយល់ដឹងដ៏មានតម្លៃអំពីរបៀបបង្កើតសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងទម្រង់នៃសេវាដឹកជញ្ជូនរួមផ្សេងទៀតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធទូទៅក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាព។
ជុំវិញការខ្វះលទ្ធភាពក្នុងការបង្កើតគន្លងផ្លូវក្នុងរាជធានីភ្នំពេញ លោក សម្បត្តិ បានមានប្រសាសន៍ថា បញ្ហានេះ កើតចេញពីវិធីសាស្រ្តដែលផ្តល់អាទិភាពដល់មធ្យោបាយរថយន្តឯកជន ជាពិសេសរថយន្តតូច ដែលគេចាត់ទុកថា មាន«ភាពចាំបាច់បំផុត»។ «ហេដ្ឋារចនាសម្ព័ន្ធត្រូវបានរៀបចំឡើង ដើម្បីសម្រួលដល់រថយន្តជាជាងមនុស្ស»។
លោកបានគូសបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់គន្លងផ្លូវរថយន្តក្រុងប្រហែលជាមិនទាន់គ្រប់គ្រាន់ ដើម្បីបញ្ចុះបញ្ចូលអ្នកធ្វើដំណើរប្តូរទៅប្រើសេវាដឹកជញ្ជូនសាធារណៈទេ លុះត្រាតែមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមដែលធានាដល់ការធ្វើដំណើរដ៏ងាយស្រួលសម្រាប់អ្នកថ្មើរជើង។ ការងារនេះក៏រួមបញ្ចូលទាំងផ្លូវថ្មើរជើងដែលមានភ្លើងគ្រប់គ្រាន់ និងមានដំបូង ស្ពានថ្មើរជើង និងផ្លូវទោចក្រយាន ដែលភ្ជាប់ពីចំណតរថយន្តក្រុងទៅកាន់គោលដៅចុងក្រោយ។
លោក សម្បត្តិ មានប្រសាសន៍ថា៖ «ប្រសិនបើអ្នករៀបចំផែនការអភិវឌ្ឍន៍ទីក្រុងប្រើប្រាស់ដំណោះស្រាយតែមួយ ដែលពួកគាត់បានប្រើលើការកសាងផ្លូវក្រវ៉ាត់ក្រុង និងទីក្រុងរណប ដែលផ្តល់អាទិភាពចម្បងដល់សេវាដឹកជញ្ជូនសាធារណៈនោះ ខ្ញុំជឿជាក់ថា បញ្ហាស្មុគស្មាញនេះអាចដោះស្រាយបានយ៉ាងត្រឹមត្រូវ»។
ខណៈពេលដែលផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ ប្រហែលជាមិនធំទូលាយគ្រប់គ្រាន់សម្រាប់ការធ្វើចរាចរណ៍ទាំងរថយន្តក្រុងសាធារណៈ និងរថយន្តឯកជននោះ ផ្លូវតូចៗអាចត្រូវបានប្តូរទៅជាគន្លងផ្លូវរថយន្តក្រុង និងផ្លូវទោចក្រយានយន្ត ជាមួយនឹងផ្លូវដើរសម្រាប់ថ្មើរជើង ដើម្បីលើកទឹកចិត្តដល់ការប្រើប្រាស់សេវាដឹងជញ្ជូនសាធារណៈ និងការធ្វើដំណើរដោយថ្មើរជើង ការធ្វើបែបនេះកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់រថយន្តឯកជន។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា នេះគឺជាដំណើរការអនុវត្តបន្តិចម្ដងៗ ដែលទាមទារពេលវេលា។ ទោះបីជាយ៉ាងណា ដោយមានការបង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មើរជើងត្រឹមត្រូវ ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតសម្រាប់ប្រជាពលរដ្ឋឱ្យងាកទៅប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ខ្ញុំជឿជាក់ថា ចក្ខុវិស័យនៃទីក្រុងភ្នំពេញដែលកាន់តែបៃតង និងងាយស្រួលសម្រាប់អ្នកថ្មើរជើងអាចក្លាយជាការពិត»។
នៅក្នុងអត្ថបទទស្សនវិភាគរបស់លោកនៅដើមឆ្នាំនេះ លោក សម្បត្តិ បានកត់សម្គាល់ថា ដើម្បីឱ្យកំណែទម្រង់ទទួលបានជោគជ័យ សហគមន៍ និងអ្នករៀបចំគោលនយោបាយត្រូវធ្វើការរួមគ្នា។ ប្រសិនបើសេវារថយន្តក្រុងខកខានមិនបានឆ្លើយតបតម្រូវការរបស់អ្នកធ្វើដំណើរ ពួកគាត់នឹងមិនព្រមបោះបង់យានយន្តរបស់ពួកគាត់ឡើយ។ ដូចគ្នានេះដែរ ប្រសិនបើមិនមានការផ្លាស់ប្តូរជាក់ស្តែងដែលផ្តល់អាទិភាពដល់រថយន្តក្រុង ឬគន្លងផ្លូវរថយន្តក្រុង ប្រព័ន្ធដឹកជញ្ជូនសាធារណៈនឹងមិនអាចជំនួសយានយន្ត រួមទាំងម៉ូតូបានយ៉ាងមានប្រសិទ្ធភាពទេ។
លោកបានបន្ថែមថា៖ «កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីកែលម្អផ្លូវថ្មើរជើងក្នុងរាជធានីភ្នំពេញ និងលើកកម្ពស់បណ្តាញរថយន្តក្រុងនឹងប្រែក្លាយការដឹកជញ្ជូនក្នុងទីក្រុងឱ្យកាន់តែប្រសើរឡើង»។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មិនបានឆ្លើយតបនឹងសំណួរទេ។
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh to Incorporate Dedicated Bus Lanes For Public Transport, Alleviate Congestion