ពលរដ្ឋសហគមន៍ភ្នំសេះ អះអាងថាដីព្រៃសហគមន៍ប្រមាណ៣ពាន់ហិកតា ស្ទើរតែបាត់បង់ទាំងស្រុងហើយមកទល់បច្ចុប្បន្ននេះ ដោយសារតែអ្នកមានអំណាចមួយចំនួនជួលពលរដ្ឋកាប់ទន្រ្ទានដីព្រៃធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងដោយសារតែភាពអសកម្មរបស់អាជ្ញាធរក្នុងការបង្រ្កាបបទល្មើសទាំងនោះ។
ព្រៃសហគមន៍ភ្នំសេះ មានចម្ងាយប្រមាណ៩០គីឡូម៉ែត្រពីខេត្តក្រចេះ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ គឺជាតំបន់អាស្រ័យផលយ៉ាងសំខាន់របស់ជនជាតិដើមភាគតិចពូនងជិត ២០០គ្រួសារ។
ប្រជាសហគមន៍លើកឡើងថា ព្រៃសហគមន៍ភ្នំសេះសំបូរដើមឈើមានតម្លៃធំៗ ដូចជា បេង ធ្នង់ នាងនួន សុក្រំ និងឈើទាលជាដើម តែនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឈើកម្រទាំងនេះ ត្រូវបានជនល្មើសលួចកាប់អស់ស្ទើរទាំងស្រុង។ ព្រៃនេះមានសត្វព្រៃកម្រជាច្រើនប្រភេទកំពុងរស់នៅរួមមាន ស្វា ក្ងោក ជ្រូកព្រៃ មាន់ និងឈ្លូសជាដើម។
បើតាមលោក ហ៊ា សំអឿន ប្រធានសហគមន៍ភ្នំសេះ ប្រាប់ឱ្យដឹងថា ពលរដ្ឋចំណូលស្រុកថ្មីបានមកទិញដី និងកាប់ទន្រ្ទានដីព្រៃកាន់កាប់ជាកម្មសិទ្ធិសម្រាប់ដាំដំណាំកសិឧស្សាហកម្ម ហើយក៏មានអ្នកភូមិខ្លះកាប់រានទន្រ្ទានដីព្រៃ ដើម្បីពង្រីកដីចម្ការរបស់ខ្លួនកាន់កាប់ជាកម្មសិទ្ធិដោយខុសច្បាប់ ក្នុងបំណងដាំដំណាំផ្សេងៗដូចជា ស្វាយចន្ទី និងដំឡូងមីជាដើម។ លោក សំអឿន ចាត់ទុកថា សកម្មភាពកាប់រានទន្ទ្រាននេះ ជាទង្វើខុសច្បាប់ភូមិបាល និង ច្បាប់ស្តីពីព្រៃឈើ។
លោកបន្តថា អាជ្ញាធរមិនមានភាពសកម្មក្នុងការចុះអន្តរាគមន៍ ចំពោះការកាប់ទន្រ្ទានរបស់ពលរដ្ឋ ដែលលោកសង្ស័យថាមានអ្នកមានអំណាចនៅពីក្រោយ។
លោកលើកឡើងថា៖ «តាមខ្ញុំសិក្សាមើលទៅអ្នកដែលកាប់ហ្នឹងអ្នកចំណូលថ្មីនឹងឯង កាប់ហើយរកថៅកែលក់តែម្ដង មានអ្នកមានអំណាចនៅពីក្រោយ។ ខ្ញុំសំណូមពរឱ្យស្ថាប័ន ឬជំនាញពាក់ព័ន្ធជួយសហគមន៍ភ្នំសេះកំពុងតែទៅមុខហើយ អត់មានទៅក្រោយទេ បើមិនចឹងអស់ហើយព្រៃសហគមន៍ភ្នំសេះនេះ »។
លោកបន្តថា៖ «ឆ្នាំនេះអត់ទាន់បានអន្តរាគមន៍ម្ដងទេ(អាជ្ញាធរ) ព្រឹកមិញខ្ញុំបានជួប គាត់ថាឱ្យធ្វើលិខិតដាក់ទៅភូមិទៅឃុំទៅណា ខ្ញុំចង់អស់ទឹកចិត្ត ដាក់លិខិតទៅដដែលៗ ខ្ញុំមិនដឹងនិយាយថាម៉េច ដើមជ័រដើមអី»។
លោក សំអឿន បន្តថា ចាប់តាំងពីមានការកាប់ទន្រ្ទានដីព្រៃសហគមន៍ភ្នំសេះមក ពលរដ្ឋមានការលំបាកក្នុងការអាស្រ័យផលព្រៃឈើ ដូចជាមុខរបរដងជ័រទឹកក៏ត្រូវបានថមថយ ដោយសារតែព្រៃស្រោងត្រូវបានកាប់ឆ្ការ ជំនួសមកវិញដោយចំការស្វាយចន្ទីរ និងដំណាំដំឡូងមី។
លោកបញ្ជាក់ទៀតថា៖ «ដងជ័រទឹកយ៉ាងម៉េចបើគេកាប់ព្រៃត្រឡប់ត្រឡិនចូលមិនចុះផង និយាយពីថាគេនិយមកាប់ព្រៃសហគមន៍លក់ សុទ្ធតែអ្នកចំណូលថ្មីសុទ្ធហ្មង៎គេដាំចន្ទីរ និងដំឡូង»។
លោកបន្ថែមថា សកម្មភាពដែលមានការកាប់ទន្រ្ទានខ្លាំងគឺចាប់ពីឆ្នាំ២០១៨មក ហើយឆ្នាំ២០២២នេះ ទំនងជាអ្នកកាប់ព្រៃទាំងនោះបំណងកាប់ព្រៃឱ្យអស់តែម្ដង។ លោកបង្ហាញការខកចិត្តចំពោះអាជ្ញាធរមូលដ្ឋាន ដែលមិនអាចដោះស្រាយបញ្ហាដ៏រាំរៃនេះជូនពលរដ្ឋសហគមន៍ ខណៈដីសហគមន៍ភ្នំសេះនេះ ត្រូវបានទទួលស្គាល់ដោយក្រសួង រុក្ខាប្រមាញ់ និងនេសាទនៅឆ្នាំ២០១៨។
លោកថា៖«ខ្ញុំខកចិត្ត និងសោកស្ដាយជាខ្លាំង ដោយសារយើងធ្វើហ្នឹងមិនមែនអត់ច្បាប់ឯណា មានច្បាប់គ្រប់គ្រាន់ ការអនុវត្តច្បាប់វានៅមានកម្រិត បើគ្មានអ្នកធំនៅពីក្រោយវាមិនហ៊ានធ្វើទេ»។
ចំណែកលោក ងាន់ សុខា អាយុ៣២ឆ្នាំ ជាគណៈកម្មការសហគមន៍ លើកឡើងស្រដៀងគ្នាថា ការកាប់រានទន្រ្ទានដីនៅតំបន់ភ្នំសេះកាន់តែធ្ងន់ធរទៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែមិនមានការទប់ស្កាត់ពីអាជ្ញាធរមានសមត្ថកិច្ច។
លោក សុខា ឱ្យដឹងថា៖ «ព្រៃច្បោះដែលបងប្អូនអាស្រ័យផលនោះ អស់ប្រហែល៧០ភាគរយដែរហើយ វាធ្ងន់មិនមែនថាស្រាលទេ អ្នកការពារវិញចង់អស់ដៃអស់ជើងដែរ ដូចជាតាំងពីអាជ្ញាធរសហការមក បានតែពីរសារចោលតែម្ដង»។
លោកបន្តថា ពលរដ្ឋដែលកាប់ព្រៃយកដីលក់នោះជាបុគ្គលដដែលៗ ហើយដាក់លក់ក្នុងតម្លៃឡៃឡុងមួយប្លង់ក្បាលដី២០០ ទៅ៣០០ម៉ែត្រតម្លៃ ១ពាន់ដុល្លារ ទៅ២ពាន់ដុល្លារ។
លោកបញ្ជាក់ថា៖ «អាអ្នកទិញហ្នឹងអ្នកចំណូលថ្មី តែអាអ្នកលក់ហ្នឹងអ្នកចាស់ហ្នឹងទេ»។
លោកអះអាងថា ប្រសិនបើអាជ្ញាធរមិនមកអន្តរាគមន៍ទេ អនាគតនៃសហគមន៍ភ្នំសេះនឹងបាត់បង់នាពេលឆាប់ៗនេះ ដោយសារតែខ្វះការចូលរួមពីមន្រ្តីពាក់ព័ន្ធ។
បើតាមមេភូមិអូរព្រះ លោក អ៊ុំ សារ៉ាវី ដែលទើបឡើងកាន់តំណែងថ្មី ប្រាប់ឱ្យដឹងថា លោកមិនទាន់បានដឹងលម្អិតពីបញ្ហាកាប់រានដីព្រៃសហគមន៍ភ្នំសេះឡើយ ដោយសារតែលោកទើបនឹងជាប់ជាមេភូមិថ្មី បើចង់ដឹងច្បាស់អាចសួរមេភូមិចាស់បាន។
លោក សារ៉ាវី ថ្លែងថា៖«ខ្ញុំអត់ដឹងដែរ ខ្ញុំមេភូមិអូរព្រះទើបឡើងប្រហែល១ខែទេ ទាល់តែទំនាក់ទំនងទៅមេភូមិចាស់ និងសហគមន៍គេ»។
ចំណេកមេឃុំអូរកណ្ដៀសែនជ័យដែលទើបនឹងកាន់តំណែងថ្មី គឺលោក តៀន នឿន អះអាងថា លោកមិនទាន់អាចដោះស្រាយបញ្ហានៅសហគមន៍ភ្នំសេះបានទេ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធខាងលើមិនចុះមកអន្តរាគមន៍ ឬផ្ដល់ជាកញ្ចប់ថវិកាក្នុងការចុះទប់ស្កាត់។
លោក នឿន ថ្លែងថា៖«សហគមន៍ហ្នឹងមិនដឹងជាយ៉ាងម៉េចដែរ បើមន្រ្តីពាក់ព័ន្ធដីធ្លីព្រៃឈើហ្នឹង មិនដែលទាក់ទងមកយើង ឱ្យខ្ញុំទៅគ្រប់គ្រងម៉េចបើខ្ញុំជាឃុំទើបកាន់តំណែងថ្មីបាន២ខែហ្នឹង»។
លោកមេឃុំអូរកណ្ដៀសែនជ័យ អះអាងថា លុះត្រាតែមន្រ្តីជំនាញថ្នាក់លើចុះមកសហការជាមួយអាជ្ញាធរមូលដ្ឋានទើបអាចដោះស្រាយបញ្ហាដ៏រ៉ាំរៃនេះបាន។
បើតាមរបាយការណ៍របស់សមាគមបណ្តាញយុវជនកម្ពុជាដែលចេញផ្សាយកន្លងទៅ បង្ហាញថា ការកាប់រានទន្ទ្រានកាន់កាប់ដីព្រៃ បានគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិចពូនង ដែលតែងទទួលផលពីអនុផលព្រៃឈើ បម្រើជីវភាពជាច្រើនទសវត្សរ៍មកហើយ។ ទន្ទឹមនឹងនោះ អ្នកភូមិជនជាតិដើមភាគតិច ប្រឈមបាត់បង់ទីកន្លែងជំនឿដែលហៅថា «ទីជំនឿភ្នំសេះ»។
អតីតមេឃុំអូរគ្រៀងលោក កែវ បុប្ផា អះអាងថា កាលពីលោកជាមេឃុំចាស់ លោកធ្លាប់បានធ្វើកិច្ចសន្យា និងអប់រំទៅដល់អ្នកដែលមកកាប់ឆ្ការព្រៃសហគមន៍ ប៉ុន្តែតាំងពីលោកផ្លាស់តួនាទីមក លោកមិនបានដឹងពីស្ថានភាពនៅសហគមន៍ភ្នំសេះយ៉ាងណាទេ។
លោកថា៖«យើងបោះឆ្នោតខែ៦ បែងចែកឃុំមក យើងអត់បានទៅជិតទេ ខ្ញុំអត់ដឹងអីទាំងអស់។ ពីមុនមកយើងដាក់ឈ្មោះមានកិច្ចសន្យា ដាក់ទៅតុលាការ»។
លោក គង់ មេត្តា អភិបាលស្រុកសំបូរ ដែលទើបកាន់តួនាទីថ្មី បានឱ្យដឹងថា ខ្ញុំទទួលបានព័ត៌មាននឹងពីម្សិលមិញដែរ ហើយខ្ញុំបានដាក់កម្លាំងទៅ និងបានដកហូតម៉ាស៊ីនអាឈើរួចផងដែរ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ព័ត៌មានហ្នឹងខ្ញុំទទួលបានកាលពីម្សិលហើយដែរ អ៊ីចឹងទៅណា៎ បានដាក់កម្លាំងដាក់អីចូលទៅ បានដកហូរអាណាដកអីខ្ទេចអស់ហើយតាស៎»។
ចំណែកអភិបាលខេត្តក្រចេះ លោក វ៉ា ថន មិនលើកទូរសព្ទឡើយ ថ្វីបើទាក់ទងទៅ០២ថ្ងៃជាប់គ្នាក៏ដោយ។ ចំណែកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ លោក ទ្រី សុភ័ក្រ មិនអាចទាក់ទងបានឡើយ។
ជុំវិញបញ្ហានេះ លោកអូត ឡាទីន មន្រ្តីសម្របសម្រួលគម្រោងសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លើកឡើងថា ដីនៅសហគមន៍ភ្នំសេះនឹងបាត់បង់នៅពេលខាងមុខ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានមិនចុះមកអន្តរាគមន៍ទេនោះ ។
លោក ឡាទីន លើកឡើងថា៖ «បើសិនជាអាជ្ញាធរដែលនៅជិតបំផុត សង្កាត់រដ្ឋបាលព្រៃឈើគាត់អត់ដោះស្រាយបញ្ហានឹងទេ សហគមន៍ភ្នំសេះនឹងរលាយហើយ»។
លោក ឡាទីន បន្ថែមថា តាមការសិក្សាកាលពីឆ្នាំ២០២០ ព្រៃសហគមន៍ភ្នំសេះ រងការកាប់បំផ្លាញអស់ពាក់កណ្ដាលទៅហើយ ខណៈបច្ចុប្បន្ននៅតែមានការកាប់បន្ថែមទៀត។ លោកចង់ឃើញអាជ្ញាធរមូលដ្ឋានប្រើប្រាស់សិទ្ធិអំណាចដែលមាន ដើម្បីដោះស្រាយបញ្ហាជូនប្រជាជនដែលរងគ្រោះ និងដកហូតដីទាំងនោះប្រគល់មកឱ្យសហគមន៍វិញ។
លោក បន្ថែមថា៖ «មានករណីខ្លះទៀតយើងទទួលបានព័ត៌មានថា អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនឹងជនល្មើសហ្នឹងទៅទៀត មានស៊ីញ៉េផ្ដល់ឱ្យជនល្មើសហ្នឹងចូលទៅកាប់ អានេះគឺជាបញ្ហា»។
គួររំលឹកថា ព្រៃសហគមន៍ភ្នំសេះ មានផ្ទៃដីជាង ៣ពាន់(៣ ០៨១)ហិកតា មានពលរដ្ឋមូលដ្ឋានរួមគ្នាថែរក្សាតាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៨ ទើបក្រសួងកសិកម្មចុះបញ្ជីជាព្រៃសហគមន៍ការពារធម្មជាតិស្របច្បាប់។
កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបញ្ជាជាថ្មីឱ្យបង្កើនការបង្រ្កាបបទល្មើសនេសាទនិងព្រៃឈើដែលមានលក្ខណៈទ្រង់ទ្រាយធំដោយលោកថ្លែងថា ការបង្រ្កាបបទល្មើសកាលពីពេលកន្លងទៅ គឺជាបទល្មើសតូចតាចតែប៉ុណ្ណោះ។
បើទោះបីជាមានសេចក្ដីប្រកាសជាច្រើនលើកពីរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកសំបូរ កាលពីឆ្នាំ២០១៩ ក្ដីក៏ប៉ុន្តែសកម្មភាពនៃការកាប់ទន្រ្ទានកាប់ព្រៃខុសច្បាប់លើទីតាំងនៃដីព្រៃសហគមន៍ភ្នំសេះ ដែលរួមមាន ការទន្រ្ទានដីព្រៃ ការសង់ខ្ទម ឬរោងចម្ការ និងការដំណាំស្វាយចន្ទី នៅតែបន្តរហូតមកដល់បច្ចុប្បន្ន និងកាន់តែមានលក្ខណៈធ្ងន់ធ្ងរទៅៗ។
យោងតាមលទ្ធផលនៃការស៊ើបអង្កេតនិងស្រាវជ្រាវរបស់ CYN នៅដើមឆ្នាំ២០២១ បានរកឃើញថា ព្រៃសហគមន៍ភ្នំសេះបាននឹងកំពុងទទួលរងនូវការទន្រ្ទានកាន់កាប់ដីព្រៃស្ទើរតែទាំងស្រុង និងបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់និរន្តរភាពព្រៃសហគមន៍ និងបរិស្ថាន។ ក្នុងទំហំផ្ទៃដីព្រៃសហគមន៍ភ្នំសេះសរុប ៣ ០៨១ហិកតា ត្រូវគេរកឃើញថាបានបាត់បង់ដីប្រមាណ ១ ៣០៣ហិកតា ខណៈដីទំហំប្រមាណ ៤ ៦០៨ហិកតានឹងបាត់បង់នៅពេលខាងមុខ។
ទន្ទឹមនឹងនេះ របាយការណ៍ដដែល បានរកឃើញមានលំនៅដ្ឋានខុសច្បាប់ដែលបានសាងសង់លើដីដែលបានកាប់រានទន្រ្ទាន នៅលើដីព្រៃសហគមន៍ភ្នំសេះចន្លោះពី ៨០ទៅ ៨៥ខ្នង ដែលភាគច្រើនបានសង់ខ្ទមក្នុងទម្រង់ជារោងចាំចម្ការ និងផ្ទះបណ្ដោះអាសន្ននៅលើក្បាលដីរបស់ពួកគេ ដោយភាគច្រើនមិនមានមនុស្សស្នាក់នៅជាប្រចាំឡើយ៕