សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភ្នំពេញត្រូវបិទខ្ទប់ទាំងស្រុង ខណៈអ្នកឆ្លងកូវីដ១៩ មានជិត២០០០ករណី ក្នុងពេលមួយសប្ដាហ៍

អាជ្ញាធរបិទផ្លូវធំចេញពីក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ បន្ទាប់ពីលោកនាយករដ្ឋន្ត្រី ហ៊ុន សែន ប្រកាសកាលពីយប់ថ្ងៃពុធ នូវវិធានការបិទខ្ទប់ទីក្រុងចំនួនពីរសប្ដាហ៍ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
អាជ្ញាធរបិទផ្លូវធំចេញពីក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ បន្ទាប់ពីលោកនាយករដ្ឋន្ត្រី ហ៊ុន សែន ប្រកាសកាលពីយប់ថ្ងៃពុធ នូវវិធានការបិទខ្ទប់ទីក្រុងចំនួនពីរសប្ដាហ៍ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ចាប់ពី​ព្រឹក​ព្រលឹម​ស្រាងៗថ្ងៃព្រហស្បតិ៍នេះ អ្នក​រស់​នៅ​ទី​ក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល ចាប់​ផ្ដើមថ្ងៃដំបូង​នៃការបិទខ្ទប់ទី​ក្រុង​ទាំង​មូល​រយៈពេល​ពីរ​សប្ដាហ៍ ក្នុង​ន័យ​ទប់​ស្កាត់ការរីករាលដាលជំងឺ​កូវីដ១៩។​

នៅ​យប់​ថ្ងៃ​ពុធ មុន​មា​នការ​ចេញ​សេចក្ដីប្រកាស​ជា​ផ្លូវការ មានការជ្រួល​ច្របល់​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ បន្ទាប់​ពី​មាន​សារជាសំឡេង​បានលេច​ធ្លាយដែល​ទំនងជា​សារ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រកាស​ឲ្យ​បិទទីក្រុង និង​មិន​មាន​ព័ត៌មាន​លម្អិត​​។ ប្រ​ជា​ពល​រដ្ឋ​ក្នុង​ទីក្រុង​ជា​ច្រើន​បាន​សម្រុក​ទៅ​ផ្សារ និងហាងទំនិញ​នានា​ដើម្បី​ទិញ​ម្ហូបអាហារ និងទំនិញ​ចាំ​បាច់​ផ្សេង​ទៀត​ដើម្បី​ស្ដុក​ទុក ដែល​នាំឲ្យ​មាន​ក្ដី​កង្វល់​កើត​ឡើង​តាម​បណ្ដាញ​សង្គម ​ដោយសារ​តែអ្នក​ទាំង​នោះ​មិន​អាច​រក្សា​គម្លាត​សង្គម​បាន​។​

ប៉ុន្មាន​ម៉ោង​ក្រោយ​មក នៅ​យប់ដដែល លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បង្ហោះសេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ផ្ទាល់ ដោយបាន​បង្ហាញពីព័ត៌មាន​លម្អិត ដោយ​បាន​​បន្សាប​ភាព​ជ្រួល​ច្របល់​កើតមាន​មុន​នោះបន្តិច។

លោក​នាយក​រដ្ឋមន្ត្រីមាន​ប្រ​សាសន៍​ក្នុង​សារសំឡេងថា​៖ «​គោល​បំណងបិទខ្ទប់ទីក្រុង​គឺដើម្បី​ប្រយុទ្ធប្រឆាំងការរីរាលដាលជំងឺកូវីដ១៩។ ការ​បិទ​ខ្ទប់​នេះមិន​មែនធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ស្លាប់ទេ…ទោះបីជា​មាន​ផលប៉ះពាល់​ខ្លះ យើង​បាន​រៀប​ចំ​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​ប្រ​ជា​ពល​រដ្ឋ​វិល​ទៅ​រក​សភាព​ធម្មតា​វិញ»។​

វិធានការនេះ ជា​វិធាន​ការ​ថ្មី​មួយ​ទៀត បន្ទាប់ពី​វិធានការរឹត​បន្តឹង​ផ្សេងៗតាំងពីថ្ងៃទី២០​ ខែកុម្ភៈ ជា​ពេល​ដែល​កំណត់​ការឆ្លងរាលដាល​ក្នុង​សហគមន៍​ក្នុង​ប្រទេស​កម្ពុជា។ ថ្វី​បើ​កម្ពុជាស្ទើរ​តែ​គ្រប់​គ្រង​ជងឺកូវីដ១៩ បាន​ទាំង​ស្រុង​នៅ​ឆ្នាំ​កន្លង​ទៅពេលដែលពិភព​លោក​កំពុង​រាតត្បាតក្ដី តែ​នៅ​ប្រ​មាណជា​មួយ​សប្ដាហ៍​កន្លង​ទៅ​នេះមន្ត្រី​សុខាភិបាល​បាន​រកឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩ ថ្មីជិត ២ ០០០ករណី​។ ដោយសារ​តែ​មន្ទីរពេទ្យ​ទប់ទល់​លែង​ជាប់ អាជ្ញាធរ​បាន​យក​ទីតាំង​សាលារៀន និង​សាលកោះពេជ្រ​ សម្រាប់ធ្វើជា​កន្លែង​ព្យាបាល​។​

តាម​សារជាសំឡេង​កាលពី​យប់​ថ្ងៃពុធ ​លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍ថា លោក​បាន​ទទួល​របាយការណ៍​ថាមាន​អ្នក​ឆ្លង​ជាង​៣០០ករណី​ថ្មី​។ លោក​បញ្ជាក់ថា ដោយ​សារ​ចំនួន​ឆ្លងមាន​កម្រិត​ខ្ពស់ បានធ្វើ​ឲ្យ​លោក​មាន​ក្ដីបារម្ភ​ជា​ខ្លាំង និង​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​បិទខ្ទប់ទី​ក្រុង​។​

លោក​បន្ថែមថា៖ «ខ្ញុំ​សូម​ស្នើ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ សូមអត់ធ្មត់…ការឈឺចាប់រយ:ពេលខ្លី ប្រសើរជាងការឈឺចាប់រយ:ពេលវែង»

ប្រជា​ពល​រដ្ឋ​ស្ទើរ​តែ​នៅ​គ្រប់​កន្លែង​ត្រូវ​ហាម​ឃាត់​ចាកចេញពី​ផ្ទះ ក្នុង​ករណីមិន​ចាំ​បាច់។ ការបិទខ្ទប់ថ្មីៗ​នេះ បាន​បញ្ជា​ឲ្យ​បិទ​អាជីវកម្ម​មិន​ចាំបាច់​នៅ ភ្នំពេញ និង​ក្រុង​តាខ្មៅ​។​

អាជ្ញាធរ​បិទ​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ​ ជា​ផ្នែក​មួយ​នៃវិធានការបិទខ្ទប់ទីក្រុង។ ខេមបូចា/ ព្រីង សំរាំង
អាជ្ញាធរ​បិទ​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ​ ជា​ផ្នែក​មួយ​នៃវិធានការបិទខ្ទប់ទីក្រុង។ ខេមបូចា/ ព្រីង សំរាំង

កម្លាំងនគរបាល​ត្រូវ​បាន​ដាក់ពង្រាយតាម​បារ៉ាស់នានា​ក្នុង​ទីក្រុង ដើម្បី​ទប់​ស្កាត់​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពល​រដ្ឋ​ចាកចេញពី​ខណ្ឌ​មួយ​ទៅ​ខណ្ឌ​មួយ​ទៀត​។ យ៉ាងណា ប្រ​ជា​ពល​រដ្ឋ​ត្រូវ​បាន អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ទិញ​ម្ហូបអាហារ​បី​ដង​ក្នុង​មួយ​សប្ដាហ៍ ដោយ​មាន​យក​អត្តសញ្ញាណបណ្ណ​តាម​ខ្លួន​ផង​។​

ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​នៅ​អាច​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​បាន ពិសេស​កម្មករ​ក្នុង​សហគ្រាស​ជាក់លាក់​មួយ​ចំនួន ដែល​មាន​លិខិត​បញ្ជាក់​ត្រឹម​ត្រូវ។ ក្រៅពីនេះ​មន្ត្រី និង​បុគ្គលិកទូតបរទេស ភ្នាក់ងារអង្គការ​សហប្រ​ជា​ជាតិ និង​អង្គការ​អន្តរជាតិ​ផ្សេង​ទៀត ក៏​អាច​ធ្វើ​ដំណើរ​បាន​ដែរ​។ ចំពោះអ្នក​សារព័ត៌មាន​អាច​នៅ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​បានជា​ធម្មតា ដោយ​មាន​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​បញ្ជាក់​ត្រឹម​ត្រូវ​។​​

រថយន្ត​ដឹ​ក​ទំនិញចាំបាច់ និង​ម្ហូបអាហារ ​ចេញពី​ខេត្ត​កណ្ដាល​ ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​រាជធានី​ភ្នំពេញ​ជា​ធម្មតា​។ ការ​ធ្វើ​ដំណើរ​នេះ អនុញ្ញាត​ជា​ពិសេស​សម្រាប់​បុគ្គលិក​សុខាភិបាល បុគ្គលិ​នៅ​ឱសថស្ថាន ផ្នែក​ផលិត​អាហារ ធនាគារ និង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍។ បុគ្គលិក​ផ្សេង​ទៀត​នៅ​ក្នុង​សេវា​សណ្ឋាគា ផ្ទះ​សំណាក់ ស្ថានីយ៍ប្រេងឥន្ធនៈ ម៉ាត អាហារដ្ឋាន និង​សេវាដឹកជញ្ជូន​ អាច​ធ្វើ​ការ​ជា​ប្រក្រតី តែ​អាជ្ញាធរ​ក៏​បាន​ស្នើ​ឲ្យ​អ្នក​ផ្ដល់​សេវាកម្ម​ទាំង​នេះ​កាត់​បន្ថយ​សកម្មភាព​កម្រិត​អប្បបរមា​ផង​ដែរ​។​

ការ​ធ្វើ​ដំណើរក្នុង​ករណី​ចាំ​បាច់​ផ្សេង​ទៀត​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូល​ដ្ឋាន ហើយ​អ្នក​មាន​បញ្ហា​សុខភាព​ត្រូវ​សង្គ្រោះបន្ទាន់​នៅ​អាច​ចេញ​ទៅ​រក​ការ​ព្យាបាល​បានជា​ដូច​ធម្មតា​។

យ៉ាងណា ជាការ​កត់សម្គាល់​ពិសេស​មួយ ​​លើ​កម្មករ​ក្នុង​វិស័យ​វាយណភ័ណ្ឌ កាត់ដេរ និង​ដេរស្បែកជើង ក៏ត្រូវ​បាន​ប្រកាស​ឲ្យ​បិទជា​ផ្លូវ​ការ​ក្នុងពេល​បិទខ្ទប់​នេះ​។ ស្ទើរ​តែពេញ​មួយ​សប្ដាហ៍​កន្លេង​ទៅ​ កម្មករ​នៅ​សហគ្រាស ឌីន ហាន​ ជាង​៦០០​នាក់​ក្នុង​សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មាន​វិជ្ជមាន​កូវី១៩ ដែល​ធ្វើ​ឲ្យ​រោងចក្រ​ជា​ច្រើ​ន​ផ្សេ​ងទៀត​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​សុខភាព​យ៉ាង​តឹង​រឹង​​។​

រលក​នៃ​ការ​ឆ្លង​ថ្មី ព្រមជា​មួយ​នឹង​ការ​រាលដាលខ្លាំង​នៅផ្សារ​អូរឫស្សី និង​ផ្សារ​ចាស់ បាន​នាំ​ឲ្យ​មាន​វិធានការ​ថ្មី និង​តឹងរឹង​បន្ថែ​មទៀត ដើម្បី​ទប់​ស្កាត់​ការ​រាលដាលជំងឺកូវីដ១៩ រួម​មាន​បំរាមគោចរនៅពេលរាត្រី និង​ការ​បិទខ្ទប់​តាម​តំបន់​។

កាលពីថ្ងៃទី១០ ខែមេសា អភិបាល​រាជធានីភ្នំពេញ លោក ឃួង ស្រេង បាន​បញ្ជាឲ្យ​បិទ​ខ្ទប់​តំបន់​ប្រឈម​ខ្លាំង​មួយ​ចំនួន រួម​ទាំង​សង្កាត់​ចំនួន​ពីរ​នៅ​ខណ្ឌមាន​ជ័យ គឺ​សង្កាត់​ស្ទឹងមានជ័យ​១ និងស្ទឹងមានជ័យ​២។ អាជ្ញាធរ​ក៏​បាន​បិទ​ភូមិ​ចំនួន​ប្រាំពីរ​នៅ​ក្នុង​ខណ្ឌពោធិ៍សែនជ័យ និង​ភូមិ​​មួយ​​នៅ​​ខណ្ឌ​សែន​សុខ។​

បន្ទាប់​មក​នៅ​ថ្ងៃទី​១២ ខែមេសា អាជ្ញាធរ​រាជធានីភ្នំពេញ បាន​សម្រេច​បិទ​ភូមិ​បី​ទៀត​ក្នុង​​សង្កាត់​មានជ័យ​៣ ខណ្ឌមានជ័យ គឺភូមិទ្រា៤ ដំណាក់ធំ២ និង​ដំណាក់ធំ៣​។

ដើម្បី​គ្រប់គ្រង​លើការងារបិទខ្ទប់​នេះ រដ្ឋាភិបាលបាន​សម្រច​បង្កើត​គណៈកម្មការ​ជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ដោយមាន​លោក អូន ព័ន្ធមុនីរ័ត្ន  ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន។

ចាប់ពី​ឥឡូវ​នេះ និង​យ៉ាង​តិច​ពីរសប្ដាហ៍​ទៅ​មុខ​ទៀត លោក​នឹង​រាយការណ៍​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ពីប្រសិទ្ធភាព​នៃការបិទខ្ទប់នេះ។​ គណៈកម្មការ​នេះ មានភារៈកិច្ច​តាម​ដាន​ស្ថានភាព​ប្រ​ជា​ពល​រដ្ឋ និង​គាំទ្រដល់គ្រួសារក្រីក្រ និង​ងាយ​រងគ្រោះ​។​

ចំនួន​៣៣៩ករណី ទាក់ទង​នឹង​ព្រឹត្តិការណ៍​២០ កុម្ភៈ។ ក្នុង​ចំណោម​អ្នក​ឆ្លង​ទាំង​នោះ ២៤៣​ករណី គឺ​នៅ​ក្នុង​រាជធានីភ្នំពេញ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ថ្មី​ឡើង​ដល់​១៨៧៥​ករណី ក្នុង​មួយ​​សប្ដាហ៍​។ មន្ត្រី​សុខាភិបាល​បាន​ រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​៤៦៧៦​ករណីទាក់ទង​នឹង​ការ​ឆ្លងក្នុង​សហគមន៍ ដែលនាំឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់​៥២១៨​ករណី។​

គិត​មក​ដល់ពេ​លនេះ ចំនួន​អ្នក​ស្លាប់​ដោយ​កូវីដ១៩ បាន​ឡើង​ដល់​៣៦​នាក់​។​

សារ​សំឡេង​បែក​ធ្លាយ​កាលពី​យប់ថ្ងៃ​ពុធ ដែល​សម្រេច​ពី​ការ​បិទ​ខ្ទប់​ទីក្រុង ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ទូលំទូលាយ​លើ​បណ្ដាញសង្គម បានធ្វើ​ឲ្យ​មនុស្ស​ម្នា​មានក្ដីបារម្ភ​ជុំវិញ​រឿង​ទំនិញ​នៅ​តាម​ទីផ្សារ និង​ហាង​នានា​។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សុំទោសចំពោះ​ភាព​ជ្រួល​​ច្របល់​នេះ និង​ថា​ការ​​ទៅ​ទិញ​ស្បៀងអាហារ​មិន​ត្រូវ​ហាមឃាត់​ក្នុង​ពេល​បិទខ្ទប់​នេះទេ​។​

ផ្សារ​ទំនើប និង​ហាងលក់អាហារ និង​ទំនិញចាំបាច់​​នានា ត្រូវ​បាន​លើក​ទឹក​ចិត្ត​​​ឲ្យ​កំណត់​ចំនួន​មនុស្ស​ចូល​ទៅ​ក្នុង​ហាង​ ដោយ​ត្រូវ​ដាក់​វេន​ឲ្យ​បាន​ត្រឹម​ត្រូវ។​

កាលពី​សប្ដាហ៍​មុន​ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ប្រកាស​ពី​កា​រផ្ដល់ជំនួយ​ផ្នែ​កស្បៀង​អាហារ និង​ថវិកា ដល់គ្រួសារដែល​បាន​ស្ថិត​នៅ​តំបន់​ត្រូវ​បិទខ្ទប់​មុន​នេះ។

នៅពេល​សួរ​ថា​តើ​​រដ្ឋាភិបាល​នឹង​បន្ត​អនុវត្តវិធានការសម្រាប់​ប្រ​ជា​ពល​រដ្ឋទាំង​អស់ក្នុង​រាជធានីភ្នំពេញ និង​ក្រុង​តាខ្មៅ ឬយ៉ាងណា អ្នក​នាំពាក្យក្រ​សួងសេដ្ឋកិច្ច លោក មាស សុខសេនសាន មាន​ប្រសាសន៍ថា ក្រសួង​នឹង​ប្រើថវិកា​៨០០​លានដុល្លារ​ សម្រាប់​​ផល​ប៉ះពាល់ដោយ​សារកូវីដ១៩ ​នេះ។​

តាមរយៈការ​ប្រកាសបិទខ្ទប់ជា​​ផ្លូវការ​​កាល​ពី​ថ្ងៃពុធ​ លោក​ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​អាជ្ញាធរក្រុង​ភ្នំពេញ​រៀប​ចំជំនួយ​សម្រាប់​ប្រ​ជា​ពល​រដ្ឋ​ងាយ​រង​គ្រោះ​។​

លោក​មាន​ប្រ​សាសន៍​ថា៖ «អភិបាល​រាជធានី លោក ឃួង ស្រេង ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពិនិត្យ និង​តាម​ដាន​ស្ថានភាពប្រ​ជា​ពល​រដ្ឋ​រស់នៅ​តំបន់ក្រី​ក្នុង​ទីក្រុង ដោយ​ជួយ​ពួកគាត់​នូវ​ជំនួយ​សង្គ្រោះ​​បន្ទាន់»

លោក ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឲ្យ​អាជីវករ​ពុំត្រូវដំឡើងតម្លៃ​ទំនិញក្នុង​រយៈពេល​ចាំបាច់​នេះ និង​ថា​រដ្ឋាភិបាល​នឹង​បញ្ចេញ​អង្ករ​ទៅ​ក្នុង​ទីផ្សារ ដើម្បី​រក្សារ​តម្លៃសមរម្យលើ​ទី​ផ្សារ​។

អាជ្ញាធរ​បិទផ្លូវធំ​ចេញពី​ក្រុង​តាខ្មៅ មក​កាន់រាជធានី​ភ្នំពេញ បន្ទាប់ពី​លោក​នាយក​រដ្ឋ​ន្ត្រី​ ហ៊ុន សែន ប្រកាស​កាលពីយប់ថ្ងៃពុធ ​​នូវវិធានការបិទខ្ទប់ទីក្រុងចំនួន​ពីរ​សប្ដាហ៍ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
អាជ្ញាធរ​បិទផ្លូវធំ​ចេញពី​ក្រុង​តាខ្មៅ មក​កាន់រាជធានី​ភ្នំពេញ បន្ទាប់ពី​លោក​នាយក​រដ្ឋ​ន្ត្រី​ ហ៊ុន សែន ប្រកាស​កាលពីយប់ថ្ងៃពុធ ​​នូវវិធានការបិទខ្ទប់ទីក្រុងចំនួន​ពីរ​សប្ដាហ៍ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា​ក្រុមហ៊ុន​នាំអង្ករចេញ​របស់​រដ្ឋ ហ្គ្រីនត្រេដ (Green Trade) កំពុង​ត្រៀមបញ្ចេញ​អង្ករ​ចូល​ទីផ្សារ​។ លោក​ មិន​បាន​បញ្ចេញ​តួលេខថាអង្ករ​ប៉ុន្មានតោន​នឹង​ត្រូវ​បញ្ចេញ​នោះទេ ប៉ុន្តែ​ថា​អង្ករ​នឹង​ត្រូវចែក​ចាយ​ទៅ​កាន់​អ្នក​លក់​ដុំ និង​ហាង ​រៀបចំដោយ​ហ្គ្រីនត្រេដ។

លោក​បន្ថែមថា៖ «​យើង​មាន​អង្ករក្នុង​ស្តុក​គ្រប់គ្រាន់ ហើយ​យើង​កំពុង​ធ្វើ​ការជាមួយ​ភាគីពាក់ព័ន្ធ…​យើង​មិន​បាន​កំណត់​ពេល​វេលាជាក់​ដើម្បីបញ្ចេញនោះទេ ប៉ុន្តែ​កិច្ចការ​រួច​រាល់ យើង​នឹង​បញ្ចេញ»។​

លោក មឿន តុលា នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិ​ការងារ​សង់ត្រាល់ លើក​ឡើងថា​អាជ្ញាធរ​មិន​បាន​ប្រកាស​ពី​វិធានការ​ថ្មីឲ្យ​ប្រ​ជា​ពល​រដ្ឋ​ដឹង​ជាមុន ដើម្បី​បាន​ត្រៀម​ខ្លួន​។ លោកថា វិធានការ​បិទ​ខ្ទប់នេះវិញ​ បានប្រកាស​នៅពេល​យប់ មុន​បន្តិច​ជិត​ដល់​ម៉ោង​បំរាម​គោចរ ហើយ​ត្រូវដាក់ឲ្យ​អនុវត្ត​ភា្លមៗ​នៅព្រឹក​បន្ទាប់​។​

លោក​បន្ថែមថា៖ «យើង​ទា​មទារ​ឲ្យ​រដ្ឋ​​មាន​វិធានការ​សមរម្យ​មុន​សម្រេច​ចិត្ត​បិទខ្ទប់។ អាជ្ញាធរ​គួរ​តែ​មាន​ការ​ជូន​ដំណឹង​ជាមុន​ដល់​ប្រ​ជា​ពល​រដ្ឋ កុំ​ឲ្យ​ពួកគាត់​ភ្ញាក់​ផ្ញើល»។ លោក​បន្ត​ថា កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​នៅ​តាម​ទី​ផ្សារ​មាន​មនុស្ស​ច្រើន​កកកុញ ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ក្នុង​ការ​ឆ្លង​វីរុស​កូវីដ១៩ ដែល​នេះ​បង្ហា​ញ​ថា ការ​ប្រ​កាស​នេះ​ហាក់ផ្ទុយ​ទៅ​វិញ​។​

លោកមាន​ប្រសាសន៍ទៀតថា៖ «ព្រឹត្តិការណ៍​កាលពី​ម្សិល​មិញ​ប្រាប់​យើង​ថា​ទាំង​អ្នកមាន​ចំណូល​ទាប មធ្យម និង​ខ្ពស់សុទ្ធតែបារម្ភពីបញ្ហា​ក្រពះ ជាជាង​សុខភាព​ពួកគេ»។​

លោក តុលា ថា​រដ្ឋ​ត្រូវ​តែ​ប្រើ​វិធានការ​សមរម្យ​ជួយ​ដល់​ប្រ​ជា​ពល​រដ្ឋ​មាន​ចំណូល​ទាប​។ លោក យល់​ស្រប​ជា​មួយ​ការ​សម្រេច​ចិត្ត​បិទ​រោងចក្រ​កាត់ដេរ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍ ប៉ុន្តែថា​កម្មករ​ គួរ​តែ​នៅទទួល​បាន​ប្រាក់ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ។

លោក បន្ថែមថា៖ «​រដ្ឋ​ត្រូវ​ជួយ​ដល់កម្មករ​ក្នុង​​រោងចក្រ និង​សហគ្រាស ព្រោះ​ថា​ពួកគេ​មិន​មាន​ចំណូល ពេល​ផ្អាក​ការងារ​នេះ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Phnom Penh goes into citywide lockdown as health officials chart 2,000 new COVID-19 cases within a week

741 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម