សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ពលរដ្ឋខ្មែរបារម្ភខ្លាំងចំពោះការរឹតត្បិតមិនឱ្យចូលសហរដ្ឋអាមេរិក ក្រោយកម្ពុជាកំពុងស្ថិតក្នុងបញ្ជីពណ៌លឿង

ទិដ្ឋាការអនុញ្ញាតការធ្វើដំណើររបស់ពលរដ្ឋខ្មែរចូលទៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
ទិដ្ឋាការអនុញ្ញាតការធ្វើដំណើររបស់ពលរដ្ឋខ្មែរចូលទៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងធ្វើសេចក្តីព្រាងមួយ ដើម្បីហាមឃាត់ប្រទេស​ជាង៤០ មិនឱ្យធ្វើដំណើរចូលសហរដ្ឋអាមេរិក​​ ដោយបែងចែកជាបីថ្នាក់ ព្រោះបារម្ភពីស្ថានភាពសន្តិសុខជាតិរបស់ខ្លួន។ ក្នុងនោះប្រទេសកម្ពុជាត្រូវបានដាក់ក្នុង«បញ្ជីពណ៌លឿង»​ដែលផ្ដល់រយៈពេល៦០ថ្ងៃ ដើម្បីដោះស្រាយបញ្ហាដែលអាមេរិកបានលើកឡើង បើមិនដូច្នេះទេអាចប្រឈមនឹងការរឹតត្បិតកាន់តែធ្ងន់ធ្ងរ។ ការណ៍នេះបានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមនិស្សិត សកម្មជន និងសមាជិកបក្សប្រឆាំង។

បញ្ហានេះ បានបង្ហាញពីការរឹតបន្តឹងយ៉ាងខ្លាំងក្រោមការដឹកនាំរបស់រដ្ឋបាលលោក ត្រាំ ដែលជាយូរណាស់មកហើយរដ្ឋបាលក្រោមការគ្រប់គ្រងរបស់លោកត្រាំតែងតែតឹងរឹងលើគោលនយោបាយអន្តោប្រវេសន៍ក្នុងន័យគិតគូរពីសន្តិសុខជាតិ។ វិធានការស្រដៀងគ្នានេះ ក៏បានធ្វើឱ្យលោក ត្រាំ ប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ និងការរិះគន់ជាសកល កាលពីឡើងកាន់តំណែងនៅអាណត្តិដំបូងផងដែរ។ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោកបានចុះហត្ថលេខាលើបទបញ្ជានេះ ដែលតម្រូវឱ្យពិនិត្យឡើងវិញនូវកម្មវិធីទិដ្ឋាការទាំងអស់ ដើម្បីអនុវត្តស្ដង់ដារត្រួតពិនិត្យនៅទូទាំងពិភពលោក។

សេចក្តីព្រាងគោលនយោបាយនេះ នឹងចាត់ថ្នាក់ប្រទេសជាង៤០ទៅជាបីថ្នាក់ ក្នុងនោះមានចំនួន ១១ប្រទេស រួមទាំងប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ង់ និងកូរ៉េខាងជើង កំពុងប្រឈមមុខនឹងការហាមឃាត់ទាំងស្រុងស្ថិតក្រោមកម្រិត«ពណ៌ក្រហម»។ ដោយឡែកប្រទេសមួយចំនួន​ ដូចជាឡាវ មីយ៉ាន់ម៉ា និងរុស្ស៊ី ស្ថិតក្រោមកម្រិត«ពណ៌ទឹកក្រូច» ដែលមានន័យថាតម្រូវការទិដ្ឋាការតឹងរឹង ប៉ុន្តែមិនមានការហាមឃាត់ទាំងស្រុងនោះទេ។ រីឯប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជា ត្រូវបានដាក់ក្នុងបញ្ជី «ពណ៌លឿង» ដោយផ្តល់រយៈពេល ៦០ថ្ងៃ ដើម្បីដោះស្រាយបញ្ហាដែលអាមេរិកលើកឡើង បើមិនដូច្នេះទេអាចប្រឈមនឹងការរឹតត្បិតធ្ងន់ធ្ងរ។

ទោះបីជាបច្ចុប្បន្នប្រទេសកម្ពុជាមិនត្រូវបានដាក់ក្នុងបញ្ជីដែលមានការរឹតបន្តឹងខ្លាំងបំផុតក៏ដោយ ប៉ុន្តែអ្នកវិភាគព្រមានថាការខកខានមិនបានបំពេញតាមការរំពឹងទុករបស់សហរដ្ឋអាមេរិកក្នុងការដោះស្រាយកង្វល់របស់អាមេរិក អាចនឹងនាំឱ្យកម្ពុជាទទួលរងការរឹតបន្តឹងកាន់តែខ្លាំង។

អ្នកវិភាគភូមិសាស្ត្រនយោបាយអាស៊ីប៉ាស៊ីហ្វិក លោក សេង វណ្ណលី បានប្រាប់សារព័ត៌មានខេមបូចាថា ការរឹតបន្តឹងទិដ្ឋាការរបស់អាមេរិក គឺជាផ្នែកមួយនៃការបង្រ្កាបកាន់តែខ្លាំងលើជនអន្តោប្រវេសន៍ដែលគ្មានឯកសារ ប៉ុន្តែវាក៏អាចកំហិតដល់ការចូលទៅអាមេរិកសម្រាប់ជនដែលស្របច្បាប់ផងដែរ។ ជាលទ្ធផល គោលការណ៍ស្នើសុំទិដ្ឋាការទំនងកាន់តែតឹងរឹង។

 លោក​បាន​កត់​សម្គាល់​ថា ការ​រឹត​បន្តឹង​នេះ​អាច​ប៉ះពាល់​ខ្លាំង​ដល់​សកម្មជន និង​សមាជិកគណបក្សប្រឆាំងដែល​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​អាមេរិក។ ទន្ទឹម​នឹង​នេះ និស្សិត​កម្ពុជា​ដែល​មានក្ដីស្រមៃទៅ​បន្ត​ការ​សិក្សា​នៅ​អាមេរិក​ក៏​អាច​ប្រឈម​នឹង​ឧបសគ្គដែរ។ មួយវិញទៀត គោលនយោបាយនេះក៏អាចប៉ះពាល់ដល់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងឥស្សរជនដែលមានឥទ្ធិពលផងដែរ ដោយសារសមាជិកគ្រួសាររបស់ពួកគេជាច្រើនរស់នៅក្នុងសហរដ្ឋអាមេរិក។

 លោក សេង វ៉ាន់លី មានប្រសាសន៍ថា៖ «អាមេរិកជាគោលដៅដ៏សំខាន់សម្រាប់ការសិក្សាថ្នាក់ជាន់ខ្ពស់ ជាពិសេសសម្រាប់កូនអ្នកមានធនធាន និងមានអំណាច»

ខណៈពេលដែលប្រទេសកម្ពុជាកំពុងស្ថិតក្នុងលំដាប់ទាបបំផុតនៃបញ្ជីរឹតបន្តឹងការធ្វើដំណើរចូលអាមេរិកនេះ លោក វណ្ណលី បានព្រមានថា ការខកខានក្នុងការដោះស្រាយកង្វល់របស់សហរដ្ឋអាមេរិកអាចនាំឱ្យកម្ពុជារងវិធានការរឹតបន្តឹងកាន់តែខ្លាំង។ លោក​បាន​ចង្អុល​បង្ហាញ​ថា ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធអ៊ីនធឺណិត​នៅ​តែ​ជា​បញ្ហា​ចម្បង​សម្រាប់​​អាមេរិក ដែល​បង្ក​ឱ្យ​ពលរដ្ឋអាមេរិកមាន​ការ​ខាត​បង់​ប្រាក់យ៉ាង​ខ្លាំង។

ប្រទេសកម្ពុជាបានក្លាយជាទីតាំងគោលសម្រាប់ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ ដែលជនរងគ្រោះដោយការជួញដូរត្រូវបានបង្ខំឱ្យចូលទៅក្នុងប្រតិបត្តិការឆបោកជាសកលនេះ។ ក្នុងឆ្នាំ២០២៣ ក្រុមឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតនៅតំបន់អាស៊ីបានឆបោកទឹកប្រាក់ជិត ៦៤ ពាន់លានដុល្លារ។ ដោយក្នុងនោះ ចំនួនទឹកប្រាក់ឆបោកចូលមកប្រទេសកម្ពុជាមានលើសពី ១២,៥ ពាន់លានដុល្លារ ដែលជាញឹកញាប់មានពាក់ព័ន្ធនឹងឥស្សរជនក្នុងស្រុក ហើយចំនួនទឹកប្រាក់នេះស្មើនឹងពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ 

ដើម្បី​ដោះស្រាយបញ្ហា​ទាំងនេះ លោកស្នើឱ្យ​កម្ពុជាកែលម្អការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។ តែ​យ៉ាង​ណា លោក​មិនទាន់មានជំនឿចិត្ត​ចំពោះ​ឆន្ទៈ​របស់​​​រដ្ឋាភិបាល​ ក្នុង​ការ​កែលម្អនៅឡើយ។

លោកបានបន្តថា៖ «ខ្ញុំគិតថាប្រហែលជាមានការស្នើឱ្យពិនិត្យមើលទៅលើផ្នែកនយោបាយមួយចំនួន ជាពិសេសក្នុងវិស័យជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមអនឡាញ»

ទាក់ទិននឹងការបង្កើនការរឹតបន្តឹងរបស់រដ្ឋបាលលោក ត្រាំ នេះ អ្នកវិភាគភូមិសាស្ត្រនយោបាយរូបនេះយល់ថា វានឹងបំផ្លាញទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាយ៉ាងធ្ងន់ធ្ងរនៅលើវិស័យជាច្រើន។

ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ យុវជនម្នាក់ដែលត្រូវបានជ្រើសរើសឱ្យទៅសិក្សានៅអាមេរិកដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព បានប្រាប់សារព័ត៌មានខេមបូចាឱ្យដឹងថា លោកមិនទាន់ទទួលបានការជូនដំណឹងណាមួយពីស្ថានទូតអាមេរិកនៅឡើយទេ ប៉ុន្តែលោកមានការព្រួយបារម្ភចំពោះបញ្ហានេះ។

លោកនិយាយថា៖ «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ។ ខ្ញុំបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានឱកាសផ្លាស់ប្ដូរការសិក្សាទៅសហរដ្ឋអាមេរិកនេះ។» លោកបន្តថា៖ «ការផ្អាកនេះបានធ្វើឱ្យប៉ះពាល់ដល់យុវជនជាច្រើនដែលមានក្តីស្រមៃចង់ទៅសិក្សានៅទីនោះ»

យុវជនរូបនេះយល់ថា ការរឹតបន្តឹងលើទិដ្ឋាការនេះ អាចបណ្ដាលមកពីបញ្ហាដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជាដូចជាបញ្ហាសិទ្ធិមនុស្ស និងការឆបោកតាមអនឡាញជាដើម។

លោកបន្ថែមថា៖ «កម្ពុជាគួរតែផ្ដោតលើការពង្រឹងផ្នែកច្បាប់ ក៏ដូចជាលើកកម្ពស់ផ្នែកសិទ្ធិមនុស្ស»។

សាស្រ្តាចារ្យនៅសាលាច្បាប់ Yale ក្នុងអាមេរិក បានចេញលិខិតជូនដំណឹងដល់និស្សិតអន្តរជាតិអំពីសេចក្តីព្រាងនេះ ដោយបានជំរុញឱ្យពួកគេពិចារណាត្រឡប់មកអាមេរិកវិញ នៅមុនការរឹតបន្តឹងណាមួយចូលជាធរមាន។

អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី មានប្រសាសន៍ថា រដ្ឋាភិបាលនៅពុំទាន់ទទួលបានដំណឹងណាមួយជាផ្លូវការទាក់ទងនឹងការរឹតបន្តឹងនេះនៅឡើយទេ។ តែយ៉ាងណា លោកបានសង្កត់ធ្ងន់លើការបន្តកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយអាមេរិកអំពីការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋកម្ពុជាដែលត្រូវបានអាជ្ញាធរអាមេរិកបញ្ជាឱ្យត្រឡប់មកវិញ។

លោកបន្តថា៖ «ក្រសួងការបរទេស ក្រសួងមហាផ្ទៃ និងស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរអាមេរិក។ ហើយបច្ចុប្បន្ន យើងមិនឃើញមានឧបសគ្គណាមួយដែលអាចរារាំងដល់ដំណើរការនេះទេ»។

កាលពីខែមុន លោក ដូណាល់ ត្រាំ បានប្រកាសអំពីការនិរទេសជនអន្តោប្រវេសន៍គ្មានឯកសារប្រមាណ ១,៤លាននាក់ ចេញពីអាមេរិក ក្នុងនោះមានប្រជាជនកម្ពុជាជាង ២ ០០០ នាក់​។

ឆ្លើយតបតាមរយៈអ៊ីម៉ែលមកកាន់សារព័ត៌មានខេមបូចា ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ បានបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តរបស់ក្រសួងការបរទេសចំពោះសន្តិសុខជាតិអាមេរិក ដោយថាការត្រួតពិនិត្យលើកម្មវិធីទិដ្ឋាការបានកំពុងដំណើរការក្រោមបទបញ្ជារបស់លោក ត្រាំ។

ទោះជាយ៉ាងណាក៏ដោយ អង្គភាពសារព័ត៌មាន Fox News បានរាយការណ៍ថាមិនមានការសម្រេចចិត្តចុងក្រោយត្រូវបានធ្វើឡើងទាក់ទងនឹងការហាមឃាត់ការធ្វើដំណើរដែលអាចប៉ះពាល់ដល់ប្រទេសជាង៤០នោះឡើយ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Placing of Cambodia on US “Yellow List” Sparks Fears of Harsher Restrictions

130 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម