នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវសូមឱ្យប្រជាជនខ្មែរគ្រប់រូបត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការប្តេជ្ញាចិត្តរួមរបស់ជាតិ ដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យ និងលុបបំបាត់ភាពអសកម្មភាពទាំងឡាយក្នុងសង្គមជាតិ ដែលធ្វើឱ្យជាតិចុះខ្សោយ។ លោកក៏បានលើកឡើងថា សូមប្រជាជន និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីល្ងាចថ្ងៃទី១៣ ខែមករាថា ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី លោកមើលឃើញយ៉ាងច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំរវាងខ្មែរនិងខ្មែរ។
លោកបានថ្លែងថា៖ «ខ្ញុំពិតជាបានឃើញច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំរវាងខ្មែរនិងខ្មែរ ក៏ដូចជាបានឃើញច្បាស់នូវការឈឺចាប់របស់ជាតិយើង និងរបស់ប្រជាជនយើង ហើយជាការឈឺចាប់មួយ ដែលបានបំផុសនូវទឹកចិត្តស្នេហាជាតិដ៏ស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ប្រជាជននៅគ្រប់ទិសទីក្នុងការកសាងប្រទេសជាតិយើងឱ្យបានរឹងមាំ»។
នាយករដ្ឋមន្ត្រីបានបន្តទៀតថា៖ «យើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះ ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើង និងធ្វើឱ្យជាតិខ្មែរយើងបានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូប»។
ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា សន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ។
លោកបានមានប្រសាសន៍ថា៖ «ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់នាពេលនេះ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងលើកិច្ចការអាទិភាពសំខាន់ៗរបស់ជាតិផ្សេងទៀត»។
លោកបានបញ្ជាក់ថា ដោយមើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិ ដែលបង្កឡើងដោយឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មសម័យទំនើបមួយនេះ ដែលមានបណ្តាញប្រទាក់ក្រឡាគ្នាពីប្រទេសមួយទៅប្រទេសមួយ, រាជរដ្ឋាភិបាល បានចាត់វិធានការជាច្រើនលើឧក្រិដ្ឋកម្មនេះ ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើន។
នាយករដ្ឋមន្ត្រី បានថ្លែងទៀតថា៖ «ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការកំណត់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាកិច្ចការអាទិភាពក្នុងរបៀបវារៈនយោបាយរបស់ខ្លួន គឺពុំមែនជាការចៃដន្យឡើយ»។ លោកបន្តថា៖ «ការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជាបន្តបន្ទាប់លើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក គឺជាសក្ខីភាពមួយនៃការអនុវត្តការប្តេជ្ញាចិត្តខាងនយោបាបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ដែលជាក្តីកង្វល់រួមរបស់កម្ពុជា តំបន់ និងពិភពលោក»។
លោកបានបន្ថែមថា៖ «ខ្ញុំពិតជាចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេស ការចូលរួមពីសំណាក់ប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីយើងរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃនៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ»។

ភាគីកម្ពុជា និងចិននឹងបន្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់បន្តទៀត ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា អំឡុងពេលជំនួបរវាងលោក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និង លោក LIU Zhongyi ឧបការីរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណ:ចិន ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦។ យោងតាមផេករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្រសួងមហាផ្ទៃបានលើកឡើងនៅថ្ងៃ៧ ខែមករា ថា លោក Chen ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន Prince Group ត្រូវបានចាប់ខ្លួនរួមជាមួយជនជាតិចិនពីរនាក់ផ្សេងទៀតគឺលោក Xu Ji Liang និងលោក Shao Ji Hui នៅថ្ងៃទី 6 ខែមករា ហើយពួកគេត្រូវបានធ្វើបន្យាប័នទៅកាន់ប្រទេសចិន។
ក្រសួងសន្តិសុខសាធារណៈចិននៅថ្ងៃទី៨ ខែមករា បានបញ្ជាក់ពីការចាប់ខ្លួន និងការធ្វើបត្យាប័នលោក Chen Zhi ដោយហៅវាថា ជា «លទ្ធផលដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយកម្ពុជា»។
ក្រសួងសន្តិសុខសាធារណៈបានលើកឡើងថា៖ «ការស៊ើបអង្កេតមួយបានបង្ហាញថា ក្រុមឧក្រិដ្ឋជនរបស់លោក Chen Zhi ត្រូវបានសង្ស័យពីបទឧក្រិដ្ឋជាច្រើន រួមទាំងការដំណើរការកាស៊ីណូ ការក្លែងបន្លំ សកម្មភាពអាជីវកម្មខុសច្បាប់ និងការលាក់បាំងប្រាក់ចំណូលព្រហ្មទណ្ឌ»៕









