សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបើកប្រទេសឡើងវិញ បន្ទាប់ពីឆ្លងកាត់ជិតពីរឆ្នាំនៃវិបត្តិកូវីដ-១៩

ក្មេងស្រីម្នាក់លើកប្អូនវាស់កម្ដៅមុនចូលថ្នាក់រៀនមួយកន្លែងក្នុងរាជធានីភ្នំពេញ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
ក្មេងស្រីម្នាក់លើកប្អូនវាស់កម្ដៅមុនចូលថ្នាក់រៀនមួយកន្លែងក្នុងរាជធានីភ្នំពេញ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទនេះ​បាន​ប្រកាស​ «ភាព​ប្រក្រតីបែបគន្លង​ថ្មី​» សម្រាប់​ប្រទេស​កម្ពុជា រួម​បញ្ចូលទាំង​ការ​បើក​ជា​ផ្លូវ​ការ​នូវ​សេដ្ឋកិច្ច​គ្រប់​វិស័យ បើទោះ​បី​ជា​នៅ​ត្រូវមើលថាតើ​សេដ្ឋកិច្ច​នឹងងើប​ឡើង​វិញបា​នលឿនប៉ុណ្ណា​ បន្ទាប់ពីឆ្លងកាត់ការ​លំបាក​ជិត​ពីរ​ឆ្នាំ​នៃ​ជំងឺកូវីដ-១៩​ មក​នេះ។​

ថ្លែង​ក្នុង​វិមាន​សន្តិ​ភាព​ជាង​បួន​ម៉ោងក្នុង​ពិធី​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ លើ​កុមារអាយុ​៦​ឆ្នាំ​ឡើង និង​ការ​ផ្ដើម​ចាក់​ឲ្យ​កុមារ​មាន​អាយុ​៥​ឆ្នាំ  លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រៀប​រាប់​អំពី​វិធានការ​នានា​របស់​រដ្ឋាភិបាល​ក្នុង​អំឡុង​វិបត្តិ​កូវីដ-១៩។ លោក​ លើក​ឡើង​ពី​ការ​បើក​ប្រទេស​ឡើង​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​នេះ និង​ថា​ប្រ​ជា​ពល​រដ្ឋ​ស្ទើរ​តែគ្រប់​រូប​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ដែល​ជា​ហេតុ​ផល​មួយ​អាច​ឲ្យ​ចាប់​ផ្ដើម​បញ្ចប់​ការ​រឹត​ត្បិត​ក្នុង​ប្រទេស​។​

លោក​មាន​ប្រ​សាសន៍​ថា៖ «[យើង​]​ចាប់​ផ្ដើម​បើក​ប្រទេសពេញលេញ​ឡើង​វិញលើ​គ្រប់​វិស័យ និង​រស់​នៅ​ជាមួយ​កូវីដ តាមគន្លង​ថ្មី ចាប់​ពី​ថ្ងៃទី​១ ខែវិច្ឆិកា»។ លោក​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ទេសចរ​ក្នុង​ស្រុក​ដើរ​កម្សាន្តតាម​ទី​កន្លែងនានា​ដែល​ខ្លួន​ចង់​។​

ទោះ​បីជាមានការ​ប្រកាស​ឲ្យ​បើក​ប្រទេសឡើង​វិញ​ក្ដី តែ​អាជីវកម្ម​មាន​ហារនិភ័យ​ខ្ពស់​មួយ​ចំនួន​ដូចជា​ក្លឹបកម្សាន្ត ខារ៉ាអូខេ និង​អាជីវកម្ម​ផ្សេង​ៗ​មួយ​ចំនួន​នៅ​បន្ត​បិទ រហូត​មាន​ការ​ជូន​ដំណឹង​ជាថ្មី​។ ដូច​គ្នា​ដែរ ទោះ​បីជា​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ត្រូវ​បិទ​បញ្ចប់ តែលោក​ថា​អ្នក​ដែល​មិន​ទាន់​បាន​ចាក់​នៅ​តែ​អាច​ទៅ​ទទួល​ការ​ចាក់​​វ៉ាក់សាំង​បាន​ដដែល​។​

លោកនាយក​រដ្ឋ​មន្ត្រី​ឲ្យ​ដឹង​ដែរថា ប្រជា​ពល​រដ្ឋ​មាន អាយុ​ចាប់​ពី​​ ៦​ឆ្នាំ​ឡើងចំនួន ​១៣,៧លាន​នាក់​បាន​ទទួល​វ៉ាក់សាំង ឬ​ប្រហែល​ជា ​៨៥​ភាគរយ​នៃ​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​សរុប​។​​

សិស្ស​នៅរាជធានី​ភ្នំពេញ​​ចាប់​ផ្ដើម​ចូល​រៀន​នៅ​ក្នុង​ថ្នាក់​វិញ បន្ទាប់​ពី​មានការ​បើក​សាលា​ជាថ្មី​នៅ​ទូទាំង​ប្រទេស ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូ​ចា/ ព្រីង សំរាំង
សិស្ស​នៅរាជធានី​ភ្នំពេញ​​ចាប់​ផ្ដើម​ចូល​រៀន​នៅ​ក្នុង​ថ្នាក់​វិញ បន្ទាប់​ពី​មានការ​បើក​សាលា​ជាថ្មី​នៅ​ទូទាំង​ប្រទេស ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូ​ចា/ ព្រីង សំរាំង

សាលា​រៀន​ចាប់​ពី​ថ្នាក់​បឋម​សិក្សា​ដល់​វិទ្យាល័យ បាន​បើក​ដំណើរការ​ឡើង​វិញ​ហើយ​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី បាន​បញ្ជាក់​ថា ចាប់ពី​ពេល​នេះ​តទៅ រដ្ឋាភិបាល​នឹង​កំណត់​​វិធានការ​សុខាភិបាល​​តឹងរឹង​តែ​លើ​អ្នក​​ឆ្លង​ថ្មី​តែ​ប៉ុណ្ណោះ​។​ ការណ៍​នេះ​មាន​ន័យ​ថា​បើ​សិន​ជា​សិស្ស​ អ្នក​លក់​ដូរ ឬ​កម្មករ​រោង​ចក្រ​មាន​វិជ្ជមាន​កូវីដ-១៩ សាលារៀន ផ្សារ និង​រោង​ចក្រ​នឹង​មិន​ត្រូវ​បិទទ្វារ​នោះទេ​។​

វិធានការសុខាភិបាល​នឹង​ផ្ដោត​សំខាន់​តែលើ​ការ​ធ្វើ​ចត្តាឡីស័ក​អ្នក​ឆ្លង និង​តាម​ស្វែង​រក​អ្នក​ពាក់​ព័ន្ធ​ក្នុង​ករណី​បន្ទាន់​ផ្សេង​ទៀត​។​

លោក​នាយក​រដ្ឋ​មន្ត្រី​បន្ត​ថា ទោះបីជា​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​​អាច​នៅ​ដំណើរ​ការបាន​ក្នុង​ពេល​មាន​វិបត្តិកូវីដ-១៩ តែថា​វិស័យ​ទេសចរណ៍​វិញ​បាន​រង​ផល​ប៉ះពាល់​យ៉ាងខ្លាំង។​ រដ្ឋាភិបាល​បាន​ដាក់​វិធានការ​មួយ​ចំនួនកាល​ពី​សប្ដាហ៍មុន​ដើម្បី​បើក​ប្រទេស​ទទួល​យក​ទេសចរ​បរទេស ហើយ​នឹង​បន្ត​ធ្វើ​បែប​នេះ​​ទៀត​។​

បើ​តាម​លោក​នាយក​រដ្ឋ​មន្ត្រី រដ្ឋាភិបាល​បាន​ចំណាយថវិកា​ប្រហែល ​២,៣​ពាន់​លា​ដុល្លារ​​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​កូវីដ-១៩ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មក​នេះ។ ក្នុងនោះ​រួម​មាន​ការ​ចំណាយ​៨២១​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០ និង ​១,៥ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១​នេះ។​

លោក​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​បញ្ជា​ទៅ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ឲ្យ​បន្ត​តាម​ដាន​ការ​អនុវត្ត​វិធានការ​បង្ការ​កូវីដ-១៩ និង​ថា​នៅ​មាន​អ្នក​ជំងឺ​ជាង​ ១ ១០០​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​។ លោក​ ហ៊ុន សែន​ បន្តថា ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ចាក់​វ៉ាក់សាំង​ដូសជំរុញ និង​រៀប​ចំថវិកាមួយចំនួន​សម្រាប់​ដូស​ទី​បួន ដើម្បី​រក្សា​ភាព​ស៊ាំ​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ទាំង​អស់។​

កុមារ​ម្នាក់​​កំពុង​ទទួល​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ដូសទី១ ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​មានអាយុ​ប្រាំ​ឆ្នាំ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
កុមារ​ម្នាក់​​កំពុង​ទទួល​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ដូសទី១ ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​មានអាយុ​ប្រាំ​ឆ្នាំ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

លោក​​បន្ថែម​ទៀតថា រដ្ឋាភិបាល​ក៏​កំពុង​រៀប​ចំបញ្ជូន​វ៉ាក់សាំង​​សម្រាប់​​ពលករ​ខ្មែរ​ក្នុង​ប្រទេស​ថៃ  ហើយ​នឹង​ស្នើ​ដល់​រាជរដ្ឋាភិបាល​ថៃ​​ឲ្យ​មន្ត្រី​សុខាភិបាល​ថៃ​​ជួយ​ដល់​ដំណើរ​ការចាក់វ៉ាក់សាំង​នេះ។​

លោក​មាន​ប្រសាសន៍ទៀតថា៖ «​ឥឡូវនេះ យើង​តម្រូវ​ឲ្យ​[ពល​ករ] ដែល​ត្រឡប់មក​កម្ពុជា​វិញ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​…ប៉ុន្តែ​សម្រាប់​ពល​ករ​ណា​ដែល​បាន​ចាក់​វ៉ាក់សាំង​ពីរដូស​រួច​ហើយ ពួក​គេ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​តែ​ប្រាំពីរ​ថ្ងៃ​។ ពល​ករ​ណា​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ ពួកគេ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ចំនួន​១៤​ថ្ងៃ»។​

លោក​ គុន កុសល វ័យ​២៩​ឆ្នាំ បុគ្គលិក​ផ្នែក​ទី​ផ្សារ​របស់​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​អាហារ​ Foodpanda បាន​ឲ្យ​ដឹង​ថា​លោក​សប្បាយ​ចិត្ត​ចំពោះ​ព័ត៌មាន​ដែល​អនុញ្ញាតឲ្យ​បើក​ប្រទេស​ឡើង​វិញ​នេះ។​

លោក​បន្ត​ថា៖ «​ខ្ញុំ​ពេញ​ចិត្ត និង​តែង​តែ​រង់​ចាំ​ឲ្យ​មានការ​បើក​ប្រទេស​គ្រប់​វិស័យ​វិញ​បែបនេះ» ដោយលោកបន្ថែមថា៖ «​វា​នឹង​ជួយ​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​ដំណើរ​ការ​អាជីវកម្ម​ឡើង​វិញ ដូចជា​សេវាដឹកជញ្ជូន ហាង​កាហ្វេ ភោជនីយដ្ឋាន និង​ផ្សេងៗ​ទៀត ដំណើរ​ការ​ទៅ​ដោយ​រលូន​ ដោយ​អនុវត្តតាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល»។​

លោក កុសល បន្ត​ថា ការ​រឹត​បណ្តឹង​នៅ​ក្នុង​ប្រទេ​សធ្វើឡើង​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​ក្នុងវិបត្តិកូវីដ-១៩ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្សគ្រប់គ្នា ទោះបីជា​ដោយ​ផ្ទាល់ ឬ​ប្រយោល។​

លោក​ឲ្យដឹង​ទៀត​ថា៖ ​«វា​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​មក​ហើយ​ដែល​យើង​ជួប​ការ​លំបាក។ យើង​គួរ​តែ​រស់​នៅ​ជាមួយ​កូវីដ-១៩ ពីព្រោះ​វាមានការ​លំបាក​ក្នុង​ការ​បញ្ឈប់​វា ហើយ​ប្រជា​ពល​រដ្ឋ​ក៏​ស៊ាំ​ទៅ​នឹង​ការ​ពាក់​ម៉ាស និងបាញ់​អាល់កុល ដូច​នេះវាក្លាយជាទម្លាប់សម្រាប់​ពួកគេទៅហើយ»។​

កញ្ញា មិត្ត ទេន វ័យ​២១​ឆ្នាំ ​ជា​អ្នក​លក់​ម្ហូបអាហារ​នៅតាម​ផ្លូវក្នុងសង្កាត់​អូរបែកក្អម ឲ្យ​ដឹង​ដែរថា កញ្ញា​ពិត​ជា​សប្បាយ​ចិត្ត​ចំពោះ​ការ​សម្រេច​ឲ្យ​បើ​ក​ប្រទេស​ឡើងវិញ​នេះ។​

កញ្ញា និយាយ​ថា៖ «​ខ្ញុំ​ខ្លាច​កូវីដ-១៩ ហើយ​អ្នក​ទិញ​ក៏​ខ្លាច​ដែរ…​ពេក​ពួកគេ​មក​ទិញ​ម្ហូប​អាហារ​របស់​យើង ពួកគេ​បាញ់​អាល់​កុល ប៉ុន្តែ​ពីរ​បី​សប្ដាហ៍​នេះ ខ្ញុំ​ឃើញ​ថា​ស្ថានភាព​ល្អ ព្រោះ​ថា​អត្រា​អ្នក​បាន​ទទួល​វ៉ាក់សាំង​មាន​ចំនួន​ខ្ពស់ និង​ចំនួន​ឆ្លង​ថ្មី​បាន​ថយ​ចុះ»។​

ទោះ​បីជាការ​លក់​ដូរ​មិន​ទាន់​វិល​ទៅ​រក​ភាព​ប្រក្រតីវិញ​ពេញលេញ កញ្ញា ទេន ថា​នៅ​ព្រឹក​ថ្ងៃ​ចន្ទនេះ​ការលក់​ដូរ​ហាក់​មាន​ភាព​ល្អ​ប្រសើរ។ ការ​កើន​ឡើង​វិញ​បន្តិច​នេះ ផ្ដល់​ក្ដី​សង្ឃឹម​ដល់​កញ្ញា​ថា ​ការ​លក់​ដូរ​នឹង​កាន់​តែ​ប្រសើរ​ថែមទៀត​។​

កញ្ញា​បន្ត​ថា៖ «​ខ្ញុំ​សង្ឃឹមថា​គ្រប់​យ៉ាង​នឹង​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ ហើយ​យើង​នឹង​មិន​បារម្ភ​ដូច​មុនទៀត…​ការ​លក់​ដូរ​របស់​ខ្ញុំ​អាច​រក​ប្រាក់​ចំណេញ​បាន​ច្រើន ដូច​ថ្ងៃនេះ ត្រឹម​ម៉ោង៨ព្រឹក ខ្ញុំ​លក់​ម្ហូប​អស់»។​

កញ្ញា បន្ថែមថា ខ្លួន​បាន​ខកខាន​ធ្វើ​ដំណើរ​កម្សាន្តនា​ពេល​កន្លងមក​ និង​ថា​ពេល​នេះមាន​គម្រោង​ទៅ​លេង​អង្គរវត្ត​ជាមួយ​មិត្ត​ភក្តិ​នៅ​ខែក្រោយ បើ​សិនជា​អ្វីៗ​ដំណើរ​ការ​ទៅ​ដោយ​រលូន ទាំង​ការ​លក់​ដូរ និង​ស្ថានភាព​ជំងឺ​កូវីដ-១៩។​

ភ្ញៀវទេសចរចាកចេញ​ពី​សារមន្ទីរ​ទួល​ស្លែង​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូ​ចា/ ព្រីង សំរាំង
ភ្ញៀវទេសចរចាកចេញ​ពី​សារមន្ទីរ​ទួល​ស្លែង​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូ​ចា/ ព្រីង សំរាំង

លោក ចាន់ ធារ៉ា ម្ចាស់​ហាង​កាហ្វេ​មួយ​កន្លែង​នៅ​លើ​ផ្លូវ​១៩ ក្នុង​ខណ្ឌដូន​ពេញ លើក​ឡើង​ថា​លោក​សប្បាយ​ចិត្ត​ដែល​កម្ពុជា​បាន​បើក​ប្រទេស​ឡើង​វិញ ពីព្រោះ​ថា​អាជីវកម្ម​របស់​លោក​អាច​នឹង​រក​ប្រាក់​ចំណេញ​បាន​ច្រើន ខណៈ​ប្រ​ជា​ពល​រដ្ឋ​អាច​ដើរ​ហើរ​ដោយសេរីវិញ​បាន។​

លោក​បន្ថែម​ថា៖ «ខ្ញុំ​សង្ឃឹម​ថា​ការ​បើក​ប្រទេស​ឡើង​វិញ​នេះ នឹង​មាន​ចំនួន​អតិថិជន​កើន​ឡើង»។ លោក​ពន្យល់​ថាការ​លក់​​ដូររបស់​លោក​ចាប់​ផ្ដើម​កើន​ឡើង​វិញ​កាលពីខែមុន ហើយ​លោក​ក៏​សង្ឃឹម​ដែរថា ​វា​នឹង​បន្ត​កើន​ឡើង​ទៀត។​

លោក​ឲ្យ​ដឹងទៀតថា លោក​មិន​ទាន់​ឃើញ​មាន​ចំនួន​កូនសិស្ស​មក​ទិញ​កាហ្វេ​វិញ​នៅ​ឡើយ ប៉ុន្តែ​លោក​ជឿ​ថា​កូន​សិស្សនឹងវិល​មក​ទិញ​កាហ្វេញ៉ាំ​វិញ​ឆាប់ខាង​មុខ​នេះ ជាពិសេស​ពេល​ដែល​សាលារៀន​បើក​ឡើង​វិញ និង​អត្រាចាក់វ៉ាក់សាំង​មាន​ចំនួន​ខ្ពស់។​

លោក​បន្ត​ថា៖ «ខ្ញុំ​បាន​ចាក់វ៉ាក់សាំង​ដូសទីបី Astrazeneca  ដូច​នេះ​ខ្ញុំ​មាន​ជំនឿ​ចិត្ត​កាន់​តែ​ខ្ពស់»។​

លោក ហុង វណ្ណៈ អ្នកស្រាវ​ជ្រាវ​ផ្នែកអាជីវកម្ម​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ប្រាប់​ខេមបូចាថា វាជា​ដំណឹង​ល្អ​ដែល​ប្រ​ជា​ជន​កម្ពុជា​អាច​ចាប់​ផ្ដើម​អាជីវកម្មខ្លួនឡើង​វិញ​បន្ទាប់ពី​ជាប់គាំង​អស់​ជិត​ពីរ​ឆ្នាំ​។​

លោក​បន្ថែម​ថា៖ «​វា​ជា​ជោគជ័យនៃ​យុទ្ធសាស្រ្តចាក់វ៉ាក់សាំង​របស់​រដ្ឋាភិបាល ដើម្បីគ្រប់​គ្រង​ជំងឺកូវីដ-១៩ ហើយ[ធ្វើឲ្យ]ករណី​ឆ្លង​ក្នុង​តំបន់​ធ្លាក់ចុះ ដូច​នេះវាជាពេល​វេលាត្រឹមត្រូវ​ដែល​​បើក​ប្រទេស​លើ​គ្រប់​វិស័យ»។​

លោក​បន្ត​ទៀតថា៖ «កូវីដ-១៩ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​យើង​ជិត​ពីរ​ឆ្នាំ ហើយ​ការ​បើក​ប្រទេស​ឡើង​វិញ​ គឺជា​ការ​រួម​ចំណែក​ដ៏​ធំសម្រាប់​ការ​ធ្វើ​អាជីវកម្ម និង​សង្គម​គ្រួសារ»។​

កាល​ពី​ថ្ងៃ​ចន្ទ ក្រ​សួង​សុខាភិបាល​ឲ្យ​ដឹង​ថាអ្នក​ឆ្លង​កូវីដ-១៩ មាន​៩១​ករណី​ថ្មី ក្នុង​នោះ​ករណី​នាំចូលមាន​ចំនួន១៦​ករណី។ ចំនួន​នេះ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុបឡើង​ដល់​ ១១៨ ៦៤១​ករណី គិត​ចាប់ពីមានការឆ្លងរាលដាល​កូវីដ-១៩ ដើមឆ្នាំ​២០២០ មក​។​ ករណី​ឆ្លង​ភាគ​ច្រើន កើត​មាន​ក្រោយ​ពី​ព្រឹត្តិការណ៍​២០ កុម្ភៈ ពេល​ដែល​កម្ពុជា​មាន​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍​។ ក្រសួង​ឲ្យ​ដឹង​ដែរថា អ្នក​ជាសះស្បើយមាន​ចំនួន​​ ១១៤ ៩០២​នាក់ និង​អ្នក​ស្លាប់​មានចំនួន​២ ៧៩៤​នាក់។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ PM Hun Sen announces national reopening after nearly two years of pandemic woes

410 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម