អាជ្ញាធរខេត្តបាត់ដំបងបានចុះពិនិត្យនិងដោះស្រាយជូនប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែងនៅចំណុចអាងភាសជាទីកន្លែងដែលពលរដ្ឋជិត១០០នាក់ផ្ទុះការតវ៉ាបញ្ឈប់គ្រឿងចក្រ កាយដីស្រែពួកគាត់កាលពីថ្ងៃទី១៦ ខែសីហា។
លោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំខេត្តបាត់ដំបងបានឱ្យដឹងថា អាជ្ញាធរឃុំស្រុកកំពុងញាប់ដៃញាប់ជើងចុះពិនិត្យនិងស្រង់ទិន្នន័យដីស្រែប្រជាពលរដ្ឋដែលតវ៉ាថា ពួកគាត់បានអាស្រ័យផលជាក់ស្តែងធ្វើរបាយការណ៍ជូនថ្នាក់ខេត្ត ដើម្បីមានមូលដ្ឋានរាយការណ៍ជូន ប្រមុខរាជរដ្ឋាភិបាលស្នើសុំគោលការណ៍ដោះស្រាយជូនពួកគាត់។
លោកអភិបាលស្រុកបានបន្ថែមថា កន្លងទៅអាជ្ញាធរមិនទាន់មានការសិក្សាច្បាស់នៅឡើយ ថាតើមានប្រជាពលរដ្ឋប៉ុន្មានគ្រួសារដែលអាស្រ័យផលជាក់ស្តែងនិងយូរនៅអាងភាសនេះនៅឡើយទេ។ កន្លងមកធ្លាប់តែជួបសម្របសម្រួលជាមួយប្រជាពលរដ្ឋ២៣គ្រួសារដែលអះអាងថាបានអាស្រ័យផលជាប់រហូតតាំងពីឆ្នាំ១៩៨៣ មកដល់បច្ចុប្បន្ននេះ លើផ្ទៃដី៣១ហិកតា ។ លោកបន្ថែមថា អាជ្ញាធរកំពុងបន្តចុះពិនិត្យនិងស្រាវជ្រាវចំពោះប្រជាពលរដ្ឋផ្សេងទៀតដែលអាស្រ័យផលជាក់ស្តែងក្នុងអាងភាសនេះ ។
លោក សុផល ថ្លែងថា៖ «យើងបានចុះពិនិត្យមើលអ្នកណាដែលមានការតវ៉ាចុះទៅបង្ហាញព្រំដីរបស់គាត់ អ្នកដែលមានដីធំហ្នឹងមុន! ហើយធ្វើរបាយការណ៍លម្អិតជូនខេត្តដើម្បីមានមូលដ្ឋានជម្រាបជូនសម្តេច»។
កាលពីព្រឹកថ្ងៃពុធនេះក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសកលវិទ្យាល័យ ពុទ្ធិសាស្រ្ត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរខេត្តបាត់ដំបង ធ្វើការដោះស្រាយដីធ្លីនៅតំបន់អាងភាស ជូនប្រជាពលរដ្ឋដែលរស់នៅនិងអាស្រ័យផលយូរមកហើយ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍៖ «ដីអាងភាសនេះជាដីដែលប្រជាជនរស់នៅច្រើនជំនាន់ហើយ ផ្នែកធនធានទឹករបស់យើងទៅធ្វើទំនប់ធ្វើអីណា កាយកប់ត្រឡប់ជាន់នៅអី បាត់ដំបង! ខ្ញុំក៏ដោនឡូតអាហ្នឹងបញ្ជូនទៅរដ្ឋមន្រ្តីធនធានទឹក លឹម គានហោ បញ្ជូនទៅឱ្យ សុខ លូ អភិបាលខេត្តបាត់ដំបង»។ លោក ហ៊ុន សែន បន្តថា៖ «តិច[ផ្ញើសារ]ទៅ សុខ លូ ថា អាហ្នឹងជាអាំងវ៉ង់ទែ! គាត់ប្រើពាក្យអាំងវ៉ង់ទ័រ របស់ក្រសួងធនធានទឹក។ ខ្ញុំប្រាប់ទៅវិញថា ទទួលអំណាចពីនាយករដ្ឋមន្រ្តីដោះស្រាយជាមួយប្រជាជនទៅ បើដីហ្នឹងជាដីរបស់រដ្ឋ ធ្វើទៅវាលិច យើងកុំធ្វើទៅ យើងធ្វើជាមួយប្រជាជនទៅ ជួបទៅ! »។
លោកនាយករដ្ឋមន្រ្តីបន្ថែមថា៖ «តាមការបកស្រាយរបស់អតីតវ័យចំណាស់ម្នាក់ គេរស់នៅច្រើនជំនាន់ហើយ ចូលដល់រយឆ្នាំហើយ យើងនៅថាចាត់ទុកប្រជាពលរដ្ឋមកទន្រ្ទានកាន់កាប់! ទន្រ្ទានកាន់កាប់! ចុះទៅមើលដោះវាឱ្យចេញ»។
ក្រោយពីប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល មកទល់ម៉ោងជាង៣រសៀលថ្ងៃពុធ ឃើញមានក្រុមគ្រឿងចក្រកាយដី និងរថយន្តដឹកដីជាច្រើនគ្រឿងនៅលើទីតាំងដី ស្រែប្រជាពលរដ្ឋក្នុងតំបន់អាងភាស ស្ថិតនៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅឡើយ តែមិនឃើញមានសកម្មភាពកាយដីនោះទេ ដោយពលរដ្ឋអះអាងថាគ្រឿងចក្រទើបតែឈប់ កាយដោយម្ចាស់ស្រែមកហាមប៉ុណ្ណោះ ។
នៅទីនោះមិនមានភាពអ៊ូអរដូចការតវ៉ារបស់ប្រជាពលរដ្ឋកាលពីថ្ងៃអង្គារ៍នោះទេ គឺមានប្រជាពលរដ្ឋប្រមាណជាង១០នាក់ក្នុងក្រុម២៣គ្រួសារ ដែលមានដីស្រែ៣១ហិកតាដែលពួកគាត់អះអាងថា បានអាស្រ័យផលតាំងពីឆ្នាំ១៩៨៣ ក្នុងអាងភាសនេះ បានប្រមូលផ្តុំគ្នាអង្គុយក្រោមដើមឈើក្បែរនោះ និងឃើញមានអាជ្ញាធរស្រុកឯកភ្នំមួយក្រុមកំពុងជួបជាមួយម្ចាស់ដីស្រែធំៗដែលតវ៉ា ដើម្បីពិនិត្យនិងឱ្យចង្អុលបង្ហាញព្រំដីរបស់ខ្លួន ។
នៅពេលដែលអ្នកព័ត៌មាន ខេមបូចា ដើរចូលសំដៅទៅទីកន្លែងនោះ អាជ្ញាធរស្រុកជួបជាមួយប្រជាពលរដ្ឋដែលមានដីស្រែច្រើនជាកន្លែងគ្រឿងចក្រធ្វើសកម្មភាពកាយដីនោះ ស្រាប់តែក្រុមមន្រ្តីដែលដឹកនាំដោយអភិបាលរងស្រុកម្នាក់ និងសមត្ថកិច្ចប៉ូលិសបួនប្រាំនាក់នៅទីនោះ បានឡើងរថយន្តនិងម៉ូតូចាកចេញទៅដែរ នៅសល់តែម្ចាស់ស្រែមួយគ្រួសារដែលរៀបនឹងចេញតាមក្រោយទៀត។

លោក វឌ្ឍនា ជាពលរដ្ឋម្នាក់ដែលមិនទាន់ចាកចេញពីកន្លែងនោះ បានប្រាប់ថា គ្រួសាររបស់ គាត់មានដីស្រែ១១៧ហិកតាដែលទិញតពីប្រជាពលរដ្ឋតាំងពីឆ្នាំ១៩៩១-១៩៩២ មកម៉្លេះ ក្រុមហ៊ុនបានប្រើគ្រឿងចក្រកាយដីស្រែរបស់គាត់ជាច្រើនថ្ងៃមកហើយ។ លោកបញ្ជាក់ថា ដីស្រែជាង១០០ហិកតានេះ ឪពុករបស់លោកឈ្មោះ ច្រាយ សុន បានចែកឱ្យកូនៗដែលមានគ្រួសារហើយ ចំនួន៨នាក់ ក្នុងម្នាក់ៗជាង១០ ហិកតា ហើយត្រូវបានអាជ្ញាធរស្រុកចុះពិនិត្យ និងឱ្យចង្អុលបង្ហាញអស់ហើយដែរ។
លោក វឌ្ឍនា បញ្ជាក់ថា៖ «អាជ្ញាធរស្រុកគ្រាន់តែចុះមកចង់ដឹងទិន្នន័យថា ម្ចាស់ស្រែហ្នឹងពិតប្រាកដអត់ ហើយមានដីប៉ុន្មានហត្ថប៉ុណ្ណឹងទេ អត់ទាន់មានដោះស្រាយអីជាក់លាក់ទេ»។
ចំណែកប្រជាពលរដ្ឋក្នុងក្រុម២៣គ្រួសារដែលអង្គុយចម្ងាយប្រហែល៣០០ម៉ែត្រពីគ្រឿងចក្រ នៅពេលដែលអ្នកព័ត៌មានដើរសំដៅទៅជួបសម្ភាស ពួកគាត់ហាក់មិនចង់ផ្តល់ព័ត៌មាន ដោយបាននិយាយយ៉ាងខ្លីថា៖ «ខ្ញុំអរគុណច្រើនហើយ ដែលសម្តេចជួយដោះស្រាយឱ្យ!» រួចក៏នាំគ្នាដើរចេញទៅជ្រកក្រោមដើមឈើផ្សេង។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃអង្គារ៍ទី១៦ ខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋក្រោម១០០នាក់ ដែលអះអាងតំណាងជាង២០០គ្រួសារ បានលើកគ្នាមកជួយតវ៉ាឱ្យគ្រឿងចក្របញ្ឈប់ការកាយយកអាចម៌ដីពីស្រែរបស់ពួកគាត់នៅចំណុចអាងភាសនេះ ដោយពួកគាត់ស្នើសុំឱ្យកាត់ឆ្វៀលដីបានកាន់កាប់ស្របច្បាប់ ដែលពួកគាត់អាស្រ័យផលយូរឆ្នាំមកហើយ ដែលខ្លះអះអាងថាតាំងពីឆ្នាំ១៩៨៣មកម្លេះ។
លោក សុខ លូ អភិបាលខេត្តបាត់ដំបងមានប្រសាសន៍ថា លោកបានដឹកនាំមន្រ្តីចុះទៅពិនិត្យមើលទីតាំងនោះផ្ទាល់ហើយ តាមគោលការណ៍ បើប្រជាពលរដ្ឋអាស្រ័យផលពិតប្រាកដ និងយូរជាង១០ឆ្នាំ អាជ្ញាធរនឹងប្រជុំពិភាក្សាធ្វើការដោះស្រាយជូន ចំណែកបងប្អូនខ្លះមិនបានធ្វើអីនៅហ្នឹងទេ ហើយអាជ្ញាធរស្រាវជ្រាវទៅពួកគាត់មកតវ៉ាតាមគេតាមឯង គឺមិនដោះស្រាយជូនទេ។ លោកបន្តថាចំណែកអ្នកដែលមានដីធំៗ ដែលអះអាងថា ទិញតៗគ្នានោះ ហើយមិនដែលអាស្រ័យផលនោះ គឺមិនមានគោលការណ៍ដោះស្រាយជូនទេ តែអាជ្ញាធរនឹងប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋដើម្បីស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលគឺធ្វើដោយម៉ត់ចត់និងប្រុងប្រយ័ត្ន។
លោក សុខ លូ បន្តថា៖ «ជាគោលការណ៍យើងការពារប្រយោជន៍របស់ប្រជាជនស្របច្បាប់ ដែលអាស្រ័យផលយូរហើយ តែយើងមិនភ្លេចប្រយោជន៍រដ្ឋ មិនភ្លេចប្រយោជន៍រួមទេ យើងធ្វើដោយម៉ត់ចត់ និងប្រុងប្រយ័ត្ន»។
លោក អភិបាលខេត្តបញ្ជាក់ថា អាងភាសនេះមាន ២០០០ហិកតា អាចផ្ទុកទឹកបាន១៦លានម៉ែត្រគូប ក្នុងរដូវវស្សាមានលទ្ធភាពស្រោចស្រពដីស្រែបាន ៣២០០ហិកតា នៅរដូវប្រាំង បានជាង២ ០០០ហិកតា ហើយបច្ចុប្បន្ននេះមានការពង្រីកថែមទៀត អាចស្រោចស្រពដីស្រែរដូវប្រាំងដល់៥០០០ហិកតា ។
លោក សុខ លូ បន្ថែមថា៖ «ពលរដ្ឋខ្លះទាមទារតវ៉ាឱ្យលប់អាងភាសហ្នឹង បើលុបទៅប្រជាពលរដ្ឋដែលយកទឹកហ្នឹងប្រើ យកទៅទុកឯណា? យើងដោះស្រាយដោយថ្លឹងថ្លែង ច្បាស់លាស់ប្រយោជន៍បងប្អូនមិនឱ្យបាត់ យើងត្រូវសហការគ្នាដែរ ប្រយោជន៍រួមរបស់បងប្អូនប្រជាពលរដ្ឋដែលអាស្រ័យផលលើអាងភាសហ្នឹងក៏គិតដែរ»។
ទោះបីយ៉ាងណា លោក យិន ម៉េងលី មន្រ្តីសម្របសម្រួលសមាគមអាដហុកខេត្តបាត់ដំបង និង ប៉ៃលិន បានកត់សម្គាល់ថា អាជ្ញាធរនៅមូលដ្ឋាននេះបើមានបញ្ហាធំៗគាត់មានការប្រុងប្រយ័ត្នក្នុងការសម្រេចចិត្ត ដែលវាអាចប៉ះពាល់ដល់តួនាទី រឺតំណែងរបស់គាត់ ព្រោះបញ្ហាដីអាងភាសនេះជាដីសារធារណៈរបស់រដ្ឋ វាពាក់ព័ន្ធខាងក្រសួងធនធានទឹក វាពាក់ព័ន្ធនឹងរដ្ឋមន្រ្តី អ៊ីចឹងគាត់ចាំមើលភ្លើងខៀវពីលើមកដែរ។
លោកបន្តថា មិនថាតែរឿងដីធ្លី រឺបញ្ហាអ្វីក៏ដោយ ឱ្យតែសម្តេចនាយកមានប្រសាសន៍មកហើយ គឺអាជ្ញាធរនៅថ្នាក់ជាតិក្តីនៅថ្នាក់ក្រោមជាតិក្តី ពួកគាត់នាំគ្នាខ្លាចដោយនាំគ្នាស្វះស្វែង រកដំណោះស្រាយហើយ។
លោក ម៉េងលី បន្ថែមថា៖ «ពួកគាត់ហាក់ធ្វើអ្វីៗរង់ចាំតែការសម្រេចពីថ្នាក់លើមក ចុះបើសិនជាសម្តេចនាយកមិនមានប្រសាសន៍ ប្រជាពលរដ្ឋមិនរងគ្រោះហើយទេ នេះជាចំណុចមួយគួរគប្បីឱ្យមានការកែទម្រង់ឡើងវិញ ដើម្បីឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិគាត់ហ៊ានសម្រេចខ្លះទៅ ពីព្រោះយើងបានធ្វើវិមជ្ឍការមួយចំនួនឱ្យថ្នាក់ក្រោមជាតិហើយ»។
លោក ម៉េង លី ក៏បានស្នើឱ្យអាជ្ញាធរមានការដោះស្រាយបញ្ហាដីធ្លី នៅចំណុចអាងភាសនេះដោយមានការប្រុងប្រយ័ត្ន ព្រោះតាមលោកដឹង តំបន់នេះក៏មានអស់លោកខ្លះ មានដីដល់រាប់រយហិកតា ដែលខ្លះទើបតែចូលទៅទិញរឺកាន់កាប់ថ្មីៗដែរ មិនមានកាន់កាប់រាប់តំណដូចប្រជាពលរដ្ឋដែលសម្តេចលើកឡើងទេ ដោយចៀសវាងកន្ទេលធំប្រឡំដេក រឺ ត្រីងៀតឆ្លៀតពង។
លោក ម៉េងលី បន្ថែមទៀតថា៖ «ដូចពាក្យចាស់ពោលថា កន្ទៀលធំប្រឡំដេក រឺក៏ត្រីងៀតឆ្លៀតពង ឧទាហរណ៍ កាត់ដីឱ្យប្រជាពលរដ្ឋអស់តែ១០០ រឺ២០០ហិកតាទេ ដល់ពេលមានអស់លោកធំៗ រឺមានត្រីងៀតឆ្លៀតពងហ្នឹង ! វាអស់លើសអ្វីដែលឱ្យប្រជាពលរដ្ឋទៀត! អ៊ីចឹងយើងធ្វើការពិនិត្យដោយប្រុងប្រយ័ត្នដើម្បីកុំឱ្យបាត់បង់នូវ ទ្រព្យសម្បត្តិដីសារធារណៈរបស់រដ្ឋ គឺប្រជាពលរដ្ឋក៏អាចទទួលបានដីសម្រាប់ចិញ្ចឹមជីវិត ហើយការអភិវឌ្ឍក៏អាចដំណើរការបានដែរ យើងចង់ឱ្យមានដំណើរការទន្ទឹមគ្នា»៕