សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោកនាយករដ្ឋមន្រ្តីស្នើ​ឱ្យក្រសួងយុត្តិធម៌ពិនិត្យឡើងវិញលើ​ការ​ផ្តន្ទា​​ទោស​៥ឆ្នាំលើអ្នកបើកបរឡានទាំង​ស្រវឹងបណ្តាលឱ្យ​មនុស្ស​៤នាក់​​ស្លាប់

ជនសង្ស័យ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឈ្មោះ ​នាង ​សំអូន បើក​រថ​យន្ត​​បុកពីក្រោយ​​រថយន្ត​២​គ្រឿង និង​ម៉ូតូ​៤​គ្រឿង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ និង​របួសធ្ងន់​៤​នាក់ នៅ​ជិត​​ស្ពាន​ឬ​ស្សី​កែវ​។ (រូប​ភាព​ហ្វេសប៊ុកស្នងការ​នគរបាល​រាជធានីភ្នំពេញ)
ជនសង្ស័យ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ឈ្មោះ ​នាង ​សំអូន បើក​រថ​យន្ត​​បុកពីក្រោយ​​រថយន្ត​២​គ្រឿង និង​ម៉ូតូ​៤​គ្រឿង បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ និង​របួសធ្ងន់​៤​នាក់ នៅ​ជិត​​ស្ពាន​ឬ​ស្សី​កែវ​។ (រូប​ភាព​ហ្វេសប៊ុកស្នងការ​នគរបាល​រាជធានីភ្នំពេញ)

នៅ​ថ្ងៃទី២៦ ខែកញ្ញានេះ​ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ស្នើ​ឱ្យក្រ​សួង​យុត្តិធម៌ពិនិត្យមើល​ឡើងវិញលើករណីអ្នកបើកបរទាំង​ស្រវឹង​ ដែលត្រូវបានផ្ដន្ទាទោសឱ្យ​ជាប់​ពន្ធនាគាររយៈពេល​៥ឆ្នាំ និងពិន័យជាប្រាក់៥ពាន់ដុល្លារ បន្ទា​ប់​ពីបង្កគ្រោះថ្នាក់ចរាចរណ៍​បណ្តាល​​​ឱ្យ​មនុស្ស៤នាក់ស្លាប់​កាលពីខែមករា ឆ្នាំ​២០​២៤។

ការណែនាំ​​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រមផ្តន្ទា​ទោស​​លោក នាង សំអូន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា បន្ទាប់​ពី​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​បណ្ដាល​ឲ្យ​មនុស្សស្លាប់​នៅខណ្ឌឫស្សីកែវ ​និង​បណ្តាល​ឱ្យ​មនុស្ស​៤​នាក់ទៀត​​រង​របួស​ផង​ដែរ។ លើ​សពីនេះទៅទៀត​​ ឈ្មោះ​ សំ អូន ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​បើកបរ​រយៈ​ពេល៥ ឆ្នាំ​បន្ទាប់​ពី​អនុ​វត្ត​ទោស​ចប់​​។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជា​ក់​ថា បុរសរូបនេះ ត្រូវបានផ្តន្ទាទោសតាមច្បាប់ជាអតិបរមា ទោះបីជាដើមបណ្តឹងក្នុងសំណុំរឿងបានទទួលយកសំណង និងដកពាក្យបណ្តឹងរួចហើយក៏ដោយ។

នៅ​ក្នុងពិធីចែកសញ្ញាបត្រនៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាលោក សំ អូន ទទួល​ទោសអតិបរមាក៏ដោយ ក៏ការផ្តន្ទា​ទោស​ជាប់ពន្ធនាគារ​រយៈពេល៥ឆ្នាំនេះ​ មិន«ធ្ងន់ធ្ងរ​គ្រប់គ្រាន់»ទេ ដោយ​សារ​លោក​បានសម្លាប់មនុស្ស៤នាក់ ដូច្នេះស្នើឱ្យពិនិត្យមើល​ឡើងវិញលើករណីនេះ។

លោក​បាន​ស្នើ​ឲ្យ​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ចាត់​អគ្គ​ព្រះរាជអាជ្ញា​នៃ​​សាលា​ឧទ្ធរណ៍​ពិនិត្យ​មើល​ថា តើ​ការ​សម្រេច​នេះ «មាន​ទម្ងន់​​​គ្រប់គ្រាន់​ឬ​នៅ»។ 

លោក​មាន​ប្រសាសន៍​​ថា៖​ «សាលាដំបូងរាជធានី​​បាន​ពន្យល់​ថា ​ការ​កាត់​ទោស​នេះ​​ឡើង​ដល់​កម្រិត​អតិបរមា​តាម​ច្បាប់​អនុញ្ញាត ប៉ុន្តែ​ដើម្បី​ឲ្យពិត​​ប្រាកដ​​ ត្រូវ​​ប្តឹងទៅ​​ឧទ្ធរណ៍ ​ព្រោះ​​នេះយើង​​ត្រូវ​​អនុវត្ត​ឱ្យ​​តឹងរ៉ឹង​»

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ប្រសិនបើច្បាប់កំណត់ត្រឹម៥ឆ្នាំ នោះត្រូវតែពិចារណាធ្វើ​វិសោធនកម្មច្បាប់​ ដើម្បី​បង្កើនទម្ងន់​ទោស ដើម្បីការពារកុំឱ្យបញ្ហាស្រដៀងគ្នានេះកើតឡើងម្តងទៀត។

លោក​បញ្ជាក់​ថា វា​ជា​ការ​ល្អ​ក្នុង​ការ​ពិនិត្យ​មើល​លើ​ចំណុច​នេះ ខណៈ​ក្រសួង​យុត្តិធម៌​ក៏​កំពុង​ពិនិត្យ​មើល​ក្រម​ព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដើម្បី​ធ្វើ​វិសោធនកម្ម។

លោក​បាន​បន្ថែម​ថា​៖ «យើង​មិន​អាច​បញ្ជា​ទៅ​តុលាការ​បាន​ទេ ហើយ​តុលាការក៏​មិន​អាចកាត់ទោសលើស​​អ្វីដែលច្បាប់មានដែរ​ ប៉ុន្តែ​យើង​ត្រូវ​ពិនិត្យមើល​​» 

លោក ហ៊ុន ម៉ាណែត ក៏​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​តុលាការ​ទូទាំង​ប្រទេស​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​ជន​​ដែល​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សង្គម។

បន្ទាប់​ពី​មាន​​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី លោក អ៊ុក សាវុធ អគ្គ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ឧទ្ធរណ៍​ភ្នំពេញ​បាន​ប្តឹង​ទៅ​សភា​ព្រហ្មទណ្ឌ​របស់​​សា​លា​​ឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ពិនិត្យ​មើល​សាលក្រម​របស់​សាលា​ដំបូង​រាជធា​នី​ភ្នំពេញ​។ 

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មិនបានឆ្លើយតបទេ។

ថយន្ត Ford Ranger បានបើកបុករថយន្ត២គ្រឿង និងម៉ូតូ៤គ្រឿង បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និង៤នាក់ទៀតរងរបួសនៅជិតស្ពានឫស្សីកែវ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាល​ពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖​ហ្វេសប៊ុក​ស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ)

 លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍បានប្រាប់ ខេមបូចា ​ថា អគ្គព្រះ​រាជអាជ្ញាអាចប្តឹងទៅសាលាឧទ្ធរណ៍បាន។ ទោះ​ជា​យ៉ាង​ណា លោក​មិន​ប្រាកដ​ថា ​តើ​​ទោស​ហ្នឹង​ត្រូវ​បង្កើន​ បន្ទាប់ពីការ​ប្តឹង​ឧទ្ធរណ៍ ​ឬ​យ៉ាង​ណា​នោះ​ទេ។

ទាក់ទិននឹងសំណុំរឿងនេះ លោក សុក សំអឿន ប្រធានក្រុមអ្នកច្បាប់អមរិន្ទ បាន​ប្រាប់ ខេមបូចា ថា តុលាការបានកាត់ទោសលោក នាង សំអូន ឱ្យជាប់ទោសអតិបរមារួចហើយ ដូច្នេះអគ្គព្រះរាជអាជ្ញាមិនអាចប្តឹងទៅសាលាឧទ្ធរណ៍បានទេ។ លោក​បាន​ពន្យល់​ថា អគ្គ​ព្រះរាជអាជ្ញា​អាច​ប្តឹង​ឧទ្ធរណ៍​បាន​លុះត្រា​តែ​ការ​ផ្តន្ទា​​ទោស​របស់​តុលាការ​មាន​កម្រិត​ទាប​ជាង​អតិបរមា។

លោក​មាន​ប្រសាសន៍​ថា ប្រសិន​បើ​លោក​នាយក​រដ្ឋមន្ត្រី​ជឿ​ថា ការ​សម្រេច​របស់​​តុលាការ​ក្នុង​ករណី​នេះ​នៅមាន​កម្រិត ដំណោះស្រាយ​មាន​តែ​មួយ​គត់​គឺ​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់។ ទោះ​បី​ជា​យ៉ាង​ណា បើ​ទោះ​ជា​ច្បាប់​ត្រូវ​បាន​ធ្វើ​វិសោ​ធនកម្ម​ក៏​ដោយ ក៏​មិន​អាច​អនុវត្តអនុភាពប្រតិសកម្ម​ចំពោះ​​​លោក សំអូន បាន​ដែរ ដោយ​សារ​​ករណីនេះ​​បាន​បញ្ចប់​ហើយ​។

ខឹម ហ៊ីង សាច់ញាតិរបស់ ង៉ែត ស្រីម៉ៅ ដែលបានស្លាប់ក្នុងឧប្បត្តិហេតុ​គ្រោះថ្នាក់​​ចរាចរណ៍​នេះ​ បានឱ្យដឹង​ថា ការ​ផ្តន្ទា​ទោសរយៈពេល​៥ឆ្នាំគឺខ្លី ដោយ​សារមាន​មនុស្ស៤នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ​។

លោក គង់ សុវណ្ណ នាយក​អង្គការ​ខេមសេហ្វ​ (CAMSAFE) បានប្រាប់ ខេមបូចា ​ថា សាលក្រមនេះគឺ​ជា​ឆន្ទានុសិទ្ធិរបស់តុលាការ។ ប៉ុន្តែ​លោក​បាន​គាំទ្រ​យ៉ាង ​«ខ្លាំង» ​ចំពោះ​ការ​អំពាវនាវ​របស់​លោក ហ៊ុន ម៉ាណែត ឲ្យ​ពិនិត្យ​មើល​ករណី​នេះ។

លោកបានមានប្រសាសន៍ថា៖ «នេះជាសញ្ញានៃការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ [ចំពោះបញ្ហា] និងជា​ការអំពាវនាវ ដើម្បីជំរុញឱ្យស្ថាប័ននីតិបញ្ញត្តិអនុវត្ត​​​ការ​រឹតត្បិត​ ឬដាក់ទោសជនល្មើស តឹងរឹង​ជាងមុន»​។ លោកបានបន្ថែមថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ក៏ជាការព្រមានដល់អ្នកដែលបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងផងដែ​រ​។

លោកក៏បានលើកឡើងពីករណីថ្មីៗ ដែលតុលាការអូស្ត្រាលីបានកាត់ទោសលោក ឌឿន ឧត្តម ជា​កូនប្រុសរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់​ឲ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ បន្ទាប់ពីបានបើក​រថយន្ត​បុករថយន្ត​មួយទៀត​បណ្តាល​ឱ្យ​មនុស្សពីរនាក់ស្លាប់កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។ លោក​ សុវណ្ណ​ បាន​បន្ថែមថា ការ​ផ្តន្ទាទោស​ដ៏តឹងរ៉ឹង​ផ្តល់​តម្លៃ​ខ្ពស់​លើ​ជីវិត​មនុស្ស​។

នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤​ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន១ ៥៣៤ ករណីគឺ​តិច​​ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ចំនួន១៤ករណី​ ។ ប៉ុន្តែចំនួនជនរងគ្រោះបា​នកើនឡើង ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧៩ ៣៣៧​នាក់ គឺ​ខ្ពស់ជាងឆមាសទីមួយនៃឆ្នាំ២០២៣៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ PM Orders Justice Ministry To Review Drunk Driver’s Five-Year Sentence in Fatal Crash

639 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម