សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នក​វិភាគ​នយោបាយ​ម្នាក់​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នៅ​អូស្រ្តាលី បន្ទាប់​ពី​ភៀស​ខ្លួន​ចេញ​ពី​កម្ពុជា

អ្នកវិភាគនយោបាយ លោក សេង សារី ថ្លែងក្នុងកម្មវិធីមួយ។ រូបភាពបង្ហោះនៅលើហ្វេសប៊ុករបស់លោក
អ្នកវិភាគនយោបាយ លោក សេង សារី ថ្លែងក្នុងកម្មវិធីមួយ។ រូបភាពបង្ហោះនៅលើហ្វេសប៊ុករបស់លោក

អ្នក​វិភាគ​នយោបាយ លោក​ សេង សារី​ ដែល​​រត់ភៀសខ្លួន​ចេញ​ពី​​កម្ពុជា បន្ទាប់​ពី​មាន​ដីកា​ចាប់ខ្លួននោះ​ ​បាន​ទទួល​សិទ្ធិ​ជ្រកកោនផ្នែក​នយោបាយ​នៅប្រទេស​អូស្រ្តាលី។​

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​​អាជ្ញាធរ​ចាប់ខ្លួន​លោក សេង សារី កាល​ពី​ឆ្នាំ​មុន ដោយ​និយាយ​ថា អ្នកវិភាគ​រូប​នេះ​បាន​បង្ហាញ​ការ​គាំទ្រ​គំនិត​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​​ក្នុង​ការ​បង្កើត​នូវ​រដ្ឋាភិបាល​ស្រមោល​មួយ។ ប៉ុន្តែ​ក្រោយ​មក លោក​នាយករដ្ឋមន្រ្តី​បាន​បញ្ជា​ឲ្យ​ដក​ចេញ​ដីកា​ចាប់​ខ្លួន​នោះ​វិញ​ និង​ថា លោក​ សេង សារី​ នឹង​មិន​ត្រូវ​ចាប់ខ្លួន​នោះ​ទេ ហើយ​គួរ​ឲ្យ​បន្ត​ការងារ​របស់​លោក។​

លោក សេង សារី ដែល​ស្ថិត​នៅ​ប្រទេស​ថៃ នៅ​ពេល​លោក​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មាន​ការ​ចាប់ខ្លួន​រូប​លោក មិនដែល​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នោះ​ទេ។ លោក​បាន​ស្នាក់​នៅ​ប្រទេស​ថៃ ហើយ​បន្ទាប់​មក​ លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្រ្តាលី ជា​ទី​ដែល​លោក​បាន​ប្រាប់​ ខេមបូចា ថា ឥឡូវ​នេះ លោក​ទទួល​បាន​សិទ្ធិ​ជ្រកកោន​រួច​ហើយ។

​លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​ទទួល​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​អូស្រ្តាលី។​ ខ្ញុំ​បាន​មក​ទី​នេះ​កាល​ពី​បួន​សប្តាហ៍​មុន»។

តុលាការ​ក្រុង​ភ្នំពេញ​បាន​លើកលែង​ទោស​លោក​ សេង សារី​ ពី​បទ​ឃុបឃិត​និង​ញុះញង់​ មួយ​ថ្ងៃ​ បន្ទាប់​ពី​លោក​ ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​ដកចេញ​នូវ​ដីកា​ចាប់​ខ្លួន​រូប​លោក។ ប៉ុន្តែ​នាយករង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​លោក អំ សំអាត បាន​និយាយ​ថា ជា​រឿង​ធម្មតា​ដែល​លោក​សារី​ មាន​ការ​ភ័យខ្លាច​ក្នុង​ការ​វិលត្រឡប់​មក​ប្រទេស​កំណើត​វិញ។​

លោក​បាន​ថ្លែង​ថា៖ «គាត់​មាន​ការ​ព្រួយបារម្ភ​ពី​សន្តិសុខ​របស់​ខ្លួន​ ដូច្នេះ​លោក​បាន​សុំ​សិទ្ធិ​ជ្រក​​កោន​ផ្នែក​នយោបាយ​នៅ​អូស្ត្រាលី» ដោយ​កត់សម្គាល់​ថា អ្នករិះគន់​រដ្ឋាភិបាល​​ ដូចជា អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ​ លោក កែម ឡី ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ កាល​ពី​ពេល​មុន​មក។ ​

លោក​បាន​បន្ត​ថា៖ «យើង​មាន​ការ​សោកស្តាយ​នៅ​ពេល​អ្នកវិភាគ​ឯករាជ្យ​ ឬ​អ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​ ត្រូវ​ចាកចេញ​ពី​កម្ពុជា ពីព្រោះ​នេះ​មាន​ន័យ​ថា យើង​បាត់បង់​មនុស្ស​ដែល​អាច​ជួយ​កែទម្រង់​ប្រទេស​របស់​យើង»។

អ្នក​ស្រាវជ្រាវ​សង្គម​លោក មាស នី និយាយ​ថា លោក សេង សារី មិន​មាន​ជំនឿ​ទុក​ចិត្ត​​ថា លោក​នឹង​មិនមាន​ការ​ប្រឈម​ណា​មួយ​ នៅ​ពេល​លោក​វិល​ត្រឡប់​មក​កម្ពុជា​ ពីព្រោះ​ប្រព័ន្ធ​តុលាការ​មិនមាន​ភាព​ឯករាជ្យ​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​គាត់​ត្រឡប់​មក​វិញ មាន​ឱកាស​ដែល​គាត់​អាច​ត្រូវ​បាន​ចោទប្រកាន់​ពី​រឿង​ផ្សេង​ ប្រសិន​បើ​គាត់​បន្ត​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល»។

កាល​ពី​ខែ​មុន អ្នក​សម្របសម្រួល​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី Russian Today (RT) លោក រ៉ាត់ រត្នមុនី និង​គ្រួសារ​របស់​លោក​ ទទួល​បាន​សិទ្ធិ​ជ្រកកោន​នៅ​សហរដ្ឋអាមេរិក​ បន្ទាប់​ពី​លោក​បាន​ជាប់​ពន្ធនាគារ​កាល​ពី​ឆ្នាំ ២០១៨ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ភាពយន្ត​ឯកសារ​មួយ​អំពី​ការ​ជួញដូរ​ផ្លូវភេទ​លើ​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អាយុ។ នា​ខែ​​មេសា​នេះ​ សកម្មជន​ដីធ្លី​អ្នកស្រី សាត ផា បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ បន្ទាប់​ពី​រង​ការ​គំរាម​សម្លាប់។

​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន ​ព្រះតេជគុណ បរ បេត​ បាន​ទទួល​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅ​ប្រទេស​ស្វីស បន្ទាប់​ពី​ព្រះអង្គ​បាន​ភៀសខ្លួន​ចេញ​ពី​កម្ពុជា ក្រោយ​ពី​ចូលរួម​ក្នុង​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​មេដឹកនាំ​សហជីព​ ដែល​បាន​ជាប់​ពន្ធនាគារ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Political Analyst Granted Asylum in Australia After Fleeing Cambodia

673 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម