ពលរដ្ឋរាប់រយគ្រួសារមកពីភូមិព្រៃចាន់ ដែលជាភូមិមានជម្លោះតាមបណ្តោយព្រំដែនបន្ទាយមានជ័យរបស់កម្ពុជា ត្រូវបានជម្លៀសចេញទៅចម្ងាយប្រហែល៣០គីឡូម៉ែត្រ ក្រោយពីកម្ពុជានិងថៃបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបើកការបាញ់ប្រហារកាលពីថ្ងៃពុធ បណ្តាលឱ្យជនស៊ីវិលខ្មែរម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។ នេះបើតាមអ្នកនាំពាក្យខេត្ត ដែលប្រាប់អ្នកសារព័ត៌មានខេមបូចានាថ្ងៃព្រហស្បតិ៍នេះ។
អ្នកនាំពាក្យខេត្ត ណង វុទ្ធី បានលើកឡើងថា អ្នកភូមិដែលជម្លៀសខ្លួនត្រូវបានផ្លាស់ទៅស្នាក់នៅវត្តមួយក្នុងស្រុកអូរជ្រៅ។ លោកបានប្រាប់បន្ថែមថាស្ថានភាពព្រំដែននៅតែស្ងប់ស្ងាត់គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ។
លោក វុទ្ធី មិនបានបញ្ជាក់អត្តសញ្ញាណអ្នកស្លាប់នោះទេ ប៉ុន្តែបានថ្លែងថា អាជ្ញាធរកំពុងព្យាយាមស្វែងរកក្រុមគ្រួសាររបស់គាត់។ លោកបានបន្ថែមថា បុរសនោះទើបតែផ្លាស់មករស់នៅព្រៃចាន់ ដែលថៃអះអាងថាជាផ្នែកមួយនៃភូមិបានណងយ៉ាកែវ ក្នុងខេត្តស្រះកែវ។
ប៉ុន្តែតាមសារលិខិតរំលែកមរណទុក្ខ ដែលលោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត ផ្ញើជូន គ្រួសារសព ជនរងគ្រោះ មានឈ្មោះ ឌី ណៃ មានវ័យ៣៦ឆ្នាំ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាអ្នកភូមិដែលរងរបួសទាំងបីនាក់ដែលខ្លះបានវះកាត់រួច ស្ថិតក្នុងស្ថានភាពនឹងនរ និងលែងមានសភាពធ្ងន់ធ្ងរទៀតហើយ ដោយពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រនៅភ្នំពេញដើម្បីព្យាបាលបន្ថែមទៀត។
យោងតាមក្រសួងការពារជាតិ ក្រុមអ្នកសង្កេតការណ៍អាស៊ានដែលត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ បន្ទាប់ពីមានជម្លោះព្រំដែនដែលបង្ហូរឈាមរយៈពេល ៥ ថ្ងៃ រវាងប្រទេសជិតខាងកាលពីខែកក្កដា បានធ្វើទស្សនកិច្ចសួរសុខទុក្ខពលរដ្ឋខ្មែរដែលរងរបួស នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានទៅត្រួតពិនិត្យ និងសួរសុខទុក្ខអ្នកភូមិព្រៃចាន់ដែលបានភៀសខ្លួនទៅកន្លែងជម្រកសុវត្ថិភាព ស្ថិតនៅវត្តចាន់ស៊ីសាមគ្គីរតនារាម ក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ផងដែរ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។

មន្ត្រី និងអ្នកភូមិកម្ពុជាបាននិយាយថា ទាហានថៃជាអ្នកបានបើកការបាញ់ប្រហារមកលើអ្នកភូមិព្រៃចាន់ កាលពីរសៀលថ្ងៃពុធ ដោយអះអាងថា ពួកគេបានបាញ់ដោយយកជនស៊ីវិលជាគោលដៅដោយផ្ទាល់ ដែលជាអំពើដែលភាគីកម្ពុជាហៅថាជា «ការវាយប្រហារដ៏ឃោរឃៅនិងអមនុស្សធម៌»។
កងទ័ពថៃបានបដិសេធការចោទប្រកាន់ថា បានយកជនស៊ីវិលជាគោលដៅ ឬធ្វើឱ្យអ្នកភូមិរបួស ដោយអ្នកនាំពាក្យថៃបានប្រាប់ទីភ្នាក់ងាររ៉យទ័រថា ទាហានកម្ពុជាបានបាញ់ចូលទៅក្នុងទឹកដីថៃ មុនពេលកងកម្លាំងថៃបាញ់តបវិញ «យោងតាមបទបញ្ជាប្រតិបត្តិ»ក្នុងការបាញ់បោះដែលមានរយៈពេលប្រហែល១០នាទី។
ថៃបានរាយការណ៍ថាគ្មានអ្នកស្លាប់ទេ។
ឧប្បត្តិហេតុនេះ គឺជាការផ្ទុះឡើងចុងក្រោយភ្លាមៗដែលគំរាមកំហែងដល់បទឈប់បាញ់ដែលសម្រុះសម្រួលដោយសហរដ្ឋអាមេរិក រវាងប្រទេសទាំងពីរ ដែលថៃបានផ្អាកកាលពីថ្ងៃអង្គារ ដោយចោទប្រកាន់កម្ពុជាថាបានដាក់មីនថ្មី បណ្តាលឱ្យទាហានថៃរងរបួសរហូតដល់ពិការកាលពីថ្ងៃចន្ទ។ រាជរដ្ឋាភិបាលក្រុងភ្នំពេញបានអះអាងថា អ្នកទាំងនោះរងរបួសបណ្តាលមកពីមីនចាស់ដែលសេសសល់ពីសម័យសង្គ្រាមស៊ីវិល។
ព្រៃចាន់ និងភូមិមួយនៅក្បែរនោះ ក៏ជាចំណុចក្ដៅចាប់តាំងពីមានជម្លោះកាលពីខែកក្កដាមក ក្រោយពីកងកម្លាំងថៃបានចាប់ផ្ដើមសាងសង់របាំងបន្លាលួសនៅក្នុងតំបន់នោះ។ ពលរដ្ឋខ្មែរដែលរស់នៅទីនោះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ត្រូវបានអាជ្ញាធរថៃហាមឃាត់មិនឱ្យចូលផ្ទះ និងបញ្ជាឱ្យចាកចេញពីភូមិរបស់ពួកគាត់។
ការប៉ះទង្គិចគ្នាកាលពីលើកមុនៗនៅក្បែររបាំងបន្លាលួសទាំងនោះនាឆ្នាំនេះក៏បានបណ្ដាលឱ្យអ្នកភូមិរងរបួសដោយគ្រាប់បែកផ្សែង និងកាំភ្លើងគ្រាប់ជ័រ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Border Shooting Forces Prey Chan Evacuations, Wounded Stable










