សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ទីរួមខេត្តឧត្តរមានជ័យមានភាពស្ងប់ស្ងាត់ ខណៈមនុស្សរាប់ពាន់នាក់ភៀសខ្លួនទៅទីកន្លែងសុវត្ថិភាព

អ្នកភូមិនិងកុមារ នៅក្បែរព្រំដែនបានភៀសខ្លួនទៅកន្លែងសុវត្ថិភាពនៅខេត្តឧត្តរមានជ័យ ខណៈកងទ័ពកម្ពុជានិងថៃបន្តប៉ះទង្គិចគ្នា។ រូបថតថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
អ្នកភូមិនិងកុមារ នៅក្បែរព្រំដែនបានភៀសខ្លួនទៅកន្លែងសុវត្ថិភាពនៅខេត្តឧត្តរមានជ័យ ខណៈកងទ័ពកម្ពុជានិងថៃបន្តប៉ះទង្គិចគ្នា។ រូបថតថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ក្រុងសំរោង ខេត្តឧត្តរមានជ័យ៖ ផ្លូវជាច្រើននៅស្រុកបន្ទាយអំពិល និងក្រុងសំរោង ខេត្តឧត្តរមានជ័យ មានភាពស្ងប់ស្ងាត់ ដោយឃើញតែម៉ូតូ ឬរថយន្តពីរបីគ្រឿងប៉ុណ្ណោះ ក្រោយពីប្រជាជនភៀស​ខ្លួន​ទៅកន្លែងសុវត្ថិភាព ខណៈការប្រយុទ្ធនៅតំបន់ព្រំដែនជាមួយថៃនៅតែបន្ត។

ផ្ទះជាច្រើនត្រូវបានបិទទ្វារ ទោះបីមានមនុស្សនៅក្នុងផ្ទះក៏ដោយ ព្រោះតែការភ័យខ្លាចដែលកើតចេញពីការប្រយុទ្ធគ្នានៅព្រំដែន។ អ្នកដែលត្រូវធ្វើការជួបការលំបាកក្នុងការទិញអាហារ ព្រោះគ្មានអ្នកលក់។

តាមការសង្កេតរបស់អ្នកសារព័ត៌មានខេមបូចា ស្ថានីយ៍ប្រេងឥន្ធនៈភាគច្រើននៅក្រុងសំរោងបានបិទតាំងពីរសៀលថ្ងៃទី២៥ ខែកក្កដា ខណៈសាលារៀនមួយចំនួនក្នុងតំបន់ខ្លះនៅខេត្តឧត្តរមានជ័យត្រូវបានបិទជាបណ្តោះអាសន្ន។

ប្រជាជនរាប់ពាន់នាក់ដែលភៀសខ្លួនទៅទីសុវត្ថិភាពនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ មកពីតំបន់ជិតព្រំដែនកម្ពុជា-ថៃ។ គ្រួសារខ្លះមានកូនតូចៗ។ ពួកគេបានប្រាប់ សារព័ត៌មានខេមបូចា ថាពួកគេគេងក្នុងមុងនៅពេលយប់ ហើយបន្ថែមថាពួកគេមិនទាន់ទទួលបានជំនួយពី​រដ្ឋាភិបាលទេ។

លោក សំភ្លាង ខ្លី អាយុ៤៥ឆ្នាំ ជាអ្នកភូមិនៅក្នុងស្រុកបន្ទាយអំពិល បាននិយាយថា ប្រជាជនភាគច្រើននៅក្នុងភូមិរបស់លោកបានទៅកន្លែងសុវត្ថិភាព ដោយសារជម្លោះព្រំដែន ប៉ុន្តែលោក និងមនុស្សប្រុសមួយចំនួនទៀតនៅចាំផ្ទះសិន ដើម្បីមើលថែទ្រព្យសម្បត្តិនិងសត្វចិញ្ចឹម។

លោកបានរៀបរាប់ថា៖ «ខ្ញុំបានឮសំឡេងប្រយុទ្ធគ្នាពីព្រំដែនតាំងពីព្រឹក [ថ្ងៃទី២៥ កក្កដា]»។ លោកបានបន្ថែមថា ប្រពន្ធនិងកូនៗរបស់លោកបានភៀសខ្លួនទៅរកកន្លែងសុវត្ថិភាព​កាលពីថ្ងៃព្រហស្បត្តិ៍។ 

លោក ខ្លី បានឱ្យដឹងថា លោកក៏ខ្លាចពីផលប៉ះពាល់នៃការប្រយុទ្ធគ្នានោះដែរ ប៉ុន្តែដោយសារគ្មាននរណាមើលថែទ្រព្យសម្បត្តិ និងសត្វចិញ្ចឹម ទើបលោកសម្រេចចិត្តស្នាក់នៅផ្ទះក្នុងស្ថានភាពបែបនេះ។

អ្នកភូមិនៅតំបន់ព្រំដែនភៀសខ្លួនទៅកន្លែងសុវត្ថិភាពនៅឧត្តរមានជ័យ ខណៈកងទ័ពកម្ពុជានិងថៃបន្តប៉ះទង្គិចគ្នា។ រូបថតថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

លោក ហុង កុយ អាយុ៣៣ឆ្នាំ ជាអ្នកភូមិមកពីក្រុងសំរោង ដែលបានទៅស្នាក់នៅកន្លែងសុវត្ថិភាពនៅស្រុកចុងកាល់ បាននិយាយថា លោកបានមកដល់នៅយប់ថ្ងៃព្រហស្បតិ៍នៅពេលជម្លោះព្រំដែនផ្ទុះឡើង។

លោកបានប្រាប់ថា៖ «មូលហេតុដែលខ្ញុំនិងគ្រួសារមកទីនេះ គឺដោយសារសំឡេងគ្រាប់លាន់លឺខ្លាំងៗពេក អ៊ីចឹងហើយយើងមិនអាចនៅផ្ទះទៀតទេ»។ ផ្ទះរបស់លោកស្ថិតនៅចម្ងាយប្រហែល៣០គីឡូម៉ែត្រពីកន្លែងប្រយុទ្ធ ហើយលោកព្រួយបារម្ភងពីគ្រាប់ដែលធ្លាក់នៅជិតផ្ទះរបស់លោករស់នៅ។

លោក កុយ បានរៀបរាប់ទៀតថា៖ «ខ្ញុំបារម្ភពីគោនិងជ្រូករបស់ខ្ញុំ មិនដឹងថាពួកវាបានអីស៊ី ព្រោះគ្មាននរណាម្នាក់ក្នុងគ្រួសារខ្ញុំនៅផ្ទះទេ»។

មន្ត្រីក្រុងសំរោងម្នាក់ ក្នុងខេត្តឧត្តរមានជ័យ បានប្រាប់ថា ប្រជាពលរដ្ឋជិត ១០ ០០០នាក់បានផ្លាស់ទីទៅកន្លែងសុវត្ថិភាពនៅក្នុងខេត្តនេះ។

លោក លី រដ្ឋា អភិបាលស្រុកចុងកាល់ ខេត្តបន្ទាយមានជ័យ បានបដិសេធមិនធ្វើអត្ថាធិប្បាយពីជនភៀសសឹកទាំងនេះទេ។

មន្ត្រីម្នាក់របស់មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ បានប្រាប់ សារព័ត៌មានខេមបូចា ថា ពីថ្ងៃទី ២៤ ដល់ រសៀលថ្ងៃទី២៥ ខែកក្កដា មនុស្សជាង១០នាក់ រួមទាំងទាហាននិងជនស៊ីវិល ត្រូវទទួលឱ្យសម្រាកនៅមន្ទីរពេទ្យដោយសារមានរបួស។

ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ ព្រោះលោកថាលោកមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយសារព័ត៌មានទេ ដោយបង្វែរទៅឱ្យសួរអ្នកនាំពាក្យខេត្តឧត្តរមានជ័យវិញ។

អ្នកស្រី នុត សុខេង ជាពលរដ្ឋដែលរបួស និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ បាននិយាយថា អ្នកស្រីបានរបួសជើងខាងឆ្វេងនៅថ្ងៃទី២៤ ខែកក្កដា នៅពេលទាហានថៃទម្លាក់គ្រាប់មកលើតំបន់ប្រាសាទតាមាន់។

អ្នកស្រីបានរៀបរាប់ពីឧបទ្ទវហេតុនៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២៤ ខែមិថុនានោះថា៖ «ចៅប្រុសខ្ញុំរបួសជើងខាងស្តាំ ហើយខ្ញុំរបួសជើងខាងឆ្វេង»។ អ្នកស្រីបានបន្តថា៖ «នៅពេលនោះ ចៅប្រុសខ្ញុំស្រែកប្រាប់ថា យាយ ជើងខ្ញុំបាក់ហើយ»។​

អ្នកស្រីនិងចៅៗទាំងប្រាំនាក់របស់គាត់បានរង់ចាំរថយន្តដើម្បីឱ្យអាជ្ញាធរនាំទៅកន្លែងសុវត្ថិភាព ប៉ុន្តែពួកគេមិនទាន់បានទៅកន្លែងសុវត្ថិភាពផង ពួកគេបានរងរបួសបាត់ទៅហើយ។

អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំចង់ឱ្យមានសន្តិភាព សូមកុំឱ្យមានសង្គ្រាម ព្រោះវាធ្វើឱ្យបែកបាក់គ្រួសារ»។

អ្នកស្រី នុត សុខេង សម្រាបព្យាបាលរបួសនៅមន្ទីរពេទ្យឧត្តរមានជ័យ រូបថតថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

ទាហានម្នាក់អាយុ ៣៩ឆ្នាំ មកពីខេត្តកំពង់ស្ពឺ ដែលរងរបួស ក៏បានសម្រាកនៅមន្ទីរពេទ្យជាមួយនឹងស្រ្តីនោះដែរ។ លោកជាទាហានជួរមុខដែលឈរជើងនៅចម្ងាយប្រមាណ៥០០ ម៉ែត្រពីប្រាសាទតាក្របី នាថ្ងៃទី២៤ ខែកក្កដា។

លោកបានប្រាប់ថា៖ «ខ្ញុំរបួសនៅពេលខ្ញុំតាមបាញ់ទម្លាក់ដ្រូន ដែលហោះមកជិតតំបន់របស់ខ្ញុំ»។

ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា កងទ័ពថៃបានបើកការវាយលុកលើទីតាំងចំនួនប្រាំពីរកន្លែងនៅក្នុងទឹកដីកម្ពុជា។

លោកស្រីបាននិយាយថា ការប្រយុទ្ធបានកើតឡើងនៅតំបន់ជម្លោះ រួមមាន ភ្នំទ្រព្យ តាថាវ ភ្នំខ្មោច អូផ្កាស្នេហ៍ មុំបី តាមាន់ធំ តាក្របី។

លោកស្រី សុជាតា បានកត់សម្គាល់ថា ក្នុងការវាយលុកមកលើកម្ពុជា កងទ័ពថៃបានប្រើកាំភ្លើងធំផ្លោង យន្តហោះទម្លាក់គ្រាប់បែក F-16  រថក្រោះបាញ់សង្រ្គប់ ការប្រើដ្រូនទម្លាក់គ្រាប់ និងគ្រាប់បែកចង្កោម ដោយលោកស្រីបានហៅទង្វើទាំងនេះថាជា«សកម្មភាពឈ្លានពាន»។

លោកស្រីបានបន្តថា៖ «ថៃបានប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកចំនួន៤លើក»។ លោកស្រីបានបន្ថែមថា៖ «បង្កឱ្យខូចខាតដល់ស្ថានីយ៍ប្រេងឥន្ធនៈនៅក្រុងសំរោងខូចខ្ទេចខ្ទីទាំងស្រុង។ ចំពោះប្រជាពលរដ្ឋរងការលំបាកដោយត្រូវជម្លៀសចេញពីកន្លែងរស់នៅរបស់ខ្លួន»។​

លោកស្រីបានឱ្យដឹងថា ការប្រយុទ្ធដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃព្រហស្បតិ៍ គោលដៅដែលភាគីថៃបានធ្វើការវាយប្រហារគឺចំគោលដៅដែលជាភូមិរបស់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសំរោង ធ្វើឱ្យពលរដ្ឋមួយចំនួនរងរបួស និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិជនពួកគេយ៉ាងធ្ងន់ធ្ងរ។

លើសពីនេះ គ្រាប់ផ្លោងចំនួន៤គ្រាប់ត្រូវបានទម្លាក់លើសាលាបឋមសិក្សាមនោរម្យ ១+២ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

មន្ត្រីយោធាកម្ពុជាម្នាក់ទទួលការព្យាបាលនៅមន្ទីរពេទ្យនៅឧត្តរមានជ័យ ខណៈជម្លោះព្រំដែននៅតែបន្ត។ រូបថតថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានច្រានចោលការអះអាងរបស់នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai ដែលថាកម្ពុជាមិនមានចេតនាក្នុងការចរចា។ 

លោក សុន្ទរី បានបញ្ជាក់ថា លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាការពិតបានផ្ញើលិខិតទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលជាប្រធានអាស៊ានបច្ចុប្បន្ន ដើម្បីសុំឱ្យជួយបញ្ឈប់ការឈ្លានពានរបស់ទាហានថៃ និងសម្របសម្រួលដំណោះស្រាយប្រកប​ដោយ​សន្តិភាព។

ប៉ុន្តែមួយម៉ោងក្រោយមក នៅព្រឹកថ្ងៃសុក្រ កងកម្លាំងប្រដាប់អាវុធថៃបានបើកការបាញ់ប្រហារលើទីតាំងយោធាកម្ពុជាឡើងវិញ។

លោក សុន្ទរី បាននិយាយថា មូលហេតុដែលម៉ាឡេស៊ីមិនអាចជួយឱ្យប្រទេសទាំងពីរសម្រេចបានដំណោះស្រាយ មិនមែនដោយសារកម្ពុជាមិនមានចំណាប់អារម្មណ៍ទេ ប៉ុន្តែដោយសារថៃបានផ្លាស់ប្តូរជំហរភ្លាមៗ។

បង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅល្ងាចថ្ងៃសុក្រ លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា លោក Anwar Ibrahim បានទូរសព្ទមកលោកដើម្បីពិភាក្សាពីជម្លោះជាមួយប្រទេសថៃនៅតាមព្រំដែន ដោយបង្ហាញក្តីបារម្ភ និងស្នើឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីជួយដោះស្រាយភាពតានតឹង។

លោកបានសរសេរថា៖ «ខ្ញុំបានបញ្ជាក់ច្បាស់ជាមួយឯកឧត្តម Anwar Ibrahim ថាកម្ពុជាឯកភាពជាមួយសំណើរបស់ឯកឧត្តមឱ្យមានការឈប់បាញ់ ព្រោះកម្ពុជាមិនបានចាប់ផ្តើមការវាយប្រយុទ្ធនេះទេ»។

លោកបានបន្ថែមថា លោក Anwar បានជូនដំណឹងលោកក្រោយមកថា លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ​ ក៏បានយល់ព្រមលើបទឈប់បាញ់ចាប់ពីម៉ោង ១២ អធ្រាត្រថ្ងៃទី២៤ ខែកក្កដា។

លោកបានបន្តថា៖ «ប៉ុន្តែជាការសោកស្តាយ ដោយជាងមួយម៉ោងក្រោយនោះ ភាគីថៃបានជូនដំណឹងវិញថា ភាគីថៃបានប្តូរជំហរពីឯកភាពឈប់បាញ់ម៉ោង១២យប់ ថ្ងៃទី២៤ ខែកក្កដា ២០២៥ ទៅជាមិនឯកភាព ហើយរង់ចាំសិន»។

លោកបានលើកឡើងទៀតថា៖ «ហេតុដូច្នេះ អ្វីដែលជាគន្លឹះសម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃនិងកម្ពុជានៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃក្នុងការទទួលយកនូវការឈប់បាញ់ ដែលជាជំហានដំបូងនៃការស្វែងរកដំណោះស្រាយបន្តទៅមុខទៀតរវាងភាគីទាំងពីរ»។

គិតត្រឹមល្ងាចថ្ងៃសុក្រ ប្រជាជនស៊ីវិលប្រមាណ ២ ៥០០នាក់នៅខេត្តព្រះវិហារ និង ៦ ០០០នាក់នៅខេត្តឧត្តរមានជ័យ ត្រូវបានជម្លៀសទៅកន្លែងសុវត្ថិភាព៕​

(រាយការណ៍បន្ថែមដោយ ឃួន​ ណារីម និង ស៊ើង និមល់ )

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Silence Prevails in Oddar Meanchey Town As Second Day of Clash Sends Thousands Fleeing for Safety

ព័ត៌មានថ្មី

អត្ថបទពេញនិយម