សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ស្ត្រីមានផ្ទៃពោះរួមប្តីនិងកូនស្រីបានស្លាប់ដោយសារជំនន់ទឹកភ្លៀង​ហូរកួចនៅស្រុកវាលវែង ខេត្តពោធិសាត់​ ខណៈអាជ្ញាធរអំពាវនាវឱ្យប្រុងប្រយ័ត្ន

អាជ្ញាធរចង្អុលបង្ហាញទីតាំងដែលជនរងគ្រោះបានស្លាប់ដោយសារជំនន់ទឹកភ្លៀងហូរកួចនៅចំណុចស្ទឹងកាច់ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្ដពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ
អាជ្ញាធរចង្អុលបង្ហាញទីតាំងដែលជនរងគ្រោះបានស្លាប់ដោយសារជំនន់ទឹកភ្លៀងហូរកួចនៅចំណុចស្ទឹងកាច់ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្ដពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ស្ត្រីមានផ្ទៃពោះរួមប្តីនិងកូនស្រីបានស្លាប់នៅស្រុកវាលវែង ខេត្តពោធិសាត់ ដោយសារ​ជំនន់ទឹកភ្លៀងហូរកួចចូលស្ទឹង កាលពីថ្ងៃទី១២ ខែកក្កដានេះ ខណៈ​គណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះ​មហន្តរាយ​និង​អភិបាលខេត្តមួយចំនួន​ស្នើឱ្យ​ពលរដ្ឋ​មានការប្រុងប្រយ័ត្ន​និងត្រៀមខ្លួនចំពោះទឹកជំនន់​ក្នុងរដូវវស្សា។

ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្ដពោធិសាត់ មាន​ករណីស្លាប់មនុស្ស៣នាក់ រួមទាំងស្រ្ដីមានផ្ទៃពោះប្រាំពីរខែ កូនស្រីអាយុ៣ឆ្នាំម្នាក់​និង​បុរស​ជា​ប្ដី ដោយសារត្រូវទឹកកួចក្បែរជើងភ្នំ១៥០០​ ត្រង់ចំណុចស្ទឹងកាច់​ព្រោះមានភ្លៀង​ខ្លាំង​ដោយ​សារ​តែពួកគាត់់បានធ្វើដំណើរនៅពេលយប់ថ្ងៃទី១២ខែកក្កដាពេលកំពុងភ្លៀងធ្លាក់ខ្លាំង។

ជនរងគ្រោះដែលស្លាប់រួមមានឈ្មោះ ជា សុខគឿន ភេទប្រុស អាយុ៣៩ឆ្នាំ និងប្រពន្ធឈ្មោះ ចាន់ ភក្ដី ភេទស្រី អាយុ៣៥ឆ្នាំ មានផ្ទៃពោះប្រាំពីរ ព្រមទាំងកូនស្រីឈ្មោះ លី ចាន់ថា ហៅ ឈៀងម៉ៃ អាយុ៣ឆ្នាំម្នាក់ទៀត។ ជន​រង​គ្រោះទាំងអស់រស់​នៅភូមិឈើទាល ឃុំត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​ ប៉ុន្ដែសាកសព​រកមិនទាន់ឃើញនិងមានផ្ទៃ៧​ខែ។​ យោងតាម​សមត្ថកិច្ច​ប៉ូលិស។

ចំណែកលោក សូ សាហុង អភិបាលស្រុកវាលវែង បានប្រាប់ ខេមបូចា នៅថ្ងៃស្រុកថា ករណី​មនុស្សស្លាប់ចំនួន៣នាក់ក្នុងនោះមានស្រី២នាក់និងប្រុស១នាក់ដោយសារនៅថ្ងៃទី១២ខែកក្កដាមានភ្លៀងខ្លាំងនៅជ្រលងភ្នំ១៥០០ត្រង់ចំណុចស្ទឹងកាច់ ឃុំថ្មដាហ្នឹងដែលជាកន្លែង​កើត​ហេតុស្លាប់គឺពួកគាត់នាំគ្នាធ្វើដំណើរពេលយប់ ប៉ុន្ដែមិនដឹងថាគោលបំណងពួកគាត់​ទៅណា​ឬក៏ធ្វើអីនោះទេ ទើបព្រឹកឡើងថ្ងៃទី១៣ ខែកក្កដា ទឹកក៏បានស្រកវិញ ប្រជាពលរដ្ឋក៏​បាន​ប្រទះ​ឃើញសាកសពបុរសជាប្ដីនិងកូនស្រីម្នាក់អាយុ៣ឆ្នាំ។

លោក សាហុងបន្តថា រីឯសពប្រពន្ធនិងមានផ្ទៃពោះ០៧ខែផងលោកថាអាជ្ញាធរកំពុង​ស្វែងរក​ជាបន្ដបន្ទាប់ ចំណែកសពដែលបានរកឃើញអាជ្ញាធរបានប្រគល់ទៅសាច់ញាតិ​យកទៅធ្វើ​បុណ្យនៅឯស្រុកកំណើតនៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

អភិបាលស្រុកមានប្រសាសន៍ថា៖ «ដោយសារតែពេលយប់អត់មានអ្នកណាដឹងថា​មាន​មនុស្ស​ស្លាប់ទេ ដល់ពេលម្សិលមិញនេះពេលព្រឹកបានមានគេឃើញ បានគេដឹងថាមាន​មនុស្សស្លាប់ បាននាំគ្នាដើរទៅរក ដើរទៅមើលទៅឃើញមានបណ្ណមានអីគឺនៅស្រុកក្រគរ គេស្គាល់អត្ដសញ្ញាណគាត់ ក៏ប្រគល់សពដែលរកឃើញឲ្យសាច់ញាតិគាត់ទៅ»

លោកបន្ថែមថា ពីមុនមកនៅស្រុកវាលវែងមិនធ្លាប់មានករណីអ៊ីចឹងទេ នេះទើបតែជាលើកទី១ ដែលពីមុនមកធ្លាប់តែស្លាប់ដោយតែស្រវឹងហើយលង់ទឹកស្លាប់ដោយខ្លួនឯង ហើយ​គាត់ក៏សុំ​អំពាវនាវ​ឲ្យប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ពីព្រោះរដូវនេះ​ជារដូវ​វស្សា​អាចនឹងមានបញ្ហាប្រឈមច្រើនដោយទឹកជំនន់។

លោក ព្រហ្ម ងន មេឃុំថ្មដា ស្រុកវាលវែង បានបញ្ជាក់ប្រាប់ថា អាជ្ញាធរមូលដ្ឋានទើបតែរក​ឃើញ​សព​បាន២នាក់ទេ ចំណែកស្រ្ដីម្នាក់ទៀតអាជ្ញាធរកំពុងព្យាយាមស្វែងរកបន្ដទៀត ហើយក្នុងករណីនេះអាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋានទាំងអស់និងតំបន់ផ្សេងៗទៀតសុំឲ្យមានការប្រុងប្រយ័ត្ន បើមានភ្លៀងធ្លាក់អីសុំកុំចេញពីផ្ទះវាអាចមានបញ្ហា​ណា​មួយកើតឡើង។

មេឃុំថ្មដាបន្ដថា៖ «ក្នុងនាមខ្ញុំបាទជាអាជ្ញាធរមូលដ្ឋានក៏សុំអំពាវនាវដល់បងប្អូនដែលនៅ​ក្នុងឃុំថ្មដាទាំងមូល ក៏ដូចជាប្រជាពលរដ្ឋដែលមកលេងនៅរមណីយដ្ឋានទឹកធ្លាក់ថ្មដានេះ គួរតែមានការប្រុងប្រយ័ត្នពីភ្លៀង ពេលភ្លៀងកុំចេញពីផ្ទះកុំឲ្យកើតហេតុដូចករណីនេះចឹង»

លោក វ៉ី សំណាង​ អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា កន្លងមករដ្ឋបាលខេត្ដ​បាន​ចេញសេចក្ដីប្រកាសប្រាប់ពលរដ្ឋដែលឆ្លងកាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចគីឡូលេខ១១៥ដល់គីឡូលេខ១១៦ ឲ្យពួកគាត់វាងទៅធ្វើដំណើរតាមផ្លូវជាតិលេខ៣​វិញក្រោយពីភ្លៀងខ្លាំង​ធ្វើឲ្យ​លិចផ្លូវជាតិលេខ៤និងបានផ្អាករយៈពេល១ថ្ងៃទើបតែបើកឲ្យដំណើរការវិញហើយ ប៉ុន្ដែ​យ៉ាង​ណាលោកក៏បានប្រកាសប្រាប់ទៅដល់អាជ្ញាធរធនធានទឹកនិងមន្ទីរសុខាភិបាលត្រៀមរបស់​របរសម្រាប់ជួយសង្រ្គោះពេលមានទឹកជំនន់កើតឡើងវាអាចមានពស់ មានអីផ្សេងនិង​ប្រជា​ពលរដ្ឋអាចរងរបួស។

លោក​សំណាងថ្លែងថា៖«ខ្ញុំសុំឲ្យអាជ្ញាធរទាំងអស់ត្រៀមខ្លួននិង​រាយការណ៍​មករដ្ឋបាលភ្លាមៗ​ពេលដែលហេតុការណ៍ទឹកជំនន់ណាមួយកើតឡើងនិងត្រូវយកចិត្តទុកដាក់ពិនិត្យមើលឲ្យ​បានគ្រប់ជ្រុងជ្រោយ ជាពិសេសពេលដែលមានទឹកជំនន់ត្រូវបញ្ចាសពលរដ្ឋ​ទៅកាន់​ទីទួល​ឬក៏ទីសុវត្ថិភាព នេះជាកត្ដាចម្បងដែលអាជ្ញាធរត្រូវអនុវត្តន៍»

អាជ្ញាធរស្រុកវាលវែងកំពុងរៀបចំសពរបស់ជនរងគ្រោះដោយជំនន់ទឹកភ្លៀងះហូរកួចដែលរកឃើញត្រង់ចំណុចស្ទឹងកាច់ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្ដពោធិសាត់ នៅព្រឹកថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ដោយឡែកលោក​ ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា រដ្ឋបាលខេត្ត​បានចេញសេចក្ដីប្រកាសមួយដើម្បីឲ្យអាជ្ញាធរមូលដ្ឋានណែនាំដល់ប្រជាពលរដ្ឋដែលមក​កម្សាន្ដទាំងអស់ហ្នឹងឲ្យបានដឹងពីអាកាសធាតុដែលវាមិនទាន់អំណោយផល ហើយជា​ពិសេសរដ្ឋបាលបានណែនាំទៅប្រជានេសាទសុំឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់និងហាមចេញទូកនៅពេលមានភ្លៀងខ្យល់ខ្លាំង។

​ម្យ៉ាងវិញទៀត លោក ឌីម៉ង់ ឱ្យដឹងទៀតថា ពីខាងកោះរុង​ក៏ហាម​មិន​ឲ្យ​មានការចេញ​ទូកផង​ដែរ គឺឱ្យផ្អាកប៉ុន្មានថ្ងៃសិន និងចាំមើលស្ថានភាពជាក់ស្ដែងថា​យ៉ាងម៉េច​រដ្ឋបាលខេត្ត​នឹង​ចេញ​​សេចក្ដីណែនាំបន្ដទៀត។

លោក ឌីម៉ង់ បន្ដថា រដ្ឋបាលខេត្តក៏បានណែនាំវិធានការដល់អាជ្ញាធរក្រុងស្រុក​និងកងរាជ​អាវុធហត្ថខេត្តនិងស្នងការនគរបាលខេត្តទាំងអស់ឲ្យត្រៀមលក្ខណៈសម្បត្ដិ ជាពិសេស​ការ​ជួយសង្រ្គោះប្រជាពលរដ្ឋក្នុងករណីដែលមានហានិភ័យអ្វីកើតឡើងនិងកន្លងទៅដូចជាផ្លូវ​ជាតិលេខ៤ត្រង់ចំណុច១១៥-១១៦ដោយសារមានកម្រិតទឹកហូរមកខ្លាំង​ក៏រដ្ឋបាលខេត្ត​សម្រេច​​ឱ្យប្រជាពលរដ្ឋផ្អាកធ្វើដំណើរ១យប់ ទើបថ្ងៃបន្ទាប់ក៏បានបើកឲ្យដំណើរការ​វិញ​ដោយ​សារស្ថានភាពទឹកលែងអី។

លោកបានមានប្រសាន៍ថា៖ «យើងមានការអំពាវនាវដល់ប្រជាពលរដ្ឋជាប់រហូតជូនបងប្អូន​ទាំង​អ្នករស់នៅខេត្តព្រះសីហនុនិងតាមបណ្ដារខេត្តដែលត្រូវធ្វើដំណើរមកលេងខេត្ដ​ព្រះសីហនុឬក៏មានកិច្ចការរវល់អីផ្សេង​ គឺសុំឲ្យមានការប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់​ទាំងអស់​គ្នា ជាពិសេសការប្រើប្រាស់ទួកកាណូតសុំឲ្យផ្អាកដំណើរការប៉ុន្មានថ្ងៃសិន»

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ​ បាន​ប្រាប់ ខេមបូចា ថា ដោយសារបិមាណភ្លៀងចាប់ពីថ្ងៃ១១ដល់១២ខែកក្កដា​ច្រើននិងបាន​រាយប៉ាយនៅតំបន់មួយចំនួន ជាពិសេសតំបន់តាមមាត់សមុទ្រនិងតំបន់កំពង់រាបដែលបង្កឱ្យ​មានទឹកជំនន់ទឹកភ្លៀងនិងបានប៉ះពាល់ទៅលើខេត្តមួយចំនួនដូចជាខេត្តព្រះសីហនុ​ត្រង់​ចំណុច​ផ្លូវជាតិលេខ៤ក្នុងស្រុកកំពង់សិលាដែលធ្វើឱ្យលិចលង់ផ្ទះប្រជាពលរដ្ឋនិងលិចផ្លូវ ហើយខេត្តក្រចេះក៏បានលិចស្រូវនៅស្រុកចិត្របុរីនិងនៅអន្លង់វែងខេត្តឧត្តរមានជ័យធ្វើឲ្យ​លិចផ្លូវធ្វើឲ្យប៉ះពាល់ស្ពានមួយកន្លែងផងដែរ ក្រៅពីនេះខេត្តមួយចំនួនផ្សេងទៀត​ក៏រង​ឥទ្ធិពល​ទឹកជំនន់ ប៉ុន្ដែមួយរយៈខ្លីក៏ស្រកទៅវិញនិងមិនធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរអ្វីទេ។

លោក គឹមកុលមុនី បន្ដថា៖ «ប៉ុន្ដែតាមការព្យាករណ៍របស់ក្រសួងធនធានទឹកបានបញ្ជាក់ថា​ភ្លៀងនៅតែបន្ដទៅទៀតពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ខាងមុខនេះ អ៊ីចឹងទេបើសិនជាភ្លៀងនៅតែ​បន្ដធ្លាក់និងមានបរិមាណច្រើនទៀតនឹងអាចបង្កនូវជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួន ជា​ពិសេស​តំបន់មាត់សមុទ្រនិងតំបន់មួយចំនួនទៀតតាមដងទន្លេ»។ លោកបន្ដថា៖ « គណៈកម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយសុំធ្វើការអំពាវនាវដល់អាជ្ញាធរ អង្គការដៃគូរ ស្ថាប័នពាក់ព័ន្ធទាំងអស់ផ្នែកឯកជននិងប្រជាពលរដ្ឋមេត្តាចូលរួមបន្ដការប្រុងប្រយ័ត្ននិងតាមដានសភាពការវិវឌ្ឍទឹកភ្លៀងឱ្យបានជាប់ជាប្រចាំនិងត្រៀមលក្ខណៈ»

លោកសង្ឃឹមថា អាជ្ញាធរនិងដៃគូស្ថាប័នទាំងអស់និងចូលរួមការពារប្រជាពលរដ្ឋ​រងគ្រោះ​នៅពេលដែលមានបង្ហាញខាងមុខនេះ និងជាពិសេសប្រជាពលរដ្ឋដែលនៅតាមតំបន់ឆ្នេរ​សមុទ្រ​នៅខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង​ក៏ទាមទារឲ្យមានការ​ប្រុង​ប្រយ័ត្នខ្ពស់ ពីព្រោះស្ថានភាពអាចនឹងមានការប្រែប្រួលដោយទឹកភ្លៀងនឹងបន្ដដល់ថ្ងៃទី១៩ និងការបញ្ចៀសទៅកាន់ទីទួលសុវត្ថិភាព។

គឹមកុលមុនី បានបញ្ជាក់បន្ថែមថា ចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ២០២២នេះ​មិនទាន់មាន​ករណីអ្នក​ស្លាប់ដោយទឹកជំនន់នោះទេ រីឯករណីស្លាប់៣នាក់នៅឃុំថ្មដា ស្រុកវាលវែងនឹង​ត្រូវបញ្ចូលក្នុងរបាយការណ៍ខែកក្កដាដល់ខែធ្នូឆ្នាំ២០២២។

បើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយស្ដីពី លទ្ធផលការងារគ្រប់គ្រងគ្រោះ​មហន្ដរាយចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២២ បាន​បង្ហាញ​ថា បរិមាណទឹកភ្លៀងធ្លាក់ច្រើន​ជាបន្ដបន្ទាប់ចាប់ពីដំណាច់​ខែឧសភាមកដល់​ដើម​ខែមិថុនាក្រៅពីបង្កការជន់លិចនៅតាមតំបន់ទំនាប និងទីប្រជុំជនក្នុង​រយៈពេល​ខ្លីក៏​បង្កឲ្យ​មានការប៉ះពាល់ និងខូចខាតដំណាំស្រូវនិងដំណាំរួមផ្សំ​របស់​ពលរដ្ឋ​មួយ​ចំនួនផងដែរ។

របាយការណ៍នេះបញ្ជាក់ថា មានខ្យល់កន្រ្ទាក់កើតមានចំនួន៦៧លើក នៅ២៥រាជធានីខេត្ត​និងផ្ទះរលំនិងខូចខាតធ្ងន់ធ្ងរ៦៨៥ខ្នង ផ្ទះរបើកដំបូលនិងខូចខាតមធ្យម២៣៧៤ខ្នង និង​សាលា​រៀន១៩ខ្នង និងប៉ះពាល់​របស់របរនិងទ្រព្យសម្បត្តិមួយចំនួនទៀត ព្រមទាំង​រងរបួស​១២នាក់។ ក្នុងរបាយការណ៍ដដែលបានបង្ហាញទៀតថា រន្ទះបាញ់កើតមានចំនួន៦១លើកបណ្តាលឱ្យ​មនុស្សស្លាប់ចំនួន​៣២នាក់និងរងរបួស២៦នាក់​និង​ងាប់គោក្របី៦៩ក្បាល​ផងដែរ។

791 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម