ក្រុមអង្គការលើកកម្ពស់សេរីភាពសារព័ត៌មាន និងម្ចាស់ជំនួយបរទេសកាលពីថ្ងៃសុក្រ បានពិភាក្សាអំពីអត្ថប្រយោជន៍ និងគោលបំណងនៃការបង្កើតក្រុមប្រឹក្សាសារព័ត៌មានជាតិដែលក្នុងនោះរួមមានការបង្កើតក្រមសីលធម៌ស្តង់ដារសម្រាប់អ្នកសារព័ត៌មានទូទាំងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ទំនុកចិត្តសាធារណៈ ក៏ដូចជាស្វ័យគ្រប់គ្រងក្នុងប្រព័ន្ធផ្សព្វផ្សាយ។
ក្រុមប្រឹក្សាសារព័ត៌មានជាតិជាធម្មតាមានសមាជិកជាអ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មាន ដែលក្រុមប្រឹក្សានេះនឹងកំណត់ស្តង់ដារវិជ្ជាជីវៈក្នុងវិស័យនេះ ក៏ដូចជាធ្វើឱ្យម្ចាស់ស្ថាប័នសារព័ត៌មានមានទំនួលខុសត្រូវតាមរយៈការគ្រប់គ្រងដោយខ្លួនឯងជាមធ្យោបាយមួយដើម្បីជៀសវាងការជ្រៀតជ្រែករបស់រដ្ឋាភិបាល។
លោក អ៊ិត សូធឿត នាយកស្តីទីនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)បានមានប្រសាសន៍ថា ក្រុមប្រឹក្សាសារព័ត៌មាននឹងបង្កើនសមត្ថភាពរបស់វិស័យនេះក្នុងស្វ័យគ្រប់គ្រងនៅក្នុងបរិយាកាសប្រព័ន្ធផ្សព្វផ្សាយមួយ ដែលបញ្ហានេះកន្លងមកត្រូវបានដោះស្រាយជាប្រចាំដោយរដ្ឋាភិបាលនៅក្នុងតុលាការ ឬតាមរយៈក្រសួងព័ត៌មាន។
លោក សុធឿត មានប្រសាសន៍ថា៖ «បរិបទនៅកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានត្រូវបានយាយីដោយរដ្ឋាភិបាល និងប្រព័ន្ធតុលាការ។ អ៊ីចឹងនេះគឺជាពេលវេលាដ៏សំខាន់មួយ ដែលយើងត្រូវមានក្រុមប្រឹក្សាសារព័ត៌មាន»។
កាលពីខែសីហា អ្នកសារព័ត៌មាន ៥នាក់ មកពីអង្គភាពសារព័ត៌មានឯករាជ្យ VOD ដែលចំណុះឱ្យCCIM ត្រូវបានឃុំខ្លួនអស់ជាច្រើនម៉ោង ដោយអ្នកថតវីដេអូសារព័ត៌មានម្នាក់ត្រូវបានមន្ត្រីម្នាក់ទះកំផ្លៀង នៅពេលដែលអ្នកកាសែតរូបនោះបដិសេធមិនប្រគល់ទូរសព្ទដែលគាត់កំពុងប្រើដើម្បីថតសកម្មភាពសមត្ថកិច្ចសាកសួរសហការីរបស់ខ្លួន។
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) ដែលបានចូលរួមក្នុងកិច្ចពិភាក្សាកាលពីថ្ងៃសុក្រ បានឱ្យដឹងថា កាលពីឆ្នាំមុន ចំនួនអ្នកសារព័ត៌មានដែលត្រូវបានចាប់ខ្លួន និងបៀតបៀនក្នុងពេលកំពុងធ្វើការបានកើនឡើងជិត៥០% បើធៀបនឹងឆ្នាំ២០២០។
កាលពីឆ្នាំមុនអ្នកសារព័ត៌មានជិត១០០ នាក់បានប្រឈមមុខនឹងការយាយីក្នុង៤៩ករណីដែលក្នុងនោះមានការវាយប្រហារលើរាងកាយ ការគំរាមកំហែងថានឹងប្រើហិង្សា ការចាប់ខ្លួន ការជាប់ពន្ធនាគារ និងចំណាត់ការផ្លូវច្បាប់។ អ្នកសារព័ត៌មានចំនួន ៣៧នាក់ ត្រូវបានចាប់ដាក់ពន្ធនាគារក្រោមបទចោទញុះញង់ ជំរិតទារប្រាក់ និងបទឧក្រិដ្ឋផ្សេងៗ។
អ្នកស្រី Susanna Elmberger លេខាទី២ ទទួលបន្ទុកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ មានប្រសាសន៍ថា ក្រុមប្រឹក្សាសារព័ត៌មានអាចរួមចំណែកក្នុងការពង្រឹងឯករាជ្យភាពប្រព័ន្ធផ្សព្វផ្សាយ សេរីភាពសារព័ត៌មាន និងសុវត្ថិភាពអ្នកសារព័ត៌មាន។
អ្នកស្រី Elmberger បានលើកឡើងក្នុងកិច្ចពិភាក្សានោះថា៖ «យន្តការស្វ័យគ្រប់គ្រងនៃប្រព័ន្ធផ្សព្វផ្សាយ ដូចជាក្រុមប្រឹក្សាសារព័ត៌មាន គឺជាឧបករណ៍ដ៏ល្អបំផុតមួយដែលយើងមានដើម្បីការពារសេរីភាពសារព័ត៌មាន ហើយត្រូវប្រាកដថាប្រព័ន្ធផ្សព្វផ្សាយអាចបំពេញភារកិច្ចរបស់ពួកគេបានដោយឯករាជ្យ ដោយគ្មានការភ័យខ្លាច និងមិនមានឧបសគ្គ»។
អ្នកស្រី Elmberger បាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកសារព័ត៌មានបានឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដោយផ្តល់ឱ្យសាធារណៈជននូវព័ត៌មានសំខាន់ៗស្តីពីការវិវត្តនៃជំងឺរាតត្បាតនេះ។ ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានមិនពិត និងពាក្យដែលនាំឱ្យមានការស្អប់ខ្ពើមតាមអ៊ីនធឺណិតក៏បានបំផ្លាញការជឿជាក់របស់សាធារណជនចំពោះប្រព័ន្ធផ្សព្វផ្សាយផងដែរ។
អ្នកស្រីបានបន្តថា៖ «វាសំខាន់ណាស់ដែលសហគមន៍ប្រព័ន្ធផ្សព្វផ្សាយប្រឹងប្រែងរួមគ្នាដើម្បីលើកកម្ពស់ស្តង់ដារក្រមសីលធម៌ខ្ពស់បំផុតរបស់ប្រព័ន្ធផ្សព្វផ្សាយ»។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានយល់ស្របថា គោលដៅនៃក្រុមប្រឹក្សាសារព័ត៌មានគឺកំណត់ និងកែលម្អស្តង់ដារក្រមសីលធម៌ក្នុងវិស័យសារព័ត៌មាន។
លោក ណុប វី បានមានប្រសាសន៍ថា៖ «វាជាពេលវេលាដ៏សមស្របមួយដែលយើងគួរតែបង្កើតក្រុមប្រឹក្សាសារព័ត៌មាន ហើយពួកគាត់អាចបង្កើតក្រមសីលធម៌ស្តង់ដារដែលអាចអនុវត្តបានសម្រាប់អ្នកសារព័ត៌មានទាំងអស់ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា»។
លោក Mikel Aguirre Idiaquez មន្ត្រីទំនាក់ទំនងនៅអង្គការយូណេស្កូ បាននិយាយថាគោលបំណងនៃក្រុមប្រឹក្សាសារព័ត៌មាន ក៏ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយមានទំនួលខុសត្រូវ និងលើកកម្ពស់តម្លាភាពផងដែរ។ លោកបានលើកឡើងថា ក្រុមប្រឹក្សានេះអាចមានតួនាទីធានាថាប្រព័ន្ធផ្សព្វផ្សាយជាច្រើនក្នុងប្រទេសមិនស្ថិតនៅក្នុងដៃនរណាមួយ។
លោកបានបន្តថា៖ «អ៊ីចឹងមិនមានទស្សនៈនិងគំនិតណាមួយផ្តាច់មុខ[នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ] ហើយត្រូវប្រាកដថាមានភាពចម្រុះគ្រប់គ្រាន់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ នោះហើយជាមធ្យោបាយផ្សេងទៀតដើម្បីធានាថាមានឯករាជ្យភាពនៃប្រព័ន្ធផ្សព្វផ្សាយ»។
លោក គិន វិបុល អគ្គនាយករងនៃនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានចូលរួមសិក្ខាសាលានេះ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីលទ្ធភាពនៃការបង្កើតក្រុមប្រឹក្សាសារព័ត៌មានដោយនិយាយថាលោកនឹងរាយការណ៍ត្រឡប់ទៅមន្រ្តីជាន់ខ្ពស់របស់លោកវិញអំពីខ្លឹមសារនៃកិច្ចប្រជុំនេះ។
លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន មិនអាចទាក់ទងសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ។
លោក វណ្ណ វិចារ អ្នកសារព័ត៌មានឯករាជ្យដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ បាននិយាយថា លោកគាំទ្រគំនិតរបស់ក្រុមប្រឹក្សាសារព័ត៌មាន ប៉ុន្តែនឹងរង់ចាំមើលថាតើវានឹងដំណើរការដើម្បីផលប្រយោជន៍អ្នកសារព័ត៌មានយ៉ាងដូចម្តេច។
លោកបានថ្លែងថា៖ «ស្ថានភាពបច្ចុប្បន្នសម្រាប់អ្នកសារព័ត៌មាន យើងនៅតែត្រូវបានគេយាយី ឬមានការរឹតត្បិតសេរីភាពរបស់យើង ប៉ុន្តែប្រសិនបើមានក្រុមប្រឹក្សាសារព័ត៌មានប្រហែលជាអាចដោះស្រាយបញ្ហាទាំងនោះបានល្អជាង»។
អ្នកសារព័ត៌មានរូបនេះបន្ថែមថា អង្គការសេរីភាពសារព័ត៌មានក៏គួរពង្រឹងសមាគមសារព័ត៌មានដែលមានស្រាប់ ដើម្បីគាំទ្រអ្នកសារព័ត៌មាន។
លោកបានបន្ថែមថា៖ «យើងគួរតែពង្រឹងក្លឹបសារព័ត៌មានដែលមានស្រាប់ ដើម្បីជួយអ្នកសារព័ត៌មានឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងលើកកម្ពស់សេរីភាពសារព័ត៌មានផងដែរ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Press Freedom Groups, Donors Tout Benefits of a National Press Council