សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចមិនឱ្យរថយន្ដចង្កូតស្ដាំកែចង្កូត

ម្ចាស់រថយន្ដចង្កូតស្ដាំនាំគ្នាប្រមូលផ្តុំតវ៉ាបិទផ្លូវត្រង់រង្វង់មូលកួរស្រូវក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន
ម្ចាស់រថយន្ដចង្កូតស្ដាំនាំគ្នាប្រមូលផ្តុំតវ៉ាបិទផ្លូវត្រង់រង្វង់មូលកួរស្រូវក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែនបានសម្រេចតាមការស្នើសុំរបស់ម្ចាស់រថយន្ដចង្កូតស្ដាំ​ដែល​បានតវ៉ាបិទផ្លូវកាលពីថ្ងៃអង្គារនៅចំណុចរង្វង់មូលកួរស្រូវថាសុំត្រឹមបង់ពន្ធតែសុំមិនកែ​ចង្កូត ប៉ុន្ដែលោកមិនអនុញ្ញាតឱ្យមានការនាំចូលរថយន្ដចង្កូតស្ដាំចាប់ពីថ្ងៃដែលគាត់មានប្រសាសន៍ គឺថ្ងៃទី៦ ខែកក្កដានេះតទៅ។

នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២​នេះ លោកបានលើកឡើងក្នុងពិធីសំណេះសំណាល​ជា​មួយ​គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម(ASEA  PARA GAME)ថា លោកយល់ព្រមតាម​សំណូមពរ​ប្រជាពលរដ្ឋ និងអនុញ្ញាតឲ្យរថយន្ដចង្កូតស្ដាំ អាចបង់ពន្ធដោយមិនបាច់កែចង្កូត​ពីស្ដាំទៅឆ្វេងនោះឡើយ។

លោកបានមានប្រសាសន៍ថា៖ «អនុញ្ញាតឲ្យរថយន្ដចង្កូតស្ដាំ អាចបង់ពន្ធដោយមិន​ចាំបាច់​កែចង្កូតពីស្ដាំទៅឆ្វេងនោះឡើយ»។ លោកបន្តថា៖ «អ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបាន​កក់ប្រាក់​ពន្ធត្រូវទៅបង់បង្រ្គប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខ​មក​ប្រើប្រាស់»

លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា៖ «ត្រឹមថ្ងៃទី៦ខែកក្កដា ២០២២នេះ មិនអនុញ្ញាតដាច់ខាត​នូវការនាំចូលបន្ដ​នូវឡានចង្កូតស្ដាំ​នេះ ការអនុញ្ញាតខាងលើសម្រាប់តែឡានដែលបានចរាចរ​នៅក្នុងកម្ពុជារួចហើយប៉ុណ្ណោះ»

លោក ឡុង សំបូរ អាយុ៣៧ឆ្នាំ ម្ចាស់រថយន្ដចង្កូតស្ដាំម្នាក់ រស់នៅក្នុងឃុំសៀមរាប​ស្រុកកណ្ដាលស្ទឹង បានរៀបរាប់ថា លោកពិតជាសប្បាយចិត្តនឹងការសម្រេច​របស់​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ខ្លាំងណាស់ដែលលោកបានយល់ពីសុខទុក្ខរបស់​ប្រជាពលរដ្ឋ ​​ហើយការសម្រេចនេះវាបានជួយបញ្ហាជីវភាពលោកបានច្រើន​។ លោកបន្តថា លោកនឹងទៅបង់ពន្ធជូនរដ្ឋក្នុងពេលឆាប់ៗ ហើយបើក្រសួងប្រកាសថ្ងៃណាលោកនឹងទៅ​បង់ភ្លាម។

សំបូរបញ្ជាក់ថា៖ «មិនសប្បាយចិត្តយ៉ាងម៉េចបង បើការសម្រេចនេះវាបាន​ផ្ដល់ផល​ប្រយោជន៍​និងកាត់បន្ថយការចំណាយរបស់ពួកខ្ញុំបានច្រើន  ខ្ញុំសុំអរគុណដល់សម្ដេច​ដែលដឹងសុខទុក្ខកូនចៅ»

រីឯលោក ផល ប្រុសណុច អាយុ២៤ឆ្នាំ បើកឡានដឹកដីថ្មរឺខ្សាច់នេះរយៈពេល៣ឆ្នាំ រស់នៅភូមិ​អំពៅព្រៃ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង បានប្រាប់ ខេមបូចាថា លោកសូមអរគុណដល់​លោកនាយករដ្ឋមន្ត្រីដែលបានអនុគ្រោះនិងដឹងពីការលំបាករបស់ប្រជាពលរដ្ឋ។ លោកបន្ត​ថា ក្រសួងប្រកាសឲ្យបង់ពន្ធពេលណាលោកនឹងទៅបង់ពន្ធពេលហ្នឹង ប៉ុន្ដែលោកសុំឱ្យ​ក្រសួង​មេត្ដាទុករយៈពេលក្នុងការបង់ពន្ធយូរបន្ដិច ដោយសារតែត្រូវដើររកលុយ​ឬក៏ខ្ចីគេ​ដើម្បីមកបង់ពីព្រោះពេលនេះលោកមិនទាន់មានលុយគ្រប់គ្រាន់ក្នុងការបង់ពន្ធទេ។

លោកបន្ថែមថា៖ «ខ្ញុំរកលុយសិនប៉ុន្ដែខ្ញុំនឹងបង់​ គ្រាន់តែសុំខាងក្រសួង​ទុកពេលឱ្យ​ខ្ញុំបន្ដិច​សិន​ ពីព្រោះខ្ញុំគ្មានលុយទេដោយសារបញ្ហាកូវីដនិងប្រេងឡើងថ្លៃ ខ្ញុំរកលុយអត់បានទេ សុំក្រសួងយោគយល់ផងចុះ»

ម្ចាស់រថយន្ដចង្កូតស្ដាំម្នាក់អង្គុយក្នុងរថយន្ដលើកបដាស្នើសុំលោកនាយករដ្ឋមន្ដ្រីឱ្យជួយ​អន្ដរាគមន៍ខណៈពួកគាត់តវ៉ាបិទផ្លូវត្រង់រង្វង់មូលកួរស្រូវក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/​ ឃាង សុខមាន

មិនខុសពីម្ចាស់រថយន្តចង្កូតស្តាំមុនៗនោះទេ លោក ឌឿន បណ្ឌិត អាយុ២៧ឆ្នាំ រស់នៅក្នុង​ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង បានលើកឡើងថា លោកត្រេកអរណាស់ពេលលឺដំណឹងថា​ឱ្យ​ត្រឹមតែបង់ពន្ធនិងមិនបាច់កែចង្កូត ពីព្រោះជីវភាបលោកកំពុងតែខ្វះខាតផង ហើយវាជួយ​ជីវភាពលោកបានច្រើន។

លោកបានឱ្យដឹងថា៖ «ពេលគាត់(នាយករដ្ឋមន្ដ្រី)មិនឲ្យកែចឹង យើងវាធូរក្នុងការកែ ហើយ​យើង​វាអត់ភ័យខ្លាចថាខូចឡានខូចអី យើងបានដឹកឡានស្ដង់ដាមកពីស្រុកគេម៉េច គឺយើង​បានបើកចឹងបង។ បើយើងចំណាយកែផង បង់ពន្ធផង វាចំណាយច្រើន»

បើតាមលោក គង់ វិមាន អនុរដ្ឋលេខាអិការនៃក្រសួង​សាធារណការ​និងដឹកជញ្ជូន បានមាន​ប្រសាសន៍ថា ក្រោយពីនាយករដ្ឋមន្ត្រីប្រកាសកាលពីព្រឹកមិញនេះ ក្រសួងនឹងរៀបចំអនុវត្ដន៍​ជូនបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់រថយន្ដចង្កូតស្ដាំទាំងអស់អាចទៅបង់ពន្ធនៅពន្ធដារ រួច​ប្រមូលឯកសារទាំងអស់មកស្នើសុំធ្វើស្លាកលេខនៅមន្ទីរឬក៏ក្រសូងសាធារណការ ដើម្បីបាន​ស្លាកលេខយកទៅប្រើប្រាស់។ បើពួកគាត់បានបង់ពន្ធហើយ ប៉ុន្តែមិនមក​ស្នើសុំស្លាកលេខ​ពីមន្ទីរឬក៏ក្រសួងទេ គឺមិនអនុញ្ញាតឲ្យធ្វើចរាចរលើដងផ្លូវនោះទេ បើហ៊ានតែបើក​គឺគយ​នឹង​ចាប់។

លោក វិមាន បន្តថា ការផ្ដល់ស្លាកលេខនិងបង់ពន្ធមិនមានរយៈពេលកំណត់ទេ​តាមជាក់​ស្ដែង។ លោកសង្ឃឹមថា ម្ចាស់រថយន្ដទាំងអស់នឹងចូលរួមសហការឱ្យបានល្អ។

លោកបញ្ចាក់ថា៖ «វាជាការអនុគ្រោះដ៏ធំធេងណាស់របស់សម្ដេច ហ៊ុន សែន ហើយយើងខ្ញុំ​រង់ចាំបំពេញកាតព្វកិច្ចជូនបងប្អូនប្រជាពលរដ្ឋដែលយកឯកសារមកគ្រប់គ្រាន់»

លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានថ្លែងថា លោកពិតជាសប្បាយចិត្តនិងអបអរសាទរចំពោះការសម្រេចរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ​ដែលបានសម្រេចតាមការស្នើសុំរបស់ប្រជាពលរដ្ឋនិងបានយល់ពីទុក្ខលំបាករបស់​ពួកគាត់។

លោកមានប្រសាសន៍ថា៖ «ខ្ញុំសប្បាយហើយដែលសម្ដេចលោកបានសម្រេចតាមសំណើរ​របស់​ប្រជាពលរដ្ឋ ប៉ុន្ដែសម្ដេចក៏គួរគិតគូររឿងប្រេងសាំងឡើងថ្លៃ​និងដោះស្រាយដូចករណី​នេះ​ផងចុះ ហើយក្នុងនាមជាអង្គការសង្គមស៊ីវិលយើងអបអរសាទរចំពោះការដោះ​ស្រាយ​នេះ»

កាលពីព្រឹកថ្ងៃអង្គារម្ចាស់រថយន្ដចង្កូតស្ដាំប្រមាណ៣០០នាក់បាននាំគ្នាបិទផ្លូវជាតិលេខ២​ត្រង់ចំណុចរង្វង់មូលកួរស្រូវ ដើម្បីស្នើសុំលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ត្រឹមបង់ពន្ធ​តែសុំ​មិនកែចង្កូតដោយសារតែវាអាចបង្កគ្រោះថ្នាក់ពេលធ្វើចរាចរណ៍លើដងផ្លូវ។

377 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម