លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃសៅរ៍ថា កម្ពុជា មានករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍លើកដំបូង បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រុមគ្រួសារតេស្តវិជ្ជមានវីរុសនេះ។
ករណីឆ្លងនេះ កើតមានតែជាងពីរសប្ដាហ៍បន្ទាប់ពីកម្ពុជាប្រឈមនឹងការភ័យខ្លាចនៃការរាលដាលជំងឺនេះម្ដងមកហើយ ពេលដែលរដ្ឋមន្ត្រីការបរទេសហុងគ្រីមកទស្សនកិច្ចនៅកម្ពុជាតេស្តវិជ្ជមានវីរុសកូវីដ១៩ ក្រោយជួបមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូប។
ក្រសួងសុខាភិបាលបានចេញ សេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃអាទិត្យនេះ ឲ្យដឹងថាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ លោក ឆែម សាវុធ ភរិយារបស់លោក និងសមាជិកគ្រួសារបួននាក់ទៀតតេស្តវិជ្ជមានកូវីដ១៩ និងត្រូវបញ្ជូនទៅទទួលការព្យាបាលនៅមន្ទីរពទ្យមិត្តភាពខ្មែរ-សូវៀត។
ប៉ុន្តែ ភរិយារបស់លោក សាវុធ បានទៅផ្សារអ៊ីអន១ ក្នុងទីក្រុភ្នំពេញ នាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា និងបានធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ និងសៀមរាប មុនធ្វើតេស្តឃើញថាមានជំងឺកូវីដ១៩។ ដូចគ្នាដែរ អ្នកពាក់ព័ន្ធផ្ទាល់ជាមួយភរិយាលោក សាវុធ ក៏បានទៅកាន់ខេត្តមណ្ឌលគិរី និងស្ទឹងត្រែង ដែលនេះបង្កឲ្យមានក្ដីបារម្ភថាអាចមានការឆ្លងក្នុងសហគមន៍នៅក្នុងប្រទេស។
រដ្ឋាភិបាលបានចេញបញ្ជាភ្លាមៗឲ្យបិទផ្សារទំនើបអ៊ីអន សាលាអន្តរទ្វីបអាមេរិកកាំង (AIS) សាខាចាក់អង្រែរលើ និងស្នើឲ្យអ្នកដែលបានទៅលេងផ្សារអ៊ីអន១ មន្ត្រីក្រសួងមហាផ្ទៃ និងអ្នកពាក់ព័ន្ធនៅសៀមរាប ទៅធ្វើតេស្តរកកូវីដ១៩ និងត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។
ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានជាលើកទីពីរនៅថ្ងៃអាទិត្យនេះ ក្រោយពីបានដឹងថាលោក ឆែម សាវុធ បានទៅហាត់ប្រាណនៅ សណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា និងតម្រូវឲ្យសណ្ឋាគារបិទដំណើរការចំនួនពីរថ្ងៃផងដែរ។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល មន្ត្រីតាមបណ្ដាខេត្តបានស្វែងរកអ្នកពាក់ព័ន្ធ និងនាំអ្នកទាំងនោះទៅធ្វើចត្តាឡីស័ក ឬទៅធ្វើតេស្ត។
សេចក្ដីប្រកាសព័ត៌មានបានលើកឡើងថា៖ «កុំចេញក្រៅផ្ទះ ឬចាកចេញពីមណ្ឌលធ្វើចត្តាឡីស័កក្នុងអំឡុងធ្វើចត្តាឡីស័ក ដើម្បីការពារការឆ្លងជំងឺកាចសាហាវមួយនេះពីមនុស្សម្នាក់ទៅម្នាក់ទៀត និងចៀសវាងការឆ្លងរាលដាលទ្រង់ទ្រាយធំក្នុងសហគមន៍»។
ក្ដីបារម្ភនេះ បានក៏បញ្ជាក់នៅក្នុងសារសំឡេង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីយប់ថ្ងៃសៅរ៍ផងដែរ។
សារជាសំឡេងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា៖ «ឥឡូវនេះមានបញ្ហានៅភ្នំពេញ និងខេត្តសៀមរាប ព្រោះភរិយាអគ្គនាយកនៃពន្ធនាគារ រកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ ហើយយើងក៏មិនទាន់ដឹងថាមានមនុស្សប៉ុន្មាននាក់ឆ្លង[ពីភរិយា] និងឆ្លងចូលផ្សារអ៊ីអន១»។
កង្វល់ធំនៅពេលនេះ គឺលទ្ធភាពនៃការឆ្លងជំងឺកូវីដ១៩ នៅពន្ធនាគារកម្ពុជា ដែលមានអ្នកទោសកកកុញ ខណៈក្រសួងសុខាភិបាលកំពុងរៀបចំការធ្វើតេស្តនៅពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញ។
នៅលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធនាគារ បង្ហាញពីវត្តមានមន្ត្រីពន្ធនាគារជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មន្ត្រីជាន់ខ្ពស់ក្រសួង លោក ប៊ុន ហ៊ុន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ និងមន្ត្រីជាច្រើនរូបផ្សេងទៀត កាលពីសប្ដាហ៍មុន។
ការផ្សាយនៅលើទំព័រហ្វេសប៊ុកដដែល ក៏បានបង្ហាញពីវត្តមានរបស់លោក សាវុធ ទៅពិនិត្យពន្ធនាគារព្រៃស និងបានជួបជាមួយអ្នកទោសកាលពីថ្ងៃទី២៣ ខែវិច្ឆិកា។ ក្រៅពីនេះ ទំព័រហ្វេសប៊ុកដដែលក៏បានផ្សាយពីវត្តមានមន្ត្រីពន្ធនាគារផ្សេងទៀត បានចូលរួមកិច្ចប្រជុំនៅតាមបណ្តាខេត្ត។
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា លោក សាវុធ ក៏បានជួបជាមួយមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិរួមទាំងលោកស្រី Pauline Tamesis និងប្រធានស្ដីទីឧត្តមក្រុមប្រឹក្សាផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា(OHCHR) លោក Pradeep Wagle ផងដែរ។
អ្នកនាំពាក្យនាយកដ្ឋានពន្ធនាគារ លោក នុត សាវនា បដិសេធធ្វើអត្ថាធិប្បាយចំពោះរឿងនេះ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោស្រី ឱ វណ្ណឌីន មានប្រសាសន៍ថានេះជាករណីដំបូងនៅកម្ពុជាដែលមានការឆ្លងក្នុងសហគមន៍ និងថាមន្ត្រីសុខាភិបាលព្យាយាមតាមរកប្រភពនៃការចម្លងនេះ។
លោកស្រីមានប្រសាសន៍ថា៖«នេះជាករណីឆ្លងក្នុងសហគមន៍លើកទី១»។
លោកស្រី បន្ថែមថាប្រជាពលរដ្ឋគួរតែបន្តអនុវត្តការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្ដាត់ជំងឺកូវីដ១៩ និងថាមានមនុស្សខ្លះមិនបានអនុវត្តតាម។
លោកស្រីបន្តថា៖ «ដូចនេះ ត្រូវអនុវត្តវិធានការរបស់ក្រសួង ព្រោះថាវាមានសារៈសំខាន់ណាស់ដើម្បីការពារការឆ្លងរាលដាលពីមនុស្សម្នាក់ទៅម្នាក់ទៀត។ ប្រសិនយើងមិនធ្វើដូចនេះទេ ការឆ្លងទ្រង់ទ្រាយធំក្នុងសហគមន៍អាចនឹងកើតឡើងបាន»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថាមន្ត្រីក្រសួងដែលបានប៉ះពាល់ផ្ទាល់ជាមួយលោក សាវុធ ត្រូវបានធ្វើតេស្ត និងបានស្នើឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ។ លោក ខៀវ សុភ័គ ឲ្យដឹងទៀតថា ខ្លួនលោកផ្ទាល់មិនបានជួបប្រាស្រ័យជាមួយលោក សាវុធ ទេថ្មីៗនេះ។
លោក បន្ថែមថា កម្ពុជាកន្លងមកបានទទួលជោគជ័យលើករណីកូវីដ១៩ ពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការបរទេសហុងគ្រីម្ដងហើយ។ លោកឲ្យដឹងទៀតថា លោក ស ខេង ក៏កំពុងធ្វើចត្តាឡីស័កផងដែរ។
លោកមានប្រសាសន៍ថា «សម្តេចក្រឡាហោម [ស ខេង] ក៏កំពុងធ្វើចត្តាឡីស័ក» តែលោកមិនបានលម្អិតពីរឿងនេះទេ។
រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៩ ខែវិច្ឆិកា បានប្រកាសថាខ្លួនបានធ្វើឲ្យលែងមានក្ដីបារម្ភរឿងឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ បន្ទាប់ពីមនុស្សជាង១ ៥០០នាក់ ប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលតេស្តវិជ្ជមានវីរុសកូវីដ១៩។
ក្រសួងសុខាភិបាល តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក៏បានឲ្យដឹងដែរថានៅថ្ងៃនេះ ខ្មែរអាមេរិកាំងម្នាក់ អាយុ៣១ឆ្នាំក៏រកឃើញថាមានវិជ្ជមានកូវីដ១៩ ដែរ បន្ទាប់ពីវិលត្រឡប់ពីសហរដ្ឋអាមេរិក។ អ្នកដំណើរ និងមនុស្ស៥៦នាក់ផ្សេងទៀតឥឡូវនេះកំពុងដាក់ឲ្យធ្វើចត្តាឡីស័ក។