សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គ្លីនិកឯកជនខេត្តតាកែវត្រូវបានគេចុះត្រួតពិនិត្យបន្ទាប់ពីស្រ្តីម្នាក់ស្លាប់ ខណៈក្រុមគ្រួសារអំពាវនាវឱ្យចាត់វិធានការតឹងរឹង

គ្លីនិក​គ្មាន​អាជ្ញាបណ្ណ​មួយ​ក្នុង​ខេត្ត​តាកែវ​ត្រូវ​បាន​បញ្ជា​ឱ្យ​បិទ​នៅ​ពេល​ស្ត្រី​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ទទួល​បាន​ការ​ចាក់​ថ្នាំ​ខុសបច្ចេកទេស​ក្នុង​​ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ (រូបភាព៖ ទទក)
គ្លីនិក​គ្មាន​អាជ្ញាបណ្ណ​មួយ​ក្នុង​ខេត្ត​តាកែវ​ត្រូវ​បាន​បញ្ជា​ឱ្យ​បិទ​នៅ​ពេល​ស្ត្រី​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ទទួល​បាន​ការ​ចាក់​ថ្នាំ​ខុសបច្ចេកទេស​ក្នុង​​ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ (រូបភាព៖ ទទក)

មន្ទីរសុខាភិបាលខេត្តតាកែវ និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យគ្លីនិកឯកជនក្នុងខេត្តតាកែវ បន្ទាប់ពីគ្លីនិកមួយបានចាក់ថ្នាំខុសបច្ចេកទេស បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់កាលពីខែវិច្ឆិកា។ ក្រុមគ្រួសារជនរងគ្រោះឈ្មោះ ណាំ ចន្ធូ បានជំរុញឱ្យមន្ត្រីសុខាភិបាលអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ព្រោះមិនចង់ឃើញជនរងគ្រោះផេ្សងទៀតស្លាប់ដោយសារគ្លីនិកខុសច្បាប់។

យោងតាមរដ្ឋបាលក្រុងដូនកែវ គណៈបញ្ជាការឯកភាពបានបើកការចុះត្រួតពិនិត្យលុបបំបាត់សេវាសុខាភិបាលឯកជនខុសច្បាប់ក្នុងក្រុងដូនកែវ កាលពីថ្ងៃទី២២ ខែវិច្ឆិកា។

ពួកគេ​បាន​ពិនិត្យ​មន្ទីរពេទ្យ​ធំ​ចំនួន​១២ និង​មន្ទីរពេទ្យ​សម្ភព​នៅ​ដូនកែវ។ ក្នុង​ចំណោម​នោះ អាជ្ញាធរ​បាន​រក​ឃើញ​គ្លីនិក​ចំនួន៥ ដែល​គ្មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​ពី​ក្រសួង​សុខាភិបាល។ ម្ចាស់​ទីតាំង​ទាំង​ប្រាំ​បាន​ចុះ​កិច្ចសន្យា​បិទ​ទ្វារ​ទាំង​ស្រុង។

ពាក់ព័ន្ធនឹងការចុះពិនិត្យនេះ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោក ផាន់ វ៉ាន់ មានប្រសាសន៍ថា បន្ទាប់ពីស្ត្រីអាយុ៤១ឆ្នាំបានស្លាប់ដោយសារ «កំហុសបច្ចេកទេស» ពេលចាក់ថ្នាំនោះ អភិបាលខេត្តតាកែវ បានបង្កើតគណៈកម្មការមួយ ដើម្បីត្រួតពិនិត្យក្របខណ្ឌបច្ចេកទេស និងវិជ្ជាជីវៈនៃការថែទាំសុខភាពទូទាំងតំបន់ និងខេត្តក្រុង។

លោក វ៉ាន់ ថា មិនទាន់មានរបាយការណ៍លម្អិតនៅឡើយទេ ព្រោះការត្រួតពិនិត្យកំពុងដំណើរការ ប៉ុន្តែនឹងជូនដំណឹងដល់ សារព័ត៌មានខេមបូចា នៅពេលក្រោយពីបញ្ចប់។

សារព័ត៌មានខេមបូចា បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ និងអភិបាលក្រុងដូនកែវ លោក កង អាណាន់ ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែអ្នកទាំងពីរមិនបានឆ្លើយតប។

កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងបានចេញសេចក្តីប្រកាសស្តីពីការពង្រឹងបទប្បញ្ញត្តិនៃសេវាសុខាភិបាលឯកជន និងអ្នកជំនាញសុខាភិបាលនៅតាមគ្រឹះស្ថានសុខាភិបាល​ឯកជន និងលុបបំបាត់គ្រឹះស្ថានសុខាភិបាលឯកជនខុសច្បាប់ក្នុងរាជធានី-ខេត្ត។

ក្រសួងបានជំរុញឱ្យម្ចាស់គ្លីនិកក្នុងខេត្ត-ក្រុង ត្រូវចុះពិនិត្យសុខភាពឯកជនទាំងអស់ជាបន្ទាន់ និងទៀងទាត់ ដើម្បីឱ្យមានជំនាញវិជ្ជាជីវៈ និងបច្ចេកទេសក្នុងការព្យាបាលអ្នកជំងឺ។ ទីតាំងដែលគ្មានការអនុញ្ញាតនឹងត្រូវបិទ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ។

មន្ទីរ​សុខាភិបាលតាមខេត្ត​ត្រូវ​បញ្ជូន​របាយការណ៍​ធ្វើ​បច្ចុប្បន្នភាព​អំពី​ការ​ចុះ​ពិនិត្យ​គ្រឹះស្ថាន​សុខាភិបាល​ឯកជន​របស់​ខ្លួន​ទៅ​ក្រសួង​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៤ ហើយ​ត្រូវ​ដាក់​របាយការណ៍​រៀង​រាល់​ត្រីមាស។

ជាមួយគ្នានេះ អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ លោក ង៉ែត សាវុធ មានប្រសាសន៍ថា ម្ចាស់​គ្លីនិកឯកជនពីរនាក់ប្តីប្រពន្ធ ត្រូវបានបញ្ជូនទៅតុលាការ ហើយតុលាការបានសម្រេចឃុំខ្លួន។

យោងតាមសេចក្តីថ្លែងការណ៍របស់តុលាការ ស្ត្រីឈ្មោះ ស៊ុន ហាក់ ម៉ារីណា ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា ហើយប្តីរបស់គាត់ឈ្មោះ ហៀង សុងហាក់ ត្រូវបានចោទប្រកាន់ពីបទប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល គប់គិតលាក់បាំងសាកសព និងសមគំនិតធ្វើទារុណកម្ម និងអំពើ​ឃោរឃៅ​ធ្ងន់ធ្ងរ​លើ​ជនរងគ្រោះ។

លោក សៅ ផាន ប្តី​របស់​អ្នកស្រី ចន្ធូ បាន​និយាយ​ថា លោក​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់​បង់​ភរិយា។

លោក ផាន បាន​គាំទ្រ​ចំពោះ​ការ​ចុះ​ពិនិត្យ​គ្លីនិក​ឯកជន​ក្នុង​ខេត្ត​តាកែវ ប៉ុន្តែ​លោក​ចង់​ឲ្យមាន​ការ​ត្រួត​ពិនិត្យ​នេះ​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស។ លោកក៏បានជំរុញឱ្យក្រសួង មន្ទីរនានា ជាពិសេសមន្ត្រីពាក់ព័ន្ធ ត្រូវត្រួតពិនិត្យ និងត្រួតពិនិត្យគ្លីនិកទាំងអស់ឱ្យបានហ្មត់ចត់ ដើម្បីធានាថាមានអាជ្ញាបណ្ណត្រឹមត្រូវ និងមានលក្ខណៈសម្បត្តិត្រឹមត្រូវ។

លោក ផាន បាននិយាយថា៖ «ខ្ញុំមិនចង់ឃើញអ្វីដែលបានកើតឡើងចំពោះគ្រួសាររបស់ខ្ញុំកើតឡើងម្តងទៀតទេ ហើយខ្ញុំសុំឱ្យក្រសួងពាក់ព័ន្ធ [អនុវត្ត] លើមន្ទីរពេទ្យដែលខុសច្បាប់ ព្រោះប្រជាជនមិនដឹងថាគ្លីនិកណាស្របច្បាប់ទេ»

លោកបន្តថា៖ «នៅពេលដែលមនុស្សឃើញផ្ទាំងបដាធំៗនៅលើគ្លីនិក ពួកគេគិតថាគ្លីនិកទាំងនោះល្អ និងមានគ្រូពេទ្យជំនាញ។ ប៉ុន្តែនៅពេលដែលគ្លីនិកមិនមានច្បាប់ និងមានលក្ខណៈគ្រប់គ្រាន់ ហើយមិនមានបច្ចេកវិទ្យាគ្រប់គ្រាន់ [ហេតុអ្វីបានជាពួកគេដំណើរការ] ឬពួកគេចេះតែសម្រេចចិត្តបើករហូតដល់មានបញ្ហា ហើយត្រូវបានត្រួតពិនិត្យ»

បន្ថែមពីលើការចង់ឃើញគុណភាពគ្លីនិកឯកជននៅតាមជនបទមានភាពប្រសើរឡើង រួមទាំងវិជ្ជាជីវៈ និងច្បាប់ លោក ផាន ក៏ចង់បានយុត្តិធម៌សម្រាប់គ្រួសាររបស់គាត់ដែរ ដោយសារគាត់មិនទាន់ទទួលបានសំណងពីអ្នកប្រព្រឹត្តខុសមកទល់ពេលនេះ។ លោក​សង្ឃឹម​ថា ប្ដីប្រពន្ធ​ទាំង​ពីរ​នឹង​ត្រូវ​ទទួល​ទោស​តាម​ច្បាប់។

លោកបន្ថែមថា៖ «ខ្ញុំ​សុំ​ឲ្យ​ផ្នែក​ច្បាប់​ជួយ​រក​យុត្តិធម៌​ឲ្យ​គ្រួសារ​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​មិន​ដឹង​ទៅ​ណា​ទេ។ វាស្ងប់ស្ងាត់ណាស់ យើងមានអារម្មណ៍មិនសប្បាយចិត្ត។ យើង​ចង់​បាន​សំណង និង​យុត្តិធម៌»

លោក ជា ចា ត្រូវជាបងប្អូនរបស់ជនរងគ្រោះ បានប្រាប់ សារព័ត៌មានខេមបូចា ថា គាត់មានការខកចិត្ត និងសោកស្ដាយជាខ្លាំងចំពោះមរណភាពរបស់ប្អូនស្រីរបស់គាត់។

លោកសង្ឃឹមថា ក្រសួងសុខាភិបាលនឹងចាត់វិធានការជាក់លាក់ ដើម្បីរឹតបន្តឹងការត្រួតពិនិត្យគ្លីនិក និងអាជ្ញាបណ្ណនៅទូទាំងប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋជឿជាក់លើការព្យាបាលវេជ្ជសាស្ត្រ។

លោក ចា លើកឡើងថា៖ «ខ្ញុំស្នើឱ្យមន្ទីរសុខាភិបាលកែទម្រង់ ឬចាត់វិធានការទប់ស្កាត់កុំឱ្យមានករណីនេះកើតឡើងម្តងទៀត។ បើមិនមានច្បាប់ប្រឆាំងនឹងវាទេ។ ច្បាប់​មិន​ទាន់​ត្រូវ​បាន​អនុវត្ត​នៅ​ឡើយ​ទេ»

លោក អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌ បានប្រាប់ សារព័ត៌មានខេមបូចា ថា ការស្លាប់របស់អ្នកជំងឺ គឺជាការបំពានលើក្រមសីលធម៌វិជ្ជាជីវៈពេទ្យ។

លោកថា ករណីនេះអាចពាក់ព័ន្ធនឹងអំពើពុករលួយជាប្រព័ន្ធតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ស្រុក និងខេត្ត ហើយត្រូវមានការស៊ើបអង្កេតជាប្រព័ន្ធ ដើម្បីដាក់ទោសម្ចាស់គ្លីនិក និង​មន្ត្រី​ពាក់ព័ន្ធដែលអនុញ្ញាតឱ្យដំណើរការគ្លីនិកគ្មានច្បាប់អនុញ្ញាត ដែលបណ្តាលឲ្យមានមនុស្សស្លាប់។

លោក វុទ្ធី ថ្លែងថា៖ «មន្ទីសុខាភិបាលខេត្តតាកែវ ​បាន​លើកឡើងថា  មន្ទីសម្រាកព្យាបាលមួយនឺងអត់មានច្បាប់បើកទេ។ ចឹងហេតុ​អ្វី​បាន​ជា​គេ​ហ៊ាន​ដាក់​ស្លាក​សញ្ញា​មន្ទីសម្រាកព្យាបាល? វា​មិន​មែន​ជា​រឿង​តូច​តាច​ទេ ចឹងទេវាពាក់ពន្ធ័​ទៅ​នឹង​ប្រធាន​ប្រតិបត្តិការ​ស្រុក»។ ក្រសួង ​និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ចំពោះ​មន្ត្រី​ថ្នាក់ក្រោម​ដែល​អនុញ្ញាត​ឲ្យ​គ្លីនិក​នេះ​ដំណើរការ​ដោយ​គ្មាន​ការអនុញ្ញាត​។

លោកជឿជាក់ថា ប្រសិនបើករណីបែបនេះនាំឱ្យបាត់បង់ជីវិតបន្ត នោះការជឿទុកចិត្តរបស់សាធារណជនលើវិស័យវេជ្ជសាស្ត្រនឹងធ្លាក់ចុះយ៉ាងខ្លាំង។

លោក​បាន​ជំរុញ​ឲ្យ​អ្នក​ដែល​មាន​វិជ្ជាជីវៈ​ត្រូវ​ប្រកាន់​ខ្ជាប់​យ៉ាង​តឹងរ៉ឹង​ទៅ​នឹង​ច្បាប់ និង​ស្តង់ដារ​សីលធម៌ ហើយ​ធានា​ថា​គ្រូពេទ្យ​ត្រូវ​បំពេញ​វិជ្ជាជីវៈ​កម្រិត​ខ្ពស់​បំផុត​។

លោក សន ជ័យ ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានប្រាប់ សារព័ត៌មានខេមបូចា ថា ករណីនេះទាមទារឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់បន្ថែមទៀត ជាពិសេសគ្លីនិកដែលគ្មានអាជ្ញាបណ្ណនៅតែបន្តដំណើរការ។

លោកបញ្ជាក់ថា បញ្ហានេះមិនត្រឹមតែនៅជាប់ខេត្តតាកែវប៉ុណ្ណោះទេ ប៉ុន្តែបញ្ហាត្រូវដោះស្រាយ​ទូទាំងប្រទេស ដោយសារភាពមានសេវាសុខាភិបាល និងតម្រូវការការពារអាយុជីវិតប្រជាពលរដ្ឋ។

លោក សន ជ័យ មានប្រសាសន៍ថា៖ «ប្រសិនជារកឃើញមន្ទីសម្រាកព្យាបាល ឬគ្លីនិកឯកជនណាមួយ ត្រូវបានគេរកឃើញថាដំណើរការដោយខុសច្បាប់ ត្រូវតែមានការស៊ើបអង្កេតស៊ីជម្រៅ ថាតើកើតឡើងនៅស្រុកណា? មូលហេតុអីដែលនៅពីក្រោយដែលមានការបង្កើតគ្លីនិកឯកជនដោយខុសច្បាប់ ប្រសិនជារកឃើញពីការរំលោភអំណាច ឬអំពើពុករលួយ»

296 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម