សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាឧទ្ធរណ៍តម្កល់សេចក្តីសម្រេចទម្លាក់បទចោទញុះញង់លើអតីតអ្នកសារព័ត៌មានកាសែត ឌឹ ខេមបូឌា ដេលី

កាលពីថ្ងៃអង្គារ សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំបានតម្កល់ការទម្លាក់បទចោទញុះញង់លើលោក អូន ភាព (ខាងលើ) និងលោក Zsombor Peter អតីតអ្នកសារព័ត៌មានកាសែត ឌឹ ខេមបូឌា ដេលី ជុំវិញការធ្វើសេចក្តីរាយការណ៍នៅខេត្តរតនគិរីកាលពីឆ្នាំ២០១៧។
កាលពីថ្ងៃអង្គារ សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំបានតម្កល់ការទម្លាក់បទចោទញុះញង់លើលោក អូន ភាព (ខាងលើ) និងលោក Zsombor Peter អតីតអ្នកសារព័ត៌មានកាសែត ឌឹ ខេមបូឌា ដេលី ជុំវិញការធ្វើសេចក្តីរាយការណ៍នៅខេត្តរតនគិរីកាលពីឆ្នាំ២០១៧។

សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃ​អង្គារ​នេះ​បាន​តម្កល់​សេចក្តីសម្រេច​របស់​តុលាការ​ជាន់​ទាប​ក្នុង​ការ​ទម្លាក់​ចោល​បទ​ចោទ​ញុះញង់​លើលោក អូន ភាព និង​លោក Zsombor Peter ​អតីត​អ្នក​សារព័ត៌មានកាសែត​ ឌឹ ខេមបូឌា ដេលី។

លោក ទុំ សោភ័ណ អ្នកនាំពាក្យសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំមានប្រសាសន៍ថា  សំណុំរឿងរបស់អ្នកសារព័ត៌មានទាំងពីរនឹងបញ្ចប់នៅទីនេះ លុះត្រាតែព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍នឹងសេចក្តីសម្រេចនេះ។

លោក​បានមានប្រសាសន៍ថា៖ «តាម​នីតិវិធី [​ព្រះរាជអាជ្ញា​] អាច​ប្តឹង​ឧទ្ធរណ៍​បាន ហើយ​ប្រសិនបើ​គាត់​មិន​ប្តឹង​ឧទ្ធរណ៍​ទេ​ នោះ​សំណុំរឿងនេះនឹង​ត្រូវ​បញ្ចប់»​។

កាល​ពី​ខែ​វិច្ឆិកាឆ្នាំ​មុន តុលាការ​ខេត្ត​រតនគិរីបាន​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​យក​ព័ត៌មានកាសែត ឌឹ ខេមបូឌា ដេលី បន្ទាប់​ពី​ដើម​បណ្តឹង​ឈ្មោះ រម៉ាំ​ យ៉ូ​ត បាន​ដក​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​អ្នកសារព័ត៌មានទាំង​ពីរ​នាក់នេះ។ 

អ្នកសារព័ត៌មានទាំងពីរនាក់ ដែលល្បីល្បាញតាមរយៈការសរសេររឿងស៊ើបអង្កេតអំពីការកាប់ឈើខុសច្បាប់ និងបញ្ហាបរិស្ថានផ្សេងទៀតនោះ មានវត្តមាននៅក្នុងឃុំប៉ាតេនៃខេត្តរតនគិរីកាលពីខែមិថុនា ឆ្នាំ២០១៧ ដើម្បីរាយការណ៍អំពីមូលហេតុអ្វីបានជាមណ្ឌលបោះឆ្នោតមួយនេះក្លាយជាទីតាំងរឹងមាំរបស់គណបក្សប្រឆាំងនៅពេលនោះ។

លោក រម៉ាំ​ យ៉ូ​ត ដែលពេលនោះគឺជាមេឃុំមកពី​គណបក្ស សម រង្ស៊ី មិន​សប្បាយ​ចិត្ត​នឹង​ការ​សាកសួរ​របស់​អ្នកទាំងពីរ ហើយ​បាន​ដាក់​ពាក្យបណ្តឹងពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋជាអាទិ៍​ប្រឆាំង​អ្នក​សារព័ត៌មានទាំងពីរ។ ការធ្វើសេចក្តីរាយការណ៍អំពីការបោះឆ្នោតជាប្រចាំរបស់អ្នកទាំងពីរបានក្លាយជាបទពិសោធន៍ផ្លូវច្បាប់ដ៏អាក្រក់និងអូសបន្លាយរយៈពេល៣០ខែសម្រាប់អ្នកសារព័ត៌មានទាំងពីរ ដែលអ្នកទាំងពីរបានចាកចេញពីប្រទេសតាំងពីពេលនោះមក។ 

លោក អូន ភាព ដែល​បច្ចុប្បន្ន​រស់​នៅ​សហរដ្ឋ​អាមេរិក​និងកំពុង​រង់ចាំ​ដំណើរ​ការ​នៃ​ពាក្យ​សុំ​សិទ្ធិ​ជ្រកកោន​របស់​លោក​នោះ បាន​ថ្លែង​ថា​ តុលាការ​ធ្វើការសម្រេច​​ត្រឹម​ត្រូវ។

លោក​បាន​ប្រាប់ខេមបូចាតាម​បណ្តាញ​សង្គម​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ថា៖​ «បាទ នោះគឺជារឿង​ត្រឹមត្រូវ​ហើយ​ព្រោះ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។ ឥឡូវចង់ទៅកាត់ក្តីប្រទេសណា [ករណីរបស់ខ្ញុំ]  ក៏គេនៅតែមិនអាចរកឃើញកំហុសខ្ញុំដែរ ព្រោះខ្ញុំមិនបានធ្វើអ្វី»។

លោក អូន ភាព បាន​បន្ថែមថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ឮ​ថា តុលាការ​នឹង​មិន​បន្ត​អនុវត្ត​នីតិវិធី​ទៀត​»។

លោក សេក សុភណ្ឌ មេធាវី​ការពារ​ក្តី​​អ្នក​សារព័ត៌មាន​ទាំង​ពីរ​បាន​សាទរ​ចំ ពោះ​ព័ត៌មាន​នេះ។ 

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា​ តុលាការ​បាន​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​ខ្ញុំ ​ដោយ​សារ​តែ​អ្នក​យក​ព័ត៌មាន អូន ភាព និង​ Zsomber Peter បាន​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​របស់ខ្លួន»។

លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា វា​គួរ​តែ​ដល់​ពេល​ដែល​អ្នក​សារព័ត៌មានអាច​បំពេញ​ការងារ​របស់​ពួក​គេនិង​ជៀស​វាង​ការ​ចោទ​ប្រកាន់​តាម​ក្រម​ព្រហ្មទណ្ឌ»។

លោក អ៊ិត សូធឿត នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​មានប្រសាសន៍​ថា ​សេចក្តីសម្រេច​នេះ​គឺជា​សញ្ញា​ល្អ​សម្រាប់​អ្នក​សារព័ត៌មាន​ឯករាជ្យ។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា តុលាការនឹងបិទសំណុំរឿងនោះ ហើយអ្នកសារព័ត៌មានទាំងពីរនាក់នឹងទទួលបានយុត្តិធម៌ឆាប់ៗតាមដែលអាចធ្វើទៅបាន ដោយតុលាការមិនបន្តនីតិវិធីរបស់ខ្លួននៅតុលាការកំពូល»។

នៅឆ្នាំ២០១៧ កាសែត ឌឹ ខេមបូឌា ដេលី បានបង្ខំចិត្តបិទទ្វារ បន្ទាប់ពីបដិសេធមិនបង់ពន្ធច្រើនហួសប្រមាណ។ ប៉ុន្មានសប្តាហ៍ក្រោយមក វិទ្យុអាស៊ីសេរីបានប្រកាសបិទការិយាល័យរបស់ខ្លួននៅទីក្រុងភ្នំពេញ ដោយសារបារម្ភពីបញ្ហាសន្តិសុខនិងបញ្ហាពន្ធ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Regional Court of Appeal upholds dropping of incitement charges against Ex-Daily reporters

369 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម