ការផ្លាស់ប្ដូររថយន្តដឹកកម្មករក្នុងវិស័យកាត់ដេរអាចជោគជ័យទៅបាន ទាល់តែមានការចូលរួមពីតួអង្គសំខាន់ៗពិសេសគឺរដ្ឋាភិបាលក្នុងការបញ្ចេញកញ្ចប់ថវិកាដែលអាចផ្ដល់លទ្ធភាពដល់អ្នកបើកបរអាចខ្ចីទិញរថយន្តក្នុងការប្រាក់មួយសមរម្យ ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើកម្មករកាត់ដេរ។ នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវបានលើកឡើង។
លោក ច័ន្ទ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានលើកឡើងថា អ្នកបើកបរមួយចំនួនពួកគេមានឡានផ្ទាល់ខ្លួន មិនមែនធ្វើការឱ្យក្រុមហ៊ុនដូច្នេះមានការពិបាកក្នុងការដូរឡានបន្តិច ព្រោះត្រូវខ្ចីលុយធនាគារក្នុងអត្រាការប្រាក់ខ្ពស់ដើម្បីទិញឡានថ្មី ដែលពួកគេមិនអាចមានលទ្ធភាពក្នុងការដូរទេ ព្រោះឡានមានតម្លៃថ្លៃ។
លោកសុផល មានប្រសាសន៍ថា៖ «អ្នកបើកបរដែលជ្រើសឡានដឹកទំនិញមកកែច្នៃដឹកកម្មករ គឺដោយសារតែដឹកមនុស្សបានច្រើនពី៦០ទៅ៨០នាក់ជាដើម ហើយពួកគាត់ចំនួន៩០%បានខ្ចីលុយគេពី៩ពាន់ទៅ១ម៉ឺន៤ពាន់ដុល្លារដើម្បីទិញឡាននោះ ក្នុងការប្រាក់១៦%ក្នុងមួយឆ្នាំ»។
លោកលម្អិតថា បើមានការប្រាក់ត្រឹមតែ៥,៥%ក្នុងមួយឆ្នាំ ជាជាង១៦%ក្នុងមួយឆ្នាំ ដូចដែលរដ្ឋាភិបាលបានលើកទឹកចិត្តដល់កសិករ អ្នកចិញ្ចឹមសត្វ សហគ្រាសធុនតូច កាលគ្រាកន្លងមក លោកយល់ថាវាជារឿងដ៏ល្អមួយសម្រាប់ជាពន្លឺដល់ម្ចាស់រថយន្តដឹកកម្មករ។
លោកសុផលឲ្យដឹងថា៖«កន្លងមករដ្ឋាភិបាលបានផ្ដល់ជាកញ្ចប់ថវិកាឱ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម៥០លានដុល្លារឃើញថាជោគជ័យ អ៊ីចឹងក្នុងវិស័យដឹកជញ្ជូនអ្នកកាត់ដេរនេះ បើរដ្ឋាភិបាលមានឆន្ទៈសម្រាប់វិស័យដឹកជញ្ជូនកម្មករដូចកសិករដាំបន្លែ ការផ្លាស់ប្ដូរនេះនឹងអាចទៅរួច ព្រោះកន្លងមករដ្ឋាភិបាលធ្វើទៅរួចហើយ»។
លោករំពឹងថា ប្រសិនបើរដ្ឋាភិបាលផ្ដល់ប្រាក់កម្ចីឱ្យក្រុមអ្នកបើកបរក្នុងវិស័យកាត់ដេរពិតមែន ការប្រាក់របស់ពួកគេនឹងថយចុះហើយអាចសល់ថវិកា។ ហើយកាន់តែប្រសើរទៀតប្រសិនបើមានកម្មករយល់ព្រមថែមថ្លៃធ្វើដំណើរបន្ថែម២ដុល្លារទៀត ដូច្នេះការប្ដូររថយន្តនេះគឺអាចទៅរួច។
លោកនាក់ ហេង ប្រធានសមាគមដឹកជញ្ជូន និងការងារក្រៅប្រព័ន្ធ លោកបានយល់ស្របនឹងការលើកឡើងរបស់លោក ច័ន្ទ សុផល។
លោកហេងលើកឡើងថា៖ «អ្នកបើកបរសព្វថ្ងៃ អ្វីដែលពួកគេទាល់ហើយមានការផ្លាស់ប្ដូរយឺតនោះគឺ ដោយសារតែបញ្ហាថវិកា ព្រោះប្រសិនបើមានកញ្ចប់ថវិកាណាមួយពីរដ្ឋាភិបាល ពីអង្គការដៃគូ ឬអ្នកវិនិយោគណាមួយដែលមានកម្ចីទាបគឺជាការល្អ»។
ប្រធានសមាគមរូបនេះបន្តថា បញ្ហាមួយទៀត គឺត្រង់ថាបើការដឹកជញ្ជូនកម្មករមិនមានការឡើងថ្លៃទេ ការកែប្រែរថយន្តនៅតែយឺតដដែល ព្រោះអ្នកបើកបរក៏ត្រូវការប្រាក់បន្ថែមសម្រាប់ការទិញរថយន្ត ចំណាយថ្លៃប្រេងសាំង គ្រឿងបន្លាស់ ការបង់ពន្ធផ្លូវជាដើម។
បើតាមការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានឱ្យដឹងថា ប្រសិនជារដ្ឋាភិបាលចាត់វិធានការតឹងរឹងលើអ្នកបើកបរឡានទ្រុង ពួកគេប្រមាណ៤៥%នឹងផ្លាស់ប្ដូរឡាន ប៉ុន្តែអ្នកបើកបរចំនួន២៧%ទៀតថាពួកគេនឹងឈប់ប្រកបរបរនេះ ខណៈអ្នកបើកបរចំនួន២៤%ទៀតបានផ្លាស់ប្ដូរឡានទ្រុងមកជាឡានក្រុងរួចហើយ។
លោក យង់ សេរី ជាប្រធានគ្រប់គ្រងអ្នកបើកបរឡានដឹកម្មកររោងចក្រ បានគាំទ្រប្រសិនបើមានការផ្ដល់កម្ចីឱ្យទិញឡានថ្មីក្នុងការប្រាក់ទាប តែអ្នកបើកបរអាចនឹងបោះបង់របរនេះចោលដោយសារបញ្ហាប្រឈមមួយចំនួន។
លោក សេរី ក៏បានលើកពីបញ្ហាលំបាករបស់អ្នកបើកបរ៤ចំណុច ប្រសិនបើប្ដូរទៅជាឡានក្រុង ទី១បញ្ហាផលចំណេញប្រសិនបើដូររថយន្ត អ្នកបើកបរនឹងបាត់ចំណូលមិនអាចទប់ទល់នឹងចំណាយរួច បញ្ហាទី២គឺ កត្តាផ្លូវ ជាពិសេសគឺខែវស្សា ខណៈឡានក្រុងមិនអាចបើកបរក្នុងស្ថានភាពផ្លូវភូមិស្រុកស្រែជនបទបានទេ ចំណែកបញ្ហាទី៣គឺ កម្មករភាគច្រើនពុលឡាន ដោយសារតែការជិះឡានក្រុង ព្រោះតាមបទពិសោធជិះឡានទ្រុងកម្មករអាចស្រូបខ្យល់អាកាសបានស្រស់ស្រាយ និងបញ្ហាចុងក្រោយបើមានការផ្លាស់ប្ដូរឡាន អ្នកបើកបរពិបាករកទីផ្សារលក់ឡានចាស់ចេញ។
លោកប្រាប់ឱ្យដឹងថា៖ «បញ្ហាវាមាន៤ធំៗហ្នឹង ដែលខ្ញុំបានសាកសួរអ្នកបើកបរ ហើយខ្ញុំឆ្លងកាត់ផ្ទាល់គឺពិបាកមែន! បើប្ដូរឡានទៅ អ្នកបើកដឹងតែរត់ហើយ ព្រោះវាមិនចំណេញ ដោយអ្នកខ្លះខ្ចីលុយ»។
ចំណែកលោក ច័ន្ទ សុផល បានលើកឡើងថា៖ «កត្តាដែលរារាំងក្នុងការប្ដូរឡានរបស់អ្នកបើកបរមាន៤១% និយាយអំពីបញ្ហាពន្ធផ្លូវរបស់រថយន្តក្រុងមានតម្លៃថ្លៃជាង រីឯអ្នកបើកបរ២៤,៥%ទៀតអះអាងថាឡានក្រុងអាចដឹកមនុស្សបានតិចជាងឡានទ្រុង អ្នកបើកបរផ្សេងទៀតនិយាយថាក្រុងមិនអាចប្រើប្រាស់លើស្ថានភាពផ្លូវតាមភូមិស្រុក អ្នកខ្លះទៀតថាមកពីឡានក្រុងស៊ីប្រេងជាង និងកម្មករខ្លះថាមិនចង់ចំណាយលុយបន្ថែមជិះឡានក្រុង»។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកើនឡើងគួរឱ្យព្រួយបារម្ភដោយក្នុងមួយថ្ងៃមានមនុស្សស្លាប់ជាមធ្យម៦នាក់ និងរបួសពី៨ទៅ៩នាក់ ក្នុងនោះអ្នកស្លាប់ និងរបួសក៏មានកម្មករក្នុងវិស័យកាត់ដេរផងដែរ។
លោកសំហេងថ្លែងថា៖ «ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ផ្ដល់សុវត្ថិភាពដល់កម្មករនិយោជិត និងធ្វើការជំរុញឱ្យកាន់តែប្រសើរឡើងនូវមធ្យោបាយធ្វើដំណើរមកជារថយន្តដឹកអ្នកដំណើរមានសុវត្ថិភាព»។
តែយ៉ាងណាមិញ លោកប្រធានសមាគមដឹកជញ្ជូន មើលឃើញថា ក្នុងការផ្លាស់ប្ដូរឥរិយាបទអ្នកបើកបរមួយចំនួនក្នុងតំបន់គោលដៅ គឺទាមទារឱ្យមានកញ្ចប់ថវិកាដើម្បីចុះអប់រំផ្សព្វផ្សាយ ដោយសារតែតាមបទពិសោធកន្លងមកការចុះអប់រំផ្ទាល់មានប្រសិទ្ធភាពជាងផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ បើទោះបីប្រព័ន្ធផ្សព្វផ្សាយទាំងនោះបានផ្សាយច្រើនមកហើយក្ដីអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងច្បាប់នានា តែកម្មករនិងអ្នកបើកបរហាក់មិនយកចិត្តទុកដាក់ស្ដាប់។
លោកប្រាប់ឱ្យដឹងថា៖ «ទាល់តែចុះទៅអប់រំផ្ទាល់ទៅកន្លែងដែលគាត់ចត(អ្នកបើកបរ) ទើបមានប្រសិទ្ធភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍»។ លោកបន្តថា៖«បញ្ហាអត្តចរិកតែងកើតរើយៗទៅអ្នកបើកបរ ជាក់ស្ដែងពេលចុះទៅជួបអ្នកបើកបរចឹង ពេលខ្លះគាត់កំពុងតែកាន់ស្រាបៀហូបក៏មាន ឬជួនកាលការលេងសើចពេលកំពុងបើកបរជាដើម ហើយអាហ្នឹងគឺជាបញ្ហា»។
សូមជម្រាបជូនថា តាមការសិក្សាមួយរបស់UNDPបានឱ្យដឹងថា ក្នុងមួយឆ្នាំបើគិតក្នុងឆ្នាំ២០១៩ ប្រទេសកម្ពុជាអាចមានការខាតបង់ជាទឹកប្រាក់រហូតដល់៦៤៦,៨លានដុល្លារ ក្នុងការរកចំណូលចំពោះអ្នកជួបនឹងគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត និងថ្លៃព្យាបាលនានា។
ដោយឡែកក្នុងឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំពោះកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតផលស្បែកជើងមានចំនួន២២០៦លើក ស្មើនឹងជាង១៨៣លើកក្នុងមួយខែ។ គួរឱ្យសោកស្ដាយកម្មករនិយោជិតចំនួន៣០នាក់បានស្លាប់ និង៤៦៧នាក់ទៀតបានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ។នេះបើតាមការស្រាវជ្រាវរបស់អង្គការបង្ការបួសអាស៊ី៕