សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

របាយការណ៍​បានលើកឡើងពីការកើននៃការ​បៀតបៀនស្រ្តី​អ្នក​សារព័ត៌មាន និង​សកម្មជនជាស្រ្តី​តាម​ប្រព័ន្ធអនឡាញ

ប្រជា​ពល​រដ្ឋ​ក្នុង​សហគមន៍​បឹង​តាម៉ោក​ និង​កូនៗ​របស់​ពួក​គេ​បាន​ដង្ហែរក្បួន​ទៅ​កាន់​ព្រះ​បរមរាជរាំង​ដើម្បី​ដាក់​ញ្ញតិ​ថ្វាយព្រះ​មហាក្សត្រ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី ថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០២៤​។ (ខេមបូចា/ព្រីង សំរាំង)
ប្រជា​ពល​រដ្ឋ​ក្នុង​សហគមន៍​បឹង​តាម៉ោក​ និង​កូនៗ​របស់​ពួក​គេ​បាន​ដង្ហែរក្បួន​ទៅ​កាន់​ព្រះ​បរមរាជរាំង​ដើម្បី​ដាក់​ញ្ញតិ​ថ្វាយព្រះ​មហាក្សត្រ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី ថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០២៤​។ (ខេមបូចា/ព្រីង សំរាំង)

ស្រ្តី​កម្ពុជា​មួយ​ចំនួន ពិសេស​ស្រ្តី​ជា​សកម្មជន និង​ស្រ្តីជា​អ្នក​សារព័ត៌​មានកំពុង​ប្រឈម​នឹង ការ​កើនឡើង​នូវការ​​គំរាម​កំហែង​​​នៃអំពើហិង្សាផ្តោតលើយេនឌ័រ​ នេះ​បើ​តាម​របាយការណ៍​មួយ​ចេញ​ផ្សាយ​ដោយ​​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​មួយ​ឈ្មោះថាមជ្ឈមណ្ឌល​អាស៊ី​​ (Asia Center)។​

ខណៈ​ដែល​ស្រ្តី​ជា​សកម្មជនការ​ពារសិទ្ធិមនុស្ស និង​អ្នក​សារព័ត៌មាន​ជា​ស្រ្តី​ជា​ច្រើន​បាន​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ឌីជីថល​ដើម្បី​ធ្វើ​ការ​តស៊ូមតិ ក្រុម​អ្នក​វាយ​ប្រហារ​​អ្នក​ទាំង​នោះ​ក៏បាន​ប្រើ​ប្រាស់​បណ្ដាញ​ទាំង​នេះ​ដូច​គ្នា​ដែរ​។ នេះ​បើ​តាម​របាយការណ៍​របស់មជ្ឈមណ្ឌល​អាស៊ី​​។ របាយការណ៍​នេះ​បាន​គូស​បញ្ជាក់​ពីករណីអំពើហិង្សាផ្តោតលើយេនឌ័រ​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ឬហៅកាត់​ថា​ TFGBV ដែល​ការ​បៀតបៀន​ទាំង​នោះ​កើត​ឡើង​ដោយ​ផ្អែក​ទៅ​លើ​យេនឌ័រ តាមរយៈការ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ឌីជីថល​។​

មជ្ឈមណ្ឌល​អាស៊ី​​លើក​ឡើង​ថា​​៖ «​ថ្វី​បើ​បញ្ហា​នេះ​ធ្ងន់​ធ្ងរ ក៏​ករណី​ស្រ្តី​ដែល​បាន​ជួប​អំពើហិង្សា​ផ្តោតលើយេនឌ័រ​តាម​ប្រព័ន្ធបច្ចេកវិទ្យា​​មិន​សូវ​មាន​ការ​កត់​ត្រា​នោះទេ»។​ មជ្ឈមណ្ឌល​នេះ​បានសម្ភាស​ស្រ្តី​ចំនួន​១២​នាក់ រួម​មាន​សកម្មជន​លេចធ្លោ​មួយ​ចំនួន ស្រ្តី​ធ្វើ​ការ​លើ​ប្រព័ន្ធផ្សព្វ​ផ្សាយ និង​សង្គមស៊ីវិល ក៏​ដូច​ជា​ការ​ស្រាវ​ជ្រាវ​តាម​ឯកសារ​ជា​ច្រើន​ទៀត​។​

អំពើហិង្សាផ្តោតលើយេនឌ័រ​ ឬហៅ​កាត់​ថា​GBV គឺជា​បញ្ហា​កើត​មាន​ឡើង​យូរ​មក​ហើយ​នៅ​កម្ពុជា និង​ទម្រង់​នៃ​អំពើហិង្សាផ្តោតលើយេនឌ័រ​កាន់តែ​មាន​បរិបទ​ធំឡើងៗ​។ គិត​ពី​ឆ្នាំ​២០២១​ដល់​ឆ្នាំ​២០២៤ មានការ​ប៉ាន់​ប្រមាណ​ថា​៣៤%​នៃ​ស្រ្តី​កម្ពុជា​អាយុ​ចន្លោះពី​១៥​ទៅ​៤៩​ឆ្នាំ ដែល​មាន​ចំនួន​ជាង​ពាក់​កណ្ដាល​នៃ​ប្រជាជន​សរុប បាន​ជួប​អំពើហិង្សាផ្តោតលើយេនឌ័រ។ នេះ​បើ​តាម​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​។​

អំពើហិង្សាប្រភេទនេះគឺជាបញ្ហាសកល ដោយស្ត្រីប្រហែល​ម្នាក់ក្នុងចំណោមបីនាក់ដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅត្រូវបានប៉ាន់ប្រមាណថាបានជួបប្រទះការរំលោភបំពានផ្អែក​លើយេនឌ័រ ដោយ​ផ្អែកទៅ​តាម​អាយុ ទីតាំង និង​ប្រាក់​ចំណូល។ នេះ​បើ​តាម​អង្គការ​សុខភាព​ពិភព​លោក​។​

ការ​សិក្សា​មួយ​របស់​អង្គការយូណេស្កូក្នុង​ឆ្នាំ២០២៣ បាន​ធ្វើ​ការ​ស្ទង់មតិ​លើ​ស្រ្តី​ជា​អ្នក​សារព័ត៌មាន​នៅទូទាំង​ពិភពលោក ដោយ​មាន​ទាំង​កម្ពុជាផង។ ការ​សិក្សា​រក​ឃើញ​ថា ​៧៣​%​នៃ​ស្រ្តី​ទាំង​នោះ​ធ្លាប់​ជួប​អំពើ​ហិង្សា​តាម​ប្រព័ន្ធ​អនឡាញ​។​

ក្រុម​អ្នក​វាយ​ប្រហារទាំងនោះ​បាន​កំណត់​មុខសញ្ញា​លើ​ស្រ្តី​ដែល​មាន​សកម្មភាពការងារលេចធ្លោ ដោយ​ចង់​បំបិទ​សំឡេង​ពួកគេ និង​ធ្វើ​ឲ្យ​កិត្តិយសអ្នកទាំងនោះធ្លាក់ចុះ​។​ ក្រុម​អ្នក​វាយ​ប្រហារ​បាន​ធ្វើ​ឲ្យ​សេរីភាព​បញ្ចេញមតិ ជំនឿ សិទ្ធិទទួល​បាន​សុវត្ថិភាព និង​ឯកជនភា​ព​របស់​ស្រ្តី​ទាំង​នោះ​​ជួបការ​គំរាម​កំហែង​។​

កញ្ញា​ ជា សុខនី អ្នកសារព័ត៌មាន​នៅមជ្ឈមណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ធ្វើការ​បាន​បួន​ឆ្នាំ​ក្នុង​វិស័យ​នេះ​ កញ្ញា​បាន​ឃើញ និ​ង​បាន​ជួប​ការបៀតបៀន​តាម​ពាក្យ​សម្ដី​ជា​រឿយៗ ហើយ​ការ​បៀត​បៀន​នោះផ្ដោត​លើយេនឌ័រ និង​ការ​ប្រើ​ប្រាស់​​ភាសា​មិន​សមរម្យ​។​

កញ្ញា​យល់​ឃើញ​ថា៖ «​ស្ថានភាព​អ្នកសារព័ត៌មាន​ស្រ្តី​ហាក់​មិន​ទាន់​ល្អ​ប្រសើរ​ខ្លាំងទេ វា​នៅ​តែ​មានក្ដីបារម្ភ​…ពេល​យើង​ចុះរាយការណ៍​ព័ត៌មាន ពួក​យើង​ត្រូវ​គេ​មើល​ឃើញ​ថា​ជាភេទទន់ខ្សោយ ដោយ​វាយ​តម្លៃ ឬ​និយាយ​លែបខាយ​។ ពេល​ខ្លះ​ខ្ញុំ​មានអារម្មណ៍ចង់​បោះបង់​អាជីព​នេះ​ម្ដង​ម្កាល​ដែរ»។​

​អ្នក​សារព័ត៌មាន​ជា​ស្រ្តី​ម្នាក់ទៀត គឺ​កញ្ញា ផុន សុទ្ធីរ័ត្ន បាន​លើក​ឡើង​ពី​កង្វល់ និង​បទពិសោធន៍​ប្រហាក់ប្រហែល​គ្នានេះដែរ។​

​កញ្ញា សុទ្ធីរ័ត្ន ជាអ្នក​រាយការណ៍ព័ត៌មានផ្នែក​សិទ្ធិ​មនុស្ស។ កញ្ញា​លើក​ឡើង​ថា ​កញ្ញា​ប្រឈម​​នឹង​ការ​បំពារបំពាន​ពី​អាជ្ញាធរ​​​ពេល​ចុះ​យក​ព័ត៌មាន​។ កញ្ញា​ជំរុញ​ឲ្យ​បញ្ឈប់​នូវ​ការ​បំពារ​បំពាន​ទាំងនេះ និង​ថា​ស្រ្តី​បាន​ដើរ​តួរ​យ៉ាង​សំខាន់​ក្នុងវិស័យ​សារព័ត៌មាន​។​

លើស​ពីនេះ​ទៅ​ទៀត ​ការគំរាម​កំហែង ជាពិសេស​ការ​​បៀតបៀន​តាម​ប្រព័ន្ធ​អនឡាញ គឺ​នៅ​តែជា​បញ្ហា​មួយ​សម្រាប់​វិស័យ​សារព័ត៌មាន​ទាំងមូល​ ដែល​នៅ​តែ​បន្តកើត​មាន​ ដោយ​អ្នក​សារព័ត៌មាន​ប្រឈម​នឹង​ការចាប់​ខ្លួន ឃុំ​ខ្លួន ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ និង​អ្នក​ខ្លះ​ឈាន​ដល់​បាត់​បង់ជីវិត​ក៏​មាន​។​

​ក្រៅពី​អ្នកសារព័ត៌មាន ស្រ្តី​កម្មជន​ផ្សេង​ទៀត ជាពិសេស​សកម្មជន​ដី​ធ្លី ដែល​មាន​ជម្លោះជាមួយ​រដ្ឋាភិបាល និង​ក្រុម​ហ៊ុន​ឯកជន​ ក៏​ប្រឈម​នឹង​អំពើហិង្សាផ្តោតលើយេនឌ័រ​នេះ​ដែរ។ នេះ​បើ​តាម​មជ្ឈមណ្ឌល​អាស៊ី​ដដែល​។​

​សកម្មនជន​ដី​ធ្លីមក​ពី​ខេត្ត​កោះកុង អ្នកស្រី ​ផាវ ញ៉ើង បាន​ឲ្យ​ដឹងថា ​អ្នកស្រី​បាន​ទទួល​ការគំរាម​កំហែង​ដោយ​ផ្ទាល់ និង​តាម​អនឡាញ​ជាញឹក​ញាប់​ ពេល​ដែល​អ្នកស្រី​ទាមទារ​រក​យុត្តិធម៌​លើ​ការ​រំលោភបំពាន​ដីធ្លី​ក្នុង​សហគមន៍​។​

អ្នកស្រី​ឲ្យ​ដឹងថា៖ «ពេល​ខ្ញុំ​និយាយ​នៅ​លើ​បណ្ដាញ​សង្គម មាន​គណនី​ខ្មោច​ជា​ច្រើន​ចេញ​មក​វាយ​ប្រហារខ្ញុំ ដោយថា​ខ្ញុំសមតែ​នឹង​ជាប់​គុកម្ដងទៀត។ សារ​ខ្លះ​បាន​ព្រមាន​ឲ្យ​ខ្ញុំ​ឈប់ធ្វើសកម្មភាព​ បើ​ខ្ញុំ​បារម្ភពី​សុខទុក្ខ​របស់​ប្ដី និង​កូនៗ»។​

របាយការណ៍​កម្រាស់​ជិត​​៤៥​ទំព័រ​នេះ បាន​លើក​ពី​យុទ្ធសាស្រ្ត​គន្លឹះ និង​បញ្ហា​ប្រឈម​ដើម្បី​ដោះ​ស្រាយ​ទាក់ទង​នឹង​អំពើហិង្សាផ្តោតលើយេនឌ័រតាម​ប្រព័ន្ធ​បច្ចេកវិទ្យានៅ​កម្ពុជា​។​

របាយការណ៍​នេះ បាន​អំពាវ​នាវ​ឲ្យ​ភាគីពាក់ព័ន្ធ​រួ​មគ្នា​ចាប់​ផ្ដើម​លើក​កម្ពស់​ការ​យល់ដឹង​ឲ្យ​បាន​នៅ​គ្រប់​កម្រិត​។ ក្រុម​អ្នកស្រាវ​ជ្រាវ​លើក​ឡើងថា​ គួរ​តែមានការ​ដាក់​បញ្ចូល​រឿង​យេនឌ័រ​ក្នុងកម្មវិធី​សិក្សា​នៅ​តាម​សាលារៀន​ ពង្រឹង​គោលនយោបាយ ពង្រឹង​ប្រព័ន្ធ​រាយការណ៍ និង​ធ្វើ​ការ​ជាមួយ​ក្រុម​ហ៊ុនបច្ចេក​វិទ្យា ឬ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដើម្បី​បិទខ្ទប់​មាតិកាគ្រោះថ្នាក់ទាំងនេះ។​

ប៉ុន្តែ​បើ​ទោះ​បីជា​យុទ្ធសាស្រ្ត​មាន​ហើយ​ក្ដី ការ​រីក​ចម្រើន​លឿន​នៃបច្ចេកវិទ្យា និង​ផលវិបាក​ដែល​កើតមានដោយចៃដន្យ​នៅ​តែជា​បញ្ហា​ប្រឈម​។​

ការ​រីក​ចម្រើន​ជឿនលឿន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា ដូច​ជា​បញ្ញាសិប្បនិម្មិត ឬហៅ​កាត់​ថា AI អាច​នឹង​ធ្វើ​ឲ្យ​បញ្ហា​កាន់តែអាក្រក់​ឡើង។ របាយការណ៍​ចង្អុលបង្ហាញ​ថា​ការ​​ក្លែង​បន្លំសំឡេង ឬ​សារ​​​របស់​នរណា​ម្នាក់ វា​ធ្វើ​ឲ្យ​មានភាព​ស្មុគស្មាញ​ក្នុង​ការ​តាមដាន និង​បង្ការ​ការ​បំពាន​តាម​អនឡាញ​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Report Warns of Rising Online Abuse Targeting Women Journalist, Activists

41 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម